សុន្ទរកថាបើករបស់លោកអនុទូត នៅក្នុងសន្និសីទស្តីពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

លោកអនុទូត នៅក្នុងសន្និសីទស្តីពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ

ភោជនីយដ្ឋាន Lyla, ភ្នំពេញ
ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨
(រៀបចំសម្រាប់ថ្លែង)

ស្ថាប័នសារព័ត៌មានដើរតួនាទីសំខាន់បី នៅក្នុងប្រទេសមួយ។ ទីមួយ សារព័ត៌មានដែលមានភាពសេរី មានការទទួលខុសត្រូវនៅក្នុងការធ្វើអោយសាធារណជនដឹងពីការវិវត្ត​នៅក្នុងមូលដ្ឋាន និងនៅក្នុងប្រទេសទាំងមូល បានត្រឹមត្រូវ និងទាន់ពេលវេលា ដូចជាសេចក្តីថ្លែងការណ៍​ទាក់ទងនឹងគោលនយោបាយ ផែនការវិនិយោគ បទល្មើស ការងារសាធារណការ សកម្មភាព​របស់ពលរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល ជាដើម។ រឿងទាំងនេះ​ត្រូវតែបង្ហាញការពិត តែគេថែមទាំងមានការទទួលខុសត្រូវ​ក្នុងការពន្យល់ពីបរិបទនៅជុំវិញការវិវត្តទាំងនេះ រួមទាំង       ទស្សនៈ​បន្ថែមទៀត។

ទីពីរ ផ្នែកសារព័ត៌មានគឺជាអ្នកតាមដានឯករាជ្យ​របស់សាធារណជន ដោយធ្វើអោយរដ្ឋាភិបាល ក្រុមហ៊ុន និងអង្គការដទៃទៀត​មានគណនេយ្យ​ភាព។ បើគ្មានសារព័ត៌មានដែលសេរីទេ នោះពលរដ្ឋមិនដឹងពីអំពើពុករលួយទេ។ គេមិនដឹងអំពីកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលរបស់គេចុះជាមួយក្រុមហ៊ុនបរទេសឬប្រទេសផ្សេង ដើម្បីបញ្ជាក់    អោយដឹងច្បាស់ថា កិច្ចព្រមព្រៀងទាំងនោះបំរើប្រយោជន៍​អោយប្រជាជនខ្មែរទាំងអស់។ គេមិនដឹងថា តើអ្នកណា​នៅពីក្រោយការទិញដី ឬការកាប់ឈើខុសច្បាប់ពាសវាលពាសកាល។ គេនឹងមិនដឹងនូវអ្វីដែលអ្នកតំណាងជាប់ឆ្នោត​របស់គេ​និយាយ​នៅក្នុងរដ្ឋសភា អ្វីដែលគេធ្វើជាមួយអន្តរជាតិ ឬថាតើផលប្រយោជន៍​នៃមុខរបររកស៊ី​របស់គេដើរផ្ទុយនឹងផលប្រយោជន៍​នៃភារកិច្ចក្នុងមុខតំណែងផ្លូវការរបស់គេឬអត់នោះទេ។

ទីបី ផ្នែកសារព័ត៌មានមានការទទួលខុសត្រូវក្នុងការផ្តល់ទស្សនៈនានាជាច្រើន ផ្តល់ជាវេទិកាសំរាប់អោយ​គេចែករំលែកទស្សនៈជាមួយប្រជាជន។ ពលរដ្ឋ ឯកអគ្គរដ្ឋទូត អង្គការមិនមែនរដ្ឋាភិបាល មន្រ្តីរដ្ឋាភិបាល និងអង្គការផ្នែកសារព័ត៌មាន​របស់រដ្ឋាភិបាលសុទ្ធតែមានចំណែក និងតួនាទី នៅក្នុងរឿង​នេះ។ វាគ្មានអ្វីខុសទេ​បើគេគាំទ្រមតិ​លើគោលជំហរឬទង្វើអ្វីមួយ ពិសេសបើការគាំទ្រ​នោះភាពត្រឹមត្រូវ ឬមានហេតុផលត្រឹមត្រូវ។ ការទទួល​បាន​ព័ត៌មានដោយសេរីគឺជាការចាំបាច់ សំរាប់អោយពលរដ្ឋអាចប្រកាន់ជំហរលើបញ្ហាសំខាន់ៗ សំរេចលើការផ្លាស់ប្តូរ និងទាមទារអ្វីដែលល្អបំផុត ពីមេដឹកនាំរបស់គេ។

សេរីភាពផ្នែកសារព័ត៌មានគឺជាគ្រឹះ​នៃលទ្ធិប្រជាធិបតេយ្យ។ ដើម្បីអោយសង្គមមួយមានការទទួលខុសត្រូវ ហើយមានអំណាច គេត្រូវដឹងព័ត៌មាន។ ពាក្យទាំងនេះ​ត្រូវណាស់នឹងសង្គម​នៅកម្ពុជា។ កាលពីឆ្នាំទៅ ស្ថានទូតអាមេរិកបានឃើញការបង្រ្កាបរបស់រដ្ឋាភិបាលកម្ពុជា ទៅលើផ្នែកសារព័ត៌មានសេរី ដែលជាការធ្វើអោយបាត់បង់​ប្រភពព័ត៌មានឯករាជ្យជាច្រើន នៅក្នុងប្រទេស។ អ្នកសារព័ត៌មាន ដែលតាំងពីទសវត្សឆ្នាំ ១៩៩០ មក អាចធ្វើសេចក្តីរាយការណ៍​ដោយសេរីស្តីពីអំពើពុករលួយ ឬសរសេររឿងរិះគន់រដ្ឋាភិបាល នៅពេលនេះ ​លែងអាចប្រាប់ដល់ពលរដ្ឋរបស់គេនូវការពិត​ស្តីពីការវិវត្ត​នៅក្នុងប្រទេសរបស់គេបានទៀតហើយ។

ប្រទេសមួយមិនអាចអភិវឌ្ឍបានទេ បើសិនជាគ្មានតម្លាភាព​នៅក្នុងសកម្មភាពនៃរដ្ឋាភិបាលរបស់ខ្លួនទេ​នោះ។ យុវជនដែលជាចំនួនភាគច្រើនក្នុងចំណោមប្រជាជន មិនអាចមានគំនិតថ្មី អាចវិភាគល្អិតល្អន់បានទេ បើគេលឺតែព័ត៌មានឃោសនា។ ពលរដ្ឋនឹងបាត់បង់សមត្ថភាព​នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរាលដាល​នៃព័ត៌មានមិន ពិត។ ការផ្សាយដោយចេតនានូវព័ត៌មានកុហក រាប់ពីសារដែលផ្ញើចេញក្នុងគោលបំណងបំរើនយោបាយ ដល់ការភូតកុហកត្រង់ៗដើម្បីបំផ្លាញស្ថាប័ន គឺជាការវាយប្រហារទៅលើការពិត ហើយយើងត្រូវតែធ្វើការប្រយុទ្ធតបតវិញ។ ខ្ញុំ​សង្ឃឹមថា លោកអ្នកនឹងរៀនសូត្រពីយុទ្ធសាស្រ្តខ្លះ នៅថ្ងៃ​នេះ ពីអ្នកសារព៏ត៌មានម្នាក់ ដែលមានបទពិសោធន៍​យ៉ាង​ច្រើននៅក្នុងវិស័យ​នេះ គឺលោកស្រី Maggie Farley ។ ខ្ញុំរីករាយនឹងស្តាប់យោបល់របស់គាត់ និងយោបល់របស់អ្នក​សារព័ត៌មានកម្ពុជា ក្នុងពេលដែលយើងពិចារណាលើការគំរាមកំហែងដ៏ធំ​នៃការផ្សាយព័ត៌មានមិនពិតដោយចេតនា ចំពោះលទ្ធិប្រជាធិបតេយ្យ។