សហរដ្ឋអាមេរិក ផ្តល់អំណោយជាវ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាងមួយលានដូស ដល់ប្រទេសកម្ពុជា

សេចក្តីប្រកាសព័ត៌មាន
៣០ កក្កដា​ ២០២១ 

2021/12 

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ បានប្រកាសនៅថ្ងៃនេះ ពីការមកដល់ជើងដំបូង នៃ វ៉ាក់សាំង​​ប្រឆាំងកូវីដ១៩ Johnson & Johnson ក្នុងចំណោម ,០៦០,១០០ ដូសដែលជាការបរិច្ចាគពីប្រជាជនអាមេរិក ជូនចំពោះប្រជាជនកម្ពុជា។ វ៉ាក់សាំងនៅសល់ពីនោះ នឹងត្រូវដឹកមកដល់នៅថ្ងៃចន្ទ ទី  ខែសីហាខាងមុខនេះ។ ក្នុងការរួមចំណែកមួយនេះ សហរដ្ឋអាមេរិកបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តជាយូរអង្វែងរបស់ខ្លួន ចំពោះសុខភាពសាធារណៈ នៃប្រជាជនកម្ពុជា ដែលស្តែងឲ្យឃើញច្បាស់បំផុត នៅក្នុងអំឡុងពេលនៃវិបត្តិកូវីដ១៩ នេះ។ វ៉ាក់សាំងទាំងនេះ ដែលនឹងការពារប្រជាជនកម្ពុជាចំនួនជាងមួយលាននាក់នោះ គឺជាផ្នែកមួយនៃការសន្យារបស់លោកប្រធានាធិបតី Biden ក្នុងការធ្វើការចែកចាយវ៉ាក់សាំងចំនួន ៨០ លានដូស នៅក្នុងសាកលលោក។ វ៉ាក់សាំង Johnson & Johnson នេះនឹងត្រូវផ្តល់ដល់ប្រជាជនកម្ពុជា តាមរយៈយន្តការកូវ៉ាក់(COVAX) និងក្រោមភាពជាដៃគូជាមួយអង្គការយូនីសេហ្វ (UNICEF) និងអង្គការសុខភាពពិភពលោក (WHO) ។ 

លោកឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា ៖ «វិធីការពារដ៏ល្អ បំផុតប្រឆាំងនឹងជំងឺកូវីដ១៩ គឺការចាក់វ៉ាក់សាំងដែលមានប្រសិទ្ធភាព និងប្រកបដោយគុណភាពខ្ពស់។ យើងមានមោទកភាពក្នុងការជួយប្រជាជនកម្ពុជាឲ្យមានសុខភាពល្អ និងមានសេដ្ឋកិច្ចល្អទៅអនាគតតាម រយៈជំនួយវ៉ាក់សាំងទាំងនេះ ដែល​បន្ថែមពីលើជំនួយជាបច្ចេកទេស ​សម្ភារៈសុខភាព​សាធារណៈ និងជំនួយ​សេដ្ឋកិច្ច ដែល​សហរដ្ឋ​អាមេរិក​បាន​ផ្តល់ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពេល​នៃ​ការរីក​រាល​ដាល​ជំងឺ​នេះ»។ 

សហរដ្ឋអាមេរិក បានសន្យាផ្តល់ជំនួយចំនួន  ពាន់លានដុល្លារដល់យន្តការកូវ៉ាក់ ដែលធ្វើឲ្យសហរដ្ឋអាមេរិក គឺជាប្រទេសផ្តល់វិភាគទានធំជាងគេតែមួយគត់ ដល់ការឆ្លើយតបជាអន្តរជាតិចំពោះជំងឺកូវីដ១៩។ នៅប្រទេស​​កម្ពុជា សហរដ្ឋអាមេរិកបានផ្តល់ជំនួយជាង ១១ លានដុល្លារទាក់ទងនឹងការឆ្លើយតបជំងឺកូវីដ ១៩ ចាប់​​តាំងពីជំងឺរាតត្បាតនេះបានផ្ទុះឡើងជាលើកដំបូង។ តាមរយៈទីភ្នាក់ងារជំនួយអាមេរិក (USAID) ជំនួយគាំទ្ររបស់សហរដ្ឋអាមេរិក បានទៅដល់ប្រជាជនកម្ពុជាចំនួនជាង ១០ លាននាក់ ដោយក្នុងនោះមានសម្ភារៈឯកសារចូលរួមលើកកម្ពស់ការយល់ដឹងលើហានិភ័យ ដែលត្រូវបានផ្សព្វផ្សាយតាមទូរទស្សន៍ បណ្តាញសង្គម វិទ្យុ សារតាមទូរស័ព្ទ និងផ្ទាំងប៉ាណូនានា។ ការជួយទាំងនេះ ថែមទាំងបានជួយលើកកម្ពស់សមត្ថភាពនៃមន្ទីរពិសោធន៍ ពង្រឹងជំនាញរបស់គ្រូពេទ្យ និងជួយកាត់បន្ថយផលប៉ះពាល់ដែលបង្កដោយជំងឺរាតត្បាតមកលើសេដ្ឋកិច្ច។ 

ទីភ្នាក់ងារសហរដ្ឋអាមេរិកដទៃទៀតនៅប្រទេសកម្ពុជា រួមមានមជ្ឈមណ្ឌលប្រយុទ្ធជំងឺឆ្លងសហរដ្ឋអាមេរិក វិទ្យាស្ថានជាតិសុខភាព កងទ័ពជើងទឹក និងក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់នូវជំនួយជា លក្ខណៈបច្ចេកទេសសំខាន់ៗ ក្នុងពេលនៃជំងឺរាតត្បាតនេះ ដោយធ្វើការគាំទ្រដល់ការងារអង្កេត តាមដានរកអ្នកពាក់ព័ន្ធ បង្កើនសមត្ថភាព និងការស្រាវជ្រាវរកប្រភព ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។  

ការខិតខំទាំងនេះបំពេញបន្ថែមលើការងារជួយសង្គ្រោះជីវិតអស់រយៈពេលរាប់ទសវត្សរ៍មក និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយវិបត្តិសុខភាពជាសាកល។ ចាប់តាំងពីឆ្នាំ ១៩៩២ មក សហរដ្ឋ​​​អាមេរិក បានផ្តល់ជំនួយជាង ៣៧៧ លានដុល្លារនៅកម្ពុជា ដើម្បី​ជួយលើការងារមរណភាពមាតានិង​ទារក ជំងឺគ្រុនចាញ់ របេង ជំងឺអេដស៍ និង ភាពក្រិន ការលើកកម្ពស់អនាម័យ និង​អាហារូបត្ថម្ភ ព្រមទាំងពង្រឹង​​នូវសមត្ថភាពកម្ពុជា ក្នុងការផ្តល់ហិរញ្ញវត្ថុ និងគ្រប់គ្រងលើផ្នែកភស្តុភារ និងព័ត៌មានសម្រាប់ប្រព័ន្ធសុខាភិបាលរបស់ខ្លួន។ 

###