សណ្ឋាគារ Rosewood
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០១៩
សូមជម្រាបសួ និងសូមអរគុណដែលបានអញ្ជើញមកចូលរួម នៅថ្ងៃនេះ។ ខ្ញុំមានក្តីរំភើបរីករាយដោយឃើញមានអ្នកចូលរួមជាច្រើននាក់ ដើម្បីស្វែងយល់បន្ថែមពីប្រធានបទថ្ងៃនេះ គឺអនុសញ្ញាក្រុង Cape Town ហើយនិងអត្ថប្រយោជន៍របស់វា សម្រាប់វិស័យអាកាសចរណ៍ដែលកំពុងរីកចម្រើន របស់ប្រទេសកម្ពុជា។
មុនពេលយើងចាប់ផ្តើម ខ្ញុំសូមអរគុណលោក Jeffrey Klang ដែលជាអ្នកជំនាញទាក់ទងនឹងអនុសញ្ញាក្រុង Cape Town មកពីអាជ្ញាធរអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក ដែលបានអញ្ជើញធ្វើដំណើរមកពីសហរដ្ឋអាមេរិក ចូលរួមក្នុងសិក្ខាសាលានេះ។
ខ្ញុំសូមអរគុណផងដែរដល់ដៃគូរបស់យើង ដែលមានក្រុមហ៊ុន SSCA, AmCham Cambodia, Boeing និង GECAS ដែលបានជួយរៀបចំព្រឹត្តិការណ៍នេះឡើង។ ខ្ញុំសូមអរគុណផងដែរដល់អ្នកឧបត្ថម្ភរបស់យើង ដែលមាន Avis Budget Group, Dancing Bull និង Luma System ។
សូមចាប់ផ្តើមជាមួយនឹងតួលេខធំមួយ គឺ ៦ លាន។ នៅឆ្នាំ ២០១៨ ប្រទេសកម្ពុជាបានទទួលទេសចរចំនួនប្រមាណ ៦ លាននាក់ ដែលជាចំនួនលើសឆ្នាំមុនៗ គឺលើសទ្វេដងនៃចំនួននៅឆ្នាំ ២០១០។ (ចំណាំ៖ មានទេសចរចំនួន ២,៥ លាននាក់មកទស្សនាកម្ពុជា នៅឆ្នាំ ២០១០)។ រដ្ឋាភិបាលបានធ្វើការប៉ាន់ប្រមាណថា ចំនួនទេសចរអាចកើនឡើងទ្វេដងម្តងទៀត គឺឡើងដល់ ១២ លាននាក់ ត្រឹមឆ្នាំ ២០២៥។
គេងាយនឹងយល់បានថា ហេតុអ្វីបានជាប្រទេសកម្ពុជាកំពុងសិក្សាលើផែនការកសាងព្រលានយន្តហោះថ្មីៗ នៅភ្នំពេញ និងនៅសៀមរាប ព្រមទាំងនៅកោះកុង ពីព្រោះព្រលានយន្តហោះបច្ចុប្បន្នមិនអាចទទួលទេចរដែលកំពុងមានកំណើន បានអស់ទេ។
សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏កំពុងតែមានកំណើនយ៉ាងឆាប់រហ័សដែរ ហើយកំពុងតែធ្វើពាណិជ្ជកម្មច្រើនឡើងក្នុងទីផ្សារអន្តរជាតិ ដោយពាណិជ្ជកម្មខ្លះធ្វើតាមផ្លូវអាកាស។ ពលរដ្ឋរបស់ខ្លួន ទាំងអ្នកធ្វើទេសចរណ៍ ទាំងអ្នកធ្វើដំណើរទាក់ទងនឹងជំនួញ ក៏ត្រូវការផងដែរនូវសេវា និងហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ទំនើប ដើម្បីទ្រទ្រង់ដល់ពាណិជ្ជកម្ម និងការធ្វើដំណើរអន្តរជាតិ ដែលកំពុងតែមានកំណើននេះ។
តាមសារព័ត៌មាន យើងឮពីកំណើននៃវិស័យអាកាសចរណ៍កម្ពុជា ជារឿយៗ។ មានជើងយន្តហោះច្រើនឡើងក្នុងមួយសប្តាហ៍។ មានក្រុមហ៊ុនអាកាសចរណ៍ថ្មីៗមករកស៊ី។ មានការហោះហើរទៅកាន់គោលដៅអន្តរជាតិច្រើនទៀត ពីភ្នំពេញ។ ករណីចុងក្រោយនេះ យើងទើបតែដឹងថា កម្ពុជានឹងមានជើងយន្តហោះត្រង់ទៅកាន់ប្រទេសហ្វីលីពីន និងប្រទេសឥណ្តូនេស៊ី ជាលើកដំបូង នៅឆ្នាំនេះ។ នេះជាដំណឹងល្អសម្រាប់ អ្នកធ្វើដំណើរ តែវាក៏ជាដំណឹងល្អផងដែរ សម្រាប់ផ្នែកទេសចរណ៍…ព្រមទាំងផ្នែកសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។
ខ្ញុំនឹងទុកអោយអ្នកឯកទេសនៅក្នុងសិក្ខាសាលានេះ ពន្យល់លម្អិតពីអត្ថប្រយោជន៍នៃអនុសញ្ញាក្រុង Cape Town ។ តែចំណុចគន្លឹះមួយដែលខ្ញុំចង់បញ្ជាក់គឺថា ការអនុម័តលើអនុសញ្ញានេះអាចអនុញ្ញាតអោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាជួល ឬទិញយន្តហោះ និងឧទ្ធម្ភាគចក្របានក្នុងតម្លៃថោក ហើយនេះគឺជាអ្វីដែលអាចពង្រឹងវិស័យនេះ ហើយអនុញ្ញាតអោយក្រុមហ៊ុនទាំងនោះ គឺក្រុមហ៊ុនរបស់លោកអ្នក នូវបច្ចេកទេសផ្នែកអាកាសចរណ៍ចុងក្រោយ នៅលើទីផ្សារ។ ការនេះមិនត្រឹមតែផ្តល់ប្រយោជន៍ដល់វិស័យអាកាសចរណ៍តែប៉ុណ្ណោះទេ តែវាថែមទាំងដល់វិស័យទេសចរណ៍ផងដែរ។ វាជាជោគជ័យមួយសំរាប់កម្ពុជា និងប្រជាជន ដែលចង់មកលេងប្រទេសដ៏ល្អនេះ។
ខ្ញុំសូមកត់សម្គាល់ផងដែរថា ប្រទេសដទៃទៀតនៅក្នុងតំបន់បានទាញយកប្រយោជន៍រួចហើយពីអនុសញ្ញាក្រុង Cape Town ដូចជាប្រទេសវៀតណាម ភូមា សឹង្ហបូរី និងឥណ្តូនេស៊ី។ កាលពីថ្ងៃពុធកន្លងទៅ សិក្ខាសាលាដូចគ្នានេះត្រូវបានធ្វើឡើងនៅប្រទេសឡាវ ដើម្បីពិភាក្សាស្តីពីវិធីជំរុញទៅមុខទាក់ទងនឹងអនុសញ្ញានេះ។ ខ្ញុំមិនដឹងពីអ្នកទេ តែខ្ញុំគិតថា ប្រទេសកម្ពុជាអាចប្រកួតប្រជែងជាមួយនឹងប្រទេសទាំងអស់នេះ មិនថាក្នុងផ្នែកទេសចរណ៍ ឬផ្នែកអាកាសចរណ៍ទេ ហើយអនុសញ្ញាក្រុង Cape Town អាចជួយកម្ពុជាក្នុងរឿងនេះ។
ជាទីបញ្ចប់ ខ្ញុំសូមនិយាយបន្តិចអំពីក្រុមហ៊ុនអាមេរិក និងសូមអរគុណតំណាងក្រុមហ៊ុនអាមេរិក ដែលបានធ្វើដំណើរមកភ្នំពេញ ដើម្បីចូលរួមក្នុងសិក្ខាសាលាថ្ងៃនេះ។ ក្នុងពេលដែលកម្ពុជាបន្តមានការរីកចម្រើន កម្ពុជានឹងកាន់តែមានជម្រើសច្រើនទាក់ទងនឹងដៃគូធ្វើពាណិជ្ជកម្ម ដោយរួមទាំងនៅក្នុងវិស័យអាកាសចរណ៍ផងដែរ។ ខ្ញុំសូមលើកទឹកចិត្តអោយលោកអ្នកទាំងអស់ធ្វើការពិចារណាថា តើនរណាអាចជាដៃគូល្អបំផុតសម្រាប់អ្នក និងសម្រាប់រយៈពេលយូរអង្វែង។
ក្រុមហ៊ុនអាមេរិកខុសពីក្រុមហ៊ុនជាច្រើនទៀតដែលរកស៊ី នៅក្នុងតំបន់ និងក្រុមហ៊ុនជាច្រើននៅកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ។ ក្រុមហ៊ុនអាមេរិកតំណាងអោយគុណតម្លៃរបស់អាមេរិក ហើយនាំមកនូវផលិតផលល្អមានស្តង់ដាខ្ពស់ តម្លាភាព និងការគោរពច្បាប់។
ក្រុមហ៊ុនដែលមកនេះ ស្វែងរកអតិថិជន តែគេក៏រកដៃគូយូរអង្វែងដែរ។ ដូច្នេះ ពួកគេស្ថិតក្នុងចំណោមឯកអគ្គរដ្ឋទូតដ៏ល្អបំផុតរបស់ប្រទេសអាមេរិក នៅក្នុងពិភពលោក។
ខ្ញុំសូមអរគុណលោកអ្នកទាំងអស់ដែលបានអញ្ជើញមក នៅថ្ងៃនេះ ហើយសូមអោយការពិភាក្សានៅថ្ងៃនេះប្រកបដោយផ្លែផ្កា។ ខ្ញុំសង្ឃឹមថា នឹងបានឃើញ និងនិយាយជាមួយអស់លោកអ្នកជាច្រើន នៅក្នុងពិធីនាយប់នេះ។
សូមអរគុណច្រើន។