ពហុកីឡដ្ឋានជាតិអូឡាំពិក
ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩
សូមជម្រាបសួរ ឯកឧត្តមបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា ឯកអគ្គរដ្ឋទូតអង់គ្លេស Tina Susan Redshaw និងភ្ញៀវកិត្តិយស អ្នកស្ម័គ្រចិត្ត អ្នកធ្វើបទបង្ហាញនិងសិស្ស និស្សិតទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការងាររបស់អ្នកទាំងអស់គ្នា ដែលបានរៀបចំមហោស្រពដ៏គួរអោយចាប់អារម្មណ៍នេះ។
ខ្ញុំមានសេចក្តីរីករាយណាស់ ដែលមានវត្តមាននៅទីនេះជាមួយលោករដ្ឋមន្ត្រី ណារ៉ុន និងសហការីជាច្រើននាក់មកពីផ្នែកអប់រំ ការទូតនិងធុរកិច្ច។
ជាពិសេស ខ្ញុំសូមទទួលស្គាល់នូវកិច្ចការរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលគាំទ្រដល់មហោស្រពវិទ្យាសាស្រ្តនិងវិស្វកម្មកម្ពុជាលើកទី៥នេះ។ បើគ្មានការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែរបស់អ្នកស្ម័គ្រចិត្តជាច្រើនទេ ព្រឹត្ដិការណ៍មួយនេះមិនអាចកើតឡើងបានឡើយ។ ហើយជាការពិត រឿងមួយដែលធ្វើឱ្យមហោស្រពនេះមានលក្ខណៈពិសេស គឺថា វាត្រូវបានដឹកនាំរៀបចំដោយនិស្សិត។ បន្ថែមពីលើការបង្ហាញឱ្យនិស្សិតកម្ពុជារាប់ពាន់នាក់នូវការច្នៃប្រឌិតវិទ្យាសាស្ត្រនិងវិស្វកម្ម វាផ្តល់លទ្ធភាពដល់និស្សិតកម្ពុជាវ័យក្មេងនិងជួយពួកគេឱ្យមានជំនាញក្នុងការធ្វើផែនការគម្រោង។
ចូរសម្លឹងមើលអ្នកទស្សនា និងគ្រប់ការតាំងបង្ហាញដ៏អស្ចារ្យនៅខាងក្រៅ ខ្ញុំអាចមើលឃើញថា យុវវ័យកម្ពុជា ពិតជាមានការរំភើបយ៉ាងខ្លាំងអំពីវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងឱកាសប្រើប្រាស់វាដើម្បីធ្វើឱ្យសេដ្ឋកិច្ចនិងសង្គមកម្ពុជាកាន់តែទំនើប និងប្រកបដោយការច្នៃប្រឌិត។
សហរដ្ឋអាមេរិក មានមោទនភាពធ្វើជាអ្នកឧបត្ថម្ភដល់មហោស្រពនេះ និងការប្រកួតប្រជែងផ្នែកមនុស្សយន្ត និងជាអ្នកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការកែលម្អការអប់រំវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ មហោស្រពនេះ ផ្តល់ឱ្យយុវជនកម្ពុជានូវឱកាសរៀនសូត្រអំពីអាជីពដ៏គួរឱ្យរំភើបជាច្រើននៅក្នុងវិស័យ STEM ។
ការវិនិយោគទៅលើការអប់រំផ្នែក STEM គឺមានសារៈសំខាន់ណាស់ នៅពេលដែលប្រទេសនេះចង់អភិវឌ្ឍវិស័យផលិតកម្មរបស់ខ្លួននិងទាក់ទាញការងារដែលមានប្រាក់ខែខ្ពស់។ មហោស្រពវិទ្យាសាស្រ្តនិងវិស្វកម្មគឺជាផ្នែកមួយដ៏សំខាន់នៃដំណើរការនេះ។
មហោស្រពនេះ នាំមកនូវសហគមន៍ធុរកិច្ចនិងអប់រំរួមគ្នា ដើម្បីបង្ហាញការច្នៃប្រឌិតនិងការរីកចម្រើនជាច្រើនដែលកំពុងជំរុញឱ្យប្រទេសកម្ពុជាឆ្ពោះទៅមុខ។ ប្រជាជនកម្ពុជាកាន់តែច្រើន រៀនអំពីគណិតវិទ្យា – វិទ្យាសាស្ត្រឬវិស្វកម្ម – រឿងល្អ ៗ ជាច្រើនទៀតនឹងកើតឡើងនៅក្នុងប្រទេសកម្ពុជា។
ខ្ញុំសង្ឃឹមថា ចំពោះអ្នកមួយចំនួន មហោស្រពនេះ បំផុសទឹកចិត្តអ្នករាល់គ្នាឱ្យហ៊ានគិតធំ ហើយគិតឱ្យមោះមុត និងមានភាពច្នៃប្រឌិត ។ ប្រទេសកម្ពុជា ត្រូវការពលរដ្ឋវ័យក្មេងដែលមានការប្តេជ្ញាចិត្តខ្ពស់ ហ៊ានគិតនិងមានភាពច្នៃប្រឌិត ដើម្បីបង្កើតគម្រោងថ្មី សំណង់អគារនានា និងដំណើរការនានា ដើម្បីជំរុញការអភិវឌ្ឍន៍នៅទីនេះ។
អនាគតរបស់ប្រទេសកម្ពុជា ត្រូវការអ្នកវិទ្យាសាស្ត្រ វិស្វករ អ្នកសរសេរកម្មវិធី និងអ្នកឯកទេសបច្ចេកវិទ្យាព័ត៌មានវិទ្យា។ នេះទាមទារការវិនិយោគធនធាន ពីរដ្ឋាភិបាល សាលារៀន សហគមន៍អន្តរជាតិ និងវិស័យឯកជន។ វាក៏តម្រូវឱ្យមានការប្តេជ្ញាចិត្តផងដែរ ចំពោះសិស្សានុសិស្សកម្ពុជាដែលកំពុងស្វែងរកផល វិជ្ជមានសំរាប់ប្រទេសកម្ពុជា។
ខ្ញុំដឹងថា យុវជនជាច្រើនគិតអំពីអាជីពនៅក្នុងវិស័យទាំងនេះ ថាជាការលំបាកឬមានការប្រកួតប្រជែង។ វាទាមទារនូវភាពឧស្សាហ៍ ប៉ុន្តែវាមិនត្រឹមតែអាចធ្វើទៅបានទេ វាត្រូវបានគេអនុវត្តរួចហើយដោយមនុស្សដែលអ្នកស្គាល់។ ក្នុងអំឡុងពេលនៃការរៀបចំពិធីនេះ អ្នកនឹងមិនត្រឹមតែរៀនសូត្រពីមិត្តភក្ដិប៉ុណ្ណោះទេថែមទាំងរៀនពីអ្នកវិទ្យាសាស្ត្រខ្មែរ ស្ថាបត្យករ និងវិស្វករដែលបានជោគជ័យក្នុងវិស័យរបស់ពួកគេផងដែរ។
ខ្ញុំនៅតែមានការចាប់អារម្មណ៍ចំពោះថាមភាពរបស់យុវជនកម្ពុជានិងចក្ខុវិស័យដែលអ្នកទាំងអស់គ្នាបង្ហាញនាពេលនេះ។
អនាគតវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានៅកម្ពុជា គឺស្ថិតនៅក្នុងដៃរបស់អ្នកហើយអនាគត នឹងភ្លឺស្វាង។ ដូច្នេះសូមមេត្តា ប្រើពេលវេលាដ៏អស្ចារ្យក្នុងរយៈពេលបីថ្ងៃបន្ទាប់ទៀត ហើយចាកចេញពីកម្មវិធីនេះ នឹងគិតដោយភាពហានក្លា!
សូមអរគុណច្រើនណាស់ ហើយសូមជូនពរសំណាងល្អ គ្រប់ៗគ្នា!