សុន្ទរកថារបស់លោកភារធារី Michael Newbill ក្នុងកិច្ចពិភាក្សាពី ឥទ្ធិពលពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និង ចិន នៅប្រទេសកម្ពុជា

រាជធានីភ្នំពេញ
ថ្ងៃព្រហស្បតិ៍ ទី៤ ខែមេសា ឆ្នាំ២០១៩
(សម្រាប់ការផ្សព្វផ្សាយ)

អរគុណចំពោះវត្តមានរបស់លោកអ្នកនារាត្រីនេះ ។ ខ្ញុំអាចមើលឃើញថា​យើង​មានភ្ញៀវដ៏អស្ចារ្យនិងមានចំណាប់អារម្មណ៍ចំពោះពិធីនេះ និងមានក្រុមអ្នកពិភាក្សាដ៏កំពូលៗ ត្រៀមខ្លួនសម្រាប់ការពិភាក្សាដ៏មានអត្ថន័យនេះ ។ ខ្ញុំសូមថ្លែងអំណរគុណ ជាដំបូងដល់ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ។ ខ្ញុំក៏ចង់អរគុណផងដែរ ដល់វាគ្មិនដែលផ្តល់ជាកិត្តិយសទាំងអស់ អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និង​គោលនយោបាយពាណិជ្ជកម្ម ។

យើងបាន​ប្រើប្រាស់ការពិភាក្សានេះ ដើម្បីពីទស្សនវិស័យរបស់យើង អំពីអ្វីដែលបានកើតមានក្នុងសារព័ត៌មាននាពេលថ្មីៗនេះ ទោះបី ខ្ញុំទទួលស្គាល់ថា មិនមានការ​សរសេរពីបរិបទវាឲ្យ​បានច្រើន ឬប្រវត្តិរឿងឲ្យពិតឡើយ ។ នៅពេលអ្នកអានពីអត្ថបទបែបវិចារណកថា ដែលលើកសរសើរ ពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ដើម្បីធ្វើឲ្យមានពាណិជ្ជកម្មបែបសេរីនិងមានការប្រកួតប្រជែង អ្នកបានដឹងហើយថារឿងអ្វីៗ អាចត្រូវបានគេប្រែទៅជារឿងផ្សេងមួយទៀត។ ការពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មរបស់អាមេរិក និងចិន ដែលកំពុងតែបន្ត គឺជា​ការអភិវឌ្ឍសំខាន់និងចាំបាច់មួយ មួយមាន​ផលប៉ះពាល់យ៉ាងសំខាន់ចំពោះទំនាក់ទំនងរបស់យើង និងសម្រាប់ការរីកចម្រើនផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅតំបន់អាស៊ី និងនៅកន្លែងផ្សេងទៀត ។

អស់រយៈពេលជាង ៧០ឆ្នាំមកនេះ សហរដ្ឋអាមេរិក បានដើរតួជាមេដឹកនាំលើពិភពលោក សម្រាប់ពាណិជ្ជកម្មដោយសេរី ស្មើភាព និង​ផ្តល់ឲ្យគ្នាទៅវិញទៅមក ។ យើងជាប្រទេសដែលមាន​សេដ្ឋកិច្ចដែលបើកចំហបំផុតមួយនៅលើពិភពលោក ។ ទោះបីជាយ៉ាងណា​ ប្រទេសខ្លះ បាន​ទាញយក​ផល​ប្រយោជន៍ ពីការបើកចំហរបស់ពួកយើង និង​មិន​បាន​ផ្តល់ឱកាសឲ្យស្មើភាពសម្រាប់ជំនួញអាមេរិកនោះឡើយ ។ រដ្ឋបាលមួយនេះ បានប្តេជ្ញាចិត្ត ក្នុងការថ្លែងថ្លែងឡើងវិញនូវទំនាក់ទំនងទាំងនោះ ដើម្បីឲ្យពួកគេផ្តល់នូវផលប្រយោជន៍ឲ្យគ្នាឲ្យកាន់តែច្រើន ។ ប្រទេសមួយនោះ គឺ​ប្រទេសចិន ។

ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ជាពិសេសចាប់តាំងពីឆ្នាំ 2007 មកសេដ្ឋកិច្ចចិន បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងកម្រិតមួយខ្ពស់គួរឲ្យកត់សម្គាល់ ។ ហេតុផលមួយចំនួន គឺដោយសារតែ ផលប៉ះពាល់នៃកំណើនជនជាតិចិន ហើយខ្លះទៀត គឺដោយសារតែការថមថយ នៅបស្ចឹមប្រទេស ទាក់ទងនឹងការធ្លាក់ចុះសេដ្ឋកិច្ច កាលពីឆ្នាំ 2008-09 ។

អ្វីដែលប្រទេសចិន សម្រេចបាន តាំងពីគេចាប់ផ្តើមកំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួន និងការបើកចំហ ពិតជារឿងមួយគួរឲ្យកត់សម្គាល់ពិតមែន ។ ប្រទេសនេះ បានលើកប្រជាពលរដ្ឋខ្លួនជាង ៧០០ លាននាក់ ឲ្យចាកផុតពីភាពក្រីក្រ ដែលនេះបង្ហាញថាជាង ៧០ ភាគរយនៃការកាត់បន្ថយភាពក្រីក្រពិភពលោក អស់រយៈពេលជាង ៤ទសវត្សរ៍កន្លងមកនេះ ។ ទោះជាយ៉ាងណា វាជារឿងសំខាន់ដែលត្រូវចងចាំថា ទោះបីជាមានការពិភាក្សាអំពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ក៏សហរដ្ឋ​អាមេរិក នៅតែរក្សាបាននូវកំណើនដ៏រឹងមាំដ៏គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលនោះផងដែរ ហើយនៅតែមានទំហំធំ នៃវិស័យសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក ។

សេដ្ឋកិច្ចសហរដ្ឋអាមេរិក នៅតែរឹងមាំ ច្នៃប្រឌិតហើយជាអ្នកនាំមុខគេលើពិភពលោក ក្នុងវិស័យជាច្រើន និងមានការប្តេជ្ញាចិត្តរបស់យើង ចំពោះវិធីសាស្រ្តបើកចំហ តម្លាភាព មានច្បាប់ និងប្រើវិធីសាស្ត្រផ្អែកតាមទីផ្សារ ដើម្បីកំណើនសេដ្ឋកិច្ច នោះនឹងធានាថាយើងនឹងនៅរក្សាបាន ។

ភាគច្រើននៃភាពរីកចម្រើនរបស់ប្រទេសចិន ត្រូវបានបង្កើតឡើងដោយសារទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ។ ការចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក និងការទទួលបាននូវប្រព័ន្ធពាណិជ្ជកម្មសេរីដែលមានមូលដ្ឋានលើច្បាប់ គឺជាចំណុចមួយដែលមិនអាច​កែប្រែ​បាន ដើម្បីឲ្យមានកំណើនសេដ្ឋកិច្ចខ្ពស់ ។

បច្ចុប្បន្នប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត របស់សហរដ្ឋអាមេរិកនិងជាទីផ្សារនាំចេញធំបំផុតទីបី ។ ការនាំទំនិញនិងសេវាកម្មរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន ជួយដល់ការងារជិតមួយលាន ។ ក្នុងឆ្នាំ 2018 ពាណិជ្ជកម្មសរុបរបស់សហរដ្ឋអាមេរិកជាមួយបណ្តាប្រទេសនានា មានចំនួន 5,6 សែនកោដិដុល្លារដែលក្នុងនោះប្រហែល 12% ជាពាណិជ្ជកម្មអាមេរិក – ចិន។ សហរដ្ឋអាមេរិកក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងប្រទេសចិនសម័យទំនើប តាមរយៈការវិនិយោគនេះចាប់តាំងពីឆ្នាំ 1990 មកសហរដ្ឋអាមេរិកបានវិនិយោគទុនជិត 260 ពាន់លានដុល្លារនៅក្នុងប្រទេសចិន ។

ទោះជាយ៉ាងណាសក្ដានុពលនេះ មើលទៅខុសគ្នាខ្លាំងណាស់ពីទស្សនវិស័យនៃតុល្យភាពនៃពាណិជ្ជកម្ម។ ឱនភាពពាណិជ្ជកម្មទំនិញរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិនមានចំនួន 419 ពាន់លានដុល្លារ នៅក្នុងឆ្នាំ 2018 ពោលគឺមានការកើនឡើង 20 ភាគរយពីឆ្នាំ 2013 ។

វាពិតជាមិនអាចប្រកែកបានថា សហរដ្ឋអាមេរិកនិងបណ្តាប្រទេសដទៃទៀតជាច្រើន បានផ្លាស់ប្តូរប្រតិបត្តិការផលិតកម្មទៅប្រទេសចិន ដើម្បីទាញយកប្រយោជន៍ពីកម្លាំងពលកម្មថោក ជញ្ជីងសេដ្ឋកិច្ចនិងកត្តាចង្វាក់ផ្គត់ផ្គង់ផ្សេងទៀត ។ វាមានអត្ថប្រយោជន៍ដ៏ធំធេង ចំពោះអ្នកប្រើប្រាស់នៅទូទាំងពិភពលោក។ ប៉ុន្តែភាពតានតឹងនៃតុល្យភាពពាណិជ្ជកម្មនេះមានមូលហេតុនៃរចនាសម្ព័ន្ធនិងគោលនយោបាយផ្សេងទៀតផងដែរ។

ក្នុងរយៈពេលពីរបីទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានបន្តយុទ្ធសាស្រ្តឧស្សាហកម្មរំពឹងទុកមួយ ដែលបានអនុគ្រោះដល់ក្រុមហ៊ុនចិនជាច្រើន ដែលភាគច្រើនគ្រប់គ្រងដោយរដ្ឋាភិបាល លើសក្រុមហ៊ុនជនបរទេស ដោយមិនខ្វល់លើកាតព្វកិច្ចរបស់អង្គការពាណិជ្ជកម្មពិភពលោក បរាជ័យក្នុងការការពារកម្មសិទ្ធិបញ្ញាបរទេសនិងបង្ខំឱ្យផ្ទេរឬលួច នូវបច្ចេកវិទ្យា។ ប្រការនេះ បានជួយក្រុមហ៊ុនចិនទទួលបានប្រយោជន៍ច្រើនជាងក្រុមហ៊ុនបរទេស ដែលនេះជាវិធីសាស្រ្តមួយ ប្រទេសចិន នាពេលបច្ចុប្បន្ន កំពុងធ្វើការនាំចេញទៅបណ្តាប្រទេសដទៃទៀត។ សហរដ្ឋអាមេរិកនិងបណ្តាប្រទេសដទៃទៀតបានស្នើសុំឱ្យចិនផ្លាស់ប្តូរ ប៉ុន្តែទទួលបានជោគជ័យតិចតួច រហូតមកដល់ពេលនេះ។

បញ្ជីនៃសកម្មភាពនិងអាកប្បកិរិយារបស់ចិន ដែលបានកត់ត្រានៅក្នុងការសិក្សានៅឆ្នាំ 2018 ធ្វើឡើងដោយអ្នកតំណាងពាណិជ្ជកម្មអាមេរិក បានរកឃើញថាសភាពាណិជ្ជកម្មអាមេរិកនិងអឺរ៉ុប បានប៉ាន់ស្មានថាសមាជិក របស់ពួកគេត្រូវបានដាក់សម្ពាធក្នុងការផ្ទេរបច្ចេកវិទ្យាដោយជនជាតិចិន។ នៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ចំនួននោះមានច្រើនជាង 40% ។

ចំពោះយើង កិច្ចខិតខំប្រឹងប្រែងនេះគឺនិយាយអំពីភាពយុត្តិធម៌ វាជារឿងការទទួលបានទៅវិញទៅមក និងនិយាយអំពីការបើកចំហនិងមានតម្លាភាព ផ្អែក លើច្បាប់ ។ សកម្មភាពរបស់ចិនមិនត្រឹមតែ ត្រូវបានតម្រង់ឲ្យឆ្ពោះទៅរកតែសហរដ្ឋអាមេរិកមួយទេ ប៉ុន្តែធ្វើសម្រាប់វិនិយោគិនបរទេសទាំងអស់។ មានការមូលមតិគ្នាជាសាកលថា ប្រទេសចិនត្រូវផ្លាស់ប្តូរការអនុវត្តរបស់ខ្លួន។

ទោះយ៉ាងណា សហរដ្ឋអាមេរិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចសេរីនិងបើកទូលាយបំផុតនៅក្នុងពិភពលោក។ យើងប្តេជ្ញាប្រើប្រាស់មធ្យោបាយដែលមានទាំងអស់ ដើម្បីបង្កើនកម្រិតអាជីវកម្មអាមេរិក និងបញ្ចុះបញ្ចូលចិនឱ្យធ្វើការផ្លាស់ប្តូរពិតប្រាកដនៅតុចរចា​ ។ រហូតមកដល់ពេលនេះ យើងបានអនុវត្តជំហានមួយចំនួនដើម្បីបង្ហាញពីភាពប្រាកដប្រជារបស់យើង ។

ប៉ុន្តែសូមឱ្យច្បាស់ថា សហរដ្ឋអាមេរិកមិនបានជំទាស់រាល់សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិនទេ។ យើងមិនព្យាយាមដើម្បី “ ទប់” ប្រទេសចិន។ យើងជឿថាការវិលត្រឡប់ទៅរកផ្លូវនៃការកែទម្រង់នឹងជួយលើកកម្ពស់ទំនាក់ទំនងរវាងអាមេរិកនិងចិន ឲ្យលើកកម្ពស់ជំហររបស់ចិននៅក្នុងពិភពលោក ហើយទីបំផុតបម្រើផលប្រយោជន៍របស់ប្រជាជនចិន។

ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) តម្រូវឱ្យប្រជាជាតិទាំងអស់អនុវត្តតាមច្បាប់។ ទោះជាយ៉ាងណាក៏ដោយចាប់តាំងពីប្រទេសចិនបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ 2001 មក គេមិនបានដើរតាមច្បាប់ទេ។ អ្នកមើលឃើញ នេះជាលទ្ធផលអតុល្យភាពពាណិជ្ជកម្ម និងការប្រើប្រាស់ការមិនអនុវត្តបែបទីផ្សារ ក្នុងការផ្តល់ប្រយោជន៍ដល់ប្រទេសចិន។ គោលបំណងរបស់យើងគឺដើម្បីផ្លាស់ប្តូរថាមវន្តនេះ និងធ្វើឱ្យមានតុល្យភាពឡើងវិញនូវ​ទំនាក់ទំនង តាមរយៈការបង្កើតទីលានស្មើភាពគ្នាមួយនៅក្នុងប្រទេសចិននិង អនុវត្តការគោរពតាមច្បាប់ដែលបានព្រមព្រៀងដោយប្រទេសចិន ។

សម្រាប់ប្រទេសកម្ពុជា គឺមានឱកាសច្បាស់លាស់ដូចជាការបង្កើនការវិនិយោគនៅពេលដែលក្រុមហ៊ុន បានគិតឡើងវិញពីខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេឬបង្កើនការនាំចេញរបស់កម្ពុជា ។

ប៉ុន្តែក៏មានហានិភ័យផងដែរ ។ ក្រុមហ៊ុនជាច្រើន អាចស្វែងរកការជៀសវាងនូវពន្ធគយនិងឆ្លងកាត់ផលិតផលទៅសហរដ្ឋអាមេរិកតាមរយៈការបញ្ជូនទំនិញឆ្លងកាត់។ គយអាមេរិកបានធ្វើការស៊ើបអង្កេតរួចហើយហើយបានពិន័យក្រុមហ៊ុនមួយចំនួនរបស់ចិនដែលលួចយកពន្ធនៅសហរដ្ឋអាមេរិកដោយបញ្ជូនទំនិញតាមប្រទេសកម្ពុជា។

កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ប្រទេសកម្ពុជាក្នុងរយៈពេល 20 ឆ្នាំកន្លងមកនេះពិតជាគួរអោយចាប់អារម្មណ៍ណាស់ ជាអ្វីដែលប្រជាជនកម្ពុជាពិតមានមោទនភាពណាស់។ នេះដោយសារកត្តាសំខាន់ពីរគឺ កំណើនសេដ្ឋកិច្ច គោលនយោបាយសេដ្ឋកិច្ចបើកទូលាយរបស់រដ្ឋាភិបាលនិងការខិតខំប្រឹងប្រែងរបស់ប្រជាជនកម្ពុជា ហើយនិងការរួមចំណែកពីដៃគូជាច្រើនរួមទាំង អាមេរិក អឺរ៉ុប ជប៉ុន កូរ៉េ ចិននិងអ្នកជិតខាងនៅតំបន់អាស៊ាន ដែលផ្តល់ជំនួយពាណិជ្ជកម្មការវិនិយោគនិងជំនួយអភិវឌ្ឍន៍។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការតម្រង់ទិសរបស់កម្ពុជាបានផ្លាស់ប្តូរយ៉ាងខ្លាំង ។ ជំនួសឱ្យដៃគូជាច្រើនផ្សេងៗគ្នា បច្ចុប្បន្ននេះ ប្រទេសចិនគឺជាអ្នកលេចធ្លោក្នុងគ្រប់ផ្នែកសំខាន់ៗនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ។

ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតបើទោះបីជា 70 ភាគរយគឺជាការនាំចូលរបស់ចិនក៏ដោយ។ ចិនជាវិនិយោគិនធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមាន 70% នៃការវិនិយោគផ្ទាល់ពីបរទេស នៅកម្ពុជា មកពីប្រទេសចិន។ ក្នុងរយៈពេល 6 ខែដំបូងនៃឆ្នាំ 2018 ចំនួននោះបានឈានដល់ 95% ។ ជាងមួយភាគបីនៃការអភិវឌ្ឍគឺចិន ហើយ 22% នៃភ្ញៀវទេសចរកម្ពុជាទាំងអស់គឺជាជនជាតិចិនកើនឡើងពី 7% កាលពី 5 ឆ្នាំមុន ។

ទោះបីជាប្រទេសចិនតែងតែជាអ្នកនាំមុខគេក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏ដោយ ក៏នេះបង្ហាញថា ចិនគ្របដណ្ដប់ច្រើនលើសលប់នៅក្នុងគ្រប់វិស័យ ។

ចំពោះទំនាក់ទំនងពាណិជ្ជកម្ម ប្រទេសកម្ពុជា ក៏កំពុងបង្ហាញនូវអតុល្យភាពដូចគ្នាដែលសហរដ្ឋអាមេរិកមានជាមួយប្រទេសចិន។ ទំនាក់ទំនងពាណិជ្ជកម្មរបស់ចិនជាមួយប្រទេសកម្ពុជា មានភាពលម្អៀងយ៉ាងខ្លាំងទៅលើ​ប្រទេសចិន ។ 87% នៃការធ្វើពាណិជ្ជកម្មគឺជាការនាំចូលពីចិន ដែលភាគច្រើនគឺជាវត្ថុធាតុដើមសម្រាប់សម្លៀកបំពាក់និងវិស័យសំណង់។ លើបញ្ហានេះ សហរដ្ឋអាមេរិក ឬ អឺរ៉ុប ដើរតួជម្រុញលើការនិយោគក្នុងវិស័យនាំចេញសំខាន់ៗ បង្កើតការងារជាច្រើន។ ឧទាហរណ៍ ប្រព័ន្ធអនុគ្រោះ GSP ដែលបានផ្តល់ឱ្យប្រទេសកម្ពុជានៅឆ្នាំ 2016 សម្រាប់ទំនិញធ្វើដំណើរ បានបង្កើតឧស្សាហកម្ម 500 លានដុល្លារក្នុងរយៈពេលពីរឆ្នាំនិងគាំទ្រដល់ការងារកម្ពុជារាប់ពាន់នាក់ ។

ហេតុអ្វីបានជាលើកពីបញ្ហានេះ? យ៉ាងណាមិញ ជាមួយនឹងកំណើនសេដ្ឋកិច្ច ប្រទេសកម្ពុជាគួរតែអាចបន្តនូវកំណើនជាគំរូរបស់ខ្លួន ទោះបីជាមានម្នាក់ មានតួនាទីយ៉ាងធំនិងពេញលេញក៏ដោយ។ ហើយកម្ពុជាប្រហែលជាអាចធ្វើបាន ។

ប៉ុន្តែមានហេតុផលមួយចំនួនដែលត្រូវព្រួយបារម្ភ ។ ទី 1 ប្រសិនបើសេដ្ឋកិច្ចរបស់ប្រទេសចិនយឺតយ៉ាវ នោះកម្ពុជាក៏នឹងធ្លាក់ចុះដែរ ។ នោះជាការពិត ដោយសេដ្ឋកិច្ចត្រូវបានចងភ្ជាប់ ។ ទីពីរ ដោយសារការពឹងផ្អែក មានភាពកាន់តែងាយរងគ្រោះ ប្រទេសចិនបានបង្ហាញនៅក្នុងបរិបទផ្សេងទៀតថា ខ្លួននឹងប្រើកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនដើម្បីបង្ខំឱ្យប្រទេសនានាព្រមទទួលយកជាលក្ខណៈការទូតឬនយោបាយ លើបញ្ហាដែលមានសារៈសំខាន់ចំពោះប្រទេសចិន។ លើសពីនេះទៀតដោយសារក្រុមហ៊ុនចិនដែលគ្រប់គ្រងដោយរដ្ឋរបស់ខ្លួន កាន់តែមានតួនាទីធំនៅក្នុងសេដ្ឋកិច្ច អ្នកមិនអាចបែងចែករវាងវិស័យឯកជននិងរដ្ឋាភិបាលបានទេ ។ ទីបី មានបញ្ហាខាងក្រៅដែលយើងមើលឃើញថាអវិជ្ជមានជាច្រើន ដែលមើលឃើញពីការវិនិយោគរបស់ចិន ដូចជាការខ្វះនូវតម្លាភាព ឬគណនេយ្យ ការកើនឡើងនៃអំពើពុករលួយ និងការនាំចេញនូវរបស់មិនល្អ ។ ទីបួន វិនិយោគទុនចិនត្រូវបានតម្រង់ទិសដៅដើម្បីតែប្រយោជន៍របស់រដ្ឋាភិបាលចិន ។

សហរដ្ឋអាមេរិក ផ្តល់ជូននូវអ្វីមួយផ្សេងពីនោះ ជាអ្វីដែលយើងគិតថាមានតម្លៃចំពោះប្រទេសកម្ពុជានិងបណ្តាប្រទេសដទៃទៀតនៅអាស៊ី ។ ហើយ ខ្ញុំចង់ត្រឡប់ទៅនិយាយពីយុទ្ធសាស្ត្រលើតំបន់ ឥណ្ឌូចិន – ប៉ាស៊ីហ្វិក ។

អ្នកអាចមើលឃើញថាមូលដ្ឋាននៃយុទ្ធសាស្រ្តឥណ្ឌូ – ប៉ាស៊ីហ្វិករបស់យើង គឺដើម្បីឈានឆ្ពោះទៅរកតំបន់ដែលមានសេរីភាព បើកចំហ និងមានសុវត្ថិភាព ។ ប៉ុន្តែសូមឱ្យខ្ញុំផ្តោតលើសមាសភាគសេដ្ឋកិច្ចដ៏សំខាន់។ យើងស្វែងរកដៃគូជាមួយប្រទេស​​ទាំងអស់ ដែលគោរពអធិបតេយ្យភាពជាតិ មានពាណិជ្ជកម្មយុត្តិធម៌និងមានទៅមានមក ហើយប្រកាន់នូវនីតិរដ្ឋ ។ យើងជឿជាក់ថា វិស័យឯកជនគួរតែដើរតួនាទីឈានមុខគេក្នុងការជម្រុញកំណើនសេដ្ឋកិច្ច ហើយថាប្រទេសនានាគួរតែមានការប្រកួតប្រជែងទីផ្សារបើកចំហនិងមានតម្លាភាពពិតប្រាកដ ។

យើងសូមស្វាគមន៍ចំពោះការរួមចំណែករបស់ប្រទេសចិន ចំពោះការអភិវឌ្ឍក្នុងតំបន់ ដរាបណាពួកគេប្រកាន់ខ្ជាប់នូវបទដ្ឋានខ្ពស់រួមមាន តម្លាភាព នីតិរដ្ឋនិងការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព ។

នៅពេលនិយាយពីកិច្ចព្រមព្រៀងនៅប្រទេសកម្ពុជាឬនៅកន្លែងផ្សេង វាមានសារៈសំខាន់ណាស់សម្រាប់ពលរដ្ឋ ឲ្យមានសិទ្ធិនិងលទ្ធភាពក្នុងការពិនិត្យមើលកិច្ចព្រមព្រៀងទាំងនេះ ដើម្បីធ្វើឱ្យប្រាកដថាអ្នករាល់គ្នាទទួលបានអត្ថប្រយោជន៍និងមិនត្រឹមតែប្រយោជន៍សម្រាប់ពីរបីនាក់នោះទេ ។ ការវិនិយោគរបស់ចិនអាចមានអត្ថប្រយោជន៍ ប៉ុន្តែកិច្ចព្រមព្រៀងទាំងនេះត្រូវការការពិនិត្យពិច័យនិងការត្រួតពិនិត្យយ៉ាងម៉តច់ត ដើម្បីធានាថាអត្ថប្រយោជន៍នឹងទៅប្រទេសនោះ មិនមែនអ្នកស្វែងរកប្រយោជន៍ទេ ។ នេះជាមធ្យោបាយតែមួយគត់ដែលយើងអាចធានាថា ប្រទេសកម្ពុជា កំពុងទទួលបាននូវកិច្ចព្រមព្រៀងដ៏ល្អបំផុត។

ជារួម ខ្ញុំសូមអះអាងថា ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍ជាច្រើនពីការមានដៃគូជាច្រើនដើម្បីរួមចំណែកក្នុងការអភិវឌ្ឍរបស់ខ្លួន។ វានៅតែអាចធ្វើបាន ។ ខ្ញុំគិតថា នៅមានកន្លែងសម្រាប់មនុស្សគ្រប់គ្នានៅកម្ពុជា។ ហើយខ្ញុំដឹងថានេះជាអ្វីដែលប្រជាជនកម្ពុជាចង់បានផងដែរ ។

សូមអរគុណ ៕

ឯកសារជាភាសាអង់គ្លេស:​ ឥទ្ធិពលពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និង ចិន នៅប្រទេសកម្ពុជា (PDF: 717 KB)