សុន្ទរកថារបស់លោកភារធារី Michael Newbill នៅក្នុង “សន្និសីទតំបន់ស្តីពីយុទ្ធសាស្រ្តនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”

Chargé D'Affaires Michael Newbill delivered his remarks at the "Regional Conference Whither “The Indo-Pacific Strategy?” of CICP on September 20, 2018.

សណ្ឋាគារ Raffles Hotel ភ្នំពេញ
ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៨
(ត្រូវបានរៀបចំសម្រាប់ថ្លែង)

សូមជម្រាបសួរ លោក លោកស្រីទាំងអស់!

ជាបឋម ខ្ញុំសូមស្វាគមន៍​អ្នកចូលរួមទាំងអស់ ដែលបានមកពីប្រទេសផ្សេងទៀត ដើម្បីចូលរួម​ក្នុងសន្និសីទ​នេះ។

ពិតណាស់ ខ្ញុំចង់អរគុណលោកឯកអគ្គរដ្ឋទូត ពូ សុធីរៈ ដែលបានដឹកនាំ និងមានចក្ខុវិស័យនៅក្នុងការរៀបចំសន្និសីទ​នេះ។ វាជាប្រធានបទត្រូវតាមពេលវេលាណាស់ ហើយយើងសូមអរគុណចំពោះវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព (CICP) ដែលបានរៀបចំវេទិកានេះឡើង។ ខ្ញុំសូមអរគុណផងដែរចំពោះវិទ្យាស្ថានស្រាវជ្រាវភស្តុភារអន្តរជាតិ​នៅអាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា នៅ Kunming នៃប្រទេសចិន និងមូលនិធិ Konrad-Adenauer-Stiftung (KAS) នៅកម្ពុជា ដែលធ្វើការឧបត្ថម្ភដល់វេទិកានេះ។

សន្និសីទ​នេះត្រូវបានធ្វើឡើងត្រូវកន្លែង និងត្រូវពេលវេលា។ ប្រទេសកម្ពុជាមិនមែនគ្រាន់តែស្ថិតនៅកណ្តាល​នៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកតែប៉ុណ្ណោះទេ តែថែមទាំងនៅកណ្តាល​នៃអាស៊ានផងដែរ។ ដូចដែលទស្សនកិច្ចរបស់លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Pompeo មកកាន់តំបន់​នេះ កាលពីខែមុនបានបង្ហាញស្រាប់ សហរដ្ឋអាមេរិកចាត់ទុកការចូលរួមរបស់អាស៊ានថា មានសារៈសំខាន់បំផុត នៅក្នុងតំបន់។

យើងបានឃើញអត្ថបទជាច្រើនដែលធ្វើការចោទសួរមកលើទិស​នៃនយោបាយការបរទេសរបស់ប្រទេសកម្ពុជា ក្នុងពេលថ្មីៗ​នេះ។ ការពិភាក្សាគ្នាលើបញ្ហា​ទាំង​នះមានសារៈសំខាន់។ នេះគឺជាតួនាទីដ៏ល្អសម្រាប់វិទ្យាស្ថាន CICP នៅក្នុងការនាំវាគ្មិន និងអ្នកចូលរួមមកជួបគ្នា ហើយស្ថានទូតអាមេរិកមានសេចក្តីរីករាយក្នុងការជួយគាំទ្រដល់ការផ្លាស់ប្តូរទស្សនៈគ្នាដ៏ផុលផុស លើបញ្ហាដ៏មានសារៈសំខាន់ទាំងនេះ។

ជាផ្នែកមួយ​នៃការគាំទ្ររបស់ស្ថានទូតយើង ចំពោះសន្និសីទ​នេះ យើងបានអញ្ជើញវាគ្មិនអាមេរិកដ៏ល្បី ហើយទទួលបានការគោរពចំនួន ២ រូបមកចូលរួម។

វាគ្មិនទី១ គឺ Brad Glosserman ដែលជានាយករង​នៃមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្រ្តបង្កើតច្បាប់ នៅសាកលវិទ្យាល័យ Tama University ក្នុងទីក្រុង Tokyo នៃប្រទេសជប៉ុន។ បន្តិចទៀត​នេះ លោក Brad នឹងនិយាយអំពីមហានិន្នាការផ្នែកសន្តិសុខ​នៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ដូចលោកអ្នកប្រហែលបានជ្រាប​ហើយ ក្នុងពេលថ្មីៗ​នេះ យោធារបស់យើងបានប្តូរឈ្មោះបញ្ជាការដ្ឋានរបស់យើងនៅតំបន់ប៉ាស៊ីហ្វិក មកជា “បញ្ជាការដ្ឋាន​ប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក”​វិញ ដើម្បីបង្ហាញពីចក្ខុវិស័យ​របស់រដ្ឋបាល​លោក Trump សម្រាប់តំបន់​នេះ។ ដូច្នេះ ការផ្លាស់ប្តូរផ្នែកភូមិសាស្រ្តទៅតាមអ្វីដែលសហរដ្ឋអាមេរិក និងប្រទេសដទៃជាច្រើនទៀតមើលមកតំបន់​នេះ គឺជាមហានិន្នាការសន្តិសុខ។

Charles Edel ដែលបានមកប្រទេសកម្ពុជា​នៅខែឧសភា ហើយបានជួបជាមួយអស់លោកអ្នកជាច្រើន នឹងនិយាយអំពីការដែលសហរដ្ឋអាមេរិកប្រមើលមើលមកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលមានភាព “បើកចំហ និងសេរី”។ បណ្ឌិត Edel គឺជាសមាជិកជាន់ខ្ពស់ និងជាអ្នកជំនាញ ដែលធ្វើការនៅមជ្ឈមណ្ឌលសិក្សាពីសហរដ្ឋអាមេរិក នៅទីក្រុង Sydney នៃប្រទេសអូស្រា្តលី ។ កន្លងមក បណ្ឌិត Edel បានបំរើការក្នុងក្រុមបុគ្គលិក​ធ្វើផែនការគោលនយោបាយរបស់រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ ដូច្នេះគាត់ដឹងពីការងាររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក និងពីការធ្វើគោលនយោបាយ។

ឥឡូវខ្ញុំដឹងថា អស់លោក លោកស្រីជាច្រើនឮ អំពីការទាក់ទងគ្នានៃ “តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាព​បើកចំហ និងមានភាពសេរី” ទៅនឹងការប្រកួតប្រជែងគ្នា ក្នុងចំណោមមហាអំណាចធំៗ។ តែ ដោយសារយើងតំណាង​អោយមហាអំណាចមួយ ខ្ញុំគិតថា គួរស្តាប់ពីអ្នកដទៃវិញស្តីពីប្រធានបទ​នេះ។

យើងគិតថា មហាអំណាចដទៃមួយទទៀតគឺ ប្រទេសចិន។ ដូចលោកអ្នកជ្រាបស្រាប់ហើយ សហរដ្ឋអាមេរិកមានទំនាក់ទំនងទូលំទូលាយជាមួយប្រទេសចិន លើបញ្ហានានាជាច្រើន។ ចក្ខុវិស័យ​របស់យើងចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកគ្មានផាត់ប្រទេសណាចោលទេ។ យើងស្វាគមន៍​ការរួមចំណែករបស់ប្រទេសចិន​ ចំពោះការអភិវឌ្ឍន៍​តំបន់ ដូច្នេះ ដរាបណាគេប្រកាន់តាមបទដ្ឋានខ្ពស់ ដោយរួមទាំងផ្នែកតម្លាភាព នីតិរដ្ឋ និងហិរញ្ញប្បទានប្រកបដោយនិរន្ត​ភាព។ ខ្ញុំដឹងថា វាគ្មិននឹង​និយាយអំពីរឿងដ៏សំខាន់​នេះ នៅក្នុងរយៈពេល ២ ថ្ងៃ​នេះ។

ខ្ញុំបាននិយាយពាក្យថា “តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលមានភាពសេរី និងបើកចំហ” ប៉ុន្មានដងមកហើយ តែសម្រាប់លោកអ្នកដែលមិនទាន់ស្គាល់ពាក្យ​របស់យើងនេះ ខ្ញុំចង់និយាយបន្តិចអំពីចំណុចជាក់លាក់មួយ​នៃភាសា​នេះ ហើយវាមានន័យយ៉ាងដូចម្តេចសម្រាប់គោលនយោបាយការបរទេសរបស់យើង។

នៅពេលយើងនិយាយថា តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយដែល “មានភាពសេរី” វាមានន័យថា យើងចង់អោយប្រទេសទាំងអស់អាចការពារអធិបតេយ្យ​ភាព​របស់គេ ពីការបង្ខិតបង្ខំ​របស់ប្រទេសដទៃ។ ពាក្យថា “បើកចំហ” យើងចង់សំដៅលើផ្លូវនាវាចរណ៍ ការដឹកជញ្ជូន និងការធ្វើការទាក់ទងគ្នា ​ដោយគ្មានការរារាំង ដែលពិតជាអាយុជីវិត​នៃតំបន់នេះ ហើយមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់កំណើននៃវិបុលភាព​នៅក្នុងពិភពលោក។

“ភាពសេរី និងភាពបើកចំហ” នេះក៏ទាក់ទងផងដែរ ទៅនឹងអភិបាលកិច្ច និងសេរីភាពនៅក្នុងប្រទេសមួយ។ វាមានន័យថា អាចរក្សាគោលនយោបាយការបរទេសឯករាជ្យ ដែលបំរើផលប្រយោជន៍​របស់ប្រជាជនទាំងអស់​នៅក្នុងប្រទេសមួយ មិនមែនមនុស្សមួយក្តាប់តូចទេ។ ដើម្បីអោយមានដូច្នេះទៅបាន ប្រជាជនត្រូវមានសំលេងនៅក្នុងការកំណត់ទិសដែលប្រទេសរបស់គេដើរ និងនៅក្នុងការសំរេចចិត្ត​របស់មេដឹកនាំ។ ការសំរេចចិត្តទាំងនោះត្រូវតែមានតម្លាភាព ដើម្បីអោយប្រជាជនអាចយល់បានថាតើវាពិតជាបំរើផលប្រយោជន៍​របស់ប្រទេសដែរឬទេ។

គួរអោយស្តាយ ក្នុងពេលថ្មីៗ​នេះ មានករណីជាឧទាហរណ៍​មួយចំនួន ដោយមេដឹកនាំធ្វើការសំរេចចិត្តដោយលាក់បាំង ហើយការសំរេចចិត្តទាំងនោះមិនល្អសម្រាប់ប្រជាជន។ យើងឃើញថា ប្រទេសមួយចំនួនបានខ្ចីបុល​គេយ៉ាងច្រើន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសាងសង់ រហូតដល់គ្មានប្រាក់សងបំណុល។ គេត្រូវបង្ខំចិត្តធ្វើការចរចាឡើងវិញ​លើលក្ខខ័ណ្ឌដែលមិនអនុគ្រោះ ដែលរារាំងដល់ការអភិវឌ្ឍន៍​របស់គេនៅពេលអនាគត ហើយបំផ្លាញ​អធិបតេយ្យភាព​របស់គេ។

យើងបានឃើញប្រទេសមួយចំនួនយល់ព្រមផ្តល់កន្លែងសម្រាប់ពាណិជ្ជកម្ម តែនៅទីបំផុត កន្លែងទាំងនោះ​បានប្រែក្លាយជាមូលដ្ឋានយោធាទៅវិញ ដោយគ្មានការពិភាក្សាដេញដោល ឬការយល់ព្រមជាសាធារណៈឡើយ។ ការ​នេះមានកើតឡើងក្នុងកម្រិតខុសៗគ្នា នៅប្រទេសស្រីលង្កា ម៉ាល់ឌីវ និងប្រទេស Djibouti ។

ហេតុដូច្នេះហើយបានជា វាមានសារៈសំខាន់ដែលប្រជាជនត្រូវមានសិទ្ធិ និងលទ្ធភាពអាចពិនិត្យ​មើលកិច្ចព្រមព្រៀងទាំងនេះ ដើម្បីធ្វើយ៉ាងណាអោយអត្ថប្រយោជន៍​បានទៅទាំងអស់គ្នា មិនមែនបានតែមនុស្សមួយចំនួនតូច​នោះទេ។ វិនិយោគរបស់ចិនអាចផ្តល់ប្រយោជន៍ តែកិច្ចព្រមព្រៀងទាំងនេះត្រូវការការពិនិត្យហ្មត់ចត់ និងការគ្រប់គ្រងដិតដល់ ដើម្បីអោយបានជាប្រយោជន៍​ដល់ប្រទេស មិនមែនបានដល់តែអ្នកចុះកិច្ចព្រមព្រៀងទេ។ តម្លាភាពមានសារៈសំខាន់ណាស់សម្រាប់ការពារអធិបតេយ្យ​ភាព។

ប្រទេសជាច្រើនបានធ្វើការតស៊ូយ៉ាងយូរនិងខ្លាំងក្លា ដើម្បីរក្សាសេរីភាព និងឯករាជ្យ​របស់គេ ហើយមិនអោយអធិបតេយ្យ​ភាពរបស់គេដែលបានមកដោយលំបាក បាត់បង់ទៅអោយអ្នកដែលដេញថ្លៃអោយថ្លៃខ្ពស់ជាងគេ​នោះទេ។ នៅសហរដ្ឋអាមេរិកក៏​ដូចជានៅទីនេះដែរ។ យើងនឹងបន្តធ្វើជាមិត្ត និងជាដៃគូរបស់ប្រជាជនកម្ពុជា នៅក្នុង​ការរក្សាសេរីភាព និងឯករាជ្យរបស់គេ។

តែមេដឹកនាំកម្ពុជាក៏ត្រូវស្តែងអោយឃើញផងដែរ​នូវការប្តេជ្ញាចិត្តចំពោះគោលការណ៍​ទាំង​នេះផងដែរ ដោយរួមទាំងអនុញ្ញាតអោយប្រជាជនកម្ពុជាមានសម្លេងនៅក្នុងអនាគត​នៃប្រទេសរបស់គេ។ មេដឹកនាំកម្ពុជាត្រូវតែមើលឃើញនូវហានិភ័យ​នៃការពឹងផ្អែកតែទៅលើដៃគូមួយ ហើយមើលឃើញថា តើប្រជាជនកម្ពុជាទទួលយកការផ្លាស់ប្តូរដ៏ធំ​នេះ នៅក្នុងទិសដែលប្រទេសរបស់គេដើរដែរឬទេ។

ប្រទេសកម្ពុជាគួរមានការពិភាក្សាជាសាធារណៈ​ដោយចំហ និងដោយសេរី លើការផ្លាស់ប្តូរជាយុទ្ធសាស្រ្ត ផ្នែកនយោបាយ និងផ្នែកសេដ្ឋកិច្ចធំៗ ដែលកំពុងកើតមានឡើងយ៉ាងលឿន​នៅក្នុងប្រទេស ដោយគ្មានការដាក់កំហិត។ និស្សិត អ្នកសារព័ត៌មាន បញ្ញវ័ន្ត និងអ្នកដឹកនាំនយោបាយគ្រប់ស្រទាប់ត្រូវតែមានចំណែកនៅក្នុងការពិភាក្សាដេញដោលគ្នា​នេះ ដើម្បីអោយប្រជាជនកម្ពុជាបានទទួលអត្ថប្រយោជន៍ មិនមែនមនុស្សមួយចំនួនតូច​នោះទេ។

ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណវិទ្យាស្ថាន CICP ដែលបានធ្វើអោយមានសន្និសីទ​នេះឡើង ហើយខ្ញុំសូមអរគុណលោក លោកស្រីទាំងអស់ ដែលបានខិតខំធ្វើអោយសន្និសីទ​នេះមានជោគជ័យ។ យើងសង្ឃឹមថា នឹងមានការផ្លាស់ប្តូរយោបល់គ្នាយ៉ាងផលផុស និងការពិភាក្សាដោយបើកចំហ។ សូមអរគុណម្តងទៀតដែលបានផ្តល់ឱកាស​អោយខ្ញុំមានវត្តមាននៅទីនេះ៕