សហរដ្ឋអាមេរិក ផ្តល់ជំនួយបន្ថែមចំនួន ១,៥ លានដុល្លារ សម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ១៩ នៅកម្ពុជា

សេចក្តីប្រកាសព័ត៌មាន
ថ្ងៃទី២៧​​ ខែមេសា ឆ្នាំ២០២០

នៅសប្តាហ៍​នេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់មូលនិធិបន្ថែមចំនួន ១,៥ លានដុល្លារ សម្រាប់ជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។ តាំងពីពេលចាប់ផ្តើម​នៃការផ្ទុះមេរោគរាតត្បាត​នេះ​មក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយសរុបចំនួនជាង ៣,៥ លានដុល្លារ ដើម្បីទប់ទល់ការរាលដាលនៃជំងឺកូវីដ ១៩ នៅកម្ពុជា។ ជំនួយ​នេះ ដែលត្រូវបានផ្តល់តាមរយៈ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងឧបត្ថម្ភដល់ផ្នែកទំនាក់ទំនងហានិភ័យ ការចូលរួមសហគមន៍ ការគ្រប់គ្រងនិងការពារការឆ្លង និងការគាំទ្រដល់មន្ទីរពិសោធន៍ ។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា​​ ៖ «ការជួយដល់ការឆ្លើយតប​របស់ប្រទេសកម្ពុជា​ចំពោះជំងឺកូវីដ ១៩ បន្តកិច្ចសហប្រតិបត្តិការ​ និងភាព​ជាដៃគូដ៏យូរអង្វែងរបស់យើង​លើផ្នែកសុខាភិបាល ជាមួយ​ប្រទេសកម្ពុជា។ ការយកឈ្នះបានលើមេរោគកូវីដ ១៩ គឺជាបញ្ហាប្រឈមជាសាកល​មួយ ហើយសហរដ្ឋអាមេរិក កំពុងធ្វើការនៅក្នុងស្រុក និងនៅបរទេស ដើម្បីបញ្ឈប់ការរាលដាល​នៃជំងឺ​នេះ។ ជំនួយ​របស់យើងនឹងជួយប្រព័ន្ធសុខាភិបាលកម្ពុជា នៅក្នុងការតាមដានជំងឺ ព្យាបាលអ្នកឈឺ ហើយការពារកុំឲ្យមានឆ្លងជំងឺកូវីដ ១៩ ថែមទៀត»។

លោកបន្ត​ថា ៖ «រាជរដ្ឋាភិបាល​កម្ពុជា និងរដ្ឋាភិបាល​​សហរដ្ឋ​អាមេរិក​ មាន​ប្រវត្តិដ៏យូរក្នុងការធ្វើការរួមគ្នា ជា​ដៃគូប្រកប​ដោយ​ផលិតភាព​ និង​ប្រសិទ្ធភាព​ ក្នុងការ​ពង្រឹង​នូវ​ប្រព័ន្ធ​សុខាភិ​បាល​ ដោះស្រាយ​នូវ​ជំងឺ​ឆ្លងផ្សេងៗ និង​លើក​ក​ម្ពស់​សមិទ្ធផល​សុខាភិបាល​ សម្រាប់​ប្រជា​ជន​កម្ពុជា​ នៅ​ក្នុង​តំបន់ និង​លើ​ពិភព​លោក»​។ លោកបន្ថែមថា‌‌‌‌ ៖ «យើងបន្តកិច្ចសហការនេះជាមួយប្រជាជនកម្ពុជា ក្នុងការប្តេជ្ញាចិត្តដ៏ខ្លាំងក្លា ដោះស្រាយបញ្ហា​ប្រឈម​នានាដែល​មិន​ធ្លាប់​មាន​ពី​មុន មកនៃជំងឺកូវីដ១៩»។

តាមរយៈភាពជាដៃគូដែលកំពុងមានមកនេះ ក្នុងការ​សម្របសម្រួល​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូសប្បុរសធម៌អន្តរជាតិ​ និង​អ្នក​ពាក់ព័ន្ធ​ក្នុងស្រុក​ រដ្ឋាភិបាលសហរដ្ឋអាមេរិកជួយដល់៖

  • ការគ្រប់គ្រងលើករណីជំងឺ ដើម្បីពង្រឹងការថែទាំអ្នកជំងឺ ហើយកាត់បន្ថយហានិភ័យ​នៃការចម្លងទៅអ្នកដទៃ
  • ការគ្រប់គ្រង និងការការពារកុំឲ្យមានការឆ្លង ដើម្បីការពារ និងគ្រប់គ្រងការឆ្លង នៅតាមកន្លែងថែទាំសុខភាព។
  • ការពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីត្រៀមរៀបចំសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ ១៩ ក្នុងទ្រង់ទ្រាយធំ។
  • ការត្រួតពិនិត្យសុខភាពសាធារណៈនៅតាមច្រកចេញចូល ដើម្បីជួយកម្ពុជាក្នុងការអនុវត្តផែនការសម្រាប់គ្រាអាសន្ន ក្នុងការត្រួតពិនិត្យមនុស្សមកដល់ នៅតាមច្រកផ្សេងៗ​នៃប្រទេស ដូចជាព្រលានយន្ត​ហោះ និងច្រកព្រំដែនគោក។
  • ការធ្វើការទាក់ទងគ្នា​និងការផ្ញើសារដល់សាធារណជន ដើម្បីជួយអប់រំប្រជាជនអំពីវិធី​ដែលគេអាចធ្វើតាម ដើម្បីការពារ និងឆ្លើតបនឹងការរាលដាល​នៃមេរោគ​នេះ។
  • ការធ្វើការអង្កេត និងការឆ្លើយតប​ឆាប់រហ័ស ដើម្បីពង្រីកការស្វែងរកឃើញករណី ព្រមទាំងការផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រ​សម្រាប់ក្រុមឆ្លើយតបរហ័ស ក្នុងការស៊ើបអង្កេតករណីជំងឺ ហើយធ្វើការតាមរកអ្នកប៉ះពាល់។

នៅក្នុង​ប្រទេសកម្ពុជា ស្ថានទូត​អាមេរិក ផ្តល់ជំនួយផ្នែកសុខាភិបាលតាមរយៈ ក្រុមអន្តរទីភ្នាក់ងារ ដែលរួម​មានទីភ្នាក់ងារផ្តល់ជំនួយអាមេរិក (USAID) មជ្ឈមណ្ឌលគ្រប់គ្រង និង​បង្ការជំងឺ (USCDC)  វិទ្យាស្ថានជាតិសុខភាព (NIH) អង្គភាពស្រាវជ្រាវសុខាភិបាលនៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក ​(NAMRU-2) ក្រសួងការ​បរទេស​អាមេរិក​ និងអង្គការដទៃទៀត។ ជំនួយអាមេរិក លើផ្នែកសុខាភិបាលក្នុងប្រទេសកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង លើកកម្ពស់សុខភាពមាតានិងទារក ហើយពង្រឹងប្រព័ន្ធសុខាភិបាលជារួម។

អស់រយៈពេលរាប់ទសវត្សរ៍​មកហើយ ដែលសហរដ្ឋអាមេរិកគឺជាអ្នកផ្តល់ជំនួយទ្វេភាគី ក្នុង​វិស័យ​សុខភាពសាធារណៈ ធំជាងគេ នៅក្នុងពិភពលោក។ ជំងឺឆ្លង គំរាមកំហែងនៅកន្លែងណាមួយហើយ អាចគំរាមកំហែងដល់​គ្រប់កន្លែងទាំងអស់។ សហរដ្ឋអាមេរិក សូមអំពាវនាវដល់ម្ចាស់ជំនួយ​ទាំង​អស់ ឲ្យចូលរួម និង​រួមចំណែកដល់ការខិតខំជាសាកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ​កូវីដ ១៩៕