សុន្ទរកថារបស់ឯកអគ្គរដ្ឋទូត William Heidt ក្នុងអង្គប្រជុំស្តីពីឱកាសធ្វើពាណិជ្ជកម្មក្នុងផ្នែកកសិកម្មរបស់កម្ពុជា

សណ្ឋាគារ Rosewood
ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨

            សូមជំរាបសួរ​ លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងសហការីដទៃទៀតក្នុងរាជរដ្ឋាភិបាល    កម្ពុជា លោកឧកញ៉ា លោកជំទាវឧកញ៉ា និងអ្នកដឹកនាំឆ្នើមៗដទៃទៀត​ក្នុងក្រុមហ៊ុនកម្ពុជា។

            សូមជំរាបសួរ លោក Allen Tan ប្រធានសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក​នៅកម្ពុជា សមាជិកជាទីគោរព​នៃប្រតិភូធុរកិច្ចអាមេរិករបស់យើង ដែលកំពុងធ្វើទស្សនកិច្ច​នៅកម្ពុជា ភ្ញៀវកិត្តិយស អស់លោក លោកស្រី

            សូមអរគុណដែលបានអញ្ជើញចូលរួមជាមួយយើង​ នៅថ្ងៃ​នេះ។ នៅពេលចុងក្រោយដែលខ្ញុំបានធ្វើការជំរុញផ្សព្វផ្សាពាណិជ្ជកម្ម​នៅក្នុងបន្ទប់នេះ ខ្ញុំបែរជាបានផឹកទឹកដែលចេញពីម៉ាស៊ីនសំអាតកំរាលព្រំ។ ថ្ងៃ​នេះ ខ្ញុំសង្ឃឹមថា នឹងមិនជួបប្រទះនឹងការភ្ញាក់ផ្អើលដូច​នោះទៀតទេ។

            ខ្ញុំរីករាយដោយឃើញមនុស្សច្រើនមកនៅព្រឹកនេះ ដើម្បីពិភាក្សា និងស្វែងយល់ថែមទៀតពីឱកាសធុរកិច្ច នៅក្នុងវិស័យកសិកម្ម​របស់ប្រទេសកម្ពុជា និងដើម្បីផ្សាភ្ជាប់ទំនាក់ទំនង ដែលយើងសង្ឃឹមថា នឹងក្លាយជាភាពជាដៃគូយូរអង្វែង ប្រកបដោយផ្លែផ្កា ។

            ខ្ញុំសូមចាប់ផ្តើមដោយអរគុណរដ្ឋាភិបាលដែលបានធ្វើសហប្រតិបត្តិការ នៅក្នុងការធ្វើអោយមានការប្រជុំធុរកិច្ច​នេះឡើង។ យើងទើបតែមានការស្រស់ស្រូបអាហារពេលព្រឹកជាមួយគ្នាដែលក្នុងនោះ មានការផ្លាស់ប្តូរ​ព័ត៌មាន​គ្នាយ៉ាងច្រើន ជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ហើយរសៀល​នេះ យើងគ្រោងនឹងជួបជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម។

            ការងាររបស់យើងនៅចន្លោះពីពេលនេះ​ដល់ពេលនោះ គឺស្វែងយល់លំអិតពីសក្តានុពលនៃកំណើនផ្នែក    វិស័យកសិកម្មរបស់កម្ពុជា ដែលយើងនឹងពិភាក្សាគ្នាជាបួនវគ្គដាច់ដោយឡែកពីគ្នា ហើយយើងសង្ឃឹមថា វានឹងនាំអោយមានការទាក់ទងជាមួយគ្នាថ្មីៗ។ ដូច្នេះ នៅព្រឹកនេះ ខ្ញុំនឹងមិននិយាយច្រើនទេ។

            នេះជាលើកដំបូងហើយដែលស្ថានទូតអាមេរិកបានរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម ផ្នែកកសិកម្ម។ ដូច្នេះ ខ្ញុំសូមនិយាយបន្តិចអំពីគណប្រតិភូរបស់យើង

  • ក្រុមហ៊ុន​នៅក្នុងគណប្រតិភូរបស់យើងមានប្រវត្តិជាងមួយសតវត្សមកហើយ ក្នុងការធ្វើការជាមួយដៃគូ នៅក្នុងប្រទេសចំនួនជាង ១៣០ នៅទូទាំងសាកលលោក ហើយមានបច្ចេកទេស បរិក្ខា និងឯកទេសល្អបំផុត រាប់ពីផ្នែកជីវបច្ចេកវិទ្យា​និងជី ​ដល់ការវេចខ្ចប់ និងភាពស្វ័យប្រវត្តិ រាប់ពីកសិគីមី ​និងការវិភាគទិន្នន័យ​ដល់ថ្នាំសម្រាប់សត្វ និងគ្រឿងម៉ាស៊ីន​សម្រាប់ប្រមូលផល។
  • ក្រុមហ៊ុនចំនួន ៥ នៅក្នុង​នេះ គឺជាផ្នែកមួយ​នៃក្រុមហ៊ុនល្បី និងធំបំផុតចំនួន ៥០០ របស់សហរដ្ឋអាមេរិក។ កាលពីឆ្នាំទៅ ប្រាក់ចំណូលបូកចូលគ្នាសរុបរបស់ក្រុមហ៊ុនទាំង ៥ នេះមានតំលៃជិត ៧៦០ ពាន់លានដុល្លា។

យើងសប្បាយរីករាយ​ដោយមានក្រុមហ៊ុនកម្ពុជាចំនួនជាង ៦៥ ចូលរួម​នៅក្នុងកម្មវិធីនេះ នៅថ្ងៃ​

នេះ ដូចជាក្រុមហ៊ុន Mong Rethy Group, Amru Rice Group, LCH Investment Group និងក្រុមហ៊ុន​Sanatra Farm Company ។ ក្រុមហ៊ុនទាំងនេះគឺជាក្រុមហ៊ុនឈានមុខគេ​នៅក្នុងទីផ្សា ហើយវាតំណាងអោយអ្វីដែលល្អបំផុតរបស់កម្ពុជា ផ្នែកបញ្ចូលរបៀបថ្មីៗ និងភាពជាសហគ្រិន។ ក្រុមហ៊ុនទាំង​នេះ និងក្រុមហ៊ុនកម្ពុជាដទៃ​ទៀត ដែលមានតំណាង​នៅទីនេះ បានជួយធ្វើអោយវិស័យកសិកម្មកម្ពុជាមានការរីកដុះដាល ពីការចាប់ផ្តើមតូច ក្លាយជាផលិតករនិងទីផ្សារដ៏សំខាន់ នៅក្នុងតំបន់។

            វិស័យកសិកម្មកម្ពុជាមានសក្តានុពលច្រើនសម្បើម។ ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០១២ កំណើន​នៅក្នុងវិស័យ​នេះមាន ៥,៣% ដែលស្ថិតនៅក្នុងចំណោមកំណើនលឿនជាងគេ​ ក្នុងពិភពលោក។ ទិន្នផលដំណាំ និងការនាំចេញផ្នែក​កសិកម្មមានការកើនឡើងគួរឲ្យកត់សំគាល់។ ឥឡូវ ចាប់មានក្រុមហ៊ុនធំៗ ដែលមានសមត្ថភាពប្រកួតប្រជែងហើយ ដូចជាក្រុមហ៊ុនដែលមានតំណាង​នៅទីនេះស្រាប់។

            នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ​នេះ កំណើនមានការថយចុះ។ តែខ្ញុំជឿជាក់ថា ដោយមានគោលនយោបាយត្រូវ បច្ចេកទេសកសិកម្មកាន់តែល្អ និងបច្ចេកទេសត្រឹមត្រូវ ប្រទេសកម្ពុជាអាចក្លាយជាផលិតករឈានមុខ​មួយ។ ក្រុមហ៊ុនអាមេរិកអាចជួយជំរុញបាននៅត្រង់ចំណុចនេះ។

            ដោយសារហេតុផលមួយចំនួន ទស្សនកិច្ចរបស់គណប្រតិភូនៅពេលនេះគឺត្រូវពេលវេលាល្អណាស់។ ទីមួយ យើងទាំងអស់គ្នាដឹងថា ផលិតករកម្ពុជាប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំង​នៅក្នុងតំបន់។ ក្រុមហ៊ុនអាមេ​​ រិក​ ដែលមានតំណាងនៅក្នុងគណប្រតិភូ កំពុងតែមានជោគជ័យ​នៅតំបន់អាស៊ីអាគ្នេយ៍។ គេស្គាល់ទីផ្សារ​នៅក្នុងតំបន់​នេះច្បាស់។ គេមានបច្ចេកទេស គ្រឿងបរិក្ខា ម៉ាស៊ីន និងសេវាថ្នាក់ពិភពលោក ដែលអាចជួយប្រទេសកម្ពុជា​នៅក្នុងការបង្កើនផលិតផល និងផលិតភាព ហើយលើកកំពស់សមត្ថភាពកែច្នៃស្បៀងអាហារ និងការវេចខ្ចប់។

            ទីពីរ វិស័យកសិកម្មរបស់កម្ពុជាប្រឈមនឹងឧបសគ្គស្មុគស្មាញ ដូចជាកំរិតអនាម័យ កំរិតបទដ្ឋទាក់ទងនឹងសត្វចង្រៃនៅក្នុងផ្លែឈើនាំចូល ដែលចោទជាបញ្ហា​ក្នុងការបង្កើនចំនួនមុខទំនិញនាំចេញ។ ក្រុមហ៊ុនអាមេរិកដែលចូលរួម​នៅក្នុងបេសកកម្ម​នេះ អាចជួយប្រទេសកម្ពុជា​ ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះផងដែរ ហើយជួយអោយកម្ពុជាឈានឡើងមួយកំរិតទៀត។

            ទីបី គណប្រតិភូនេះបំពេញបន្ថែមលើការងារ និងការកែទំរង់សំខាន់ៗ ទាំងរបស់រដ្ឋាភិបាល ទាំងរបស់      វិស័យ​ឯកជន នៅកម្ពុជា ក្នុងការកំណត់លក្ខខ័ណ្ឌសម្រាប់កំណើនលូតលាស់ឆាប់រហ័ស នៅក្នុងវិស័យ​នេះ។ ឧទាហរណ៍ នៅក្នុងពេលថ្មីៗ រដ្ឋាភិបាលបានបង្កើនការកែលំអផ្នែកផ្តល់ឥណទាន​សម្រាប់កសិករ។ ការងារ​នេះផ្ញើសារមួយយ៉ាងច្បាស់​អោយគេដឹងថា សេវាកម្ម គ្រឿងបរិក្ខា និងបច្ចេកវិទ្យាថ្នាក់ពិភពលោកត្រូវបានស្វាគមន៍​ នៅ កម្ពុជា។

            ចំណុចចុងក្រោយ គណប្រតិភូ​នេះផ្តើមការងារចេញពីមូលដ្ឋានរយៈពេល ១០ ឆ្នាំ​នៃការផ្តល់ជំនួយផ្នែក​អភិវឌ្ឍន៍​របស់សហរដ្ឋអាមេរិក ដល់វិស័យកសិកម្ម​របស់កម្ពុជា។ ដើមឡើយ ជំនួយ​របស់យើងផ្តោតលើសន្តិសុខ​ស្បៀង និងការផលិតស្បៀងអាហារចាំបាច់ តែនៅពេលនេះ បែរទៅរកការជួយកសិករខ្មែរក្នុងការប្រកួតប្រជែង នៅក្នុងទីផ្សារអន្តរជាតិ និងទីផ្សារថ្នាក់តំបន់ ដែលមានការប្រកួតប្រជែងគ្នាខ្លាំង។ ដូច្នេះ យើងរីករាយដែលតំណាងមកពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) និងកម្មវិធី Harvest II របស់យើងចូលរួម​នៅក្នុងការពិភាក្សានៅថ្ងៃ​នេះ។

            ក្រុមហ៊ុនអាមេរិកតំណាងអោយគុណតំលៃរបស់អាមេរិក។ គេមានកំរិតស្តង់ដាខ្ពស់ ហើយទទួលបានការអោយតំលៃនៅទូទាំងសាកលលោក ចំពោះការមានវប្បធម៌ក្រុមហ៊ុនដែលជំរុញតំលាភាព ការអភិវឌ្ឍន៍​ដែលផ្តោតការយកចិត្តទុកដាក់លើសហគមន៍ និងការគោរពច្បាប់។

            ក្រុមហ៊ុនដែលមានវត្តមាននៅថ្ងៃ​នេះ កំពុងរកមើលអតិថិជន តែគេក៏រកមើលផងដែរនូវដៃគូរយូរអង្វែង មិនមែនគ្រាន់តែត្រឹមក្រុមហ៊ុនប៉ុណ្ណោះទេ តែថែមទាំងភាពជាដៃគូជាមួយកសិករ សហគមន៍​មូលដ្ឋាន  និងមន្រ្តីរដ្ឋាភិបាល​ដែលមានការតាំងចិត្តច្បាស់លាស់ផងដែរ។ ដោយសាររឿង​នេះ ពួកគេគឺជាទូតដ៏ប្រពៃមកពីប្រទេសអាមេរិក នៅតំបន់​ដទៃទៀត ក្នុងពិភពលោក។

            យើងសង្ឃឹមថា កិច្ចប្រជុំពិភាក្សានៅថ្ងៃ​នេះគឺជាការចាប់ផ្តើមនូវភាពជាដៃគូយូរអង្វែង និងជាដំណើរការដែលនឹងនាំការរកស៊ីថែមទៀតផ្នែកកសិកម្ម និងពាណិជ្ជកម្ម សម្រាប់ប្រទេសយើងទាំងពីរ។ យើងមានការប្តេជ្ញា​ក្នុង​ការបន្តធ្វើការខ្ជាប់ខ្ជួនជាមួយលោកអ្នកទាំងអស់គ្នា ដើម្បីធ្វើអោយការ​នេះកើតមានទៅបាន។

            ខ្ញុំសូមណែនាំមនុស្សមួយចំនួនដែលនឹងដឹកនាំការងារជាបន្តនេះ ហើយដែលមានចំណែកយ៉ាងសំខាន់​នៅក្នុងការរៀបចំកិច្ចប្រជុំពិភាក្សាគ្នានេះឡើង។

  • Greg Wong គឺជាទីប្រឹក្សាផ្នែកកិច្ចការពាណិជ្ជកម្មក្រៅប្រទេស​របស់យើង នៅទីក្រុងបាងកក។
  • Robert Hanson គឺជាប្រធានការិយាល័យ​របស់ក្រសួងកសិកម្មសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងហាណូយ និង Megan Francic គឺជាអនុព័ន្ធកសិកម្ម​របស់យើង​ប្រចាំនៅទីក្រុងហូជីមីញ
  • Clint Brewer តំណាង​ការិយាល័យកិច្ចការពាណិជ្ជកម្មក្រៅប្រទេសរបស់យើង ប្រចាំនៅប្រទេសសឹង្ហបូរី។
  • David Sequeira និង Sang Lee ដូចដែលលោកអ្នកបានស្គាល់ហើយ នៅក្នុងស្ថានទូត​របស់យើងនៅកម្ពុជា។

ពួកគាត់ទាំងអស់គ្នានេះ តំណាងអោយជួរមុខ​នៃការងាររបស់យើង​ក្នុងការជំរុញផ្នែកពាណិជ្ជកម្ម

នៅអាស៊ីអាគ្នេយ៍ ហើយជាអ្នកដែលក្រុមហ៊ុនកម្ពុជាគួរទាក់ទងជាមួយមុនគេ។ គេអាចជួយភ្ជាប់ទំនាក់ទំនងរវាងក្រុម​ហ៊ុនកម្ពុជាជាមួយក្រុមហ៊ុនអាមេរិកដទៃទៀត ដែលធ្វើការនៅក្នុងវិស័យ​នេះ។ ព័ត៌មានសម្រាប់ទាក់ទងរបស់គេ​គឺមានបញ្ចាំងអោយឃើញ​នៅទីនេះ ហើយយើងក៏មានបង្ហាញនៅក្នុងសំណុំឯកសារដែលលោកអ្នកបានទទួល ។ លោកអ្នកអាចទាក់ទងពួកគាត់ដោយផ្ទាល់។

            ខ្ញុំសូមអរគុណលោកអ្នកជាថ្មីម្តងទៀត ដែលបានអញ្ជើញមក ថ្ងៃនេះ ហើយសូមអោយការពិភាក្សាគ្នា​នៅថ្ងៃ​នេះមានលទ្ធផលល្អ។ នៅក្នុងរយៈពេលមួយឆ្នាំ ឬ ២ ឆ្នាំទៀត ខ្ញុំសង្ឃឹមថា យើងអាចក្រលេកមើលមកថ្ងៃ​នេះ​ហើយឃើញថាថ្ងៃនេះគឺជាថ្ងៃដែលយើងបានចាប់ផ្តើមជួយអោយប្រទេសកម្ពុជាឈានឡើងចេញពីការនាំចេញផលិតផលកសិកម្មជាវត្ថុធាតុដើម ក្លាយជាប្រទេសដែលមានភាពខ្លាំងក្នុងការកែច្នៃ និងចែកចាយផលិតផល នៅតំបន់អាស៊ី​អាគ្នេយ៍!

            សូមអរគុណ។ ខ្ញុំសូមលើកកែវស្រាអាមេរិក ដែលជាផលិតផលកសិកម្មដ៏ល្អបំផុតមួយ​របស់យើង ជាមួយ​លោកអ្នក នៅក្នុងពិធីនេះ។