សេចក្តីប្រកាសព័ត៌មាន
ទីក្រុង Jakarta ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២០
ថ្ងៃនេះ មន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក USAID ប្រចាំនៅអាស៊ាន គឺលោក Ryan Washburn និងលោកអគ្គលេខាធិការអាស៊ាន គឺឯកឧត្តម Dato Lim Jock Hoi បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការអភិវឌ្ឍតំបន់ ជាលើកដំបូង រវាងទីភ្នាក់ងារ USAID របស់សហរដ្ឋអាមេរិក និងសមាគមអាស៊ាន នៅអគ្គលេខាធិការដ្ឋាអាស៊ាន នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន សហរដ្ឋអាមេរិក។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់មួយ សម្រាប់កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន ដែលមានរយៈពេលជាង ៤០ ឆ្នាំមកហើយ។ វាថែមទាំងឆ្លុះបញ្ចាំងឲ្យឃើញភាពជាដៃគូជាយុទ្ធសាស្រ្តយូរអង្វែង ដើម្បីលើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងវិបុលភាព នៅតំបន់អាស៊ីអាគ្នេយ៍។
មន្រ្តីជាន់ខ្ពស់នៃទីភ្នាក់ងារ USAID ប្រចាំនៅអាស៊ាន គឺលោក Ryan Washburn បានមានប្រសាសន៍ថា៖ “កិច្ចព្រមព្រៀងថ្មី សម្រាប់រយៈពេល ៥ ឆ្នាំ នេះ រវាងទីភ្នាក់ងារ USAID និងអាស៊ាន ដែលមានតម្លៃជាទឹកប្រាក់រហូតដល់ ៥០ លានដុល្លា បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះការអភិវឌ្ឍតំបន់ ចំពោះសារសំខាន់ស្នូលនៃអាស៊ាន និងគោលដៅរួមគ្នានៃសមាហរណតំបន់ និងអភិបាលកិច្ចផ្អែកលើច្បាប់ទំលាប់ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពនៅក្នុងអាស៊ាន”។ លោកបានថ្លែងនៅចុងបញ្ចប់ថា៖ “និយាយដោយខ្លី កិច្ចសហប្រតិបត្តិការរបស់ទីភ្នាក់ងារ USAID នៅក្រោមកិច្ចព្រមព្រៀងនេះ នឹងជំរុញចក្ខុវិស័យនៃសមាគមអាស៊ាន ឆ្នាំ ២០២៥ និងផែនការសកម្មភាពរបស់សហរដ្ឋអាមេរិក អាស៊ាន (ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥)”។
ទីភ្នាក់ងារ USAID នឹងបន្តគាំទ្រអាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមថ្នាក់តំបន់ និងថ្នាក់សាកលលោក ដូចជាមេរោគមហារាតត្បាតកូវីដ ១៩ ការជួញដូរមនុស្ស ពលកម្មដោយបង្ខំ និងការមានសេដ្ឋកិច្ចឌីជីថុល និងការឆ្លើយតបដោយមានការសម្របសម្រួលគ្នា ចំពោះគ្រោះធម្មជាតិ។
ជាផ្នែកមួយនៃការផ្តោតការយកចិត្តទុកដាក់របស់កិច្ចព្រមព្រៀងនេះ ក្នុងការកសាងសមត្ថភាពរបស់អាស៊ានដើម្បីដោះស្រាយបានល្អនូវបញ្ហាប្រឈមថ្នាក់តំបន់ និងថ្នាក់សាកលលោក ទីភ្នាក់ងារ USAID និងអាស៊ាននឹងផ្តើមគម្រោងផ្តួចផ្តើមរួមគ្នាមួយថ្មី ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃមេរោគកូវីដ ១៩ ហើយបង្កើនការរៀបចំទៅអនាគត តាមរយៈប្រព័ន្ធសម្របសម្រួលផ្នែកសុខាភិបាលរបស់អាស៊ានសម្រាប់គ្រាបន្ទាន់ (ហៅកាត់ថា APHECS)។ APHECS នឹងបញ្ចូលគ្នានូវយន្តការសម្របសម្រួលខុសៗគ្នាដែលមាននៅពេលបច្ចុប្បន្ន នៅក្នុងតំបន់ ឲ្យស្ថិតនៅក្រោមទម្រង់ស្ថាប័នរួមមួយ។ ជាលទ្ធផលនៃគំនិតផ្តួចផ្តើមនេះ វាជាលើកដំបូងហើយ ដែលរដ្ឋជាសមាជិកអាស៊ាន និងអ្នកពាក់ព័ន្ធដទៃទៀតនឹងមានក្របខ័ណ្ឌតំបន់មួយសម្រាប់តម្រែតម្រង់ការសម្របសម្រួល និងការប្រាស្រ័យទាក់ទងគ្នា នៅក្នុងស្ថានភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ។
តាមរយៈកិច្ចព្រមព្រៀងនេះ សកម្មភាពរួមគ្នារវាងទីភ្នាក់ងារ USAID និងអាស៊ានមានបំណងពង្រឹងការគ្រប់គ្រងរបស់តំបន់ ទៅលើទុនធម្មជាតិ (បរិស្ថាន) សមាហរណកម្មតំបន់ អភិបាលកិច្ចល្អ សមត្ថភាពក្នុងការបន្ធូរបន្ថយការគម្រាមកំហែងចំពោះសុខភាពសាធារណៈ និងសិទ្ធិរបស់ក្រុមមនុស្សខ្លះដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ។
ទីភ្នាក់ងារ USAID នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ាន លើការសម្របសម្រួលពាណិជ្ជកម្ម និងការអភិវឌ្ឍគោលនយោបាយ និងបច្ចេកវិទ្យា 5G ដោយរួមមានការពង្រីកកម្មវិធីពាណិជ្ជកម្មបែបច្រកបង្អួចអាស៊ានតែមួយ ដើម្បីសម្របសម្រួលពាណិជ្ជកម្មរវាងអាស៊ាន និងប្រទេសដទៃ រួមទាំងសហរដ្ឋអាមេរិកផងដែរ។
ទន្ទឹមគ្នានេះដែរ ទីភ្នាក់ងារ USAID នឹងសង្កត់ធ្ងន់លើអាទិភាពរួម ដែលយើងមានជាមួយអាស៊ាន ដូចជាវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ការចូលរួមរបស់វិស័យឯកជន និងសមភាពជេនឌ័រ ដើម្បីបង្កើនប្រសិទ្ធភាពនៃអន្តរគមផ្នែកជំនួយ។
ដោយឈរលើកិច្ចសហការរាប់ទសវត្សរ៍កន្លងមក កិច្ចព្រមព្រៀងថ្មីនេះស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ លើកកម្ពស់យ៉ាងច្រើននូវភាពជាដៃគូរបស់ទីភ្នាក់ងារ USAID ជាមួយអាស៊ាន ដើម្បីជំរុញឲ្យតំបន់អាស៊ានមានវិបុលភាព សន្តិសុខ និងសន្តិភាព ហើយឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពសេរី និងបើកចំហ។
ចំពោះព័ត៌មានបន្ថែម សូមអានឯកសាររៀបរាប់ឬទាក់ទងអ្នកឯកទេសផ្នែកទំនាក់ទំនងរបស់ ទីភ្នាក់ងារ USAID ឈ្មោះ Samara Sanders តាមអ៊ីម៉េល jakartausaidasean@usaid.gov ។
ស្តីពីទីភ្នាក់ងារ USAID
ទីភ្នាក់ងារ USAID ដឹកនាំការងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅក្នុងការអភិវឌ្ឍន៍អន្តរជាតិ និងការឆ្លើយតបមនុស្សធម៌ ដើម្បីសង្រ្គោះជីវិត កាត់បន្ថយភាពក្រីក្រ ពង្រឹងអភិបាលកិច្ចតាមលទ្ធិប្រជាធិបតេយ្យ និងជួយដៃគូឲ្យដើរទៅមុខហួសពីជំនួយ។ សហរដ្ឋអាមេរិកធ្វើជាដៃគូជាមួយអាស៊ាន ដើម្បីទ្រទ្រង់សមាហរណកម្មសេដ្ឋកិច្ច បណ្តុះអ្នកដឹកនាំថ្មីៗ បង្កើនឱកាសសម្រាប់ស្រ្តី ហើយដោះស្រាយបញ្ហាប្រឈមជាអន្តរជាតិ។ តាមរយៈកិច្ចសហប្រតិបត្តិការរបស់ទីភ្នាក់ងារ USAID ជាមួយអាស៊ាន សហរដ្ឋអាមេរិកដោះស្រាយបុព្វហេតុជាឬសគល់នៃភាពក្រីក្រ និងអស្ថិរភាព ដោយទន្ទឹមនឹងនោះ ពង្រឹងគ្រឹះសម្រាប់វិបុលភាព និងសន្តិសុខ។ សហរដ្ឋអាមេរិក និងអាស៊ានធ្វើការអបអររយៈពេល ៤០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការជាមួយគ្នា។