សុន្ទរកថាលោកភារធារីស្ថានទូតអាមេរិក Ben Wohlauer ក្នុងពិធី​ប្រគល់ ទទួលអំណោយ​វ៉ាក់សាំង Johnson & Johnson របស់រដ្ឋាភិបាលសហរដ្ឋ​អាមេរិក ជូន​ប្រទេស​កម្

អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ 

ថ្ងៃសុក្រ ទី ៣០ ខែ កក្កដា ឆ្នាំ ២០២១ 

សូមជម្រាបសួរ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុ​នហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាង​នៃអង្គការយូនីសេហ្វ(UNICEF) តំណាង​នៃអង្គការសុខភាព​ពិភពលោក (WHO) សមាជិកអ្នកសារព័ត៌មាន អស់លោក លោកស្រីទាំងអស់ 

តាមនាមឱ្យលោកឯកអគ្គរដ្ឋទូត Murphy ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដែលមានវត្តមានជាមួយអស់លោក លោកស្រី នៅព្រឹក​នេះ 

លទ្ធភាពទទួលបានជាសាកល ប្រកបដោយសមធម៌ នូវវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាព មានសារៈសំខាន់ណាស់ សម្រាប់បញ្ចប់មេរោគរាតត្បាតកូវីដ១៩ ធ្វើការ​សង្គ្រោះជីវិត កសាងប្រទេសឡើងវិញ ហើយបញ្ឈប់ការគំរាមកំហែង​នៃវីរុសបម្លែងថ្មី។ ដូច្នេះ ដូចដែលលោកប្រធានាធិបតី Biden បានមានប្រសាសន៍​ហើយថា យើងត្រូវតែរូតរះដូចគ្នានឹងកិច្ច​ប្រឹង​ប្រែងរបស់យើងនៅក្នុងស្រុកកំណើត ក្នុងការងារចាក់វ៉ាក់សាំងនៅក្រៅប្រទេស។  

នៅព្រឹកនេះ ជើងយន្តហោះទីមួយ ក្នុងចំណោមជើងយន្តហោះចំនួនពីរ ដែលដឹកវ៉ាក់សាំងចំនួន ១,០៦០,១០០ដូស នៃវ៉ាក់សាំង Johnson & Johnson ដែលតម្រូវឲ្យចាក់តែមួយដូស បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះគឺជាអំណោយរេបស់ប្រជាជនអាមេរិក តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ដែលនឹងការពារប្រជាជនកម្ពុជាបានចំនួនជាង ១ លាននាក់។ ជាមួយនឹងការរួមចំណែក​នេះ សហរដ្ឋអាមេរិកបញ្ជាក់សាជាថ្មី​ នូវការប្តេជ្ញាចិត្តយូរអង្វែង ចំពោះសុខភាពសាធារណៈ នៅកម្ពុជា។ ការប្តេជ្ញាចិត្ត​នេះ​មានភាពច្បាស់លាស់ជាងពេលណាទាំង​អស់ នៅក្នុងអំឡុងពេល​នៃការផ្ទុះជំងឺរាតត្បាតជាសាកល​នេះ។ 

ខ្ញុំសូមបញ្ជាក់ថា យើងមិនមែនផ្តល់វ៉ាក់សាំងទាំង​នេះដើម្បីយកចិត្ត ឬទាញយកសម្បទានអ្វី​នោះទេ។ យើងផ្តល់វ៉ាក់សាំងដោយគ្មានចំណងភ្ជាប់លក្ខខណ្ឌនោះទេ ។ យើងផ្តល់វ៉ាក់សាំងមក​នេះ គឺដើម្បីសង្គ្រោះជីវិតមនុស្ស និងដឹកនាំការខិតខំរបស់ពិភពលោក ដើម្បីបញ្ចប់រោគរាតត្បាត​នេះ។ 

សហរដ្ឋអាមេរិកបានសន្យាផ្តល់ប្រាក់ចំនួន ៤ ពាន់លានដុល្លារ ដល់យន្តការ​កូវ៉ាក់ ដែលធ្វើឲ្យសហរដ្ឋអាមេរិកជាប្រទេសរួមវិភាគទានធំជាងគេតែមួយគត់ ដល់ការឆ្លើយតបជាអន្តរជាតិ ចំពោះជំងឺកូវីដ១៩។ នៅកម្ពុជា សហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួនជាង ១១ លានដុល្លារ ជាជំនួយទាក់ទងនឹងជំងឺកូវីដ១៩ ចាប់តាំងពីរោគរាតត្បាត​នេះ​បានផ្ទុះឡើង។ តាំងពីការចាប់ផ្ទុះឡើង​នៃមេរោគ​នេះ ទីភ្នាក់ងារនានាផ្នែកសុខាភិបាលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើការជាមួយសមភាគី​ខាងកម្ពុជា​របស់គេ លើការអង្កេត តាមដានអ្នកប៉ះពាល់ ការគាំទ្រលើការចាក់វ៉ាក់សាំង និងការស្រាវជ្រាវ ដើម្បីទប់ស្កាត់ការរាលដាល​នៃមេរោគកូវីដ ១៩ 

ពិតមែនហើយ ការយកឈ្នះលើមេរោគរាតត្បាតទាមទារឲ្យមានការខិតខំរួមគ្នា ហើយសហរដ្ឋអាមេរិកមានកិត្តិយសក្នុងការចូលរួមជាសមាជិកមួយ​នៃក្រុមការងារឆ្នើម ដែលរួមមានអ្នកចូលរួមថ្នាក់ជាតិ និងអន្តរជាតិ។ ចំពោះសហការីមកពីអង្គការ UNICEF ខ្ញុំសូមអរគុណចំពោះការសហការរបស់គេ។ យើងបានរួមគ្នាផ្តល់សម្ភារៈផ្តត់ផ្គង់ចាំបាច់ សម្រាប់ការការពារ និងអនាម័យ ដល់សាលារៀន មជ្ឈមណ្ឌលចត្តាឡីស័ក និងវត្តអារាម។ យើងបានធ្វើការរួមគ្នាជាមួយក្រសួងសុខាភិបាលកម្ពុជា សំដៅ​លើប្រជាជនកម្ពុជាចំនួនជាង ១០ លាននាក់នៅទូទាំងប្រទេស ដោយប្រើវិទ្យុ វីដេអូ ឯកសារបោះពុម្ព ដើម្បីការពារការឆ្លងមេរោគកូវីដ។ តាមរយៈការរៀបចំផែនការដ៏ល្អ​របស់ក្រសួង ទើបយើងអាចបញ្ជូនវ៉ាក់សាំងមកបាន នៅថ្ងៃ​នេះ និងនៅថ្ងៃចន្ទ។ 

ខ្ញុំសូមអរគុណផងដែរ ចំពោះលោកស្រី​វេជ្ជបណ្ឌិត Ailan និងក្រុមបុគ្គលិក​នៃអង្គការសុខភាពពិភពលោក ដែលបានខិតខំដោយមិនគិតការនឿយហត់ ដើម្បីបន្ធូរបន្ថយផលប៉ះពាល់​នៃរោគរាតត្បាត​នេះ នៅកម្ពុជា ​រាប់ពីការមកដល់​នៃនាវាទេចរណ៍ដឹកអ្នកដំណើរ MS Westerdam កាលពីខែកុម្ភៈកន្លងទៅ រហូតដល់ថ្ងៃនេះ។ ការដឹកនាំ​របស់គាត់មានសារៈសំខាន់ណាស់ ក្នុងការពូនផ្តុំសម្ព័ន្ធភាពក្នុងចំណោមដៃគូអន្តរជាតិដែលធ្វើការទាក់ទងនឹងសុខភាព និងរាជរដ្ឋាភិបាលកម្ពុជា។ 

សំខាន់បំផុត​គឺចំពោះឯកឧត្តមរដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលខ្ញុំសូមអរគុណចំពោះការខិតខំដ៏ប្រសើរ​របស់ក្រុមបុគ្គលិកថ្នាក់ជាតិរបស់គាត់ ភាពក្លាហាន​របស់អ្នកធ្វើការជួរមុខរបស់កម្ពុជា និងភាពជាអ្នកដឹកនាំ​របស់ឯកឧត្តមនៅក្នុងពេលដ៏លំបាកបំផុត​នេះ។ ក្រោមការដឹកនាំ​របស់ឯកឧត្តម ប្រទេសកម្ពុជាបានវាយតម្លៃបានយ៉ាងឆាប់រហ័ស នូវការគំរាមកំហែង បង្កើតផែនការ និងចូលរួមជាមួយដៃគូទាំងអស់ ដើម្បីបញ្ឈប់ការរាលដាល​នៃមេរោគកូវីដ១៩។ ពិតមែនតែការតស៊ូ​នេះ​មិនទាន់ទទួលបានជោគជ័យក្តី តែប្រទេសកម្ពុជាសម្រេចបានជោគជ័យច្រើន នៅក្នុងការរៀបចំប្រព័ន្ធសុខាភិបាល ដើម្បីទប់ទល់នឹងការគំរាមកំហែង បង្កើនសមត្ថភាព​ក្នុងការព្យាបាល កែលម្អប្រព័ន្ធមន្ទីរពិសោធន៍ ធានាលើការតាមរកអ្នកមានការពាក់ព័ន្ធ និងណែនាំការងាររបស់ថ្នាក់ខេត្ត។ 

សហរដ្ឋអាមេរិកនៅតែមានមោទកភាព​ក្នុងការធ្វើជាដៃគូជាមួយពួកគេ និងជួយក្នុងការផ្តល់មធ្យោបាយ ដើម្បីបញ្ចប់មេរោគរាតត្បាត​នេះ និងដើម្បីការពារកុំឲ្យ​មានមេរោគរាតត្បាតថ្មីទៀត