សុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូតនៅក្នុងពិធីចុះហត្ថលេខាលើគម្រោងរបស់មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP) និងអនុស្សារណៈយោគយល់

សារមន្ទីរជាតិ ភ្នំពេញ
ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៨
(រៀបចំសម្រាប់ថ្លែង)

សូមជំរាបសួរ សហការីមកពីផ្នែកសារព័ត៌មាន។ សូមអរគុណលោកអ្នកទាំងអស់ដែលបានអញ្ជើញមកថ្ងៃ​នេះ។

            ខ្ញុំសូមចាប់ផ្តើមដោយសូមអរគុណភ្ញៀវកិត្តិយសរបស់យើងដែលមានវត្តមាននៅថ្ងៃ​នេះ គឺលោកជំទាវបណ្ឌិត ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ លោកគង់ វីរៈ ប្រធានសារមន្ទីរជាតិ។

            ខ្ញុំមានសេចក្តីរីករាយផងឃើញឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងជាមិត្តដ៏ល្អម្នាក់​របស់ខ្ញុំ នៅថ្ងៃនេះ។ នៅក្នុងពេល ៣ ឆ្នាំកន្លងទៅ​នេះ លោក និងខ្ញុំបានចុះហត្ថលេខាលើឯកសារមួយចំនួនជាមួយគ្នា។

ខ្ញុំមានការសោកស្តាយដែលអាណតិ្តរបស់ខ្ញុំជាឯកអគ្គរដ្ឋទូតនឹងចប់ក្នុងពេលឆាប់ៗ​នេះ តែពេលនេះ ខ្ញុំមានសេចក្តីរីករាយ ដោយមានវត្តមាន​នៅក្នុងពិធីដ៏​ពិសេស​នេះ។

ពិធីនេះគឺជាការបង្ហាញអោយឃើញនូវទំនាក់ទំនងល្អ និងយូរលង់ រវាងសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ យើងនឹងចុះហត្ថលេខាលើឯកសារពីរសំខាន់នៅថ្ងៃ​នេះ ដែលបង្ហាញពីទំហំ និងសារៈសំខាន់​នៃទំនាក់ទំនងនេះ។

ឯកសារទី១ ដែលយើងនឹងចុះហត្ថលេខាលើគឺអំណោយថវិការបស់មូលនិធិ AFCP ចំនួន ២០០ ០០០​ ដុល្លា​អាមេរិកដល់អាជ្ញាធរជាតិព្រះវិហារ ដើម្បីជួសជុលជណ្តើរខាងមុខ​នៃប្រាសាទដ៏ល្អ​នេះ។ គម្រោងនេះនឹងជួយថវិកា​ដល់វិធានការបន្ទាន់មួយចំនួនទាក់ទងនឹងការរេចសឹកដ៏ច្រើន និងការធ្វើអោយមានលំនឹងជណ្តើរ ព្រមទាំងការវាយតំលៃ​ពីការជួសជុល និងការអភិរក្សដែលវាត្រូវការ នៅពេលអនាគត។

ក្នុងនាមជាសមាជិកស្ថាបនិក​​នៃគណកម្មាធិការសំរបសំរួលអន្តរជាតិសំរាប់ប្រាសាទព្រះវិហារ យើងមានក្តីរំភើបរីករាយសូមប្រកាសអំណោយជាលើកដំបូងនេះ​របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសំរាប់ការងារអភិរក្ស​នៃប្រាសាទ​នេះ។

ក្រៅពីការធ្វើអោយមានលំនឹងនិងជួសជុលជណ្តើរ គម្រោងនេះជួយបុគ្គលិកអ្នកធ្វើការជាជនជាតិខ្មែរ ក្នុងការបង្កើនចំណេះដឹង និងជំនាញ​ក្នុងការងារជួសជុលរបស់គេ។ ការនេះនឹងពន្លឿនពេលដែលគេមានសមត្ថភាព និងឯកទេសក្នុងការ​ដឹកនាំការងារអភិរក្ស នៅតាមទីតាំងប្រវត្តិសាស្រ្តរាប់ពាន់ នៅទូទាំងប្រទេស។

មូលនិធិឯកអគ្គរដ្ឋទូតសំរាប់ការអភិរក្សវប្បធម៌ (AFCP) គឺជាកម្មវិធីដែលមានសារៈសំខាន់​និងមានតំលៃ​សំរាប់ប្រទេសកម្ពុជា។​ នៅក្នុងអំឡុងពេលនៃការងាររបស់ខ្ញុំ​នៅភ្នំពេញ ប្រទេសកម្ពុជាបានទទួលអំណោយថវិកាពីមូលនិធី AFCP  សំរាប់អភិរក្សសំលៀកបំពាក់របស់អ្នកទោស នៅសារមន្ទីរទួលស្លែង កែលំអកម្មវិធី​សំរាប់សារមន្ទីរអង្គរបូរី ក្នុងខេត្តតាកែវ និងបន្តការជួសជុលប្រាសាទភ្នំបាក់ខែង នៅសួនឧទ្យានអង្គរ។

ខ្ញុំមានមោទនភាពដែលគម្រោងជួសជុលប្រាសាទភ្នំបាក់ខែងគឺជាគម្រោងធំជាងគេមួយដែលមូលនិធិនេះ​បានជួយថវិកា នៅក្នុងសាកលលោក។ យើងបានផ្តល់ថវិកាចំនួនជាង ៣,២ លានដុល្លាពីរដ្ឋាភិបាលសហរដ្ឋអាមេរិក​សំរាប់គម្រោង​នេះ តាំងពីឆ្នាំ ២០០៤ មក ដែលជាការជំរុញអោយមានអំណោយបន្ថែមពីវិស័យឯកជន និងសប្បុរសជន នៅក្នុងសហរដ្ឋអាមេរិក។

ឯកសារទី២ ដែលយើងនឹងចុះហត្ថលេខាគឺការបន្តរយៈពេល ៥ ឆ្នាំទៀត​នៃអនុស្សារណៈនៃការយោគយល់ ទាក់ទងនឹង “ការដាក់កម្រិតហាមប្រាមនូវការនាំចូលវត្ថុបុរាណប្រភេទផ្សេងៗដែលមានប្រភពដើមពីប្រទេស​កម្ពុជា”។

អនុស្សារណៈ​នេះមានឈ្មោះបែបបច្ចេកទេសខ្លាំង តែបំណងរបស់វាគឺងាយយល់ទេ។ វាផ្តល់នូវមធ្យោបាយ​ផ្លូវការ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល​សំរាប់ការសំរាប់ការយកត្រឡប់មកវិញ​នូវវត្ថុបូរាណនិងសម្បត្តិវប្បធម៌​ដទៃទៀត មកកម្ពុជាវិញ។ ដោយផ្តល់មធ្យោបាយនេះ អនុស្សារណៈ​នេះទប់ស្កាត់ការលួច​នៅតាមកន្លែងប្រវត្តិសាស្រ្តល្អៗ ហើយធានាដល់ការបញ្ជូនត្រឡប់វិញនូវវត្ថុបូរាណដែលត្រូវបានលួច។

រយៈពេល ៥ ឆ្នាំដំបូងនៃ MOU មានជោគជ័យច្រើន។ វត្ថុបុរាណចំនួនជាង ២០ ត្រូវបានបញ្ជូនត្រឡប់មក​វិញ រួមទាំងរូបចំលាក់ពីប្រាសាទកោះកេរ។ ខ្ញុំបានចូលរួម​នៅក្នុងពិធីប្រគល់នៃរបស់ដែលត្រូវបានបញ្ជូនមកពី​ពីសារមន្ទីរ Cleveland Museum of Art និងសារមន្ទីរ Denver Art Museum ។​ លោកអ្នកអាចឃើញរូបចម្លាក់នៅក្នុងសារមន្ទីរ​ជាតិនេះ។ វាគឺជានិមិត្តរូបដ៏ល្អអស្ចារ្យ​នៃកិច្ចសហប្រតិបត្តិការរបស់យើង ក្នុងការធានាថា វប្បធម៌​របស់ប្រទេសកម្ពុជាត្រូវបានថែរក្សា សំរាប់មនុស្សរាប់ជំនាន់ទៀត ​នៅកម្ពុជា។

[សំខាន់ដូចគ្នានេះដែរ គឺថា MOU នេះផុ្តល់ក្របខ័ណ្ឌសំរាប់ការខ្ចីបណ្តោះអាសន្ន​នូវវត្ថុបុរាណវប្បធម៌ខ្មែរ​ដល់សារមនី្ទរនិងស្ថាប័នវប្បធម៌អាមេរិក។ វាល្អសំរាប់ទាំងប្រទេសកម្ពុជា​ ទាំងសហរដ្ឋអាមេរិក ពីព្រោះតាមរយៈកម្ចី​នេះ ជនជាតិអាមេរិកអាចឃើញវប្បធម៌ និងប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាដោយផ្ទាល់]

គម្រោងដ៏មានភាពជោគជ័យទាំងនេះ​មិនអាចមានទៅបាន​ដោយគ្មានការសហការរបស់យើងជាមួយនឹងក្រសួងវប្បធម៌នោះទេ។ ខ្ញុំសូមអរគុណជាពិសេសចំពោះលោកជំទាវរដ្ឋមន្រ្តី ចំពោះការដឹកនាំ និងចក្ខុវិស័យ ដែលអនុញ្ញាតអោយយើងពង្រីក និងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការកន្លងមករបស់យើង។

នៅចុងខែនេះ ខ្ញុំនឹងបញ្ចប់អាណត្តិរបស់ខ្ញុំ នៅកម្ពុជា ហើយត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ ខ្ញុំបានធ្វើការងារ​លើបញ្ហានានា នៅក្នុងរយៈពេល ៣ ឆ្នាំ​នេះ តែគ្មានការងារណាដែលធ្វើអោយខ្ញុំពេញចិត្តជាងការជួយ​អភិរក្សសម្បតិ្តវប្បធម៌ខ្មែរ ហើយជួយនាំវាត្រឡប់មកកន្លែងដើមវិញនោះទេ។ សហប្រតិបតិ្តការនេះគឺជាអ្វីដែលប្រជាជនអាមេរិក និងប្រជាជនកម្ពុជាមានមោទនភាពទៅលើ។

លោកជំទាវរដ្ឋមន្រ្តី ការបានធ្វើការជាមួយ​លោកជំទាវ និងក្រុមការងាររបស់លោកជំទាវគឺជាកិត្តិយស និងជាឯកសិទ្ធិមួយ ហើយនេះគឺជាអ្វីដែលខ្ញុំនឹងចងចាំជានិច្ច ពីរយៈកាលដែលខ្ញុំធ្វើជាឯកអគ្គរដ្ឋទូត នៅទីនេះ។

សូមអរគុណទាំងអស់គ្នាជាថ្មីម្តងទៀត។