សហរដ្ឋអាមេរិក បារាំង និងដៃគូនានា អបអរទិវាសេរីភាពសារព័ត៌មានពិភពលោក

សេចក្តីប្រកាសព័ត៌មាន
May 3, 2022

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតបារំាំង លោក Jacques Pellet និងឯកអគ្គរដ្ឋទូតជប៉ុន លោក Masahiro Mikami បានចូលរួមជាមួយអ្នកសារព័ត៌មាន និងសមាជិកនៃក្រុមអង្គទូតនានា នៅទីតាំងស្តូបគោរពវិញ្ញាណក្ខន្ធអ្នកឆ្លើយឆ្លងព័ត៌មានក្នុងសម័យសង្គ្រាម ដើម្បីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក 

ពិធីដែលត្រូវបានរៀបចំដោយស្ថានទូតអាមេរិក និងស្ថានទូតបារាំង នៅភ្នំពេញ រំលឹកដល់អ្នកសារព័ត៌មានចំនួន ៣៧ នាក់ដែលបានបាត់ខ្លួន ឬសម្លាប់ នៅក្នុងសម័យសង្គ្រាមនៅកម្ពុជា ហើយទាញការចាប់អារម្មណ៍​លើសារៈសំខាន់​នៃសេរីភាពសារព័ត៌មាន ដែលមានចែងក្នុងសេចក្តីប្រកាសជាសាកលឆ្នាំ ១៩៤៨ ស្តីពីសិទ្ធិមនុស្ស 

ឯកអគ្គរដ្ឋទូត Murphy ឯកអគ្គរដ្ឋទូត Pellet និងឯកអគ្គរដ្ឋទូត Mikami បានទទួលស្គាល់ពីតួនាទីដ៏​សំខាន់​នៃសេរីភាពសារព័ត៌មាន នៅក្នុងសង្គមប្រជាធិបតេយ្យល្អមួយ 

ឯកអគ្គរដ្ឋទូត Murphy បានមានប្រសាសន៍ថា៖ «ការយកព័ត៌មានមិនមែនស្រួល ហើយក៏​មិនមែនគ្មានហានិភ័យដែរថ្ងៃនេះ យើងរំលឹកដល់អ្នកសារព័ត៌មាននៅកម្ពុជា និងនៅទូទាំងពិភពលោក ដែលខិតខំរាល់ថ្ងៃ ក្នុងការធ្វើការស៊ើបអង្កេត វិភាគ ចោទសួរ និងរាយការណ៍» ។ 

ឯកអគ្គរដ្ឋទូត Pellet បានមានប្រសាសន៍ថា ៖ «ថ្ងៃនេះ ដោយរំលឹកដល់អ្នកសារព័ត៌មានដែលបានបាត់បង់ជីវិត ក្នុងពេលចុះយកព័ត៌មានក្នុងសង្គ្រាមស៊ីវិលនៅកម្ពុជា នាទសវត្សរ៍ទី ៧០ និងក្នុងពេលដែលអ្នកសារព័ត៌មានត្រូវបានសម្លាប់ រងរបួស ត្រូវបានដៅមកលើ និងចាប់ជំរិត នៅប្រទេសអ៊ុយក្រែន យើងចង់រំលឹកថា បើគ្មានការការពារអ្នកសារព័ត៌មានទេ សេរីភាពសារព័ត៌មានក៏គ្មានដែរ» ។ 

ឯកអគ្គរដ្ឋទូត Mikami ថ្លែងថា ៖ «សេរីភាព​សារព័ត៌មាន ជាមូលដ្ឋាននៃសង្គមសេរី និងប្រជាធិបតេយ្យទាំងអស់» ។ 

សហរដ្ឋអាមេរិក និងប្រទេសបារាំង មានការប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នារបស់គេ ដែលចង់​ឲ្យប្រទេសរបស់គេមានឯករាជ្យ លទ្ធិប្រជាធិបតេយ្យ និងវិបុលភាពច្រើនឡើង ដែលក្នុងនោះ រាល់សម្លេងទាំងអស់ត្រូវបានគេស្តាប់ និងគោរព 

###