សុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូត W. Patrick Murphy នៅក្នុងពិធីជប់លៀងប្រចាំខែលើប្រធាន​បទ ពាណិជ្ជកម្មនិងការវិនិយោគ របស់សភាពាណិជ្ជកម្មសហរដ្ឋអាមេរិកនៅកម្ពុជា

ថ្ងៃព្រហស្បតិ៍ ទី  ខែកញ្ញា ឆ្នាំ ២០២០ ភ្នំពេញ 

សូមអរគុណ លោក លោកស្រីទាំងអស់ដែលបានអញ្ជើញមក សូមអរគុណដល់សភាពាណិជ្ជកម្មអាមេរិកប្រចាំ​នៅកម្ពុជា​ ដែលបានរៀបចំពិធី​នេះឡើង។ យើងខានជួបគ្នាមួយរយៈមកហើយ ហើយខ្ញុំសប្បាយចិត្តដែលបានឃើញអ្នកដែលធ្លាប់ស្គាល់ នៅក្នុងចំណោមនេះ ដែលរួមមានមិត្តយើងនៅក្នុងជួររដ្ឋាភិបាល។

ខ្ញុំសូមអរគុណភ្ញៀវកិត្តិយសដែលរួមមាន ឯកឧត្តម ប៉ាន សូរស័ក្តិ​ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និមល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក Allen Tan ប្រធានសភាពាណិជ្ជកម្មអាមេរិក ប្រចាំ​នៅកម្ពុជា លោក Travis Mitchell នាយកប្រតិបត្តិ​នៃសភាពាណិជ្ជកម្មអាមេរិក នៅកម្ពុជា។

នៅក្នុងឆ្នាំ ២០២០ ទាំងមូល យើងអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដោយផ្តោតការយកចិត្តទុកដាក់លើរូបភាពទាំងមូល​នៃទំនាក់ទំនងរបស់យើង។ ខែកញ្ញា​នេះ យើងបង្ហាញទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង ដែលកំពុងមានការរីកចម្រើនឡើង នៅក្នុងខែអបអរពាណិជ្ជកម្ម និងការវិនិយោគ។ បើយើងក្រឡេកមើលល្បឿននៃការចម្រើនឡើង​នៃទំនាក់ទំនងនេះ វាគួរឲ្យកត់សម្គាល់។  គ្រាន់តែកាលពី ២០ ឆ្នាំមុន​សោះ ពាណិជ្ជកម្មទ្វេភាគីមានបរិមាណ ៨៥០ លានដុល្លារ។ គ្រាន់តែ​កាលពីឆ្នាំទៅ វាបានឡើងដល់ , ពាន់លានដុល្លា គឺកើន  ដង។ 

ពាណិជ្ជកម្ម ពិសេសលទ្ធភាពចូលទៅក្នុងទីផ្សារសហរដ្ឋអាមេរិក បានផ្តល់ប្រយោជន៍​ដល់ប្រទេសកម្ពុជាយ៉ាងច្រើន ក្នុងពេលរាប់ឆ្នាំមក​នេះ។ សហរដ្ឋអាមេរិកគឺជាគោលដៅនាំចេញធំជាងគេរបស់ប្រទេសកម្ពុជា ដោយក្នុងឆ្នាំ ២០១៩ កម្ពុជាបាននាំទំនិញទៅសហរដ្ឋអាមេរិក ក្នុងតម្លៃ , ពាន់លានដុល្លារ។ ទោះបីជាពេលនេះ​មានមេរោគរាតត្បាតជាសាកលក្តី ក៏ការនាំចេញមានកំណើនចំនួន ២៣ភាគរយដែរ ក្នុងឆ្នាំ ២០២០។ ការនាំចេញនេះជួយឲ្យប្រជាជនកម្ពុជារាប់ម៉ឺននាក់មានការងារធ្វើ រាប់ពីការងារតាមរោងចក្រ​នៅក្រុងព្រះសីហនុ និងក្រុងបាវិត ដល់កសិករ​នៅខេត្តបាត់ដំបង និងកំពង់ចាម ដល់អ្នកជំនាញព័ត៌មាន​បច្ចេកវិទ្យា នៅភ្នំពេញ។ ការនាំចេញ​ទាំងនេះមានចំណែកយ៉ាងសំខាន់​ក្នុងកំណើនសេដ្ឋកិច្ចដ៏ច្រើន​របស់កម្ពុជា។

ការនាំចេញរបស់កម្ពុជាថែមទាំងផ្តល់ការចំណេញដល់អតិថិជនអាមេរិកផងដែរ ដោយផ្តល់ឲ្យ​នូវជម្រើស។ ពេលនេះ មានទំនិញ​ពីកម្ពុជានៅក្នុងហាងក្នុងសហរដ្ឋអាមេរិកច្រើនជាងពេលណាទាំងអស់។ ទំនិញទាំង​នេះ​មានមិនត្រឹមតែសម្លៀកបំពាក់ និងស្បែកជើងតែប៉ុណ្ណោះទេ  តែថែមទាំងមានផលិតផលកសិកម្មដែលបានទទួលរង្វាន់ ដូចជាម្រេចកំពត និងអង្ករកម្ពុជា។ លើសពីនេះទៀត លោកអ្នកអាចឃើញមានទំនិញសម្រាប់ការធ្វើដំណើរដែលធ្វើ​នៅកម្ពុជា​ មានលក់​កាន់តែច្រើនឡើង​នៅក្នុងសហរដ្ឋអាមេរិក។

ដូចឯកឧត្តមរដ្ឋមន្រ្តីជ្រាបស្រាប់ហើយ ទំនិញសម្រាប់ការធ្វើដំណើរគឺជារឿងគួរឲ្យកត់សម្គាល់មួយ។ បន្ទាប់ពីសហរដ្ឋអាមេរិកបានផ្តល់ការលើកលែងពន្ធគយដល់ទំនិញសម្រាប់ការធ្វើដំណើរ នៅឆ្នាំ ២០១៦  នៅក្រោមកម្មវិធីនៃប្រព័ន្ធផ្តល់ការអនុគ្រោះទូទៅ (GSP) ទំនិញសម្រាប់ការធ្វើដំណើរដែលនាំចេញពីកម្ពុជា មានតម្លៃកើនពី ៥០ លានដុល្លារដល់ជិត  ពាន់លានដុល្លារ។

ក្នុងពេលដែលយើងស្វាគមន៍ជោគជ័យ​របស់កម្ពុជា គេក៏ត្រូវកត់សម្គាល់ផងដែរថា ទំនាក់ទំនងពាណិជ្ជកម្ម​នៅពេលនេះ គ្មានតុល្យ​ភាពទេ។ ទំនិញនាំចេញរបស់សហរដ្ឋអាមេរិកមកកម្ពុជាមានតម្លៃតែ ៥១៤ លានដុល្លារទេ នៅក្នុងឆ្នាំ ២០១៩។ ដោយសារប្រទេសកម្ពុជាមានការលូតលាស់សេដ្ឋកិច្ច ហើយប្រជាជនកម្ពុជាចូលចិត្តទំនិញមានគុណភាពខ្ពស់របស់អាមេរិក  បរិមាណ​នេះអាចខ្ពស់ជាងនេះឆ្ងាយ។ ខ្ញុំរីករាយនឹងធ្វើការជាមួយលោករដ្ឋមន្រ្តី ដើម្បីលើកទឹកចិត្តឲ្យប្រជាជនកម្ពុជាទិញផលិតផល និងសេវារបស់អាមេរិកច្រើនថែមទៀត។ ការធ្វើដូច្នេះនឹងធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មរបស់យើងមានភាពសេរី យុត្តិធម៌ និងផ្តល់ប្រយោជន៍​ឲ្យគ្នាទៅវិញទៅមក។

ពិតមែនតែពាណិជ្ជកម្មគឺជាផ្នែកសំខាន់មួយ​នៃទំនាក់ទំនងសេដ្ឋកិច្ចរបស់យើងក្តី តែការវិនិយោគក៏​ដើរតួនាទីសំខាន់ផងដែរ។ បើលោកអ្នកដើរមើលទីក្រុងភ្នំពេញ​ នៅពេលនេះ លោកអ្នកនឹងឃើញក្រុមហ៊ុនអាមេរិកកាន់តែច្រើនឡើង រាប់ពីសណ្ឋាគារដល់ហាងលក់រាយ ដល់ភោជនីយដ្ឋាន និងដល់រោងចក្រ។ គេអាចឃើញក្រុមហ៊ុនពហុជាតិធំៗ ដូចជា Chevron, Starbucks និង Marriott ព្រមទាំងក្រុមហ៊ុនតូចៗ ដូចជា Aprati Foods, Montana Fly Company និង AHF Products  ក្រុមហ៊ុនអាមេរិកទាំងនេះ​មិនត្រឹមតែបង្កើតការងារទេ តែថែមទាំងនាំមកនូវនីតិរដ្ឋ តម្លាភាព បទដ្ឋានបរិស្ថាន និងបទដ្ឋានការងារខ្ពស់ ហើយនិងការមិនពុករលួយ។

ក្រៅពីគុណតម្លៃទាំងនេះ ក្រុមហ៊ុន​របស់សហរដ្ឋអាមេរិកផ្តល់ត្រឡប់ទៅឲ្យសហគមន៍ដែលគេធ្វើជំនួញនៅក្នុង​នោះវិញ ពិសេស ជាមួយនឹងកម្មវិធីទទួលខុសត្រូវថ្មីៗ​របស់ក្រុមហ៊ុន ចំពោះសង្គម។ មានគំរូជាច្រើននៅទូទាំងប្រទេសកម្ពុជា នៅពេលសព្វថ្ងៃ​នេះ។ គម្រោងអាងទឹក Aqua របស់ក្រុមហ៊ុនកូកា កូឡាកំពុងផ្តល់ទឹកស្អាតដល់ប្រជាជនជាង ៧០ ០០០ នាក់ មូលនិធិរបស់ក្រុមហ៊ុន GE តាមរយៈកម្មវិធីវះកាត់ដោយសុវត្ថិភាព​របស់ខ្លួន កំពុងជួយពង្រឹងប្រព័ន្ធសុខាភិបាល​របស់ប្រទេសកម្ពុជា ហើយក្រុមហ៊ុនរថយន្ត Ford ដោយមានដៃគូក្នុងស្រុក គឺក្រុមហ៊ុន RMA កំពុងជួយបណ្តុះបណ្តាល និងកសាងសមត្ថភាពរបស់អ្នកបច្ចេកទេសរថយន្តកម្ពុជា។ 

ទាំងគុណតម្លៃ ទាំងកម្មវិធី ដែលក្រុមហ៊ុនអាមេរិកនាំមកជាមួយ នៅពេលគេធ្វើការវិនិយោគគឺជាមូលហេតុដែលខ្ញុំហៅក្រុមហ៊ុនទាំង​នោះថា បទដ្ឋានមាស​នៃវិនិយោគបរទេស។ យើងទាំងអស់គ្នាចង់ឲ្យមានក្រុមហ៊ុនអាមេរិកមកច្រើនថែមទៀត។ ដើម្បីទាក់ទាញក្រុមហ៊ុនបន្ថែមទៀតឲ្យមករកស៊ី​នៅកម្ពុជា ក្រុមហ៊ុនទាំង​នោះចង់ឃើញមានច្បាប់ទម្លាប់ច្បាស់លាស់ និងភាពយុត្តិធម៌​នៅក្នុងការរកស៊ី។

សហរដ្ឋអាមេរិក នៅពេលនេះ មានមធ្យោបាយមួយចំនួនសម្រាប់ជួយដល់អ្នកដែលមានការចាប់អារម្មណ៍​លើពាណិជ្ជកម្ម និងការវិនិយោគ នៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ មធ្យោបាយទាំង​នេះ​រួមមានថវិកាចំនួន ៦០ ពាន់លានដុល្លា សម្រាប់ធ្វើហិរញ្ញប្បទានដល់ការទ្រទ្រង់ការវិនិយោគរបស់វិស័យឯកជន ដែលបានមកពីសាជីវកម្ម Development Finance Corporation (DFC)  ស្ថាប័នដែលមានមុនសាជីវកម្ម​នេះ ដែលមានឈ្មោះថា​ Overseas Private Investment Corporation (OPIC) បានបោះទុនវិនិយោគចំនួន ១៥០ លានដុល្លា នៅក្នុងប្រទេសកម្ពុជា បើគិតមកដល់ពេលនេះ។ បណ្តាញប្រឹក្សាលើប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Transaction Advisory Network (ITAN) ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ហើយពេលនេះ កំពុងរកមើលវិធីសម្រាប់ឲ្យ ITAN ជួយដល់ការអភិវឌ្ឍន៍​នៃប្រទេសកម្ពុជា។

មធ្យោបាយទាំង​នេះ​អាចជួយធ្វើឲ្យមានការវិនិយោគថ្មីៗ នៅកម្ពុជា។ តែដូចពាណិជ្ជកម្មដែរ ការវិនិយោគអាចមានទៅមានមក។ ដោយកម្ពុជាមានសេដ្ឋកិច្ចរឹងមាំ ភាពជឿនលឿន​នៃក្រុមហ៊ុន​របស់ខ្លួន វាដល់ពេលហើយ​សម្រាប់ជំរុញការវិនិយោគ​របស់កម្ពុជា​នៅក្នុងសហរដ្ឋអាមេរិក។ ដើម្បីជំរុញគោលដៅ​នេះ ខ្ញុំសង្ឃឹមថា នឹងបានដឹកនាំគណប្រតិភូធុរកិច្ចកម្ពុជាមួយទៅសហរដ្ឋអាមេរិក ដើម្បីស្វែងយល់ឱកាសវិនិយោគ​នៅទីនោះ។ ក្រុមហ៊ុនកម្ពុជាបង្កើតការងារ​នៅប្រទេសអាមេរិកគឺជាវិធីល្អណាស់ក្នុងការពង្រឹងទំនាក់ទំនង។

ខ្ញុំដឹងថា​ខ្ញុំនិយាយច្រើនហើយ នៅយប់​នេះ។ សារជាគន្លឹះគឺថា ស្ថានទូតអាមេរិកមានការប្តេជ្ញាចិត្ត​ក្នុងការធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ច​របស់យើងមានភាពកាន់តែជ្រាលជ្រៅឡើង​ ទាំង​នៅពេលនេះ ទាំង​នៅពេលអនាគត។ ដើម្បីសម្រេចបំណង​នេះបាន យើងត្រូវធ្វើការជិតស្និទ្ធជាមួយលោកអ្នកទាំងអស់ ទាំងជាមួយវិស័យឯកជន ទាំងជាមួយ​រដ្ឋាភិបាល ដើម្បីធ្វើឲ្យការនេះចេញជារូបរាង។ ខ្ញុំមានជំនឿ ហើយសង្ឃឹមថា​ យើងនឹងអាចធ្វើបាន។ សូមរីករាយនៅយប់​នេះ។