សុន្ទរកថារបស់ឯកអគ្គរដ្ឋទូត W. Patrick Murphy ក្នុងពិធីសម្ពោធតាមប្រព័ន្ធអុីនធឺណេតនូវ​ ទិនានុប្បវត្តិ លើកទី២ស្តីពីមហាអនុតំបន់ទន្លេមេគង្គ

ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០
ភ្នំពេញ

សូមជម្រាបសួរ!

យើងមានសេចក្តីរីករាយក្នុងការផ្សព្វផ្សាយនូវទិន្នានុប្បវត្តិ លើកទី២ ស្តីពីការសិក្សាពីមហាតំបន់ទន្លេមេគង្គ។ នេះគឺជាវេទិកាមួយ សម្រាប់ពិភាក្សាពីបញ្ហាគន្លឹះ ដើម្បីផ្តល់ព័ត៌មានដល់អ្នកពាក់ព័ន្ធ ហើយពិនិត្យលើបញ្ហាស្មុគស្មាញនានា ដែលតំបន់ នេះ ប្រឈមមុខជាមួយ។ តំបន់មេគង្គក្រោមគឺជាចំណុចផ្តោតមួយ សម្រាប់សមាគមអាស៊ាន និងសហគមន៍ អន្តរជាតិទាំងមូល។ សហរដ្ឋអាមេរិកបានជួយតំបន់នេះ តាមរយៈគម្រោងគំនិតផ្តួចផ្តើមស្តីពីតំបន់ ទន្លេមេគង្គក្រោម (LMI) អស់រយៈពេលជាង ១០ ឆ្នាំមកហើយ។ តាមរយៈកម្មវិធីជាច្រើន ទាក់ទងនឹងបញ្ហាក្នុងវិស័យថាមពល បរិស្ថាន សុខាភិបាល និងអប់រំ ជាមួយនឹងទឹកប្រាក់ជំនួយចំនួនជាង ៣,៥ ពាន់លានដុល្លាសម្រាប់ប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងប្រទេសវៀតណាម។ ទន្លេមេគង្គចងភ្ជាប់តំបន់នេះចូលគ្នា។ វាជាសរសៃឈាម នៃមនុស្សចំនួន ៦០ លាននាក់ ដែលរស់នៅតាមបណ្តោយទន្លេនេះ និងមនុស្សរាប់រយលាននាក់ទៀត ដែលជលផលពីទន្លេនេះ ផ្តល់ជាស្បៀងអាហារយ៉ាងសំខាន់សម្រាប់គេ។

ឧស្សាហូបនីយកម្ម និងនគរូបនីយកម្មដែលមានល្បឿនលឿន បាននាំឲ្យមានការធ្លាក់ចុះ ផ្នែកបរិស្ថាន នៅតាមបណ្តោយទន្លេនេះ និងហានិភ័យដល់សន្តិសុខស្បៀង និងមុខរបរប្រកបជីវភាពរស់នៅ។ គ្រាន់តែ នៅក្នុងសប្តាហ៍ កន្លងទៅនេះ មានរបាយការណ៍ មួយដែលគួរឲ្យទុកចិត្តបាន បានបង្ហាញថា កម្រិតទឹកនៅតាមដងទន្លេមេគង្គមិនមានភាពស្របគ្នាទេ។

ទំនប់វារីអគ្គិសនីនៅតាមប្រភពទឹកទន្លេនៅភាគខាងជើងប្រហែលកំពុងទាញទឹកទុក។បញ្ហាទាំងនេះប៉ះពាល់ដល់ប្រទេសជាច្រើនហើយគេត្រូវតែដោះស្រាយវាតាមរយៈកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ប្រកបដោយតម្លាភាពដោយគិតពីផលប្រយោជន៍នៃប្រទេសទាំងអស់។ឥឡូវនេះយើងឃើញមានសញ្ញាខ្លះគួរជាទីលើកទឹកចិត្តនៅកម្ពុជា។

ក្នុងពេលថ្មីៗនេះក្រសួងរ៉ែនិងថាមពលបានប្រកាសពីការពន្យារពេល១០ឆ្នាំលើការកសាងទំនប់វារីអគ្គិសនីដែលជាការផ្តល់ឲ្យកម្ពុជានូវឱកាសស្វែងរកជម្រើសផ្សេងលើថាមពលដើម្បីជៀសវាងផលប៉ះពាល់ធ្ងន់ធ្ងរលើបរិស្ថាននិងមនុស្ស។

ទិនានុប្បវត្តិស្តីពីការសិក្សា ពីមហាតំបន់ទន្លេមេគង្គ ពិតជាកំពុងតែដើរតួនាទីដ៏សំខាន់មួយ នៅក្នុងការលើកកម្ពស់ការយល់ដឹង។  មានតែតាមរយៈការពិភាក្សា និងជជែកវែកញែកអំពីបញ្ហានានាជាលក្ខណៈអន្តរជាតិ តែប៉ុណ្ណោះដែលអាចនាំឲ្យមានការរីកចម្រើន។

យើងមានមោទកភាពណាស់ ក្នុងការគាំទ្រទិនានុប្បវត្តិ នេះ ហើយយើងក៏មានមោទកភាពផងដែរ ចំពោះក្រុមអ្នកជំនាញ និងអ្នកសិក្សាស្រាវជ្រាវ ដែលចូលរួម នៅក្នុងការខិតខំ នេះ។ ការពិភាក្សាគ្នា ដោយបើកចំហ ពិតជាមានសារសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយ នៅក្នុងតំបន់មេគង្គក្រោម។ យើងនឹងបន្តការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់យើង ចំពោះទិនានុប្បវត្តិដ៏ល្អនេះ ស្តីពីការសិក្សា ពីមហាតំបន់ទន្លេមេគង្គនេះ។ សូមអរគុណ។