ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០
រាជធានីភ្នំពេញ
សូមអរគុណលោកឯកអគ្គរដ្ឋទូត សុធីរៈ និងសូមអរគុណដល់វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) ដែលបានអញ្ជើញខ្ញុំឲ្យមកធ្វើសេចក្តីថ្លែង នៅថ្ងៃនេះ។ ខ្ញុំសូមអរគុណចំពោះក្រុមវាគ្មិន និងអ្នកចូលរួមក្នុងសន្និសីទនេះ ដោយអ្នកខ្លះនៅភ្នំពេញ ខ្លះចូលរួមតាមអ៊ិនធ័រណែតពីប្រទេសអូស្ត្រាលី កម្ពុជា ឡាវ សិង្ហបូរី ថៃ សហរដ្ឋអាមេរិក និងវៀតណាម។
ខ្ញុំមានសេចក្តីរីករាយដោយឃើញតំណាងមកពីស្ថាប័នរដ្ឋ និងស្ថាប័នថ្នាក់តំបន់ ព្រមទាំងសមាជិកសំខាន់ៗនៃសង្គមស៊ីវិល មកពីអង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នអប់រំ និងក្រុមអ្នកជំនាញ។ ខ្ញុំសូមកោតសរសើរជាពិសេស ចំពោះវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ដែលបានធ្វើការជាមួយយើង ក្នុងការរៀបចំវេទិកានេះឡើង។
ពេលនេះមានសារៈសំខាន់ជាងពេលណាទាំងអស់ ដែលយើងត្រូវពិនិត្យលើអនាគតនៃទន្លេមេគង្គ និងបញ្ហាប្រឈមផ្សេងៗ ចំពោះអនុតំបន់នេះ។ ខ្ញុំបានធ្វើដំណើរឡើងចុះតាមទន្លេមេគង្គ ក្នុងឆ្នាំកន្លងទៅនេះ ជាឆ្នាំដំបូងរបស់ខ្ញុំជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជា ហើយខ្ញុំនឹងធ្វើដំណើរតាមទន្លេនេះម្តងទៀត នៅខែក្រោយ។ ពិតណាស់ ពេលនេះ ទន្លេមេគង្គកំពុងតែមានបញ្ហា ដូចជាទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើ ការបូមខ្សាច់ ការបំពុល ការអភិវឌ្ឍដែលមានធានានិរន្តភាព និងការប្រែប្រួលអាកាសធាតុកំពុងតែធ្វើឲ្យមានផលប៉ះពាល់មិនល្អដល់ទន្លេដ៏ធំនេះ។
តែ ទន្លេមេគង្គនៅតែជាប្រភពដ៏សំខាន់ និងគ្មានអ្វីមកជំនួសបាន ក្នុងការផ្តល់មុខរបរចិញ្ចឹមជីវិត អាហារូបត្ថម្ភ ត្រី ការដឹកជញ្ជូន ធារាសាស្រ្ត និងថាមពល។ នៅប្រទេសកម្ពុជា ទន្លេមេគង្គហូរចូលទៅបឹងទន្លេសាប ដែលមនុស្សរាប់លាននាក់មានជីវភាពពឹងអាស្រ័យទៅលើ។ សន្និសីទនេះនឹងពិនិត្យលើបញ្ហាប្រឈមទាំងនេះ ហើយខ្ញុំសង្ឃឹមថា វានឹងជួយដៃគូ និងអ្នកពាក់ព័ន្ធក្នុងតំបន់ ដែលរួមមានរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការរកដំណោះស្រាយដែលធានានិរន្តភាព។
នៅក្នុងឆ្នាំ ២០២០ ទាំងមូល ស្ថានទូតអាមេរិកធ្វើការអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដោយអបអរតាមខែនិមួយៗផ្តោតលើវិស័យសហប្រតិបត្តិការ និងភាពជាដៃគូជាមួយរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ ប្រធានបទទាំងនេះសង្កត់ធ្ងន់លើវិសាលភាពទាំងមូលនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់យើង។
ខែវិច្ឆិកាគឺជាខែផ្តោតលើ “អាស៊ាន និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ “ របស់ស្ថានទូតយើង ហើយមាននៅក្រោយកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំកំពូលអាមេរិក អាស៊ាន ដែលត្រូវបានធ្វើនៅខែកញ្ញា។ ផ្អែកលើកិច្ចប្រជុំថ្នាក់ខ្ពស់ដ៏សំខាន់ទាំងនេះ ស្ថានទូតរៀបចំកម្មវិធីជាបន្តបន្ទាប់ នៅខែក្រោយ ដែលទាញការចាប់អារម្មណ៍លើវិស័យនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងកម្ពុជា នៅក្នុងបរិបទនៃតំបន់ទាំងមូល។ សនិ្នសីទនេះគឺជាពិធីរៀបចំដំបូងរបស់យើង នៅក្នុងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់។ ខែវិច្ឆិកា ក៏ជាខែចាប់ផ្តើមផងដែរនៃការងាររបស់យើង ជាមួយអ្នកពាក់ព័ន្ធខាងកម្ពុជា នៅក្នុងការរៀបចំធ្វើជាប្រធានអាស៊ានរបស់កម្ពុជា នៅឆ្នាំ ២០២២។
នៅថ្ងៃទី ១១ ខែកញ្ញា សហរដ្ឋអាមេរិក និងប្រទេសជាដៃគូនៅតំបន់ទន្លេមេគង្គបានផ្តើមភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ (MUSP) ដោយពង្រីកការទ្រទ្រង់របស់សហរដ្ឋអាមេរិកដល់ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម ដែលជាប្រទេសដៃគូរបស់យើង ៥ នៅក្នុងតំបន់ទន្លេមេគង្គ។ ភាពជាដៃគូនេះពង្រឹងបន្ថែមលើជោគជ័យនៃគំនិតផ្តួចផ្តើមស្តីពីតំបន់ទន្លេមេគង្គក្រោម គាំទ្រដោយសហរដ្ឋអាមេរិក ដែលបានផ្តល់ថវិកាចំនួន ៣,៥ ពាន់លានដុល្លាដល់តំបន់នេះ ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៩។ ដូចគំនិតផ្តួចផ្តើមនេះដែរ ភាពជាដៃគូកាន់តែធំឡើងរបស់យើងនឹងផ្តោតលើវិស័យបរិស្ថាន សុខាភិបាល អប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខតំបន់។
តាំងពីខែកញ្ញាមក សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន ១៥៣ លានដុល្លារជាថវិកាថ្មី សម្រាប់ MUSP ។ ភាពជាដៃគូនេះនឹងពង្រីក ដោយបូកបញ្ជូលវិស័យនៃកិច្ចសហប្រតិបត្តិការនៅក្នុងផ្នែកសន្តិសុខតាមបែបថ្មី។ ឧទាហរណ៍ ដើម្បីសម្រេចបំណងនេះ សហរដ្ឋអាមេរិកបានផ្តល់ថវិកាចំនួន ៥២ លានដុល្លារសម្រាប់ជួយស្តារសេដ្ឋកិច្ចពីជំងឺកូវីដ ១៩។ ទោះបីជាប្រទេសកម្ពុជាមានគ្មានអត្រាឆ្លងច្រើនដូចនៅកន្លែងផ្សេងក្តី តែយើងដឹងថា កម្ពុជាមិនអាចគេចផុតពីរងផលប៉ះពាល់នៃជំងឺនេះទេ។ ការជួយជាបន្ថែមរបស់យើងនៅក្រោម MUSP មានបំណងជួយស្តារសេដ្ឋកិច្ចនៃប្រទេសកម្ពុជា និងសេដ្ឋកិច្ចតំបន់។
ខ្ញុំសូមថ្លែងសង្កត់ធ្ងន់ថា ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គគោរពច្បាប់នៅក្នុងស្រុក នៃប្រទេសដែលចូលរួម។ ដូចគ្នានេះដែរ ភាពជាដៃគូនេះមានបំណងជំរុញភាពបំពេញឲ្យគ្នាជាមួយនឹងយន្តការសហប្រតិបត្តិការ និងដៃគូអភិវឌ្ឍន៍ដទៃទៀតនៅតំបន់ទន្លេមេគង្គ ដែលមានទស្សនៈដូចគ្នា។ យើងយល់ថា យើងសុទ្ធតែជាដៃគូស្មើភាពគ្នា នៅក្នុងគំនិតផ្តួចផ្តើមនេះ និងនៅក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះតំបន់ទន្លេមេគង្គ។
ដូចដែលត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍រួម នៅពេលផ្តើមឡើងមកហើយថា ភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គមានបំណងដើរតាមគុណតម្លៃដែលមានចែងនៅក្នុងទស្សនវិស័យអាស៊ានស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ចក្ខុវិស័យរបស់សហរដ្ឋអាមេរិកស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គណៈកម្មការទន្លេមេគង្គ និងសមាគមអាស៊ាន។ គុណតម្លៃទាំងនេះរួមមានសមភាព អភិបាលកិច្ចល្អ ភាពបើកចំហ តម្លាភាព កំណើនសេដ្ឋកិច្ច និងការគោរពចំពោះអធិបតេយ្យភាព។
ខ្ញុំសប្បាយចិត្តដែលថា ក្រុមវាគ្មិននៅថ្ងៃនេះនឹងផ្តោតលើទិដ្ឋភាពសំខាន់ៗនៃភាពជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ។ ខ្ញុំសង្ឃឹមថា លោកអ្នកនឹងស្វែងយល់ពីការដែលការលើកកម្ពស់គុណតម្លៃទាំងនេះអាចដោះស្រាយបញ្ហាប្រឈមនៅក្នុងអនុតំបន់នេះ។ ខ្ញុំមានមោទនភាពដែលក្រសួងការបរទេសអាមេរិក និងស្ថានទូតអាមេរិកធ្វើការឧបត្ថម្ភដល់សន្និសីទនេះ។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ការពិភាក្សាគ្នាដោយបើកចំហ និងតម្លាភាព មានសារៈសំខាន់ណាស់ សម្រាប់ដោះស្រាយបញ្ហាប្រឈមសម្រាប់បណ្តាប្រទេសនៅតំបន់ទន្លេមេគង្គក្រោម។
ខ្ញុំសង្ឃឹមថា គំនិតដែលត្រូវបានពិភាក្សានៅក្នុងសន្និសីទនេះនឹងមានឥទ្ធិពល ហើយបំផុសទឹកចិត្តរបស់អ្នកធ្វើគោលនយោបាយ។ សូមអរគុណម្តងទៀតដល់វិទ្យាស្ថាន CICP ដែលបានរៀបចំសន្និសីទនេះឡើង និងអរគុណដល់លោកអ្នកទាំងអស់ចំពោះការចូលរួម។