សណ្ឋាគារ កាំបូឌីយ៉ាណា
ថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៩
(រៀបចំសម្រាប់ថ្លែង)
សូមជំរាបសួរ និងសូមស្វាគមន៍មកកាន់ពិធីប្រកាសបើកការអនុវត្តគម្រោងអភិវឌ្ឍន៍វារីវប្បកម្ម សម្រាប់និរន្តរភាពពាណិជ្ជកម្ម (CAST)។
ខ្ញុំសូមចាប់ផ្តើមដោយសូមសំដែងអំណរគុណជាពិសេសដល់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ ដែលមកចូលរួមជាមួយយើងនៅថ្ងៃនេះ។
ឯកឧត្តម ជាការល្អណាស់ដែលខ្ញុំបានជួបឯកឧត្តម ហើយបន្តកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យកសិកម្ម។
សហរដ្ឋអាមេរិកគាំទ្រឧស្សាហកម្មកសិកម្មរបស់ប្រទេសកម្ពុជា នៅក្នុងផ្នែកជាច្រើន។ ឧទាហរណ៍ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិរបស់យើងកំពុងតែជួយកម្ពុជាជាមួយនឹងបទដ្ឋាន SPS ដើម្បីកែលំអផលិតផលស្វាយចន្ទី និងស្វាយ ហើយកំពុងផ្តល់ជំនួយបច្ចេកទេសលើការធ្វើផែនការជាយុទ្ធសាស្រ្ត និងច្បាប់ស្តីពីកុងត្រាទាក់ទងនឹងការធ្វើកសិកម្ម ក្នុងចំណោមគម្រោងកសិកម្ម និងស្បៀងអាហារដទៃជាច្រើនទៀត។
គម្រោង CAST បានទទួលការឧបត្ថម្ភថវិកាពីកម្មវិធីអាហារសំរាប់ភាពជឿនលឿន (Food for Progress) របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក។ កម្មវិធីអាហារសំរាប់ភាពជឿនលឿនជួយប្រទេសនានា ដូចជាកម្ពុជា ក្នុងការធ្វើទំនើបកម្ម និងពង្រឹងវិស័យកសិកម្មរបស់គេ ដោយលើកកំពស់ផលិតភាពកសិកម្ម ហើយពង្រីកពាណិជ្ជកម្មនៃផលិតផលកសិកម្ម។
គម្រោង CAST មានលក្ខណៈពិសេស ពីព្រោះវាប្រើធនធានដ៏សំបូរ គឺសណ្តែកសៀង សំរាប់ជាចំណីសត្វសំរាប់ឧស្សាហកម្មវារីវប្បកម្មដែលកំពុងតែមានកំណើនលូតលាស់របស់ប្រទេសកម្ពុជា។
កសិកម្មគឺជាវិស័យមួយសំខាន់បំផុតនៅកម្ពុជា ដោយផលិតកម្មមានកំណើន ១៧% នៅឆ្នាំ ២០១៧ ហើយឈានដល់ជាង ២០០ ០០០ តោន។
គោលបំណងនៃគម្រោង CAST ក្នុងការបង្កើនផលិតកម្មវារីវប្បកម្មគឺស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្មកម្ពុជា ហើយនឹងជួយកែលំអជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ សំខាន់មួយទៀតគឺថា វានឹងកាត់បន្ថយផងដែរនូវសម្ពាធទៅលើការចាប់ត្រីធម្មជាតិ ដែលនៅពេលបច្ចុប្បន្ននេះ ត្រូវជា ៧៦% នៃផលិតកម្មត្រីសរុប។
ខ្ញុំបានកើតនៅរដ្ឋ Illinois ដែលជាតំបន់ Midwest ពោលគឺផ្នែកមួយនៃប្រទេសអាមេរិកដែលមានចំការសណ្តែកសៀង និងពោតមើលទៅដាច់កន្ទុយភ្នែក។ វាពិតជាទិដ្ឋភាពមួយដ៏ល្អ ហើយជាផ្នែកល្អដាច់គេមួយនៃតំបន់កណ្តាលនៃប្រទេសអាមេរិក។ តាមពិតទៅ កាលពីនៅក្មេង ខ្ញុំនៅចាំពីការដែលខ្ញុំដាច់ខ្សែខ្លែង នៅលើចំការសណ្តែកសៀង។
ថ្ងៃនេះ ខ្ញុំដឹងថា មានកសិករអាមេរិកខ្លះចូលរួមនៅទីនេះ មកពីរដ្ឋ Illinois និងកន្លែងដទៃទៀត ដែលពិតជាសប្បាយចិត្តដែលថា គម្រោងនេះនឹងបង្កើនការលក់សណ្តែកសៀងរបស់អាមេរិកដល់ប្រទេសកម្ពុជា។
តែសំខាន់ជាងកំណើនពាណិជ្ជកម្មទៅទៀតនោះ គឺថា គម្រោងនេះនាំមកនូវក្តីសង្ឃឹមក្នុងការទ្រទ្រង់សន្តិសុខស្បៀងសំរាប់រយៈពេលយូរអង្វែងរបស់ប្រទេសកម្ពុជា ដោយបង្កើនភាពរឹងប៉ឺងនៃឧស្សាហកម្មវារីវប្បកម្មរបស់កម្ពុជា។
ប្រជាជនកម្ពុជាបរិភោគត្រីច្រើន។ ការស្រាវជ្រាវបង្ហាញថា ជាតិប្រូតេអ៊ីនពីសត្វដែលពួកគេបរិភោគមាន ៧៦% គឺបានពីការបរិភោគត្រី ដែលជាការធ្វើអោយប្រជាជនកម្ពុជាជាអ្នកបរិភោគត្រីទឹកសាបច្រើនជាងគេសំរាប់មនុស្សម្នាក់ៗ នៅក្នុងពិភពលោក។
តែកង្វះអាហាររូបត្ថម្ភនៅតែចោទជាបញ្ហាធំនៅឡើយ នៅកម្ពុជា ដោយមានគ្រួសារជាច្រើនត្រូវបានគេចាត់ទុកថា គ្មានសន្តិសុខស្បៀង។ ហេតុនេះហើយបានជាគម្រោងCAST មានសារៈសំខាន់ ពីព្រោះវានឹងពង្រឹងសន្តិសុខស្បៀងរបស់ប្រទេសកម្ពុជា ដោយអភិវឌ្ឍឧស្សាហកម្មវារីវប្បកម្មរបស់កម្ពុជា តាមគ្រប់ដំណាក់កាលផលិតកម្ម និងការលក់។ លទ្ធផលបានមកគឺកំណើនផលិតកម្មនៃប្រភពប្រូតេអ៊ីនប្រកបដោយគុណភាព ចិញ្ចឹមនៅក្នុងស្រុក ដែលប្រជាជនកម្ពុជានិយមបរិភោគ។
ដោយផ្សាភ្ជាប់ជាមួយនឹងពាណិជ្ជកម្ម និងការអភិវឌ្ឍគម្រោង CAST នឹងជួយដល់ការលូតលាស់ប្រកបដោយនិរន្តភាព និងយូរអង្វែង នៃវារីវប្បកម្ម ហើយនឹងផ្សាភ្ជាប់គ្នាជាមួយផលិតករខ្មែរ និងផលិតករអាមេរិក។ វានឹងជំរុញកំណើនសេដ្ឋកិច្ច និងសន្តិសុខស្បៀង នៅកម្ពុជា ហើយកសាងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។
ដោយសារមានកសិករអាមេរិកខ្លះដែលមានវត្តមាននៅពេលនេះ តំណាងអោយក្រុមហ៊ុនកសិកម្មអាមេរិក ខ្ញុំសូមនិយាយបន្តិចអំពីធុរកិច្ចអាមេរិក។
ក្នុងពេលដែលប្រទេសកម្ពុជាបន្តរីកចំរើន កម្ពុជាមានជំរើសកាន់តែច្រើនទាក់ទងនឹងដៃគូធុរកិច្ច រួមទាំងក្នុងវិស័យកសិកម្មផងដែរ។ ខ្ញុំសូមលើកទឹកចិត្តអោយលោកអ្នកទាំងអស់គ្នាពិចារណាថា តើនរណាអាចជាដៃគូល្អបំផុតសំរាប់លោកអ្នក សំរាប់ពេលនេះ និងសំរាប់រយៈពេលយូរអង្វែងទៅមុខ។
ដូចដែលលោកអ្នកប្រហែលជាចាំហើយ ការសម្ពោធគម្រោងនេះមានឡើងបន្ទាប់ពីបេសកកម្មប្រកបដោយជោគជ័យរបស់ផ្នែកពាណិជ្ជកម្មកសិកម្មរបស់សហរដ្ឋអាមេរិកនៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំទៅ ដែលក្នុងនោះ ក្រុមហ៊ុនផ្នែកកសិកម្មអាមេរិកបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកវត្តមាននៅកម្ពុជា។
ក្រុមហ៊ុនអាមេរិកខុសពីក្រុមហ៊ុនជាច្រើនទៀត ដែលធ្វើការរកស៊ីនៅក្នុងតំបន់ ពីព្រោះវាតំណាងអោយគុណតំលៃអាមេរិក ហើយនាំមកនូវផលិតផលមានគុណភាពខ្ពស់ មានបទដ្ឋានខ្ពស់ ប្រកបដោយតម្លាភាព និងគោរពតាមច្បាប់។ ការរួមគ្នាជាមួយសហរដ្ឋអាមេរិក លើគម្រោងដូចជាគម្រោងទាំងនេះគឺជាជោគជ័យមួយសំរាប់ប្រទេសកម្ពុជា ពីព្រោះយើងអោយតំលៃលើកំណើនលូតលាស់ដែលមាននិរន្តភាព ហើយជំរុញការធ្វើពាណិជ្ជកម្មដែលមានលក្ខណៈយុត្តិធម៌ និងមានទៅមានមក។
ជាទីបញ្ចប់ ខ្ញុំសូមអរគុណចំពោះសមាគមសណ្តែកសៀងអាមេរិក(ASA) និងមេដឹកនាំនៃកម្មវិធីអភិវឌ្ឍន៍របស់ខ្លួន ក្រុមហ៊ុនគំនិតផ្តួចផ្តើមពិភពលោកដើម្បីសណ្តែកសៀងក្នុងសុខភាពរបស់មនុស្ស (WISHH) ដែលបានធ្វើដំណើរមកកម្ពុជា ដើម្បីចូលរួមក្នុងការសម្ពោធគម្រោងនេះ។ ដោយឡែក ខ្ញុំសូមអរគុណដល់
- លោក Daryl Cates ប្រធាន WISHH
- លោកស្រី Liz Hare នាយកប្រតិបត្តិ WISHH
- លោក Jim Hershey ប្រធានដឹកនាំក្រុម សំរាប់គម្រោងCAST
ខ្ញុំសូមអរគុណផងដែរចំពោះដៃគូជាច្រើន ដែលគាំទ្រគម្រោងនេះ ដែលមានក្រុមប្រឹក្សានាំចេញសណ្តែកសៀងសហរដ្ឋអាមេរិក សាកលវិទ្យាល័យ Kansas State University, សាកលវិទ្យាល័យ Auburn University, អង្គការ World Vision សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងសាកលវិទ្យាល័យបាត់ដំបង។
ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណលោកអ្នកគ្រប់គ្នា ចំពោះការគាំទ្រ។ ខ្ញុំរីករាយនឹងលឺពីជោគជ័យនៃគម្រង CAST នៅក្នុងពេលប៉ុន្មានខែ និងប៉ុន្មានឆ្នាំខាងមុខ។