សេតវិមាន
ការិយាល័យអនុប្រធានាធិបតី
សម្រាប់ការចេញផ្សាយព័ត៌មានបន្ទាន់
ថ្ងែទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨
សូមអរគុណលោក Scott។ ហើយសូមថ្លែងអំណរគុណអ្នកទាំងអស់គ្នាចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ។ នាយករដ្ឋមន្ត្រី O’Neill ប្រធាន Taureka អ្នកតំណាងនានាមកពីទូទាំងតំបន់ ថ្នាក់ដឹកនាំសហគមន៍ធុរកិច្ច និងភ្ញៀវកិត្តិយសទាំងអស់របស់យើង វាជាកិត្ដិយសរបស់ខ្ញុំដើម្បីចូលរួមជាមួយលោកអ្នកនៅទីនេះ នៅក្នុង “វេទកាសេដ្ឋកិច្ចចំបង” នៅឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)៖ កិច្ចប្រជុំកំពូលនាយកប្រតិបត្តិអេប៉េក 2018 (2018 APEC CEO Summit។ សូមអរគុណលោកអ្នកទាំងអស់ដែលមានវត្តមាននៅទីនេះ។ (ស្នូរ ទះដៃ។)
កាលពីឆ្នាំមុននៅក្នុងវេទិកានេះ លោកប្រធានាធិបតី Donald Trump បានកំណត់ចក្ខុវិស័យរបស់សហរដ្ឋអាមេរិក សំរាប់តំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដែលមានភាពសេរីនិងបើកចំហ ដែលតាមសំដីរបស់លោក ថា “ប្រទេសមានឯករាជ្យនិងអធិបតេយ្យ ដែលមានវប្បធម៌ចម្រុះ និងក្តីសុបិន្តខុសគ្នាជាច្រើន [អាច] មានវិបុលភាព ជាមួយគ្នា” និងភាពសំបូរសប្បាយ ក្នុង សេរីភាពនិងសន្តិភាព”។
ថ្ងៃនេះ ក្នុងរយៈពេលមួយឆ្នាំក្រោយមក លោកប្រធានាធិបតី Trump បានបញ្ជូនខ្ញុំមកទីនេះ ដើម្បីរាយការណ៍អំពីវឌ្ឍនភាពរបស់យើងចំពោះការសម្រេចបានលើចក្ខុ វិស័យនោះ។ ជារួម យើងខ្ញុំបានចាត់វិធានការដ៏ម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) មានភាពរឹងមាំខ្លាំងជាងពេលណាទាំងអស់។ (ការអបអរសាទរដោយទះដៃ។)
ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) គ្របដណ្តប់ផ្ទៃផែនដីច្រើនជាងពាក់កណ្ដាល និងច្រើនជាងពាក់កណ្តាលនៃមនុស្សនៅលើផែនដី ។ ការធ្វើពាណិជ្ជកម្មពិភពលោកដែលមានចំនួនពីរភាគបី កើតមានឡើងនៅទីនេះ ហើយមានសក្តានុពលសេដ្ឋកិច្ច និងសារៈសំខាន់ជាយុទ្ធសាស្រ្តរបស់ខ្លួន កំពុងតែរីកធំ ជារៀងរាល់ថ្ងៃ។
ដើម្បីចាប់យក ឱកាសគ្មានដែនកំណត់នៅតំបន់នេះ កាលពីឆ្នាំមុន លោកប្រធានាធិបតី Trump បានសន្យាថានឹងធ្វើអោយោមាន “ទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំ ដែលមាន ឫសគល់នៅក្នុងគោលការណ៍នៃភាពយុត្តិធម៌ និងការធ្វើសម្បទានទៅវិញទៅមក”។ ហើយចាប់ពីកូរ៉េខាងត្បូង ដល់ម៉ិកស៊ិកូ ដល់កាណាដា យើងបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី និងជាប្រវត្តិសាស្រ្ត ហើយយើងនឹងមានដូច្នេះច្រើនថែមទៀត ។
លោកបានសន្យាថានឹងផ្តល់ជូនជម្រើសល្អ ដល់ប្រទេសនានាក្នុងតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដើម្បីជួយគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដោយ “កែទម្រង់ស្ថាប័នហិរញ្ញវត្ថុសំរាប់ការអភិវឌ្ឍន៍របស់យើង”។ ហើយសព្វថ្ងៃនេះ សហរដ្ឋអាមេរិក បានបង្កើនសមត្ថភាពហិរញ្ញប្បទាន របស់យើងទ្វេដង ដែលមានចំនួនរហូតដល់ 60 ពាន់លានដុល្លារ។
លោកប្រធានាធិបតី ក៏បានសន្យាផងដែរថា នឹងពង្រឹងភាពជាដៃគូ ដើម្បីធានាសន្តិសុខរួមរបស់យើង។ ហើយនៅឆ្នាំនេះ យើងបានផ្តល់ហិរញ្ញប្បទានយោធាបរទេសជូនដល់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ច្រើនជាងចំនួនកាលពីបីឆ្នាំមុនបូកបញ្ចូលគ្នា។
ប្រធានាធិបតីបានសន្យាថា នឹង “ប្រឈម ការគំរាមកំហែងដ៏ធ្ងន់ធ្ងរចំពោះសន្តិសុខ”។ ហើយយើងបានឈរនៅជាមួយ សម្ព័ន្ធមិត្ត និងដៃគូរបស់យើងនៅក្នុងតំបន់ ដើម្បីការពារអធិបតេយ្យភាពរបស់គេ កម្ទេចក្រុមភេរវជន ហើយនាំយកប្រទេសកូរ៉េខាងជើងទៅរកតុចរចា។
ហើយកាលពីឆ្នាំមុន នៅវេទិកានេះ ប្រធានាធិបតី Trump បានសន្យាថា “ជានិច្ចកាលត្រូវគិតប្រយោជន៍អាមេរិក មុនគេ” និងធ្វើឱ្យសេដ្ឋកិច្ចអាមេរិករីកចម្រើនឡើងវិញ។ ហើយសកម្មភាពរបស់យើងបាននាំឱ្យមានការរីកចម្រើននៅក្នុងប្រទេសរបស់យើង ដែលនាំអោយ ប្រទេស នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ទទួលប្រយោជន៍ផងដែរ។
ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Trump នៅសហរដ្ឋអាមេរិក យើងបានកាត់បន្ថយបទបញ្ជានានាក្នុងល្បឿនលឿនបំផុត ។ យើងបានបញ្ចេញថាមពលរបស់អាមេរិក យើងបានអនុម័តលើការកាត់បន្ថយពន្ធច្រើនបំផុត និងការកែទម្រង់ពន្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។
លទ្ធផលដែលទទួលគួរឱ្យកត់សម្គាល់ — មានការងារថ្មី 4,5 លាន អត្រាគ្មានការងារធ្វើមានទាបបំផុតនៅក្នុងរយៈកាលពាក់កណ្តាលសតវត្សរ៍មកនេះ នៅក្នុងប្រទេសរបស់យើង ហើយប្រជាពលរដ្ឋអាមេរិកជាច្រើននាក់កំពុងធ្វើការនៅសព្វថ្ងៃនេះ ដែលមានច្រើនជាងពេលមុនៗនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ យើងស្ថិតនៅលើផ្លូវ ឈានដល់ការរីកចម្រើនយ៉ាងឆាប់រហ័សបំផុត នៅក្នុងរយៈពេលជិត 15 ឆ្នាំមកនេះ។ ហើយបន្ទាប់ពីរយៈពេល 10 ឆ្នាំ សហរដ្ឋអាមេរិកត្រូវបានគេទទួលស្គាល់ជាថ្មីម្តងទៀតថា ជាប្រទេសដែលមានសេដ្ឋកិច្ចប្រកបដោយសមត្ថភាព ប្រកួតប្រជែងខ្លាំងបំផុត នៅលើពិភពលោក។
កំណើនសេដ្ឋកិច្ចរបស់អាមេរិក ដូចដែលខ្ញុំបានរៀបរាប់ កំពុងតែជម្រុញឱ្យមានភាពរីកចម្រើន ជារួម នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)នេះ។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ក្រុមហ៊ុន អាមេរិកបានប្រកាសគម្រោងថ្មីជាង 1500 គម្រោង និង ទឹកប្រាក់ ជាង 61 ពាន់លានដុល្លា ជាការវិនិយោគថ្មីនៅទូទាំងតំបន់នេះ។ ការវិនិយោគសរុបរបស់សហរដ្ឋអាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ឥឡូវនេះមានចំនួនទឹកប្រាក់ជាង ១,៤ លានលានដុល្លា — ច្រើនជាងចំនួនទឹកប្រាក់វិនិយោគសរុបបញ្ចូលគ្នារបស់ចិន ជប៉ុន និងកូរ៉េខាងត្បូង។ ហើយការវិនិយោគរបស់អាមេរិកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) នឹងបន្ត កើនឡើង។
កំណើនសេដ្ឋកិច្ចជាថ្មីរបស់អាមេរិក មានសារៈសំខាន់ណាស់ចំពោះចក្ខុ វិស័យរបស់យើងសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដែលក្នុងនោះ ប្រទេសរឹងមាំនិងឯករាជ្យ កាន់តែរឹងមាំខ្លាំងឡើង ។ ហើយនោះគឺជាអ្វីដែលអាមេរិកតែងតែចង់បាន តាំងពីប្រទេសរបស់យើងកើតឡើងដំបូងៗមកម្ល៉េះ។
ប្រវត្តិសាស្ត្ររបស់យើងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) គឺជាដំណើររឿងនៃការធ្វើជំនួញនិងពាណិជ្ជកម្ម ដែលចាប់ផ្តើមជាងពីរសតវត្សរ៍កន្លងមកហើយ ជាមួយព្រះមហាក្សត្រនៃប្រទេសចិន ដែលជាកប៉ាល់ដែលបានចាកចេញពីទីក្រុងញូវយ៉ក និងបានធ្វើដំណើរឆ្លងកាត់មហាសមុទ្រឥណ្ឌា និងចូលមហាសមុទ្រប៉ាស៊ីហ្វិករហូតដល់ Canton ដែលជាទីកន្លែងធ្វើជំនួញដើមថ្នាំយិនស៊ិនអាមេរិក ដូរនឹងតែនិងវត្ថុឬសម្ភារធ្វើពីប៉សឺឡែនរបស់ ចិន។
នៅក្នុងប្រវត្តិសាស្រ្តរបស់យើងទាំងមូល វាជាប្រវត្តិនៃ មិត្តភាពនិងភាពជាដៃគូ ដែលជា ចំណងទាក់ទងដែលបានបង្កើតឡើងនាពេលកន្លងមកជាមួយប្រទេសនីមួយៗ — ខាងកើត ខាងជើង ខាងលិច និងខាងត្បូង — ដែលរួមមានសម្ព័ន្ធភាពឆ្លងតាមសន្ធិសញ្ញាចំនួន ៥ ក្នុងចំណោមសម្ព័ន្ធភាពដ៏ល្អ របស់យើង។
វាជាប្រវត្តិនៃភាពខ្លាំង និងការលះបង់ ប្រវត្តិនៃការប្រកៀកស្មាគ្នាយ៉ាងអង់អាចនៃប្រទេសរបស់យើងជាមួយ ប្រទេសជាច្រើនរបស់អ្នក ដើម្បីរុញច្រាន អោយវិលត្រឡប់មកវិញនូវចក្រពត្តិនិយម និង លទ្ធិកុម្មុយនិស្តនិយម ពីតំបន់សមុទ្រផ្កាថ្ម (Coral Sea) រហូតដល់ទឹកដី Incheon ដែលមានតំបន់ភ្នំ និងឆ្នេរសមុទ្រ និងព្រៃរាប់មិនអស់ នៅចន្លោះ។
វាជាដំណើររឿងនៃការរីកចម្រើន នៅឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ជារឿងនៃប្រទេសរបស់យើងធ្វើការជាមួយប្រទេសរបស់លោកអ្នកលើកដំកើងប្រជាពលរដ្ឋរបស់យើង និងនាំមកនូវឱកាសក្នុង យុគសម័យថ្មីសម្រាប់មនុស្សទាំងអស់។ នៅទូទាំងតំបន់នេះ មានប្រជាពលរដ្ឋរាប់រយលាននាក់ បានចាកចេញផុតពីភាពក្រីក្រ; ការច្នៃប្រឌិតតាមគំនិតថ្មីៗ និងភាពជាសហគ្រិនមានល្បឿនកាន់តែលឿន; របបផ្តាច់ការបានដួលរលំ ហើយលទ្ធិប្រជាធិបតេយ្យបានងើបឡើងចូលជំនួស; និងប្រជាពលរដ្ឋហ៊ានទាមទារអនាគត និង ឯករាជ្យភាពរបស់ពួកគេ រាប់ពីប្រទេសម៉ាឡេស៊ី ដល់តំបន់ម៉ាល់ឌីវ (Maldives)។
ក្នុងកិច្ចប្រជុំ APEC នេះ យើងកំពុងសរសេរជំពូកថ្មីបំផុតមួយនៃភាពជឿនលឿន របស់យើង ហើយយើងដើរតាម ចក្ខុវិស័យរបស់យើង។
ដូចដែលប្រធានាធិបតី Trump បានរៀបរាប់កាលពីឆ្នាំមុនថា សហរដ្ឋអាមេរិក ចង់អោយ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) មានភាពសេរី ដែលក្នុងនោះ ប្រទេសឯករាជ្យស្វែងរក ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេដោយក្លាហាន ដោយគោរពអ្នកជិតខាងរបស់ពួកគេដោយស្មើភាព; ជាកន្លែងដែលសង្គម ជំនឿ និងប្រពៃណី រីកចម្រើនជាមួយគ្នា; ជាកន្លែងដែលបុគ្គលទាំងឡាយមាន សេរីភាពដែលព្រះ បានផ្តល់ជូន ដើម្បីបំពេញ ក្តីសុបិន្តរបស់ពួកគេ និងកំណត់វាសនា របស់ពួកគេ។
សហរដ្ឋអាមេរិកចង់អោយ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)មានភាពបើកចំហ ដែលក្នុងនោះ ពាណិជ្ជកម្មនិងវប្បធម៌មានលំហូរ ដោយសេរី; ជាទីកន្លែងដែលគេគ្រប់គ្នាអាចធ្វើការហោះហើរ និងធ្វើនាវាចរណ៍ក្នុងគោលបំណងសន្តិភាព; ជាទីកន្លែងដែលជម្លោះនានាត្រូវបានដោះស្រាយដោយគ្មានជំលោះ ឬការបង្ខិតបង្ខំ; ជាទីកន្លែងដែលប្រទេសនានាធ្វើជំនួញជាមួយប្រទេសមួយផ្សេងទៀត ដោយទទួលយកបានច្រើនដូចដែលគេបានផ្តល់; ហើយជាទីកន្លែងដែលយើងទទួលយកលទ្ធភាពគ្មានទីបញ្ចប់នាពេលអនាគតសម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលហៅ តំបន់នេះថា ជាផ្ទះ។
ខ្ញុំដឹងថាប្រទេសភាគច្រើននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) មានចក្ខុ វិស័យនេះដូចគ្នា។ ។ ការណ៍នេះមិនផាត់ចេញនូវ ប្រទេសណាមួយទេ ហើយរាប់ពី ឆ្នេរភាគខាងលិចនៃតំបន់ អាមេរិកឡាទីន ដល់ចុងឆ្ងាយ បំផុតនៃមហាសមុទ្រឥណ្ឌា សហរដ្ឋអាមេរិកបានបោះដៃទៅរក ក្នុងស្មារតីមិត្តភាពនិងភាពជាដៃគូ ដោយ ស្វែងរកកិច្ចសហការ មិនមិនស្វែងរកការគ្រប់គ្រងឡើយ។ ក្នុង អ្វីៗដែលយើងធ្វើ យើងកំពុងធ្វើការដោយមិនចេះនឿយហត់ ដើម្បីជំរុញភាពចម្រុងចម្រើនរួមគ្នា ពង្រឹងសន្តិសុខរួមរបស់យើង និងលើកកំពស់ គោលការណ៍រួមរបស់យើង។
ជាការពិត ការធ្វើពាណិជ្ជកម្មជាចំណុចសំខាន់ចំពោះផលប្រយោជន៍របស់យើងនៅក្នុងតំបន់នេះ។ ហើយដូចដែលប្រធានាធិបតីបានថ្លែងកាលពីឆ្នាំមុនថា សហរដ្ឋអាមេរិកនឹងធ្វើ “កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ណាមួយដែលចង់ក្លាយជាដៃគូរបស់យើង ហើយដែល គោរពតាមគោលការណ៍នៃការធ្វើពាណិជ្ជកម្មដោយយុត្តិធម៌ និងមានសម្បទានទៅវិញទៅមក។
ក្រៅពីកិច្ចព្រមព្រៀងដែលខ្ញុំបានរៀបរាប់រួចមកហើយនោះ សហរដ្ឋអាមេរិកនឹងធ្វើការ ចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសមានសេដ្ឋកិច្ចធំជាងគេ ទីបីក្នុង ពិភពលោក គឺ ប្រទេសជប៉ុន។ ខ្ញុំក៏មានសេចក្តីរីករាយផងដែរក្នុងការប្រាប់ ថាអាមេរិកកំពុងតែមានការពិភាក្សាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយផ្សេងទៀតជាមួយសមាជិកអេប៉េក APEC មួយ ទៀត ហើយយើងទើបតែចាប់ផ្តើមពិភាក្សាអំពីបញ្ហានោះ។
នៅខណៈពេលយើងបង្កើតកិច្ចព្រមព្រៀងថ្មី យើងក៏មានប្រឆាំងនឹង បណ្តាប្រទេស ដែលធ្វើ ពាណិជ្ជកម្មដោយអយុត្តិធម៌ផងដែរ។ សូម មើលជំហររបស់ ប្រធានាធិបតី Trump នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់យើងជាមួយប្រទេស ចិន។
ដូចដែលប្រធានាធិបតី Trump បានថ្លែងកាលពីប៉ុន្មានម៉ោងមុននេះ នៅក្នុងការិយាល័យអូវាល់ (Oval Office) ថា យើងមាន “ការគោរពខ្លាំងណាស់ចំពោះប្រធានាធិបតីស៊ី Xi… [និង] និងការគោរពដ៏ធំធេងចំពោះប្រទេសចិន” ។ ប៉ុន្តែតាមការថ្លែងរបស់ប្រធានាធិបតីថា “ប្រទេសចិនបានទាញយកផលប្រយោជន៍ពីសហរដ្ឋអាមេរិកអស់ជាច្រើនឆ្នាំមកហើយ”។ ថ្ងៃទាំងនោះ បានចប់ហើយ។
លោកប្រធានាធិបតីបានបន្ថែមថា ប្រទេសចិនមាន “ឧបសគ្គច្រើន”; ពួកគេមាន “ពន្ធលើទំនិញចេញចូលយ៉ាងច្រើន”; ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ប្រទេសរបស់ពួកគេធ្វើការកំណត់ កូតា បង្ខំឱ្យផ្ទេរបច្ចេកវិទ្យាដែលបង្ខំ លួចយកកម្មសិទ្ធិបញ្ញា ឧបត្ថម្ភធនក្នុងឧស្សាហកម្ម ក្នុង កម្រិតមិនធ្លាប់មានពីមុនមក។ សកម្មភាពបែបនេះបានរួមចំណែកពិតប្រាកដចំពោះឱនភាពពាណិជ្ជកម្មរហូតដល់ 375 ពាន់លានដុល្លារ ជាមួយហរដ្ឋអាមេរិកគ្រាន់តែកាលពីឆ្នាំទៅ ។ ប៉ុន្តែប្រធានាធិបតីបានថ្លែងនៅថ្ងៃនេះថា “ឥឡូវរឿងនេះ បានផ្លាស់ប្តូរហើយ” ។
យើងបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីដោះស្រាយភាពមិនស្មើគ្នានៃការធ្វើពាណិជ្ជកម្មរបស់យើងជាមួយប្រទេសចិន។ យើងបានកំណត់ពន្ធលើទំនិញចិនដែលមានទឹកប្រាក់ចំនួន 250 ពាន់លានដុល្លារ ហើយយើងអាចនឹងបង្កើនពន្ធលើមុខទំនិញរបស់ចិន ចំនួនពីរដង ច្រើនជាងនេះទៀត ។ ប៉ុន្តែយើងសង្ឃឹមថា អ្វីៗនឹងបាន ប្រសើរជាងមុន។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិកនឹងមិនផ្លាស់ប្តូរដំណើរការនេះទេ ដរាបណាប្រទេសចិនផ្លាស់ប្តូរទង្វើ របស់ខ្លួន។
ក្រៅពីការធ្វើពាណិជ្ជកម្ម សហរដ្ឋអាមេរិកកំពុងតែជម្រុញការវិនិយោគឯកជននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដែលមិនធ្លាប់មានកាលពីមុន។ នៅពេលយើងស្ថិតនៅទីនេះនៅថ្ងៃនេះ ក្រុមហ៊ុនអាមេរិកកំពុងជួលនិងបណ្តុះបណ្តាលកម្មកររបស់អ្នក ដោយធ្វើអោយពួកគេមាន ស្តង់ដារខ្ពស់បំផុត។ ពួកគេមិនបម្រើឱ្យរាជធានីនៅឆ្ងាយទេ; ពួកគេនាំយកអត្ថប្រយោជន៍ដោយផ្ទាល់អោយ ប្រទេសរបស់អ្នក។ ហើយអ្នកមិនត្រូវការមើលឆ្ងាយពីប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea) ទេ បើចង់ឃើញ ភស្តុតាងនៃសារៈសំខាន់ដ៏ខ្លាំង និងអត្ថប្រយោជន៍នៃការវិនិយោគរបស់អាមេរិក។
ឧទាហរណ៍៖ ក្រុមហ៊ុន ExxonMobil បានបណ្តាក់ទុនដែលមានទឹកប្រាក់ជាង 19 ពាន់លានដុល្លារនៅក្នុងប្រទេសនេះ ដោយមានការសាងសង់បំពង់បង្ហូរឧស្ម័នប្រវែងជាង 450 ម៉ាយល៍ — (ការអបអរសាទរដោយទះដៃ) — និងបង្កើតការងារជាង 2,600 នៅទីនេះ នៅប្រទេសប៉ាពួញូហ្គីណេ (Papua New Guinea)។ (ការអបអរសាទរដោយទះដៃ។) ហើយមានការជួលបម្រើការងារបុគ្គលិកក្នុងស្រុកភាគច្រើន។ ឥឡូវនេះខ្ញុំបានទទួលដំណឹងថាក្រុមហ៊ុន ExxonMobil មានបំណងបង្កើនសមត្ថភាពរោងចក្ររបស់ខ្លួនទ្វេដងនៅទីនេះ នៅទីក្រុង Port Moresby ដែលមានទឹកប្រាក់វិនិយោគរាប់ពាន់លានដុល្លារផ្សេងទៀត។ ហើយនៅថ្ងៃស្អែកខ្ញុំទន្ទឹងរង់ចាំចូលរួមជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់យើងជាច្រើនទៀតនៅក្នុងតំបន់ ដើម្បីប្រកាសពីគំនិតផ្តួចផ្តើមជាប្រវត្តិសាស្ត្រ ដែលនឹងផ្លាស់ប្តូរអនាគតរបស់ប៉ាពួញូហ្គីណេ (Papua New Guinea)។ (ការអបអរសាទរដោយទះដៃ។)
ប៉ុន្តែការវិនិយោគរបស់អាមេរិក មិនត្រឹមតែរីកចម្រើននៅទីនេះទេ ការវិនិយោគនេះកំពុងមានដំណើរការកើនឡើងខ្លាំងនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)។ ក្រុមហ៊ុនរបស់យើងកំពុងសាងសង់រោងចក្រអគ្គិសនីនៅប្រទេសបង់ក្លាដេស និងពង្រីកការតភ្ជាប់ឌីជីថលនៅនេប៉ាល់។ ពួកគេកំពុងសាងសង់បន្ទះសូឡានៅប្រទេសវៀតណាម និងមជ្ឈមណ្ឌលច្នៃប្រឌិតនៅសិង្ហបុរី រៀបចំរចនាសម្ព័ន្ធហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសប៉េរ៉ូ និងពង្រីកសេវាថែទាំសុខភាពនៅប្រទេសឈីលី។ ហើយពួកគេកំពុងរៀបចំដំឡើងនិងថែរក្សាខ្សែកាបក្រោមទឹក ដើម្បីភ្ជាប់ប្រទេសជាច្រើននៅតំបន់ប៉ាស៊ីហ្វិកខាងត្បូងទៅសហរដ្ឋអាមេរិក និងពិភពលោកទាំងមូល។
ហើយអាមេរិកកំពុងចាត់វិធានការ ដើម្បីជម្រុញលើកទឹកចិត្តដល់ការវិនិយោគកាន់តែច្រើនឡើងជាពិសេសការតភ្ជាប់ឌីជីថល។ នៅសប្តាហ៍នេះយើងបានបង្កើតភាពជាដៃគូទីក្រុងស្មាតអាស៊ានអាមេរិក (U.S.-ASEAN Smart Cities Partnership) ដើម្បីពង្រឹងសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍តាមអ៊ីនធឺរណេត និងនាំអ្នកជំនាញពីស្ថាប័នអាមេរិក ឱ្យមកបំពេញ តម្រូវការឌីជីថលនៅក្នុងតំបន់នេះ។ នៅពេលយើងបន្តដំណើរការគម្រោងស្រដៀងគ្នានេះ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ខ្ញុំអាចធានាលោកអ្នកថា យើងនឹងបន្តប្រកាន់យកជំនឿយ៉ាងឆាប់រហ័សរបស់យើងថាគួរមាន តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដែលបើកទូលាយនិងដោយសេរី ដែលសមនឹងទទួលបានអ៊ីធឺណិតដែលបើកទូលាយនិងដោយសេរីផងដែរ។ (ការអបអរសាទរដោយទះដៃ។)
ដោយមានការប្តេជ្ញាចិត្តថ្មីនេះចំពោះការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍន៍នោះ យើងក៏កំពុងកំណត់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) មានអាទិភាពខ្ពស់ផងដែរ ដោយគិតពីផ្លូវថ្នល់ដល់ផ្លូវដែក កំពង់ផែដល់បំពង់បង្ហូរឧស្ម័ន ព្រលានយន្តហោះដល់បណ្តញទិន្នន័យទូរស័ព្ទ។ ហើយសហរដ្ឋអាមេរិក មានដំណោះស្រាយតាមគោលការណ៍មួយដែលមានជំហរផ្ទុយគ្នាទាំងស្រុងទៅនឹងប្រទេសមួយចំនួនផ្សេងទៀត។
នៅពេលយើងនិយាយ យើងទាំងអស់គ្នាយល់ដឹងហើយថា ប្រទេសខ្លះកំពុងមានការផ្តល់ជូនប្រាក់កម្ចីផ្នែកហេដ្ឋារចនាសម្ព័ន្ធដល់រដ្ឋាភិបាលនានានៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) និងពិភពលោកជារួម ។ ប៉ុន្តែលក្ខខណ្ឌប្រាក់កម្ចីទាំងនោះ ជាញឹកញាប់ មិនភាពមិនច្បាស់ ។ គម្រោងនានាដែលពួកគេគាំទ្រ ជាញឹកញាប់មិនអាចមាននិរន្តភាព និងមានគុណភាពមិនល្អ។ ហើយជារឿយៗគម្រោង មានភ្ជាប់មកជាមួយលក្ខខណ្ឌ ហើយនាំឱ្យមានបំណុលដ៏ច្រើន។ (ការអបអរសាទរដោយទះដៃ។)
មិនយូរប៉ុន្មានឡើយ បន្ទាប់ពីសង្គ្រាមដើម្បី ឯករាជ្យរបស់យើងនោះ ប្រធានាធិបតីទីមួយនៃប្រទេសខ្ញុំគឺលោក George Washington បានព្រមានពីគ្រោះថ្នាក់ដែលអាចបំផ្លាញអ្វីទាំងអស់ ដែលយើងបានសម្រេច គឺ បំណុល និងការជ្រៀតជ្រែកពីបរទេស។ ហើយថ្ងៃនេះ សូមអនុញ្ញាតឱ្យខ្ញុំនិយាយទៅកាន់ប្រទេសទាំងអស់នៅទូទាំងតំបន់ និងពិភពលោកដ៏ធំទូលាយនេះ៖ មិនត្រូវទទួលយកបំណុលបរទេស ដែលអាចធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់អ្នក។ សូមការពារផលប្រយោជន៍របស់អ្នក។ រក្សាភាពឯករាជ្យរបស់អ្នក។ ហើយធ្វើដូចប្រទេសអាមេរិក ដោយដំកល់ប្រយោជន៍នៃប្រទេសរបស់អ្នកអោយខ្ពស់ជាងផលប្រយោជន៍របស់បរទេស។ (ការអបអរសាទរដោយទះដៃ។)
ត្រូវយល់ដឹងថាសហរដ្ឋអាមេរិក ផ្តល់ជូនជម្រើសដែលល្អ ។ យើងមិន ធ្វើឱ្យដៃគូរបស់យើង លិចលង់នៅក្នុងសមុទ្របំណុលឡើយ។ យើងមិនបង្ខិតបង្ខំ ឬធ្វើឱ្យប៉ះពាល់ដល់ភាពឯករាជ្យរបស់អ្នកឡើយ។ សហរដ្ឋអាមេរិកធ្វើជំនួញ ដោយបើកចំហ ដោយយុត្តិធម៌។ យើងមិនផ្តល់ជូនខ្សែក្រវ៉ាត់ដែលរឹតតឹង ឬផ្លូវថ្នល់មួយដែលមានតែទៅឡើយ។ នៅពេលអ្នកធ្វើជាដៃគូជាមួយយើងនោះ យើងធ្វើជាដៃគូជាមួយអ្នក ហើយយើងរីកចម្រើនទាំងអស់គ្នា។
នៅខណៈពេលការវិនិយោគជាបន្ត របស់យើងមានការរីកចម្រើននៅទូទាំងតំបន់នេះ មានទំហំធំធេងក្តី តែសហរដ្ឋអាមេរិកបានបន្តឈរ ជាមួយប្រទេសដែលមានចិត្តដូចយើង ដើម្បីធានាសន្តិសុខនិងសន្តិភាពនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)។
លោកអ្នកដឹងទេ វាជាការ គួរឱ្យកត់សម្គាល់ នៅពេល លោកប្រធានាធិបតីបានថ្លែងនៅចំពោះមុខលោកអ្នកកាលពីឆ្នាំមុនថា ការគំរាមកំហែងដ៏ធំបំផុតចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) គឺរបបគ្រប់គ្រងនៅប្រទេសកូរ៉េខាងជើង។ យើងទាំងអស់គ្នាចងចាំថ្ងៃនោះ៖ ការសាកល្បងនុយក្លេអ៊ែរ មីស៊ីលហោះឆ្លងកាត់ប្រទេសជប៉ុន សង្រ្គាមពាក្យសម្តី និងបង្ករឿង។
ដោយ ប្រឈមនឹងការគំរាមកំហែងនេះ សហរដ្ឋអាមេរិកបានគៀងគរ ពិភពលោក ដើម្បីធ្វើ យុទ្ធនាការដាក់សម្ពាធដែលមិនធ្លាប់មានកាលពីមុន។ ហើយនៅពេលពិភពលោកបានធ្វើជាសាក្សីនៅឯកិច្ចប្រជុំកំពូលប្រវត្តិសាស្ត្ររបស់ប្រធានាធិបតី Trump ជាមួយប្រធានាធិបតី គីម Kim នៅប្រទេសសិង្ហបុរីកាលពីខែមិថុនានោះ ការប្តេជ្ញាចិត្ត រួមរបស់យើង បានទទួលលទ្ធផល។ គ្មានការសាកល្បងនុយក្លេអ៊ែរទៀតទេ។ គ្មានមីស៊ីលទៀតឡើយ។ ចំណាប់ខ្មាំងរបស់យើង បានមកដល់ផ្ទះវិញ។ ហើយក្តីសង្ឃឹមនៃសន្តិភាពនៅឧបទ្វីបកូរ៉េ គឺមានជីវិតរស់នៅម្តងទៀត។
នៅពេលយើងនិយាយ សហរដ្ឋអាមេរិកកំពុងរៀបចំផែនការសម្រាប់កិច្ចប្រជុំកំពូលមួយទៀតរវាងប្រធានាធិបតី Trump និងប្រធានាធិបតី គីម Kim។ ប្រទេសទាំងអស់ត្រូវតែបន្តស្ថិតនៅជាមួយគ្នា ប្រតិបត្តិតាម ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងកំណត់អោយកូរ៉េខាងជើងបំពេញតាម ការសន្យាដែលខ្លួនបានធ្វើនៅក្នុងសេចក្តីប្រកាសនៅប្រទេសសិង្ហបុរី ហើយយើងនឹងអនុវត្តដូច្នេះផងដែរ។
យើងត្រូវតែប្រុងប្រយ័ត្ន និងហើយមានការប្តេជ្ញាចិត្ត ដើម្បីសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរដោយមានការត្រួតពិនិត្យពេញលេញ ចុងក្រោយរបស់កូរ៉េខាងជើង។ យើងមានកាតព្វកិច្ចចំពោះកូនៗរបស់យើង ដើម្បីធានាបានសន្តិភាពយូរអង្វែងសម្រាប់ប្រជាពលរដ្ឋកូរ៉េ យើងមានកាតព្វកិច្ច ចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ហើយយើងមានកាតព្វកិច្ចចំពោះពិភពលោកនេះ។ (ការអបអរសាទរដោយទះដៃ។)
ហើយប្រធានាធិបតី Trump បានបញ្ជាក់ច្បាស់កាលពីឆ្នាំមុនថា សហរដ្ឋអាមេរិកនៅតែប្រុងប្រយ័ត្នចំពោះការគំរាមកំហែងផ្សេងទៀត ដែលប្រឈមបញ្ហានៅតំបន់នេះ គឺក្រុមជនឧក្រិដ្ឋ អ្នករត់ពន្ធគ្រឿងញៀន អ្នកជួញដូរមនុស្ស និងឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធើណែត។ ដើម្បីសម្រេចបានកិច្ចការនេះ យើងនឹងបន្តពង្រីកកិច្ចសហការផ្នែកយោធា ការស៊ើបការណ៍សម្ងាត់ និងការអនុវត្តច្បាប់របស់យើងនៅទូទាំងតំបន់។
យើងនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងដើម្បីទប់ស្កាត់ការគំរាមកំហែងពីក្រុមជ្រុលនិយម។ បន្ទាប់ពីភេរវករដែលបានបំផុសគំនិតអាស៊ីស ISIS បានកើតមានឡើងយ៉ាងខ្លាំងនៅប្រទេសហ្វីលីពីនកាលពីឆ្នាំមុននេះ សហរដ្ឋអាមេរិកបានឈរ ជាមួយសម្ព័ន្ធមិត្តរបស់យើង ដើម្បីរំដោះទីក្រុងម៉ាវី Marawi។ យើងនឹងមិនអនុញ្ញាតឱ្យភេរវជនអ៊ីស្លាមជ្រុលនិយមមានកន្លែងឈរជើងរឹងមាំ នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ឡើយ។
យើងនឹងបន្តឈរ ជាមួយសម្ព័ន្ធមិត្តរបស់យើងផងដែរ និងដៃគូរបស់យើង ដើម្បីការពារព្រំដែនរបស់យើង នៅតាមដីគោកនិងដែនសមុទ្រ និងក្នុងដែនឌីជីថល។ នៅសប្តាហ៍នេះខ្ញុំមានឯក សិទ្ធិ សូមប្រកាសពីភាពជាដៃគូថ្មីរវាងសហរដ្ឋអាមេរិក និងសិង្ហបុរី ដើម្បីបង្កើនការការពារឌីជីថលសម្រាប់ប្រទេសអាស៊ាន ASEAN ចំនួន 10 ។
យើងកំពុងបង្កើតភាពជាដៃគូសន្តិសុខថ្មី និងបង្កើតភាពជាដៃគូសន្តិសុខឡើងវិញផងដែរ ដូចដែលបានបង្ហាញតាមរយៈសមយុទ្ធយោធាជើងទឹកត្រីភាគីថ្មីៗរបស់យើងជាមួយឥណ្ឌា និងជប៉ុន។ ហើយថ្ងៃនេះខ្ញុំមានកិត្តិយសសូម ប្រកាសថាសហរដ្ឋអាមេរិកនឹងធ្វើជាដៃគូជាមួយប៉ាពួញូហ្គីណេ និងអូស្ត្រាលី តាមការផ្តួចផ្តើមគំនិតរួមគ្នារបស់ពួកគេនៅមូលដ្ឋានកងទ័ពជើងទឹក Lombrum នៅកោះ Manus ។ (ការអបអរសាទរដោយទះដៃ។) យើងនឹងធ្វើការជាមួយប្រទេសទាំងនេះ ដើម្បីការពារអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្រនៃកោះនៅក្នុងសមុទ្រប៉ាស៊ីហ្វិកផងដែរ។
ហើយលោកអ្នកអាចមានទំនុកចិត្ត៖ សហរដ្ឋអាមេរិកនឹងបន្តលើកកម្ពស់សេរីភាពនៅលើ សមុទ្រនិងមេឃ ដែលចាំបាច់ណាស់ចំពោះភាពរីកចម្រើនរបស់យើង។ យើងនឹងបន្តហោះហើរ និងបើកបរនាវា នៅគ្រប់ទីកន្លែង ដែល ច្បាប់អន្តរជាតិអនុញ្ញាត និងតម្រូវការផលប្រយោជន៍ប្រទេសរបស់យើង; ការរំខាននឹងពង្រឹងការ តាំងចិត្តរបស់យើង។ យើងនឹងមិនផ្លាស់ប្តូរចិត្តទេ ។ ហើយយើងនឹងបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងនៅក្នុងអាស៊ាន ASEAN ដើម្បីអនុម័តក្រមប្រតិបត្តិ ដែលមានអត្ថន័យ និងមានអំណាចផ្លូវច្បាប់ ដែលគោរពសិទ្ធិប្រទេសទាំងអស់ រួមទាំងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង។ (ការអបអរសាទរដោយទះដៃ។)
នៅចុងបញ្ចប់ ដូចដែលលោកប្រធានាធិបតី Trump បានបញ្ជាក់យ៉ាងច្បាស់កាលពីឆ្នាំមុនថា យើងនឹង “លើកកម្ពស់គោលការណ៍នានាដែលបានផ្តល់ផលប្រយោជន៍ដល់យើងទាំងអស់គ្នា” តាមរយៈមនុស្សជាច្រើនជំនាន់។ សហរដ្ឋអាមេរិកកំពុងធ្វើការតាមដែលយើងនិយាយ ដើម្បីលើកកម្ពស់សង្គមស៊ីវិល នីតិរដ្ឋ និងរដ្ឋាភិបាលដែលមានតម្លាភាព និងទទួលខុសត្រូវនៅទូទាំងតំបន់នេះ។ ទាំងនេះជាចំណុចផ្តើម នៃការរីកចម្រើន ហើយវាជារបងការពារឯករាជ្យភាព។
ថ្ងៃនេះ ខ្ញុំមានកិត្តិយសសូម ប្រកាសគំនិតផ្តួចផ្តើមស្តីពីតម្លាភាពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ថ្មីរបស់យើង។ ជាមួយនឹងការផ្តល់ថវិកាអាមរិកដែលមានទឹកប្រាក់ជាង $400 លានដុល្លារនោះ កម្មវិធីនេះនឹងជួយពង្រឹងប្រជាពលរដ្ឋក្នុងតំបន់ ប្រយុទ្ធប្រឆាំងអំពើពុករលួយ និងពង្រឹងអធិបតេយ្យភាព។ ហើយវាជាកិត្តិយសរបស់យើង ដើម្បីផ្តួចផ្តើមកម្មវិធីនេះ។ (ការអបអរសាទរដោយទះដៃ។)
ប្រជាពលរដ្ឋទាំងអស់នៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) សមនឹងទទួលបានការរស់នៅក្នុងប្រទេសដែលមានការរីកចម្រើន។ ហើយរដ្ឋាភិបាលនានាដែលទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ពួកគេ គឺជា ដៃគូល្អប្រសើរឡើង សម្រាប់យើងទាំងអស់គ្នា រួមទាំងសហរដ្ឋអាមេរិកផងដែរ។
ប្រធានាធិបតីបានថ្លែងនៅកិច្ចប្រជុំ APEC កាលពីខែវិច្ឆិកាឆ្នាំមុនថា ជានិច្ចកាលសហរដ្ឋអាមេរិកនឹងឈរលើគោលការណ៍ដោយគ្មានការសារភាពទោសកំហុសចំពោះសិទិ្ធបុគ្គល។ តាំងពីពេលករកើតនៃប្រទេសអាមេរិក ប្រទេសរបស់យើងបានប្រកាន់យកគោលការណ៍ថា មនុស្សទាំងអស់កើតមកមានសិទ្ធស្មើគ្នា ហើយបានទទួលពីអ្នកបង្ករបង្កើតរបស់យើង នូវសិទ្ធិខ្លះដែលមិនអាចកាត់ផ្តាច់ចេញបាន។ ប្រជាពលរដ្ឋអាមេរិកជឿជាក់លើសេរីភាពនៃការបញ្ចេញមតិយោបល់ សិទ្ធិលើទ្រព្យសម្បត្តិឯកជន និងសេរីភាពសាសនា។ ហើយយើងនឹងបន្តគាំទ្រដល់អ្នកទាំងនោះ ដែលមានបំណងប្រាថ្នាចង់បានសេរីភាពទាំងនេះនៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) និងពិភពលោក។
យើងធ្វើដូច្នេះ ពីព្រោះវាត្រឹមត្រូវប្រកដោយយុត្តិធម៌។ យើងធ្វើកិច្ចការនេះផងដែរ ពីព្រោះវាជាផលប្រយោជន៍របស់យើង ។ ការពិតគឺថា រដ្ឋាភិបាលនានាដែលបដិសេធសិទិ្ធចំពោះប្រជាពលរដ្ឋរបស់ខ្លួនផ្ទាល់ជាញឹកញាប់ រំលោភបំពានលើសិទ្ធិរបស់ប្រទេស ជិតខាងរបស់ខ្លួន។ អំណាចផ្តាច់ការ និងការឈ្លានពានមិនត្រូវមាន នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ទេ។ (ការអបអរសាទរដោយទះដៃ។)
ទៅអនាគត សហរដ្ឋអាមេរិកនឹងបន្តគិតពីប្រយោជន៍ អាមេរិកជាមុនគេ ពីព្រោះគ្រប់ប្រទេសទាំងអស់ដែលមានតំណាងនៅទីនេះ គឺមានភារកិច្ចកំណត់ផលប្រយោជន៍ប្រជាពលរដ្ឋរបស់ពួកគេជាមុន។ ប៉ុន្តែខ្ញុំសង្ឃឹមថា តាមរយៈសុន្ទរកថា របស់ខ្ញុំនៅថ្ងៃនេះនិងការ ដឹកនាំរបស់ប្រធានាធិបតីកាលពីឆ្នាំមុននោះ បានបញ្ជាក់យ៉ាងច្បាស់ថាការគិតផលប្រយោជន៍អាមេរិកគេ មិនមែនមានន័យថាអាមេរិចធ្វើអ្វីៗតែឯកឯងនោះឡើយ។ យើងដឹងថាការរីកចម្រើនរបស់យើង សន្តិសុខរបស់យើង និងអនាគតរបស់យើង គឺពាក់ព័ន្ធនឹងលោកអ្នក។
ប្រធានាធិបតីបានបញ្ជូនខ្ញុំមកទីនេះ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តជាបន្ត របស់យើងមិនត្រឹមតែចំពោះលោកអ្នក និងតំបន់នេះទេ តែថែមទាំងចំពោះ ការប្តេជ្ញាបន្តរបស់យើងចំពោះ APEC និងបេសកកម្មរបស់ខ្លួនក្នុងការជម្រុញទីផ្សារបើកទូលាយ;ការធ្វើពាណិជ្ជកម្មដែលមានសម្បទានទៅវិញទៅមកដោយសេរី និងយុតិ្តធម៌។ ការពិភាក្សាអំពីពាណិជ្ជកម្មនិងសេវាកម្មឌីជីថលនៅសប្តាហ៍នេះ មានសារៈសំខាន់សម្រាប់ការរីកចំរើន ឡើងជាបន្តនៃតំបន់នេះ ហើយយើងមានមោទនភាពក្នុងការជួយគាំទ្រពួកគេ។ ដូចដែលខ្ញុំបានប្រាប់ថ្នាក់ដឹកនាំ ASEAN នៅដើមសប្តាហ៍នេះថា អាស៊ាន ASEAN ជាចំណុចសំខាន់នៃចក្ខុ វិស័យចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) របស់យើង។ ហើយយើងមានមោទនភាពចំពោះភាពជាដៃគូរបស់យើងជាមួយអាស៊ាន ASEAN — អតីតកាល បច្ចុប្បន្ន និងអនាគត។ (ការអបអរសាទរដោយទះដៃ។)
សហរដ្ឋអាមេរិកកំពុងតែធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់យើងជារៀងរាល់ថ្ងៃ។ យើងកំពុងធ្វើការជាមួយជប៉ុន ដើម្បីធ្វើវិនិយោគហេដ្ឋារចនាសម្ព័ន្ធថាមពលដែលមានទឹកប្រាក់ $10 ពាន់លានដុល្លារ នៅតំបន់នេះ ហើយឥឡូវនេះយើងកំពុងធ្វើជាដៃគូជាមួយប្រទេសជប៉ុននិងអូស្ត្រាលី ដើម្បីគាំទ្រគម្រោងអភិវឌ្ឍន៍ឯកជនជាច្រើន នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)។
ក្នុងនាមជាប្រទេសលទ្ធិប្រជាធិបតេយ្យចាស់ជាងគេនៅលើពិភពលោក សហរដ្ឋអាមេរិកមានអារម្មណ៍ថា មានភាពជិតស្និទ្ធ ជាមួយប្រទេសលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតរបស់ពិភពលោក គឺឥណ្ឌា។ ភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងជាមួយឥណ្ឌា គឺជាសមាសភាពដ៏សំខាន់នៃចក្ខុ វិស័យរបស់យើង។ នៅពេលយើងនិយាយ យើងកំពុងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរបស់យើងជាមួយដៃគូការពារជាតិសំខាន់របស់យើង។ យើងកំពុងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរបស់យើងជាមួយឥណ្ឌា និងលើកកម្ពស់គុណតំលៃ រួមគ្នារបស់យើងនៅទូទាំងតំបន់។
យើងបានបង្ហាញការប្តេជ្ញាចិត្តរបស់យើងចំពោះកោះនៅសមុទ្រប៉ាស៊ីហ្វិក ដែលមិនធ្លាប់មានពីមុនមក តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ធ្វើសហប្រតិបត្តិការ ក្នុងវិស័យនេសាទ និងការចុះហត្ថលេខាលើសន្ធិសញ្ញាផ្នែក សមុទ្រថ្មី។ ទោះបីជាប្រទេសតូចបំផុតមួយក៏ ជាអ្នកពាក់ព័ន្ធស្មើភាពគ្នា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដែលមានភាពសេរី និងបើកចំហ ហើយយើងមានមោទនភាពក្នុងការឈរនៅជាមួយគេ និងធ្វើជាដៃគូជាមួយពួកគេទាំងអស់គ្នា។ (ការអបអរសាទរដោយទះដៃ។)
ឥឡូវនេះនៅពេលខ្ញុំឈរនៅចំពោះមុខក្រុមអ្នកដឹកនាំកិត្តិយសក្នុងស្ថាប័នជំនួញ និងជីវិត សាធារណៈ យើងយល់ដឹងអំពីការព្រួយបារម្ភរបស់ពួកគេលើ ការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិកនិងចិន ។ មានការព្រួយបារម្ភមួយថា ការប្រកួតប្រជែងនឹងប៉ះពាល់ដល់សេដ្ឋកិច្ចនៃតំបន់នេះ ឬថាការសាងសង់នៅ សមុទ្រចិនខាងត្បូងនោះ នឹងបង្កើនភាពតានតឹងផ្នែកយោធា។
ដូច្នេះ សូមអនុញ្ញាតឱ្យខ្ញុំពន្យល់ច្បាស់លាស់៖ សហរដ្ឋអាមេរិកស្វែងរកទំនាក់ទំនងល្អប្រសើរជាមួយប្រទេសចិន ដោយផ្អែកលើយុត្តិធម៌ ការធ្វើសម្បទានទៅវិញទៅមក និងការគោរពអធិបតេយ្យភាព។
ការលំបាកនានាដែលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតប្រឈមនឹងទីក្រុងប៉េកាំង ត្រូវបានចងក្រងជាឯកសារយ៉ាងល្អ ដោយរដ្ឋបាលរបស់យើង។ ប្រទេសចិន ដឹងពីជំហររបស់យើង ។ ប៉ុន្តែតាមប្រសាសន៍ប្រធានាធិបតី Trump បានថ្លែងថាយើងចង់ “ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីររបស់យើង និងធ្វើឱ្យប្រសើរឡើងនូវជីវិតរស់នៅប្រជាពលរដ្ឋរបស់យើង” ។
ហើយនៅពេលប្រធានាធិបតីរៀបចំជួបជាមួយប្រធានាធិបតី ស៊ី Xi នៅកិច្ចប្រជុំកំពូល G-20 នៅប្រទេសអាហ្សង់ទីននោះ យើងជឿថាការរីកចម្រើនអាចមាន — ការរីកចម្រើនអាចធ្វើបានរវាងប្រទេសទាំងពីររបស់យើង ទោះជាសហរដ្ឋអាមេរិកនៅតែមានជំហររឹងមាំក៏ដោយ។
ដូច្នេះ សូមអនុញ្ញាតឱ្យខ្ញុំពន្យល់ច្បាស់លាស់ម្តងទៀត៖ ប្រទេសចិនមានកន្លែងកិត្តិយសនៅក្នុងចក្ខុ វិស័យរបស់យើងចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដែលបើកចំហ និងមានភាពសេរី ប្រសិនបើប្រទេសចិនជ្រើសរើសការគោរពអធិបតេយ្យភាពរបស់ប្រទេសជិតខាង; ប្រកាន់យកការធ្វើពាណិជ្ជកម្ម ដោយសេរី យុត្តិធម៌ និងមានសម្បទានទៅវិញទៅមក; លើកកម្ពស់សិទិ្ធមនុស្ស និងសេរីភាព។ ប្រជាពលរដ្ឋអាមេរិក មិនចង់បានអ្វីបន្ថែមទៀតឡើយ; រីឯប្រជាជនចិន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ទាំងមូល មិនសមនឹងទទួលបាន តិចជាងនេះ ឡើយ។
សព្វថ្ងៃនេះដូចជាអាយុកាលកន្លងផុតទៅដែរ សហរដ្ឋអាមេរិកបានផ្តល់ជំនួយ របស់យើងក្នុងភាពជាដៃគូជាមួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ។ ការប្តេជ្ញាចិត្តរបស់យើង គឺមិនប្រែប្រួល និងយូរអង្វែង។ គោលបំណងរបស់យើងត្រូវបានបង្ហាញដោយឆន្ទៈដ៏ល្អអស់រយៈពេលច្រើនជាងពីរសតវត្សរ៍មកហើយ។ ហើយអតីតកាលរបស់យើងគឺគ្រាន់តែផ្នែកផ្តើមនៃអនាគតកាល ដែលយើងនឹងសរសេរជាមួយគ្នាក្នុងកិច្ចសហប្រតិបត្តិការនិងការប្រកួតប្រជែងជាដៃគូស្មោះត្រង់ និងមិត្តភក្តិដែលទុកចិត្ត។
ក្នុងនាមជាប្រទេសមួយនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) សហរដ្ឋអាមេរិកមានមោទនភាពថាជាផ្នែកមួយនៃដំណើររឿងដ៏អស្ចារ្យនេះ ហើយយើងនឹងបន្តសរសេរជំពូកថ្មី ដោយមានការតាំងចិត្ត និងជំនឿ — ជំនឿលើ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ និងសមត្ថភាពមនុស្សគ្រប់រូបដែលគ្មានកំណត់ដើម្បីសម្រេចបានក្តីសុបិន្តរបស់ពួកគេ; ជំនឿលើគោលការណ៍ដែលគួរឱ្យគោរពបំផុតរបស់យើង និងនៅក្នុងចក្ខុ វិស័យរបស់យើងចំពោះ តំបន់នៃពិភពលោកនេះ។ ហើយនៅចុងបញ្ចប់ ខ្ញុំជឿថាយើងមានដំណើរការដោយមានជំនឿ នៅពេលយើងខិតខំធ្វើអោយ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) មានភាពសេរី និងបើកចំហនោះ យើងមិនធ្វើការតែម្នាក់ឯងឡើយ។
នៅឆ្ងាយពីទីនេះ នៅក្នុងសភាប៉ាពួញូហ្គីណេ Papua New Guinea គេបានប្រាប់ខ្ញុំថាមានរតនសម្បត្តិមួយនៃរតនសម្បត្តិជាតិរបស់ប្រទេសនេះ — គឺមានគម្ពីរគ្រិស្តសាសនាស្តេច King James Bible ដែលមានអាយុកាលជាង 400 ឆ្នាំ។ (ការអបអរសាទរដោយទះដៃ។) មុនពេលគម្ពីរគ្រិស្តសាសនាបានធ្វើដំណើរដល់នៅទីនេះ គម្ពីរគ្រិស្តសាសនាបានឆ្លងកាត់រដ្ឋកំណើត Indiana របស់ខ្ញុំ។ គម្ពីរគ្រិស្តសាសនានេះរំលឹក ពីប្រពៃណី វប្បធម៌ និងជំនឿដ៏សម្បូរបែប ដែលបញ្ជាក់លក្ខណៈពិសេសចំពោះតំបន់ដ៏ធំទូលាយនៃពិភពលោកនេះ។ ហើយដោយផ្អែកលើមូលដ្ឋានគ្រឹះនោះ ខ្ញុំជឿថាយើងអាចមានជំនឿថាចក្ខុ វិស័យរបស់យើងចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ដែលមានភាពសេរីនិងបើកចំហ នឹងមានជោគជ័យ ។ ចំពោះអ្វីដែលរៀបរាប់នៅក្នុងសៀវភៅចាស់នោះ “ដែលជាការជម្រុញលើកទឹកចិត្តពីព្រះអង្គ គឺមានសេរីភាព”។ (ការអបអរសាទរដោយទះដៃ។)
ដូច្នេះសូមអរគុណលោកអ្នកទាំងអស់ ដែលបានផ្តល់កិត្តិយសអោយខ្ញុំ ថ្លែង ទៅកាន់លោកអ្នកនៅថ្ងៃនេះ និងចំពោះ ការចូលរួមកិច្ចប្រជុំដ៏សំខាន់នេះ។ យើងនឹងបង្កើតឱ្យមានអនាគតល្អប្រសើរឡើង និងមានជីវិតរុងរឿងជាងអ្វីដែលយើងអាចសាកសួរ ឬស្រមៃ។ យើងនឹងបង្កើតឱ្យមានអនាគតមួយដែលមានប្រទេសធំនិងតូច អាចរីកចម្រើន និងជឿនលឿននៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific)។ ហើយខ្ញុំជឿជាក់ក្នុង ដួងចិត្តរបស់ខ្ញុំ ថា យើងនឹងបង្កើតឱ្យមាននាពេលអនាគតនោះជាមួយគ្នា។
ដូច្នេះក្នុងនាមតំណាងឱ្យប្រធានាធិបតី Trump និងប្រជាពលរដ្ឋអាមេរិក នៅថ្ងៃនេះសូមអរគុណលោកអ្នកចំពោះវត្តមានរបស់អ្នកនៅទីនេះ។ សូមព្រះអង្គប្រទានពរដល់គ្រប់ប្រទេស និងប្រជាពលរដ្ឋទាំងអស់នៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific) ហើយសូមព្រះអង្គប្រទានពរដល់សហរដ្ឋអាមេរិក។ (ការអបអរសាទរដោយទះដៃ។)