សុន្ទរកថារបស់លោកភារធារី Michael Newbill នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ ISO 15189 ដល់ផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ

វិទ្យាស្ថានជាតិសុខភាពសាធារណៈ
ថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០១៩
(រៀបចំសម្រាប់ថ្លែង)

សូមគោរព ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តម វេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម សាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្ត​សុខាភិបាល  សាស្រ្តាចារ្យ អ៊ុង សំអាន ទីប្រឹក្សាក្រសួងសុខាភិបាល  ឯកឧត្តម វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកសុខាភិបាល សាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ លោកស្រី វេជ្ជបណ្ឌិត Rachel Albalak ប្រធានទីមជ្ឈមណ្ឌលបង្ការជំងឺ របស់សហរដ្ឋអាមេរិក​ US-CDC ប្រចាំ​កម្ពុជា ភ្ញៀវកិត្តិយស អស់លោក លោកស្រី ជាទីរាប់អាន ។

ខ្ញុំមានសេចក្តីរីករាយដោយមានវត្តមាន​នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់គុណភាព ISO 15189 ​ Plus ដល់ផ្នែកពិគ្រោះជំងឺក្រៅ នៃមន្ទីរពិសោធន៍ របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ។

ប្រទេសកម្ពុជាបានដើរឈានមុខគេ នៅក្នុងផ្នែកសំខាន់ៗជាច្រើន លើផ្នែកសុខភាពសាធារណៈ។ ឧទាហរណ៍នៅខែកក្កដា ឆ្នាំ ២០១៧ ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេសមួយ​ក្នុងចំណោមប្រទេសចំនួនតែ ៧ ប៉ុណ្ណោះ ដែលបានសម្រេចគោលដៅសាកល ៩០­ ៩០ ៩០ ចំពោះជោគជ័យក្នុងការប្រឆាំងនឹងការរាលដាល​នៃជម្ងឺ​អេដស៍​ ។ មានអ្នកផ្ទុកមេរោគអេដស៍​ចំនួន ៩០% នៅក្នុងប្រទេសដឹងថា គេមានមេរោគ​នេះ ៩០% នៃពួកគេធ្វើការព្យាបាលរោគ​នេះ ហើយ ៩០% នៃប្រជាជនដែលព្យាបាលរោគ​នេះ​ អាចទប់មិនឲ្យមេរោគ​នេះឡើងខ្លាំងបាន។

សព្វថ្ងៃ​នេះ យើងដឹងថា ប្រទេសកម្ពុជា និងក្រសួងសុខាភិបាលកម្ពុជាសម្រេចបានជោគជ័យគួរឲ្យកត់សម្គាល់មួយទៀត។​ មន្ទីរពិសោធន៍​របស់វិទ្យាសា្ថនជាតិសុខភាពសាធារណៈគឺជាមន្ទីរពិសោធន៍សាធារណៈដំបូងគេ នៅកម្ពុជា ដែលត្រូវបានបញ្ជាក់គុណភាព​ដោយវិទ្យាស្ថានគ្រប់គ្រងគុណភាពផ្នែកថែទាំសុខភាព សម្រាប់ការទទួលបានវិញ្ញាបនប័ត្រ ISO 15189 Plus ។​ នៅក្នុងពិភពលោក មានមន្ទីរពិសោធន៍មិនច្រើនទេដែលមានកម្រិតស្តង់ដាខ្ពស់បែប​នេះ។ សូមអបអរសាទរ!

សេវាមន្ទីរពិសោធន៍មានសារៈសំខាន់ណាស់ ទាំងសម្រាប់សុខភាពសាធារណៈ ទាំងសម្រាប់ពេទ្យ។ មន្ទីរពិសោធន៍ផ្នែកសុខភាពជួយដល់ការថែទាំអ្នកជម្ងឺម្នាក់ៗ ព្រមទាំងជួយការពារ និងតាមដានការផ្ទុះជម្ងឺ។

សមិទ្ធិផលថ្ងៃ​នេះ គឺជាផ្នែកមួយ​នៃគោលដៅរបស់ក្រសួងសុខាភិបាល នៅក្នុងការលើកកម្ពស់គុណភាព​នៃសេវាមន្ទីរពិសោធន៍ឯកជន និងសាធារណៈទូទាំងប្រទេស ដើម្បីធានាលទ្ធផលត្រឹមត្រូវ និងទាន់ពេលវេលា សម្រាប់ថែទាំអ្នកជម្ងឺ និងការឆ្លើយតបនឹងការផ្ទុះឡើង​នៃជម្ងឺ។ វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងការិយាល័យមន្ទីរពិសោធន៍សុខភាព បានដើរតួនាទីធំនៅក្នុងការជួយក្រសួងសុខាភិបាល ឲ្យសម្រេចគោលដៅ​នេះ។ ក្រៅពីការសម្រេចបាន​នូវវិញ្ញាបនប័ត្រ ISO 15189 Plus នៅមន្ទីរពិសោធន៍ផ្នែកជម្ងឺក្រៅនៅនាយកដ្ឋានរបស់ខ្លួន មន្ទីរពិសោធន៍នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈកំពុងធ្វើការដើម្បីលើកកម្ពស់បទដ្ឋាន នៅតាមមន្ទីរពិសោធន៍ នៅទូទាំងប្រទេស។ គេកំពុងផ្តល់ការបណ្តុះបណ្តាល​លើការងារមន្ទីរពិសោធន៍ និងការគ្រប់គ្រងគុណភាព​នៃមន្ទីរពិសោធន៍ ដល់មន្ទីរពិសោធន៍ចំនួន ២៣ នៅពេលបច្ចុប្បន្ន ដោយមានច្រើនទៀត​នឹងត្រូវបានបញ្ចូល នៅក្នុងពេលអនាគត។

ខ្ញុំសូមអរគុណឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង និងបុគ្គលិក​នៃក្រសួងសុខាភិបាល ដែលបានដឹកនាំ និងគាំទ្រ​នាំដល់ជោគជ័យដ៏សំខាន់នេះ។ ខ្ញុំសូមអរគុណផងដែរ ដល់សហការីរបស់ខ្ញុំ​នៅមជ្ឈមណ្ឌលបង្ការ ជំងឺ (CDC) និងកម្មវិធី PEPFAR ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកាដល់គម្រោង​នេះ។

ផ្នែកសុខភាពគឺជា ការវិនិយោគផ្នែកអភិវឌ្ឍន៍​ដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិក នៅប្រទេសកម្ពុជា ហើយវាជាផ្នែកសំខាន់ជាងគេ​នៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ។ មន្ទីរពិសោធន៍​របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ទទួលបានការបញ្ជាក់គុណភាព ISO ជាផ្នែកមួយ​នៃកិច្ចសហប្រតិបត្តិការរួម រវាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រសួងសុខាភិបាលកម្ពុជា។ វារួមមានជំនួយ​ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ ព្រមទាំងជំនួយបច្ចេកទេស ដូចជានៅក្នុងវិស័យប្រព័ន្ធព័ត៌មានផ្នែកសុខភាព និងការឆ្លើយតបនឹង​ការផ្ទុះឡើង​នៃជំងឺ ។

ខ្ញុំរីករាយនឹងឮពីដំណឹងល្អៗចេញមកពីសមិទ្ធិផលថ្មី​នេះ។ សំខាន់បំផុត​នោះគឺ ខ្ញុំសង្ឃឹមថា វានឹងជួយ​ប្រទេសកម្ពុជា​ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ដោយវាធ្វើឲ្យអ្នកធ្វើការ​ក្នុងមន្ទីរពេទ្យអាចផ្អែកការព្យាបាល​របស់គេ​លើការកំណត់រោគវិនិច្ឆ័យ​ត្រឹមត្រូវ និងទាន់ពេលវេលា។

សូមអរគុណម្តងទៀតដែលបានអញ្ជើញខ្ញុំមកចូលរួម​ក្នុងពិធី​នេះ។​ សហរដ្ឋអាមេរិកមានមោទកភាព ​ក្នុងការធ្វើការសហការជាមួយប្រទេសកម្ពុជា ដើម្បីលើកកម្ពស់សុខភាព​របស់ប្រជាពលរដ្ឋ កម្ពុជាទាំងអស់ ។

សូមអរគុណច្រើន ៕