សុន្ទរកថារបស់លោកភារធារី Michael Newbill នៅក្នុងវេទិកាថ្នាក់តំបន់ អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ស្តីពីការអប់រំនៅសហរដ្ឋអាមេរិក

សណ្ឋាគារសុខា ភ្នំពេញ
ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩
(រៀបចំសម្រាប់ថ្លែង)

តាងនាមឲ្យស្ថានទូតអាមេរិក នៅកម្ពុជា ខ្ញុំសូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះតំណាងសាកលវិទ្យាល័យ និងមហាវិទ្យាល័យ ទីប្រឹក្សាផ្នែកអប់រំ​នៅសហរដ្ឋអាមេរិក  សហការី និងមិត្តភក្តិ ដែលមានវត្តមាននៅក្នុងវេទិកាស្តីពីការអប់រំ​របស់សហរដ្ឋអាមេរិក នៅរដ្ឋធានីភ្នំពេញ។

សូមស្វាគមន៍​មកកាន់ព្រះរាជាណាចក្រអច្ឆរិយៈ!

ស្ថានទូតអាមេរិក​នៅភ្នំពេញ មានមោទកភាព​ក្នុងការរៀបចំវេទិកាថ្នាក់តំបន់  ស្តីពីការអប់រំនៅសហរដ្ឋអាមេរិក​ សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជាលើកដំបូង។ វេទិកានេះគឺជាផ្នែកសំខាន់មួយ​នៃការខិតខំ​របស់យើង​ ក្នុងការបង្កើនចំនួនសិស្ស និស្សិតដែលសិក្សានៅក្នុងសហរដ្ឋអាមេរិក។ ស្ថាប័នអប់រំថ្នាក់ឧត្តម​នៅសហរដ្ឋអាមេរិកមានកេរ្តិ៍ឈ្មោះល្បីដាច់គេ ចំពោះគុណភាពអប់រំ ការវិភាគលម្អិត វិទ្យាសាស្រ្ត និងការបញ្ចូលគំនិតច្នៃប្រឌិតថ្មី ការរៀបចំ​ផ្នែកភាសាអង់គ្លេសសម្រាប់អាជីព និងការរកនិងការផ្តល់ការងារ។

ឧត្តម​សិក្សា​នៅសហរដ្ឋអាមេរិកផ្តល់បទពិសោធន៍​ខុសពីកន្លែងដទៃ។ ពួកគេផ្តល់បរិយាកាសសម្រាប់ឲ្យសិស្សធ្វើការវិភាគលម្អិត ហ៊ានប្រឈមបញ្ហាពិបាកៗ ហើយស្វែងយល់លក្ខណៈថ្មីៗ​ ទាក់ទងនិងប្រាជ្ញា ការសិក្សា និងចំណូលចិត្តផ្ទាល់ខ្លួន។ នៅតាមមហាវិទ្យាល័យ​ក្នុងសហរដ្ឋអាមេរិក គំនិតថ្មីៗ ការបញ្ចូលគំនិតច្នៃប្រឌិតថ្មី និងការស្វែងយល់ត្រូវបានជំរុញលើកទឹកចិត្ត។ វាមានហេតុផលថា ហេតុអ្វីក៏ការអភិវឌ្ឍន៍​ដ៏ខ្លាំងបំផុត​ ផ្នែកបច្ចេកវិទ្យា សង្គម និងវប្បធម៌​នៅសហរដ្ឋអាមេរិក មានឡើងនៅតាមមហាវិទ្យាល័យ​ក្នុងសហរដ្ឋអាមេរិក (ដូចជាក្រុមហ៊ុន Dell, Facebook, Dropbox, Snapchat, WordPress)។

ប្រទេសកម្ពុជាមានយុវជនច្រើន។ ប្រជាជនចំនួន ៧០% ស្ថិតនៅក្នុងអាយុក្រោម ៣៥ ឆ្នាំ​។ ដូចនៅក្នុងគ្រប់កន្លែងក្នុងពិភពលោកដែរ យុវជននៅទីនេះមានការទាក់ជាមួយគ្នា និងជាមួយពិភពលោក។ តាមរយៈភាពយន្ត សៀវភៅ កម្មវិធី​របស់ស្ថានទូត

បណ្ណាល័យ​របស់ស្ថានទូត មជ្ឈមណ្ឌល និងទីប្រឹក្សារបស់មជ្ឈ​មណ្ឌលស្តីពីការសិក្សា​នៅសហរដ្ឋអាមេរិក (EducationUSA)  គេមានការយល់ដឹងកាន់តែច្រើនឡើង ស្តីពីសហរដ្ឋអាមេរិក វប្បធម៌​និងគុណតម្លៃ​របស់យើង។

ប្រទេសកម្ពុជា និងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកស្ថិតនៅក្នុងស្ថាន​ភាពល្អពិសេស សម្រាប់ជំរុញការសិក្សា​នៅក្នុងសហរដ្ឋអាមេរិក។ និស្សិតមកពីតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមានចំនួនជិត ៥០% នៃចំនួននិស្សិតអន្តរជាតិចំនួនជាង ១ លាននាក់ ដែលកំពុងសិក្សានៅក្នុងសហរដ្ឋអាមេរិក។ ប្រទេសចំនួន ៧ ក្នុងចំណោម​ប្រទេសចំនួន ២៥ ដែលបញ្ជូននិស្សិតទៅរៀន​ច្រើនជាងគេ ស្ថិតនៅក្នុងតំបន់​នេះ ហើយប្រទេសទាំងនេះក៏​ជាគោលដៅធំជាងគេដែរ សម្រាប់និស្សិតអាមេរិក។

សម្រាប់កម្ពុជា គ្រាន់តែនៅឆ្នាំទៅនេះ មានកំណើនចំនួន ២៨,៧% ក្នុងចំនួនសិស្ស និស្សិតដែលសិក្សា​នៅ​ក្នុងសហរដ្ឋអាមេរិក។ ដោយសារក្រសួងអប់រំធ្វើការកែទម្រង់ និសិ្សតកម្ពុជាកាន់តែមានសមត្ថភាពប្រកួតប្រជែង មានការរៀបចំល្អ សម្រាប់ការសិក្សាដ៏លំបាក ថ្នាក់ឧត្តមសិក្សា​ក្នុងសហរដ្ឋអាមេរិក។ ដូច្នេះ កម្ពុជាគឺជាទីផ្សារមានកំណើន​សម្រាប់ស្វែងរកសិស្ស និស្សិត​ទៅសិក្សា​ក្នុងសហរដ្ឋអាមេរិក។ ក្នុងពេលមួយដែលនិស្សិតមានជម្រើសច្រើន​ក្នុងការសិក្សានៅបរទេស នៅក្នុងតំបន់នេះ កំណើនចំនួន ២៨,៧% នៃចំនួននិស្សិតសិក្សានៅអាមេរិក ​បង្ហាញ​ឲ្យឃើញពីតម្លៃ​នៃការអប់រំ​របស់អាមេរិក។

យើងមានសំណាង​ដោយមានកម្មវិធីស្តីពីគម្រោងផ្តួចផ្តើមនៃអ្នកដឹកនាំយុវជន​នៅអាស៊ីអាគ្នេយ៍ (YSEALI) នៅក្នុងតំបន់​ ដែលជួយបង្ហាញដល់និស្សិត នូវស្ថាប័នឧត្តមសិក្សានៅក្នុងសហរដ្ឋអាមេរិក និងអ្វីដែលគេសម្រេចបាន ទាក់ទងនឹងការសិក្សា ផ្នែកសង្គម វប្បធម៌ និងអាជីព បើគេសិក្សា​នៅសហរដ្ឋអាមេរិក។

តាមរយៈកម្មវិធីអាហារូបករណ៍ Fulbright និស្សិតរបស់យើងអាចទទួលបានសញ្ញាប័ត្រក្រោយបរិញ្ញា នៅទូទាំងសហរដ្ឋអាមេរិក ហើយត្រឡប់មកកម្ពុជាវិញ ដើម្បីពង្រឹងស្ថាប័ន ហើយធ្វើឲ្យសហគមន៍​របស់គេមានភាពប្រសើរឡើង។ អតីតនិស្សិតអាហារូបករណ៍ Fulbright ដូចជា ជា កញ្ញារិទ្ធ ស្រ៊ុន សុវណ្ណ ផេង មាសសក្តិ ដែលបានសិក្សា​នៅក្នុងសាកលវិទ្យាល័យ Arizona State, Colorado State និងសាកលវិទ្យាល័យ Brandeis ។ ពួកគេបានបង្កើតក្រុមហ៊ុនមួយ ឈ្មោះ Edemy ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទាក់ទងនឹងការអប់រំ មានបេសកកម្មធ្វើឲ្យ​មាន​លទ្ធភាពស្មើគ្នា​ ក្នុងការទទួលបានការអប់រំ ហើយផ្តល់បទពិសោធន៍ចម្រុះទាក់ទងនឹងការសិក្សា ដល់សិស្ស និស្សិត គ្រូ និងអ្នកគ្រប់គ្រង។ ពួកគេបានរៀនជំនាញរបស់គេ​នៅក្នុងស្ថាប័នសហរដ្ឋអាមេរិក ហើយបញ្ចូលគ្នា​នូវ​ជំនាញឯកទេសរបស់គេក្នុងការអប់រំ និងដំណោះស្រាយតាមបច្ចេកវិទ្យា ដើម្បីបង្កើត Edemy ឡើង។

យើងមានមោទកភាព​ចំពោះអ្វីដែលអតីតនិស្សិតកម្ពុជា​នៅក្នុងស្ថាប័នឧត្តមសិក្សា​ក្នុងសហរដ្ឋអាមេរិក   សម្រេចបាន នៅកម្ពុជា។ ដោយមានកម្មវិធីសិក្សារាប់ពាន់ ស្ថាប័នថ្នាក់ពិភពលោក និងភាពអាចបទបែនបានដែលគ្មានអ្នកដូច សហរដ្ឋអាមេរិកផ្តល់ឱកាសច្រើនស្តីពីឧត្តមសិក្សា ដែលអ្នកមិនអាចឃើញ​មាន​នៅតំបន់ដទៃទៀត​ ក្នុងពិភពលោក។

សប្តាហ៍​នេះ ត្រូវបានរៀបចំឡើងក្នុងបំណងពង្រឹងទំនាក់ទំនងនិងការសហការគ្នា រវាងមជ្ឈមណ្ឌល EducationUSA និងផ្នែកឧត្តមសិក្សា​ក្នុងសហរដ្ឋអាមេរិក ហើយថែមទាំងជួយដល់ការខិតខំ​របស់មហាវិទ្យាល័យ និងសាកលវិទ្យាល័យ​សហរដ្ឋអាមេរិក នៅក្នុងតំបន់ ហើយជំរុញការប្រាស្រ័យទាក់ទង និងការធ្វើកិច្ចសហប្រតិបត្តិការគ្នា ក្នុងចំណោមទីប្រឹក្សា នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

ឧត្តមសិក្សា​របស់សហរដ្ឋអាមេរិកគឺជានិមិត្តរូប​នៃសេរី​ភាពក្នុងការគិត ការបញ្ចេញមតិ និងការបញ្ចូលគំនិតច្នៃប្រឌិតថ្មី នៅជុំវិញពិភពលោក។ ការទទួលបានសញ្ញាប័ត្រពីសហរដ្ឋអាមេរិកគឺជាការស្រម៉ៃចង់បាន​របស់មនុស្ស​ជាច្រើន និងជាការស្រម៉ៃដែលលោកអ្នកម្នាក់ៗជួយឲ្យនិស្សិតទទួលបាន តាមរយៈការងាររបស់លោកអ្នកជាទីប្រឹក្សា ជាអ្នកជ្រើសរើសនិស្សិត និងជាអ្នកផ្តល់ប្រឹក្សាទាក់ទងនឹងការទទួលឲ្យចូលរៀន។

ខ្ញុំសូមអរគុណលោកអ្នក ចំពោះការចូលរួមនៅក្នុងវេទិកា EducationUSA និងសូមអរគុណ​ដល់ការិយាល័យកិច្ចការវប្បធម៌ និងអប់រំ​របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ព្រមទាំងដៃគូ​របស់យើងនៅវិទ្យាស្ថាន​អប់រំអន្តរជាតិ ដែលបានជ្រើសរើសទីក្រុងភ្នំពេញ សម្រាប់រៀបចំវេទិកាថ្នាក់តំបន់នេះ។

ខ្ញុំសង្ឃឹមថា ទស្សនកិច្ចរបស់លោកអ្នកនៅព្រះរាជាណាចក្រអច្ឆរិយៈគឺជារឿងមិនអាចភ្លេចបាន និងថា លោកអ្នកនឹងចាកចេញទៅវិញ ពោរពេញដោយគំនិតថ្មី និងការទាក់ទងថ្មីៗ ក្នុងពេលដែលលោកអ្នកបន្តការងារ​ដ៏មានសារៈសំខាន់​របស់លោកអ្នក ក្នុងការជំរុញការសិក្សា​នៅក្នុងសហរដ្ឋអាមេរិក។

សូមអរគុណចំពោះអ្វីៗដែលលោកអ្នកធ្វើ ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតអន្តរជាតិម្នាក់ៗ នៅប្រទេសអាមេរិក ទទួលបានបទពិសោធន៍សម្រាប់មួយជីវិតរបស់គេ។ សូមទទួលបាននូវភាពសប្បាយរីករាយ!