ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩
សូមអរគុណ Kate ចំពោះការណែនាំដ៏ល្អ ។ សុវណ្ណ វាជាការល្អដែលបានធ្វើការជាមួយគ្នាម្តងទៀត។
សូមអរគុណដែលបានអញ្ជើញមកនាយប់នេះ ដើម្បីអ្វីដែលខ្ញុំសង្ឃឹមថា ជាការពិភាក្សាគ្នាដ៏គួរអោយចាប់អារម្មណ៍ និងមានលក្ខណៈជាក់ស្តែង ស្តីពីឱកាស និងការប្រឈមសំរាប់ស្រ្តីក្នុងមុខជំនួញ និងស្រ្តីជាសហគ្រិន។
ខ្ញុំមានសេចក្តីរីករាយដោយបានឃើញសហគ្រិន និងអ្នកជំនួញជាស្រ្តី និងតំណាងនៃអង្គការមួយចំនួន ដែលខំធ្វើការដើម្បីទ្រទ្រង់ភាពជាសហគ្រិន និងភាពជាសហគ្រិនរបស់ស្រ្តីនៅកម្ពុជា។
ខ្ញុំរីករាយផងដែរក្នុងការស្វាគមន៍សមភាគីរបស់យើងខាងរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរហ្មត់ចត់ក្នុងការងារបង្កើតក្របខ័ណ្ឌទ្រទ្រង់សហគ្រិនថ្មីៗ ហើយមានផែនការដ៏គួរអោយចាប់អារម្មណ៍ដើម្បីសំរេចគោលដៅនេះ។
ខ្ញុំរីករាយដោយបានចូលរួមជាមួយសភាពាណិជ្ជកម្មអាមេរិក និងដៃគូអភិវឌ្ឍន៍របស់យើង។ សូមអរគុណដែលបានអញ្ជើញមក ។
ខ្ញុំសូមចាប់ផ្តើមដោយឆ្លើយនឹងសំណួរគន្លឹះមួយថា ហេតុអ្វីក៏យើងហៅពិធីនេះថា “យើងបន្ទាប់”(We Next)? វាងាយទេ។ ពាក្យថា WE គឺជាពាក្យកាត់នៃពាក្យថា “Women’s Entrepreneurship” (ភាពជាសហគ្រិនរបស់ស្រ្តី) ហើយពាក្យថា “Next (បន្ទាប់) ឆ្លុះបញ្ចាំងជំនឿរបស់យើងថា ពេលនេះគឺជាពេលចេញពីការពិភាក្សាទូទៅ លើសារៈសំខាន់នៃការទ្រទ្រង់ស្រ្តីអ្នកជំនួញ ដែលយើងទាំងអស់គ្នាមានដូចគ្នា ទៅរកការសហការគ្នាដែលដៅលើសកម្មភាព ដើម្បីកែលំអស្ថានភាពជាក់ស្តែងរបស់សហគ្រិនជាស្រ្តី។
ព្រឹត្តិការណ៍មួយចំនួន នៅក្នុងឆ្នាំកន្លងទៅនេះ ធ្វើអោយយើងជឿថា វាដល់ពេលហើយដែលយើងត្រូវបង្កើនការពិភាក្សាមួយកំរិតទៀត។
នៅខែមុន រដ្ឋាភិបាលបានចេញប្រកាសដ៏សំខាន់ គឺអនុក្រិត្យលេខ ១២៤។ ប្រកាសនេះមានបំណងសំរួលដំណើរការចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា កាត់បន្ថយបន្ទុកពន្ធលើសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យសំខាន់ៗ ហើយជាទូទៅ កាត់បន្ថយការចំណាយដ៏ខ្ពស់ក្នុងការធ្វើតាមបែបបទ ដែលនៅពេលនេះ រារាំងមុខជំនួញជាច្រើនរបស់ស្រ្តីមិនអោយមានជោគជ័យ និងរីកធំក្លាយជាសហគ្រាសធំបាន។
នេះជាការវិវត្តដ៏សំខាន់មួយ ពីព្រោះវាបង្ហាញការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការកែលំអលក្ខខ័ណ្ឌធុរកិច្ចសំរាប់សហគ្រាសខ្នាតតូច និងមធ្យម។
ស្ថានទូត និងដៃគូរបស់យើងបានជួយផងដែរ ដោយធ្វើអោយមានការទាក់ទងរបស់សហគ្រិនស្រ្តីកម្ពុជាទៅក្នុងបណ្តាញជាសាកល។ កាលពីខែវិច្ឆិកាមុន យើងបានបញ្ជូនស្រ្តីអ្នកជំនួញកម្ពុជាចំនួន ៧ រូប ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីភាពជាសហគ្រិនសាកល នៅទីក្រុង Hyderabad ក្នុងប្រទេសឥណ្ឌា ដែលជាកិច្ចប្រជុំប្រចាំឆ្នាំស្តីពីភាពជាសហគ្រិនដ៏សំខាន់មួយរបស់ពិភពលោក។
ខ្ញុំមានមោទនភាពជាពិសេស ដោយថា ក្រុមរបស់កម្ពុជាគឺជាក្រុមធំជាងគេ ហើយជាប្រតិភូតែមួយគត់មកពីតំបន់អាស៊ីបូព៌ាទាំងមូល ដែលមានសមាជិកសុទ្ធតែស្រ្តី។
នៅខែមករា ឆ្នាំនេះ យើងរីករាយដោយយើងបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MOU) រវាងសភាពាណិជ្ជកម្មអាមេរិក និងសមាគមសហគ្រិនស្រ្តីកម្ពុជា ដោយមានបំណងបង្កើនការគាំទ្រដល់សហគ្រិនស្រ្តី។ ការសហការរបស់សភាពាណិជ្ជកម្មអាមេរិកលើរឿងនេះ នៅយប់នេះ ពិតជាស្របតាម MOU នេះណាស់។
កាលពីខែកញ្ញា យើងមានមោទនភាពដោយបានធ្វើការឧបត្ថម្ភដល់មន្រ្តីរដ្ឋាភិបាលជាស្រ្តី និងអ្នកជំនួញជាស្រ្តីមួយក្រុមដែលមានគ្នា១២ នាក់ អោយទៅធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដើម្បីរៀនសូត្រពីការដែលក្រុង រដ្ឋ និងរដ្ឋាភិបាលសហព័ន្ធជួយដល់សហគ្រិនជាស្រ្តី។
ក្រុមនេះបានជួបជាមួយអ្នកធ្វើគោលនយោបាយ អង្គការសហគ្រិន និងអ្នកជំនួញជាស្រ្តីដែលមានជោគជ័យ នៅទីក្រុង Washington, ក្រុង Des Moines ក្នុងរដ្ឋ Iowa និងទីក្រុង Seattle ក្នុងរដ្ឋ Washington។ ពួកគាត់បានវិលត្រឡប់មកវិញដោយមានគំនិតល្អៗជាច្រើន ស្តីពីកម្មវិធី និងគំនិតផ្តួចផ្តើម នៅក្នុងសហរដ្ឋអាមេរិក ដែលគេអាចយកមកអនុវត្តនៅកម្ពុជាបាន។
បំណងនៃពិធីនៅយប់នេះគឺជំរុញបន្ថែមលើលទ្ធផលនេះ ប្រមូលផ្តុំវា ហើយចាប់ផ្តើមការពិភាក្សាជាក់ស្តែងមួយ ស្តីពីជំហានជាក់ស្តែងបន្ទាប់ សំរាប់ធ្វើអោយប្រទេសកម្ពុជាក្លាយជាកន្លែងមួយដែលស្វាគមន៍សហគ្រិនស្រ្តី។
ជាផ្នែកមួយនៃរឿងនេះ យើងនឹងណែនាំលោកអ្នកអោយដឹងពីកម្មវិធីថ្មីពីរ ដែលទ្រទ្រង់ដោយសហរដ្ឋអាមេរិក។ កម្មវិធីមួយគឺជាកម្មវិធីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលមានឈ្មោះថា PECCEC និងមានបំណងបង្កើនល្បឿននៃកំណើនលូតលាស់នៃការអភិវឌ្ឍន៍សហគ្រាសខ្នាតតូចនិងតូចបំផុត ដោយមានផ្តល់ការណែនាំ ការបណ្តុះបណ្តាល ជំនួយបច្ចេកទេស និងថវិកា។
គំរោងមួយទៀតគឺគំរោងផ្តល់កម្ចីដែលមានទឹកប្រាក់ចំនួន ៣០ លានដុល្លា សំរាប់សហគ្រាសខ្នាតតូចនិងមធ្យមរបស់ស្រ្តី ដែលទ្រទ្រង់ថវិកាដោយសាជីវកម្មវិនិយោគឯកជននៅបរទេស (OPIC) របស់សហរដ្ឋអាមេរិក ឆ្លងតាមភាពជាដៃគូជាមួយធនាគារ ACLEDA ។ គំរោងកម្ចីនេះគឺជាផ្នែកមួយនៃ “គំរោងផ្តល់ឱកាសដល់សហគ្រិនស្រ្តី” ដែលជាគំនិតផ្តួចផ្តើមរួមគ្នារបស់សាជីវកម្ម International Finance Corporation និងកម្មវិធីស្រ្តី ១០ ០០០ នាក់របស់ក្រុមហ៊ុន Goldmann Sach ។ វាជាការខិតខំមួយដើម្បីឆ្លើយតបនឹងឧបសគ្គមួយក្នុងចំណោមឧបសគ្គដែលពិបាកបំផុតសំរាប់សហគ្រិនស្រ្តី ពោលគឺលទ្ធភាពទទួលបានថវិកា។
លោកអ្នកនឹងបានលឺអំណះអំណាងនៃកម្មវិធីទាំងពីរនេះ ក្នុងពេលបន្តិចទៀតនេះ។ ការពិភាក្សាគ្នានេះត្រូវមានលក្ខណៈផលផុស ដូច្នេះ ខ្ញុំសង្ឃឹមថា លោកអ្នកទាំងអស់នឹងមានមតិស្តីពីវិធីធ្វើអោយកម្មវិធីនេះ និងកម្មវិធីដទៃទៀតមានប្រសិទ្ធភាពច្រើនបំផុត។ លោកអ្នកអាចចូលរួមផ្តល់មតិនៅក្នុងកិច្ចពិភាក្សាជាមួយក្រុមវាគ្មិន ឬក្នុងពេលទំនាក់ទំនងចងក្រងបណ្តាញជាមួយគ្នា។
ការផ្លាស់ប្តូរមួយក្នុងចំណោមការផ្លាស់ប្តូរសំខាន់ និងល្អបំផុតនៅកម្ពុជា នៅក្នុងរយៈពេល ២០ ឆ្នាំមកនេះគឺការបង្រួមអោយតូចនូវគំលាតគ្នាផ្នែកជេនឌ័រដែលពីមុនមក មានធំ។ដោយមានការជួយពីដៃគូអន្តរជាតិ រដ្ឋាភិបាលបានបង្រួមបានយ៉ាងច្រើន នូវគំលាតគ្នារវាងកុមារា និងកុមារី ក្នុងការបានចូលរៀន ។ នៅពេលនេះ ចំនួននារីចូលរៀននៅក្នុងសាកលវិទ្យាល័យមានច្រើនជាងបុរស។
ចលនាឆ្ពោះទៅរកសមភាពផ្នែកជេនឌ័របានផ្តល់ផលចំណេញច្រើន សំរាប់ការអភិវឌ្ឍន៍នៃប្រទេសកម្ពុជា ដោយស្រ្តីបានក្លាយជាអ្នករួមចំណែកយ៉ាងធំដល់សេដ្ឋកិច្ច។ ដូចយើងទាំងអស់គ្នាដឹងស្រាប់ហើយ នៅពេលនេះ ស្រ្តីគឺជាម្ចាស់ និងគ្រប់គ្រងលើមុខជំនួញភាគច្រើននៅកម្ពុជា។
តែពិតមែនហើយ ភាគច្រើនលើសលុបនៃមុខជំនួញទាំងនេះគឺតូច ហើយភាគច្រើនស្ថិតនៅក្រៅប្រព័ន្ធ។ ដូច្នេះ ជំហានសំខាន់បន្តបន្ទាប់ទៀតគឺត្រូវអោយសិស្សស្រីនៅវិទ្យាល័យ និងនិស្សិតស្រីសាកលវិទ្យាល័យទទួលបាននូការជួយ ដែលគេត្រូវការដើម្បីក្លាយជាសហគ្រិនដែលមានជោគជ័យ និងដើម្បីជួយស្រ្តីសហគ្រិនបច្ចុប្បន្ន ក្នុងការជំនះឧបសគ្គក្នុងការពង្រីកមុខរបរ ហើយក្លាយជាសហគ្រិនធំ ឬមធ្យម។
ដូច្នេះ យើងសង្ឃឹមថា យប់នេះ យើងអាចបង្កើនក្តីសង្ឃឹមនេះ ហើយបង្កើតកំលាំងចលកររួមគ្នា។ ខ្ញុំចង់ឃើញយើងមានការយល់ស្របគ្នាលើគំនិតផ្តួចផ្តើមមួយចំនួនតូច ជាក់ស្តែង ដែលយើងអាចអនុវត្តទៅលើ ក្នុងពេលប៉ុន្មានខែខាងមុខនេះ ប្រហែលផែនការសកម្មភាពក្រៅប្រព័ន្ធឬក្រៅផ្លូវការក៏បានដែរ។
លោកអ្នកខ្លះប្រហែលជាដឹងថា ខ្ញុំនឹងចាកចេញពីប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ទៅជួបភរិយា និងកូនប្រុសខ្ញុំ នៅទីក្រុង Washington។ តាមពិតទៅ នេះប្រហែលជាការចូលរួមចុងក្រោយរបស់ខ្ញុំ នៅក្នុងពិធីជាសាធា រណៈ នៅកម្ពុជា។
នេះជាការគ្រោង។ ក្នុងចំណោមបញ្ហាទាំងអស់ដែលខ្ញុំបានធ្វើការទៅលើនៅកម្ពុជា បញ្ហាមួយនេះធ្វើអោយខ្ញុំមានសង្ឃឹម។ ខ្ញុំមានការចាប់អារម្មណ៍ចំពោះអង្គការ ស្ថាប័នសហគ្រិនរបស់កម្ពុជា វប្បធម៌រឹងមាំនៃការផ្តល់និងទទួលការណែនាំក្នុងចំណោមស្រ្តីក្នុងមុខជំនួញនៅកម្ពុជា ស្មារតីធ្វើការសហការរបស់រដ្ឋាភិបាល និងឆន្ទៈរបស់ដៃគូអភិវឌ្ឍន៍របស់កម្ពុជា ក្នុងការចូលរួមចំណែក។
ខ្ញុំមានការចាប់អារម្មណ៍នឹងស្រ្តីវ័យក្មេងកម្ពុជា ដែលមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្នុងការបង្ហាញស្នាដៃ នៅកម្ពុជា និងនៅក្នុងពិភពលោក។
ដូច្នេះខ្ញុំគិតថា គោលដៅរបស់យើងគឺមានលក្ខណៈសាមញ្ញ ស្របតាមគោលដៅរបស់ប្រកាសលេខ ១២៤ ក្នុងការធ្វើការជាមួយគ្នាដើម្បីធ្វើអោយប្រទេសកម្ពុជាជាប្រទេសដែលមានការស្វាគមន៍ និងការគាំទ្របំផុត នៅតំបន់អាស៊ីអាគ្នេយ៍ សំរាប់ស្រ្តីអ្នកជំនួញ និងសហគ្រិនស្រ្តី។
រឿងនេះស្តាប់ទៅដូចជាប្រកបដោយមហិច្ឆតា តែបើអ្នកគិតទៅ វាពិតជាអាចសំរេចទៅបាន។ កម្ពុជាគឺជាប្រទេសតូចមួយ ដែលមានសេដ្ឋកិច្ចកំពុងលូតលាស់លឿន គោលនយោបាយសង្គមល្អ មានស្រ្តីក្នុងមុខរបររឹងមាំល្អ មានអង្គការសហគ្រិនភាពល្អ និងមានដៃគូអន្តរជាតិច្រើនដែលមានការប្តេជ្ញាចិត្ត។ វាត្រូវតែមានអ្នកលេខ១ ហេតុអ្វីក៏កម្ពុជាមិនអាចជាអ្នកលេខ១?
ដូច្នេះ ខ្ញុំសប្បាយរីករាយ និងរំភើបដែលអាចបញ្ចប់បេសកកម្មការងាររបស់ខ្ញុំដោយធ្វើជាម្ចាស់ផ្ទះរៀបចំពិធីមួយស្តីពីបញ្ហាមួយដែលខ្ញុំចាប់អារម្មណ៍ទៅលើជាខ្លាំង គឺបញ្ហាដែលមានសារៈសំខាន់សំរាប់អនាគតនៃប្រទេសកម្ពុជា។
តទៅនេះ ខ្ញុំសូមជូននាទីសំរាប់ការពិភាក្សាជាមួយក្រុមវាគ្មិន ។ តែមុនដំបូង ខ្ញុំសូមអោយលោកអ្នកជឿជាក់ថា ស្ថានទូតអាមេរិក រូបខ្ញុំ ហើយនិងភរិយាខ្ញុំសុទ្ធី គឺជាដៃគូយូរអង្វែង ថ្វីបើសំរាប់ពេលបច្ចុប្បន្ននេះ ខ្ញុំនឹងមើលពីចម្ងាយក្តី។
សូមអរគុណច្រើន។