សុន្ទរកថារបស់លោកភារធារី Michael Newbill ក្នុងពិធីបើកការសាងសង់ ជលវប្បដ្ឋាន និងត្រីទឹកសាប ទឹកប្រៃ និងសួនសត្វថ្នាក់ពិភពលោក

Chargé d’affaires Michael Newbill at Groundbreaking Celebration of an Angkor Wildlife and Aquarium Project

និវេសនដ្ឋានឯកអគ្គរដ្ឋទូតអាមេរិក
ថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០១៩
(រៀបចំសម្រាប់ថ្លែង)

ជម្រាបសួ អស់លោក លោកស្រី! សូមស្វាគមន៍​មកកាន់និវេសដ្ឋាន​របស់ឯកអគ្គរដ្ឋទូតអាមេរិក និងសូមអរគុណដែលបានអញ្ជើញមកនាយប់​នេះ ដើម្បីអបអរពិធីសម្ពោធបើកការសាងសង់គម្រោងរបស់ក្រុមហ៊ុន អង្គរ វ៉ាយដ៍ឡាយហ្វ៍ & អឹឃ្វារៀម (Angkor Wildlife and Aquarium) ។

ខ្ញុំឈ្មោះ Michael Newbill ហើយខ្ញុំគឺជាភារធារីនៃស្ថានទូតអាមេរិក។ ពិតមែនតែខ្ញុំមិនរស់នៅក្នុងផ្ទះដ៏​ប្រណីតនេះក្តី តែយ៉ាងហោចណាស់ក៏ខ្ញុំអាចរៀបចំពិធីធំៗ​ នៅទីនេះបានដែរ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងសប្បាយក្នុងការពិសាអាហារ ហើយជជែកលេងជាមួយគ្នា។

មុនពេលខ្ញុំនិយាយបន្តទៀត ខ្ញុំសូមគោរពចំពោះភ្ញៀវកិត្តិយសរបស់យើង ដែលមានវត្តមាន​នៅយប់​នេះ គឺ​៖

  • ឯកឧត្តម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទី ក្រសួងទេសចរណ៍
  • ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប
  • លោក Zeb Hogan (មកពីគំរោង Wonders of Mekong របស់ទូរទស្សន៍ National Geographic)
  • ឯកអគ្គរាជទូត Tina Redshaw និង ឯកអគ្គរដ្ឋទូត Angela Corcoran

ព្រមទាំងមិត្ត និងសហការី បើគ្មានពួកគេទេ គម្រោងសាង់មួយ​នេះក៏​មិនអាចមានចេញជារូបរាងបានដែរ ក្នុងនោះមាន៖

  • លោក ម៉េង ហ៊ាង
  • លោក Roger Reynolds ប្រធានក្រុមហ៊ុន Angkor Wildlife &Aquarium

គម្រោងក្រុមហ៊ុន Angkor Wildlife &Aquarium ធ្វើឲ្យខ្ញុំរំភើប ដោយសារមានហេតុផលច្រើន។

ទីមួយ គម្រោង​នេះជាគម្រោងមួយក្នុងចំណោមការវិនិយោគធំជាងគេរបស់អាមេរិក នៅកម្ពុជា នៅក្នុងរយៈពេលជាច្រើនឆ្នាំមក​នេះ ហើយនេះគឺជាអ្វីដែលយើងត្រូវអបអរ និងទទួលស្គាល់។ ម្យ៉ាង ដោយសារការគាំទ្ររបស់សហរដ្ឋអាមេរិក ជលវប្បដ្ឋាន ត្រីទឹកសាប ទឹកប្រៃ និងជម្រកអភិរក្សសត្វ នឹងក្លាយជាគោលដៅទេសចរថ្នាក់ពិភពលោក ។ ហើយយើងមានអ្នកឯកទេសរបស់ក្រុមហ៊ុន ICM ដែលជាក្រុមហ៊ុនឯកទេសនាំមុខគេផ្នែកជលវប្បកម្ម ដែលយើងត្រូវអរគុណ ចំពោះរឿង​នេះ ។

ទីពីរ ខ្ញុំដឹងថា គម្រោង Angkor Wildlife &Aquarium គឺជាវិធីដ៏ប្រពៃមួយសម្រាប់ឲ្យក្រុមគ្រួសារ​ ចំណាយពេលវេលាជាមួយគ្នា នៅទឹកដីសៀមរាប ។ ថ្វីបើមនុស្សពេញវ័យ ហាក់គ្មានការនឿយណាយនឹងទស្សនានូវភាពអស្ចារ្យ​នៃតំបន់ប្រាសាទអង្គរក្តី តែពេលខ្លះ កូនៗ​របស់យើងមានភាពធុញទ្រាន់ ។ ជលវប្បដ្ឋាន​នេះ នឹងបន្ថែមនូវបទពិសោធន៍សម្រាប់គ្រួសារ​ ចូលទៅក្នុងបញ្ជី​នៃគោលដៅដែល «ត្រូវទៅមើល» នៅខេត្តសៀមរាប ហើយវាជាកន្លែងមួយដែលខ្ញុំរីករាយនឹងនាំកូនប្រុស ២ នាក់របស់ខ្ញុំ ទៅមើលផងដែរ។ ជារួម វានឹងលើកទឹកចិត្តឲ្យអ្នកទេសចរស្នាក់នៅរយៈពេលយូរ ហើយបង្កើនចំណូលទេសចរណ៍។

ចំណុចចុងក្រោយ ក្នុងនាមជាអ្នកការទូតអាមេរិកម្នាក់ ខ្ញុំមានក្តីរំភើប ពីព្រោះនៅពេលខ្ញុំនិយាយពីការវិនិយោគរបស់ប្រទេសអាមេរិក ខ្ញុំមិនមែនសំដៅតែទៅលើលុយតែមួយមុខនោះទេ។ លើសពីលុយទៅទៀត​នោះ គម្រោង​នេះ តំណាងអោយការវិនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសកម្ពុជាមួយ ដែលមានសុខុមាលភាព វិបុលភាព ប្រជាធិបតេយ្យ និងសន្តិសុខ ។

ក្រុមហ៊ុនអាមេរិកឲ្យតម្លៃលើគុណភាព និងតម្លាភាព។ ក្នុងករណី​នេះ តម្លាភាព​សំដៅលើន័យត្រង់តែម្តង ។ តម្លាភាពបង្កើតទំនុកចិត្ត  ហើយទំនុកចិត្តបង្កើតបានវេទិកាមួយ​សម្រាប់យើងផ្លាស់ប្តូរយោបល់ និងចែករំលែកចំណេះដឹង។ ការវិនិយោគ​នេះថែមទាំងជាគំរូដ៏​ប្រពៃមួយ ថា កាលណាច្បាប់ទម្លាប់ មានភាពច្បាស់លាស់ ហើយដំណើរការលទ្ធកម្មមានភាពបើកចំហ ប្រទេសកម្ពុជាមិនចាំបាច់ធ្វើការជ្រើសរើសដៃគូមួយណាៗ​នោះទេ តែ​តាមពិតទៅ អាចទទួលបានប្រយោជន៍ពីទំនាក់ទំនងជាមួយដៃគូច្រើន ដើម្បីទទួលបានលទ្ធផលល្អបំផុត​សម្រាប់ប្រទេស និងប្រជាជនកម្ពុជា។ ក្នុងករណី​នេះ ប្រទេសកម្ពុជាទទួលបានតម្លៃបន្ថែមលើគោលដៅទេសចរណ៍​ដ៏ប្រពៃដែលមានស្រាប់។

យើងនៅក្នុងសហរដ្ឋអាមេរិក ឲ្យតម្លៃផងដែរ​នូវការអភិរក្ស បរិស្ថាន និងការអប់រំ។ អ្វីដែលយុវជនកម្ពុជាបានប្រាប់យើង ក៏មានសារៈសំខាន់បំផុតសម្រាប់ពួកគេផងដែរ។ ការអភិវឌ្ឍ​នេះមានភាពស្របឥតខ្ចោះជាមួយនឹងផលប្រយោជន៍​ទាំង​នោះ ហើយវាពិតជាទាក់ទាញឲ្យប្រជាជនកម្ពុជាចង់រៀនថែមទៀត អំពីប្រព័ន្ធ​បរិស្ថានអេកូឡូស៊ីដ៏សម្បូរបែប​នៃមាតុភូមិរបស់គេ។ តាមពិតទៅ ខ្ញុំគិតមិនឃើញពីវិធីប្រសើរណាមួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជាងការអភិរក្សជីវចម្រុះដ៏សម្បូរបែបនៃតំបន់ទន្លេមេគង្គ​ ដែលជាសួនសត្វព្រៃ និងជលវប្បដ្ឋានដ៏​ល្អបំផុត​នោះទេ។

ខ្ញុំសូមអរគុណលោក លោកស្រីទាំងអស់សាជាថ្មីម្តងទៀត ដែលបានអញ្ជើញមក នៅកម្មវិធីនារាត្រី​នេះ។ ខ្ញុំមានការសប្បាយចិត្ត ដែលស្ថានទូតអាមេរិក អាចជួយផ្សព្វផ្សាយគម្រោងដ៏​អស្ចារ្យ​នេះ ហើយខ្ញុំរង់ចាំមើលនូវគម្រោងមួយនេះសម្រេច។