ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩
សួស្តី សូមស្វាគមន៍ដែលបានស្វាគមន៍ខ្ញុំនៅ Iowa ។
ភរិយាខ្ញុំ ឈ្មោះ Susan បានកើតនៅទីក្រុង Iowa City។ ម្តាយរបស់គាត់បានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យ Iowa ប្រកបដោយមោទនភាព ដូច្នេះ កូនប្រុសខ្ញុំ ឈ្មោះ Nick និងខ្ញុំបានមើលការប្រកួតកីឡាបាល់ឱប Hawkeye ជាមួយយាយ។
ថ្វីបើ Susan បានធំដឹងក្តីនៅរដ្ឋ Kansas ក្តី តែគាត់បានចំណាយរាល់រដូវក្តីនៅផ្ទះរបស់ជីដូនជីតាគាត់នៅ Coralville កាលរៀននៅមហាវិទ្យាល័យ។ ខ្ញុំសូមអបអរសាទរដល់រដ្ឋរបស់លោកអ្នក ចំពោះភាពអស្ចារ្យរបស់ គាត់។
មានម្នាក់ទៀតនៅជាមួយពួកយើងនេះ ដែលបានកើតនៅទីនេះដែរ…តែបានចំណាយពេលនៅក្នុងរដ្ឋនេះច្រើនជាងគាត់តែបន្តិចប៉ុណ្ណោះ។ ឯកអគ្គរដ្ឋទូត Branstad រីករាយដោយជួបលោក និងសូមអរគុណចំពោះការណែនាំខ្លួន។
នៅមុននេះបន្តិច ខ្ញុំមានកិច្ចប្រជុំដ៏ល្អមួយជាមួយលោកអភិបាល Reynolds ដែលពេលនេះ កំពុងនៅជាមួយយើង។ អរគុណដែលបានអញ្ជើញមក លោកអភិបាល។
សូមអរគុណដល់អង្គការ World Food Prize ដែលបានស្វាគមន៍ខ្ញុំ។ ខ្ញុំដឹងថា លោកឯកអគ្គរដ្ឋទូត Quinn ចង់មកទីនេះដែរ តែគាត់កំពុងតែទទួលរង្វាន់មួយនៅទីក្រុងឡុង ចំពោះការងារប្រឆាំងនឹងអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ ខ្ញុំគិតថា អវត្តមានរបស់លោកមានហេតុផលល្អ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកមានមោទនភាពក្នុងការធ្វើជាដៃគូជាមួយអង្គការមួយ ដែលបានបំពេញការងារយ៉ាងច្រើនក្នុងការធ្វើអោយគេមើលឃើញគុណបំណាច់នៃអ្នកដែលជួយផ្តល់ស្បៀងអាហារចិញ្ចឹមពិភពលោក។ អ្នកធ្វើអោយកេរ្តិ៍ឈ្មោះប្រទេសអាមេរិកភ្លឺ ទាក់ទងនឹងគំនិតច្នៃប្រឌិតបង្កើតថ្មី (Innovation) ហើយនិងទង្វើល្អ។
ខ្ញុំមានសេចក្តីរំភើបរីករាយសូមជំរាបលោកអ្នកថា បន្ទាប់ពីការខកខាន ២ ឆ្នាំមក ពិធីប្រកាសអ្នកឈ្នះរង្វាន់ World Food Prize នឹងត្រឡប់មកក្រសួងការបរទេសវិញ ហើយខ្ញុំនឹងធ្វើជាអធិបតី នៅក្នុងពិធីនេះ។
ខ្ញុំមានសេចក្តីរីករាយដែលបានមកនិយាយនៅថ្ងៃនេះ ពីព្រោះខ្ញុំដឹងដោយផ្ទាល់ថា កសិករអាមេរិកគឺជាឆ្អឹងខ្នងនៃប្រទេសយើង។ រដូវក្តៅនៅលើកសិដ្ឋានរបស់គ្រួសារខ្ញុំ នៅ Winfield ក្នុងរដ្ឋ Kansas ស្ថិតក្នុងចំណោមអំឡុងពេលដ៏ពិសេសបំផុត ក្នុងជីវិតរបស់ខ្ញុំ។ កសិដ្ឋានក្បែរខាងស្លាកសញ្ញាមួយដ៏ល្បី ដែលសរសេរថា “ខ្ញុំ ជាកសិករនៅ Kansas ចិញ្ចឹមមនុស្ស ១២០ នាក់ រួមទាំងអ្នកផង” ។ លោកប្រធានាធិបតី George Washington ពិតជាត្រឹមត្រូវ ពេលគាត់និយាយថា “ខ្ញុំស៊ូនៅលើកសិដ្ឋានរបស់ខ្ញុំ ជាជាងធ្វើជាអធិរាជនៃពិភពលោក”។
ថ្ងៃនេះ ខ្ញុំសូមនិយាយអំពីការច្នៃប្រឌិតបង្កើតថ្មីក្នុងផ្នែកសិកម្មរបស់សហរដ្ឋអាមេរិក និងទំនាក់ទំនងរបស់យើងជាមួយនឹងប្រទេសចិន។ ដូចអ្នកដឹងហើយ ទាំងពីរនេះមានការពាក់ព័ន្ធគ្នា។
នៅក្នុងឆ្នាំ ១៩៨០ លោក Xi Zhongxun ដែលជាអភិបាលនៃខេត្ត Guangdong បានដឹកនាំគណប្រតិភូនៃអភិបាលខេត្តចិនដំបូងបង្អស់ ទៅកាន់សហរដ្ឋអាមេរិក។ គេបានធ្វើដំណើរត្រង់មកកាន់រដ្ឋ Iowa ដើម្បីមើលពីភាពអស្ចារ្យផ្នែកសិកម្ម នៃរដ្ឋនេះ។
ប៉ុន្មានឆ្នាំក្រោយមក កូនប្រុសរបស់គាត់បានធ្វើតាមឳពុក ដោយបានមកមើលទីនេះ ហើយក៏បានបង្កើតចំណងមិត្តភាពជាមួយលោកអភិបាល Branstad។លោកអ្នកប្រហែលជាស្គាល់លោកហើយ គឺលោកប្រធានាធិបតី Xi ។
ភាពសម្បូរនៃរដ្ឋ Iowa បានទាក់ទាញមេដឹកនាំចិនជាច្រើន ដោយចង់ដឹងពីអាថ៌កំបាំងនៃរដ្ឋរបស់អ្នកក្នុងការមានវិបុលភាព។ តែពួកគេមិនបានចាប់យកគ្រឿងផ្សំសំខាន់នៃជោគជ័យរបស់រដ្ឋ Iowa ទេ នោះគឺសហគ្រាសសេរី។
នៅពេលដៃដ៏ធ្ងន់របស់រដ្ឋាភិបាលចាប់បង្ខំអោយគេដើរតាមនយោបាយសេដ្ឋកិច្ចណាមួយ ផលិតភាពមានការធ្លាក់ចុះ។ គំនិតច្នៃប្រឌិតក្នុងការបង្កើតថ្មីត្រូវអាក់ ហើយប្រជាជនស្ថិតនៅក្នុងស្ថានភាពពិបាក។ មានតែទីផ្សារសេរីទេ ដែលធ្វើអោយជីវិតរស់នៅមានភាពប្រសើរសម្រាប់រយៈពេលយូរ។
គោលការណ៍ទីផ្សារសេរី និងការប្រកួតប្រជែងដោយយុត្តិធម៌បានធ្វើអោយក្រុមហ៊ុនអាមេរិកក្លាយជាបទដ្ឋានជាសាកល សម្រាប់ឈានទៅរកជោគជ័យ និងមានគុណភាពល្អ។
ថ្ងៃនេះ ខ្ញុំបានដើរមើលទីតាំងនៃក្រុមហ៊ុន Corteva ដែលជាក្រុមហ៊ុនវិទ្យាសាស្រ្តកសិកម្មមួយ។ ក្រុមហ៊ុនបែបនេះគឺជាគំរូនៃការដែលសេរីភាពផ្នែកសេដ្ឋកិច្ច ការច្នៃប្រឌិតបង្កើតថ្មី និងច្បាប់ទំលាប់គ្រប់គ្រងមិនតឹងតែងធ្វើអោយផ្នែកកសិកម្មរបស់ប្រទេសអាមេរិកមានភាពខ្លាំងក្លាបំផុត នៅលើផែនដី។
ចូរគិតមើលពីអ្វីដែលក្រុមហ៊ុនរបស់យើងធ្វើ។ ការកែប្រែហ្សែនបាននាំទៅរកការបំបាត់ជំងឺ ដូចជាជំងឺកើតទៅលើពោត។ ក្រុមហ៊ុន ដូចជាក្រុមហ៊ុន Quantified Ag បានបង្កើតស្លាកកិបជាប់ត្រចៀកដោយប្រើបច្ចេកវិជ្ជាជីវៈ (Biometric) អោយប្រាប់ព័ត៌មានស្តីពីសុខភាពរបស់សត្វអោយដឹងភ្លាមៗ។ ក្រុមហ៊ុនដទៃទៀត ដូចជាក្រុមហ៊ុន Agribotix ប្រើទិន្នន័យពីយន្តហោះដ្រូន សម្រាប់ជួយកសិករក្នុងការប្រើជីអោយបានត្រឹមត្រូវ ដើម្បីបង្កើនទិន្នផល។ រយៈពេលរាប់ទសវត្សនៃការប្រើភាពវ័យឆ្លាតបានធ្វើអោយកសិកររបស់យើងទទួលបានទិន្នផល ដែលអាចធ្វើអោយកសិករនៅក្នុងប្រទេសរបស់យើង កាលពីពេលករកើតប្រទេសរបស់យើង មានភាពស្ញប់ស្ញែង។ ស្មារតីនៃការច្នៃប្រឌិតបង្កើតថ្មីបានជួយធ្វើ់អោយប្រទេសអាមេរិកមានឈ្មោះល្បី ខាងផលិតផលកសិកម្មដែលអាចទុកចិត្តបាន មានសុវត្ថិភាព និងមានគុណភាពខ្ពស់។
នៅពេលអតិថិជនបរិភោគសាច់គោអាមេរិក គេដឹងច្បាស់ថា គេទទួលបានអ្វី។ នៅក្នុងពិភពលោកទាំងមូល ផលិតផលរបស់អាមេរិកទទួលបានទំនុកចិត្តលើសគេ ចាប់ពីនៅលើកសិដ្ឋាន ដល់លើតុ។
យើងមានផលិតផលដែលមានគុណភាពខ្ពស់បំផុតផងដែរ ដោយសារប្រព័ន្ធទីផ្សារសេរីរបស់យើង។ ក្រុមហ៊ុនអោយតំលៃលើម៉ាកផលិតផលរបស់គេ នៅក្នុងសេដ្ឋកិច្ចទីផ្សារ ហើយខំប្រឹងការពារកេរ្តិ៍ឈ្មោះរបស់គេ។ ការប្រកួតប្រជែង និងជម្រើសធ្វើអោយគេគោរពតាមច្បាប់ទំលាប់។
យើងមានប្រព័ន្ធបរិស្ថានអេកូឡូស៊ីទាំងមូលនៃអ្នកយកព័ត៌មាន អ្នកវិនិយោគ អ្នកជំនាញផ្នែកសុវត្ថិភាពស្បៀង អ្នកតស៊ូមតិអោយអតិថិជន និងអង្គការមិនមែនរដ្ឋាភិបាល ដែលតាមសំលឹងមើលក្រុមហ៊ុន និងទីផ្សាររបស់យើង។ ប្រព័ន្ធយុត្តិធម៌ដ៏ត្រឹមត្រូវរបស់យើងដាក់ទោសលើជនល្មើសច្បាប់។
ភាពរស់រវើកនៃវិស័យកសិកម្មរបស់យើងបង្ហាញថា ភាពខ្លាំងនៃសេដ្ឋកិច្ចរបស់ប្រទេសអាមេរិកមិនមែនមានតែនៅទីក្រុងញូយ៉ក Silicon Valley ឬ Cambridge ក្នុងរដ្ឋ Massachusetts តែប៉ុណ្ណោះទេ។ តំបន់កណ្តាលនៃប្រទេសអាមេរិកពោរពេញដោយភាពខ្លាំងខាងសេដ្ឋកិច្ច។ អ្វីៗគឺល្អនៅរដ្ឋ Des Moines មិនចាញ់នៅ Palo Alto ទេ។ ឥឡូវនេះមានទីតាំងរោងចក្រផលិតស្រាផងដែរនៅរដ្ឋ Iowa!
របៀបវារៈកាត់បន្ថយបែបបទ និងយកពន្ធតិចរបស់លោកប្រធានាធិបតី Trump ធ្វើអោយកសិកម្មរបស់យើងនិងវិស័យទាំងអស់ដទៃទៀតនៃសេដ្ឋកិច្ច អាចបន្តមានភាពចម្រើនឡើង។ គឺថា ក្រុមហ៊ុនរបស់យើងអាចបន្តច្នៃប្រឌិតបង្កើតថ្មី ដោយគ្មានបន្ទុកមិនត្រឹមត្រូវផ្នែកច្បាប់ទំលាប់ ហើយកសិកររបស់យើងអាចផ្តល់ជាកេរ្តិ៍ ជាដីមួយកន្លែងដ៏ល្អ ដល់កូនចៅរបស់គេបាន។
តែសេដ្ឋកិច្ចដឹកនាំដោយរដ្ឋរបស់ប្រទេសចិនគំរាមកំហែងដល់ផ្នែកសិកម្មរបស់អាមេរិក ដែលអ្នកទាំងអស់គ្នាខិតខំអភិវឌ្ឍយ៉ាងខ្លាំង។ នៅពេលយើងលឺថាប្រទេសចិនលួចបច្ចេកវិទ្យាដ៏រសើបរបស់យើង យើងច្រើនតែគិតដល់បច្ចេកវិទ្យាយន្តហោះចម្បាំង ទូរស័ព្ទទំនើប និងគ្រឿងប្រដាប់ផ្នែកពេទ្យរបស់យើង។ តែជនជាតិអាមេរិកត្រូវដឹងថា ប្រទេសចិនដៅលើកម្មសិទ្ធិបញ្ញា និងបច្ចេកវិទ្យា ដែលមានសារៈសំខាន់ដល់កសិកម្មរបស់យើងផងដែរ។
កាលពីប៉ុន្មានឆ្នាំមុន ឆ្មាំសន្តិសុខម្នាក់នៅតាមកសិដ្ឋានក្នុងរដ្ឋ Iowa បានឃើញអ្វីមួយគួរអោយសង្ស័យនៅក្នុងចំការ។ គាត់បានចេញមកសង្កេតមើល។ គាត់បានចាប់ជនជាតិចិនម្នាក់កំពុងតែជីកដី ដោយចង់លួចយកគ្រាប់ពោតដែលមានការបង្កាត់ហ្សែន ហើយដែលត្រូវបានផលិតបានបន្ទាប់ពីរយៈពេលរាប់ឆ្នាំនៃការស្រាវជ្រាវ និងអភិវឌ្ឍ។ នេះមិនមែនជារឿងដាច់ដោយឡែកនោះទេ។ ក្រោយមក បុគ្គលនោះបានឆ្លើយសារភាពពីកំហុសក្នុងការលួចយកគ្រាប់ពោតនោះ។ ក្រោយមក បុគ្គលនោះបានឆ្លើយសារភាពពីកំហុសក្នុងការលួចយកគ្រាប់ពោតក្រុមហ៊ុន Monsanto, Dupont Pioneer និង LG Seeds ។
ជនជាតិចិនម្នាក់ទៀតបានលួចគ្រាប់ស្រូវដែលត្រូវបានកែហ្សែនចំនួនរាប់រយគ្រាប់ ដែលផលិតដោយក្រុមហ៊ុន គាត់ដែលគាត់ធ្វើការអោយ ឈ្មោះ Ventria Bioscience ។ គាត់បានទុកគ្រាប់ស្រូវទាំងនោះនៅកន្លែងគាត់ស្នាក់នៅ។ បន្ទាប់មក គាត់បានអោយវាទៅតំណាងនៃវិទ្យាស្ថានស្រាវជ្រាវដំណាំរបស់ចិន នៅពេលគេមកកាន់ទីក្រុងនោះ។ មន្រ្តីផ្នែកល្បាតព្រំដែន និងគយបានឆែកវ៉ាលីរបស់គេ មុនពេលគេឡើងយន្តហោះមកប្រទេសចិន ហើយបានរកឃើញ។
វាមានផងដែរនូវការលួចរបស់ចិនលើបច្ចេកវិទ្យាឧស្សាហកម្ម និងមនុស្សយន្ត ដែលភាគច្រើនសម្រាប់ប្រើនៅក្នុងវិស័យកសិកម្ម។ ការធ្វើដូច្នេះធ្វើអោយសមត្ថភាពមានប្រៀបក្នុងការប្រកួតប្រជែងរបស់ក្រុមហ៊ុនយើងថយចុះ គឺសមត្ថភាពដែលក្រុមហ៊ុនអាមេរិកធ្វើអោយមានឡើងដោយស្មោះត្រង់ និងដោយចំណាយអស់យ៉ាងច្រើន។
តែ មិនមែនមានតែក្រុមហ៊ុនធំៗតែប៉ុណ្ណោះទេ ដែលទទួលរងការខូចខាត។ កសិករម្នាក់បាននិយាយថា “អ្វីដែលគ្មាននរណាម្នាក់ហាក់យល់បានគឺថា គេកំពុងលួចពីមនុស្សដូចជារូបខ្ញុំអញ្ចឹង។ ពួកគេលួចការស្រាវជ្រាវ ដែលកសិករបានបង់ថ្លៃ នៅពេលគេទិញគ្រាប់ពូជរបស់ក្រុមហ៊ុន Monsanto ។
ការលួចកម្មសិទ្ធិបញ្ញាមិនមែនគ្រាន់តែជាបញ្ហាមួយតែប៉ុណ្ណោះទេ។ អស់ពេលជាច្រើនឆ្នាំមកហើយដែលបែបផែនសេដ្ឋកិច្ចរបស់ប្រទេសចិនពឹងអាស្រ័យលើការគាំពារនិយម (Protectionism) ការរំលោភច្បាប់ និងការឧបត្ថម្ភធនពីរដ្ឋ។ ប្រទេសចិនមិនអោយក្រុមហ៊ុនអាមេរិកនូវអ្វីដែលក្រុមហ៊ុនទាំងនោះចង់បានបំផុត នៅក្នុងទីផ្សារអន្តរជាតិទេ នោះគឺឱកាសប្រកួតប្រជែងដោយយុត្តិធម៌។
ក្រុមហ៊ុនរបស់យើងមិនខ្លាចការប្រកួតប្រជែងទេ។ តែដើម្បីប្រកួតប្រជែងអោយមានជោគជ័យ គេត្រូវការលក្ខណៈស្មើភាពគ្នា។ ការគាំពារនិយមរបស់ប្រទេសចិនបានធ្វើអោយប្រទេសចិនលំអៀងប្រឆាំងនឹងកសិករ និងក្រុមហ៊ុនកសិកម្មរបស់យើង អស់រយៈកាលជាច្រើនឆ្នាំមកហើយ។
ក្រុមហ៊ុននាំចេញរបស់អាមេរិកមិនមែនគ្រាន់តែជាអ្នករងគ្រោះដោយសារសេដ្ឋកិច្ចចិនដែលគ្រប់គ្រងដោយរដ្ឋតែប៉ុណ្ណោះទេ។ ប្រជាជនចិនគឺជាជនរងគ្រោះមួយទៀត។ សូមគិតទៅឆ្នាំ ២០០៨ នៅពេលដែលកុមារចិនរាប់ម៉ឺននាក់បានធ្លាក់ខ្លួនឈឺដោយសារទឹកដោះគោ និងម្សៅទឹកដោះគោមានជាតិពុល ហើយមានមួយចំនួនបានស្លាប់។ សូម្បីតែនៅពេលសព្វថ្ងៃនេះក៏ដោយ ក៏មានប្រជាជនចិនជាច្រើនធ្វើដំណើរទៅបរទេស ដើម្បីទិញម្សៅទឹកដោះគោ ហើយជនជាតិចិនរស់នៅបរទេសបានចំណេញយ៉ាងច្រើន តាមរយៈការដឹកម្សៅទឹកដោះគោត្រឡប់ទៅប្រទេសខ្លួនវិញ។
កាលពីប៉ុន្មានឆ្នាំមុន ទស្សនាវដ្តី Time Magazine បានធ្វើការស៊ើអង្កេតទៅលើស៊ុតក្លែងក្លាយរបស់ចិន ហើយបានរកឃើញថា មានគ្រឿងផ្សំដែលធ្វើអោយឆ្ងាញ់ ។ សព្វថ្ងៃនេះ នៅប្រទេសចិន ផលិតផលអាហារក្លែងក្លាយ ការប្រើប្រាស់ថ្នាំសំលាប់សត្វចង្រៃច្រើនជ្រុល និងកាកសំណល់ផ្ទះបាយដែលត្រូវបានកែច្នៃយកមកប្រើឡើងវិញ នៅតែជាបញ្ហានៅឡើយ។
ដូចការដែលប្រទេសចិនធានាពីការគោរពសិទ្ធិមនុស្សនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនដែរ ប្រទេសចិនអួតអាងពីការមានច្បាប់ច្រើន ស្តីពីសុវត្ថិភាពចំណីអាហារ។ តែការពង្រឹងការអនុវត្តច្បាប់គឺខ្សោយ ឬក៏គ្មានតែម្តង។ ដូចដែលយើងច្រើនឃើញនៅក្នុងប្រទេសសង្គមនិយម ការមានជាទូទៅនូវអំពើពុករលួយនៅក្នុងសេដ្ឋកិច្ចដែលគ្រប់គ្រងដោយរដ្ឋ នៅប្រទេសចិន ច្រើនតែអនុញ្ញាតអោយការឆបោកបែបនេះមិនត្រូវបានគេតាមរកមើល រាយការណ៍ ឬដាក់ទណ្ឌកម្មទេ។ សូម្បីតែនៅពេលគេរកឃើញក្តី ហើយអ្នកប្រព្រឹត្តបានទទួលទណ្ឌកម្មក្តី តែអ្វីដែលជំរុញទឹកចិត្តអោយគេធ្វើការបន្លំនោះនៅតែគ្មានការផ្លាស់ប្តូរឡើយ។ ប្រជាជនចិនសមនឹងទទួលបាននូវអ្វីដែលល្អជាងនេះ។
ដំណឹងល្អគឺថា ផលិតករអាមេរិក និងអ្នកប្រើប្រាស់ចិននឹងទទួលបានការជួយ។ លទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Trump ដែលកំពុងប្រព្រឹត្តទៅ នៅពេលនេះ នឹងផ្តល់ផលចំណេញសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
លោកប្រធានាធិបតីប្រកាន់ជំហរតឹងលើការបញ្ឈប់ការលួចដោយដោយប្រទេសចិន លើកម្មសិទ្ធិបញ្ញា។ សម្រាប់ផលិតករកសិកម្មរបស់យើង លោកប្រធានាធិបតីកំពុងទាមទារភាពស្មើភាពគ្នា ហើយចំណែកទីផ្សារធំជាងនេះ សំរាប់កសិករអាមេរិក។
នេះជាដំណឹងល្អ។ តែទាក់ទងនឹងប្រទេសចិន ការបើកទីផ្សារសម្រាប់ក្រុមហ៊ុនអាមេរិកមិនមែនជារឿងស្រួលទេ។ វាជាបេសកកម្មស្នូលមួយរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅពេលនេះ និងតាំងពីជាង ២០០ ឆ្នាំមក។ អ្នកដឹងថា ជនជាតិអាមេរិកជាច្រើនមើលមកក្រសួងការបរទេសអាមេរិក ហើយឆ្ងល់ថា តើក្រសួងនេះធ្វើអ្វីខ្លះសម្រាប់ពួកគេ។ រឿងមួយគឺថា យើងមានមន្រ្តីសេដ្ឋកិច្ចចំនួន ១៧០០ នាក់ ដែលធ្វើការនៅទូទាំងសាកលលោក។ មួយផ្នែកធំនៃការងាររបស់គេតាងនាមអោយគ្រួសារនានានៅរដ្ឋ Iowa ឬ Kansas ឬរដ្ឋដទៃទៀតគឺដើម្បីបង្កើតឱកាសសម្រាប់ក្រុមហ៊ុនអាមេរិកលក់ផលិតផលអាមេរិកនៅបរទេស។ ទាក់ទងនឹងពាណិជ្ជកម្មអន្តរជាតិ ខ្ញុំគិតថា សិល្បៈនៃការងារការទូតដើរទន្ទឹមគ្នានឹងសិល្បៈនៃការធ្វើជំនួញ។
មកដល់នេះ ខ្ញុំចង់និយាយវាងបន្តិច។ ការទូតផ្នែកសេដ្ឋកិច្ចគ្រាន់តែជាផ្នែកមួយនៃបេសកកម្មជាច្រើនរបស់ក្រសួងការបរទេសអាមេរិក។ បើអ្នកជាជនជាតិអាមេរិកមានវ័យក្មេង ហើយចង់ចាប់អាជីពល្អ ដែលត្រូវនឹងសមត្ថភាពរបស់អ្នក សូមពិចារណាដាក់ពាក្យចូលធ្វើការនៅក្នុងក្រសួងការបរទេសអាមេរិក។ យើងមានឱកាសធ្វើជាតំណាងអោយទង់ជាតិអាមេរិក នៅក្នុងគ្រប់រឿងទាំងអស់ រាប់ពីការប្រឆាំងភេរវកម្ម ដល់ការធានាសន្តិសុខស្បៀង ដល់ការប្រឆាំងការជួញដូរមនុស្ស។
សហការីរបស់យើងមានមោទនភាពចំពោះអ្នកស្នេហាជាតិ។ គេមានភាពវៃឆ្លាត។ បេសកកម្មជំរុញពួកគេ។ ក្រសួងការបរទេសអាមេរិកបានចំណាយថាមពល និងលុយយ៉ាងច្រើន ក្នុងពេលរាប់ឆ្នាំកន្លងមក ដើម្បីធ្វើយ៉ាងអោយយើងមានភាពចម្រុះសមស្របផ្នែកជាតិសាសន៍ ភេទ។ល។ ទាំងអស់នេះមានសារៈសំខាន់ ហើយនៅមានការងារច្រើនទៀត ដែលត្រូវធ្វើ។
យើងត្រូវការភាពចម្រុះទាក់ទងនឹងភូមិសាស្រ្តផងដែរ។ យើងដឹងថា មានអ្នករដ្ឋការសាធារណៈច្រើនដែលមានទេពកោសល្យ នៅរដ្ឋ Iowa នៅសាកលវិទ្យាល័យ Iowa នៅ Northern Iowa និងនៅ Drake នៅពេលអនាគត។ ខ្ញុំចង់បានពួកគេទាំងអស់។
បេសកកម្មរបស់យើ់ងគឺធ្វើជាតំណាងអោយប្រជាជនអាមេរិក នៅគ្រប់កន្លែងទាំងអស់ ក្នុងពិភពលោក ដូច្នេះសមាសភាពនៃកំលាំងការងាររបស់យើងគួរតែឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅពីជនជាតិអាមេរិករាប់រយលាននាក់ ដែលរស់នៅក្រៅ Boston ដល់របៀងទីក្រុង Washington ។ បើអ្នកចង់អោយប្រទេសអាមេរិកមានសុវត្ថិភាព និងខ្លាំងដដែល ហើយជំរុញគុណតំលៃអាមេរិក យើងមានឱកាសដ៏ល្អសម្រាប់អ្នក។ យើងពិតជាអាចធ្វើការផ្លាស់ប្តូរពិភពលោក។
ខ្ញុំមានការផ្សាយតាមទូរទស្សន៍សម្រាប់ក្រសួងការបរទេស….ខ្ញុំត្រូវការអ្នកហាត់ការថែមទៀតនិងការដាក់ពាក្យធ្វើការពេញម៉ោង ពីរដ្ឋ Iowa ។ នៅក្រោមប្រធានាធិបតី Trump អ្នកការទូតរបស់យើងមានការរវល់ខ្លាំងក្នុងការបើកទីផ្សារនៅជុំវិញពិភពលោក សម្រាប់ទំនិញកសិកម្មអាមេរិកគ្រប់ប្រភេទ។
រួមជាមួយនឹងសហការីរបស់យើងមកពីក្រសួងកសិកម្ម តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក និងក្រសួងពាណិជ្ជកម្ម រដ្ឋបាលលោក Trump បានបើកផ្លូវមួយសម្រាប់ផ្នែកកសិដ្ឋានទឹកដោះគោ និងមាន់ទារដល់ប្រទេសកាណាដា សាច់ចៀម និងពពែទៅដល់ប្រទេសជប៉ុន សាច់គោនិងសាច់ជ្រូកដល់ប្រទេសអាហ្សង់ទីន សាច់មាន់ទាដល់ប្រទេសឥណ្ឌា សាច់ចៀមដល់ប្រទេស El Salvador សាច់គោនិងមាន់ទាដល់ប្រទេសម៉ារ៉ុក ស៊ុតដល់ប្រទេសអាហ្វ្រិកខាងត្បូង ទឹកដោះគោដល់ប្រទេសតួគី និងដល់ប្រទេសច្រើនទៀត។ យើងសង្ឃឹមថា នៅក្នុងពេលដ៏ខ្លីខាងមុខនេះ សហភាពអឺរ៉ុបនឹងបន្ថយរបាំងពាណិជ្ជកម្មរបស់ខ្លួន ហើយអនុញ្ញាតអោយទំនិញអាមេរិកចូលទៅបានកាន់តែច្រើន។
ទាក់ទងនឹងប្រទេសចិន លទ្ធភាពថ្មីៗផ្នែកទីផ្សារនៅក្រោមលោកប្រធានាធិបតី Trump ផ្តល់ផលចំណេញដល់ក្រុមហ៊ុននាំចេញអាមេរិកផង អតិថិជនចិនផង។ យើងមានអ្វីៗច្រើនដែលប្រទសចិនចង់ទិញ។ ជារៀងមក ប្រទេសចិនទិញសណ្តែកសៀងរបស់យើងច្រើនជាងគេ។ នៅឆ្នាំ ២០១៧ ចិនជាប់លេខ១ក្នុងការទិញឈើពីយើង លេខ ២ ក្នុងការទិញកប្បាស លេខ ៣ ក្នុងការទិញផលិតផលទឹកដោះគោ និងស្ថិតនៅក្នុងចំណោម៥ ប្រទេសលើគេក្នុងការទិញផលិតផលកសិកម្មដទៃទៀតរបស់យើង។ ក្រុមហ៊ុនចិនមួយបានទិញក្រុមហ៊ុនកែច្នៃសាច់របស់អាមេរិក ដែលជាក្រុមហ៊ុនផលិតសាច់ជ្រូកធំជាងគេ ក្នុងពិភពលោក នៅឆ្នាំ ២០១៣។ ពិតណាស់ ប្រជាជនចិនមានទំនុកចិត្តយ៉ាងខ្ពស់លើស្បៀងអាហាររបស់អាមេរិក។ ក្នុងពេលដែលប្រទេសចិនបើកទីផ្សាររបស់ខ្លួនដល់ផលិតផលអាមេរិកច្រើនឡើង ប្រជាជនចិននឹងរស់នៅដោយមានទំនុកចិត្តកាន់តែច្រើន លើការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់គេ។
ដូចដែលខ្ញុំបាននិយាយពីដើមមក ទីផ្សារបើកចំហរបស់យើងរក្សាគុណភាព ហើយរក្សាលទ្ធភាពសម្រាប់ធ្វើការការដាក់បញ្ជូលបច្ចេកទេសថ្មីៗ ដោយគ្មានការជ្រៀតជ្រែកធ្វើអោយលំបាកពីរដ្ឋាភិបាលទេ។ ប្រទេសចិនគួរតែដើរតាមគោលការណ៍ដូចគ្នាទាំងនេះ ពិសេសដោយមេដឹកនាំរបស់ខ្លួនដឹងថា វាជាវិធីដ៏ល្អបំផុតសម្រាប់ដើរតាម។
ជំហានមហាលោតផ្លោះរបស់ម៉ៅ សេទុងដាក់វិស័យកសិកម្មជាសមូហភាព។ លទ្ធផលគឺភាពអត់ឃ្លានជាសមូហភាព។ រហូតមកទល់នឹងទសវត្សឆ្នាំ ១៩៧០ នៅពេលកសិករដែលស្ថិតក្នុងស្ថានភាពពិបាកខ្លាំងពេក បានចាប់ផ្តើមលែងដើរតាមផលិតកម្មបែបសមូហភាព នៅក្នុងការប្រឹងប្រែងចុងក្រោយដើម្បីផលិតស្បៀងអោយបានគ្រប់គ្រាន់ដើម្បីរស់។
នៅទីបំផុត លោក តេង សៅពេញបានបន្ធូរការគ្រប់គ្រងរបស់រដ្ឋ ទៅលើផលិតកម្មកសិកម្ម ហើយបានបំបាត់ចោលនូវប្រព័ន្ធធ្វើរួមដ៏មហន្តរាយ។ កំណែទំរង់ជាគន្លឹះនេះ រួមជាមួយនឹងការបន្ថយពន្ធ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស បានធ្វើអោយសេដ្ឋកិច្ចរបស់ប្រទេសចិនងើបឡើងវិញ។
តែប្រទេសចិននៅតែមិនអោយកសិករមានកម្មសិទ្ធិលើដីធ្លី ហើយគណបក្សកុំម្មុយនីស្តនៅតែគ្រប់គ្រងណែនលើជីវិតរបស់កសិករ។ នៅក្រោមគោលនយោបាយចុះបញ្ជីស្នាក់នៅ គណបក្សកំណត់ពីកន្លែងដែលគេត្រូវទៅរកការព្យាបាល ឬកន្លែងដែលក្មេងត្រូវទៅរៀន។ នេះជាការដាក់កំរិតព្រំដែនលើឱកាសរបស់គេក្នុងការមានជីវិតដ៏ប្រសើរមួយ។ ក្នុងករណីជាច្រើន កសិករចិននៅតែជាពលរដ្ឋថ្នាក់លេខ ២ ដដែល។
ចូរគិតមើលទៅមើល៍ ថាជីវិតរស់នៅរបស់ប្រជាជនចិនសាមញ្ញបានប្រសើរប៉ុនណា នៅពេលនេះ បើសិនជាទីក្រុងប៉េកាំងអនុវត្តនយោបាយកម្មសិទ្ធិឯកជនទាំងស្រុង និងធ្វើកំណែទម្រុងទីផ្សារសេរីនៅក្នុងវិស័យកសិកម្ម និងឧស្សាហកម្មដទៃទៀត ដូចជាហិរញ្ញវត្ថុ និងថាមពល។
មុនពេលខ្ញុំបញ្ចប់ ខ្ញុំសូមផ្តល់ចំណុចចុងក្រោយមួយ ស្តីពីសារសំខាន់នៃការក្សាអោយវិស័យកសិកម្មរបស់អាមេរិកមានវិបុលភាព។ ភាពសម្បូរបែបរបស់យើងគឺល្អសម្រាប់ពិភពលោក។ យើងត្រូវតែផ្តល់កេរ្តិ៍ដំណែលនេះ។ ក្តីសង្ឃឹមនៃដីដ៏សំបូរជីជាតិដែលលាតសន្ធឹងដាច់កន្ទុយភ្នែក និងជីវិតល្អប្រសើរមួយ ធ្វើអោយមនុស្សជាច្រើនមកតាំងទីលំនៅក្នុងប្រទេសរបស់យើង។
នៅក្រោយសង្គ្រាមលោកលើកទី១ បុរសជនជាតiដើមម្នាក់នៅរដ្ឋ Iowa ដែលមានឈ្មោះថា Herbert Hoover បានជួយតម្រែតម្រង់កិច្ចខិតខំរបស់យើងនៅក្នុងការចិញ្ចឹមជនជាតិអឺរ៉ុបរាប់លាននាក់ ដែលជាគំរោងមួយពឹងផ្អែកយ៉ាងច្រើនលើស្ប់ៀងអាហាររបស់អាមេរិក។ នៅក្នុងពេលប៉ុន្មានឆ្នាំ បន្ទាប់ពីសង្គ្រាមលោកលើកទី ២ មក ផលិតផលកសិកម្មអាមេរិកជាថ្មីម្តងទៀត បានជួយចិញ្ចឹមទ្វីបមួយដែលដាច់ដោចដោយសារសង្គ្រាម និងការគម្រាមកំហែងនៃគ្រោះទុរ្ភិក្ស។ កម្មវិធីជាច្រើនរបស់យើងដែលផ្តល់ស្បៀងដល់អ្នកខ្សត់ខ្សោយបំផុត កាន់តែរីកធំនៅក្នុងរយៈកាលក្រោយសង្គ្រាម។
សព្វថ្ងៃនេះ យើងគឺជាអ្នកនាំចេញលេខ ១ ក្នុងពិភពលោកនៃស្បៀងអាហារ និងផលិតផលកសិកម្ម។ យើងមានភាពសប្បុរសច្រើន។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានទិញស្បៀងអាហារចំនួន ១,៤ លានតោនពីកសិករអាមេរិក នៅក្នុងឆ្នាំ ២០១៧ ដើម្បីយកទៅផ្តល់អោយមនុស្សចំនួន ៧០លាននាក់ នៅតាមប្រទេសចំនួន ៥៣។ ក្នុងពេល ២ ឆ្នាំកន្លងទៅនេះ ប្រជាជនអាមេរិកបានផ្តល់ជំនួយស្បៀងគិតជាប្រាក់ចំនួនជិត ៨ ពាន់លានដុល្លា ដែលភាគច្រើននៃស្បៀងទាំងនោះត្រូវបានផ្តល់ទៅអោយប្រទេស ដូចជាប្រទេសស៊ីរី សូម៉ាលី និងយ៉េម៉ែន។ យើងនៅក្រសួងការបរទេស ភ្ជាប់អ្នកដឹកនាំជំនួញជាស្រ្តីអាមេរិកនៅក្នុងវិស័យកសិកម្ម ជាមួយសមភាគីរបស់គេ នៅឯបរទេស។ រដ្ឋបាលលោក Trump រក្សាធ្វើអោយប្រទេសអាមេរិកនៅតែជាអ្នកឈានមុខគេក្នុងពិភពលោក ផ្នែកសន្តិសុខស្បៀង។
តែអ្វីដែលល្អនៃកសិកម្មអាមេរិកសម្រាប់ពិភពលោក មិនមែនមានដោយសារកម្មវិធីណាមួយរបស់រដ្ឋាភិបាលទេ។ វាគឺជាការងាររបស់ជ័យលាភីរង្វាន់ណូបែបម្នាក់ ឈ្មោះ Norman Borlaug ដែលជាអ្នកបង្កើតអង្គការ World Food Prize ។ ក្នុងមួយជីវិតរបស់លោក លោកបានធ្វើការដើម្បីអោយមនុស្សនៅក្នុងពិភពលោកចាកផុតពីទុរ្ភិក្ស និងកង្វះអាហារូបត្ថម្ភ។ ដោយបង្កាត់គ្រាប់ពូជស្រូវសាឡីថ្មីដែលផ្តល់ទិន្នផលដែលយើងមិនបានគិតដល់ ក្នុងពេលកន្លងមក គេបានប៉ាន់ប្រមាណមកថា លោក Borlaug បានជួយសង្រ្គោះជីវិតមនុស្សរាប់ពាន់លាននាក់។ ការកើនឡើងយ៉ាងច្រើននៃទិន្នផលកសិកម្មដោយសារលោក ត្រូវបានគេស្គាល់ថា ជាបដិវត្តន៍បៃតង។ លោកគឺអ្នកបង្ករបង្កើតថ្មីជាជនជាតិអាមេរិកម្នាក់ដែលបានធ្វើអោយមានរឿងនេះឡើង។ វាជាការចាំបាច់ណាស់ដែលអណ្តាតភ្លើងនៃការបង្ករបង្កើតថ្មីរបស់យើងអាចឆេះជាបន្ត រាប់ឆ្នាំទៅមុខទៀត។ សម្រាប់យើងទាំងអស់គ្នា យើងត្រូវតែធ្វើយ៉ាងណាអោយមនុស្សរបស់យើងមានវិបុលភាព។
ថ្ងៃនេះ ខ្ញុំបានជួបជាមួយយុវជនខ្លះ នៅក្នុងពិធីកសិករអនាគតនៃប្រទេសអាមេរិក ដែលជាក្រុមគួរអោយចាប់អារម្មណ៍។ ចំណេះដឹងជាក់ស្តែងរបស់គេស្តីពីកសិកម្មមានច្រើន ហើយទឹកចិត្តរបស់គេក្នុងការផ្គត់ផ្គង់គ្រួសារ និងប្រទេសរបស់គេគួរអោយចង់យកគំរូតាម។ កសិដ្ឋានគ្រួសារដូចគ្នានេះ នៅ Winfield នៃរដ្ឋ Kansas ជាទីដែលខ្ញុំបានចំណាយពេលច្រើន នៅរដូវក្តៅ នៅពេលខ្ញុំធំឡើង ពេលនេះគឺជាទីដែលគ្រួសារខ្ញុំកំណត់យកជាទីដៅសម្រាប់វិស្សមកាល។
សញ្ញាដែលសរសេរថា “កសិដ្ឋានប្រចាំសតវត្ស Kansas” ត្រូវបានគេដាក់បង្ហាញដោយមោទនភាព មិនឆ្ងាយពីមុខកន្លែងស្នាក់នៅរបស់យើងទេ។ តាមរយៈការមកស្នាក់នៅម្តងម្កាលនៅកសិដ្ឋាន ខ្ញុំយល់ពីការងារដ៏លំបាក និងយូររបស់មនុស្សនៅក្នុងក្រុមកសិករអនាគតនៃប្រទេសអាមេរិក ហើយខ្ញុំមានមោទនភាពចំពោះពួកគេ។ កាលពីរាប់ឆ្នាំមុន សាច់ញ្ញាតខ្ញុំ និងមនុស្សល្អខ្លះ នៅការិយាល័យកសិដ្ឋាន Kansas បានបង្រៀនខ្ញុំពីគុណធម៌នៃការរស់នៅតាមកសិដ្ឋាន។ ខ្ញុំដឹងថា សមាជិកនៃក្រុមកសិករអនាគតនៃប្រទេសអាមេរិកកំពុងតែរៀនគុណធម៌ដូចគ្នានេះ នៅពេលនេះ។ គេប្រហែលមិនដឹងខ្លួនទេ តែខ្ញុំដឹង។ ជីវិតនៅតាមកសិដ្ឋានគឺជាអ្វីដែលល្អបំផុត នៅប្រទេសអាមេរិក។ រដ្ឋបាលលោក Trump មានការប្តេជ្ញាក្នុងការធ្វើអោយអ្នកទាំងនោះអាចធ្វើអោយកូនៗរបស់គេបន្តជីវិតរស់នៅដ៏ប្រសើររបស់គេនេះ។
សូមអោយព្រះជួយពួកគេ។
សូមអោយព្រះជួយកសិកម្មទៅអនាគតរបស់គេ។
សូមអោយព្រះជួយរដ្ឋ Iowa។
សូមអោយព្រះជួយសហរដ្ឋអាមេរិក។