សុន្ទរកថា របស់លោក Stilwell ឧបការីរដ្ឋមន្រ្តី នៅក្នុងសន្និសីទឥណ្ឌូប៉ាស៊ីហ្វិក ស្តីពីការពង្រឹងអភិបាលកិច្ចទន្លេហូរឆ្លងកាត់ព្រំដែន

ថ្ងៃទី ១៥ តុលា ឆ្នាំ ២០២០ 

សូមអរគុណចំពោះ Satu Limaye និងមជ្ឈមណ្ឌល East-West Center និងសូមអរគុណដល់លោកអ្នកទាំងអស់ ដែលចូលរួមជាមួយយើងពីទូទាំងសាលកលលោក។

ខ្ញុំរីករាយដោយជួបលោកអ្នកជាច្រើន ដែលមានគម្រោងចូលរួមជាមួយយើង កាលពីខែកុម្ភៈ មុនពេលដែលជំងឺ​រាតត្បាត បង្ខំឲ្យយើងផ្អាកការប្រជុំនេះ។ ខ្ញុំសូមស្វាគមន៍លោកអ្នក និងអ្នកចូលរួមថ្មីជាច្រើនទៀត នៅថ្ងៃនេះ។

យើងមកប្រជុំគ្នា ពីព្រោះយើងមើលឃើញសារៈសំខាន់នៃទន្លេសម្រាប់សេដ្ឋកិច្ច មុខរបរចិញ្ចឹមជីវិត វប្បធម៌ និងអារ្យធម៌របស់យើង។

 ពិតណាស់ ទន្លេគឺជាកន្លែងដែលបុព្វបុរសមុនដំបូងបង្អស់​របស់យើង រួមគ្នាដើម្បីបង្កើតជាសង្គមមនុស្ស។

 ទឹកគឺជាសារធាតុផ្សំចាំបាច់សម្រាប់ជីវិត ហើយបុព្វបុរសបានដឹង ហើយយល់ពីសារៈសំខាន់នៃទន្លេ។

សង្គមមនុស្ស កសិកម្មរបស់មនុស្ស ឬប្រវត្តិសាស្រ្ត ឬអារ្យធម៌របស់មនុស្សជាតិ បង្ហាញពីតួនាទីដ៏មានសារៈសំខាន់នៃទន្លេ។

 តើពិភពលោកយើងត្រូវមានលក្ខណៈដូចម្តេច បើគ្មានអារ្យធម៌នៃ Mesopotamia ដែលអមដោយទន្លេដ៏ធំ គឺទន្លេ Euphrates និងទន្លេ Tigris? តើប្រទេសអេហ្ស៊ីបសម័យដើមមានទេ បើគ្មានទន្លេនីល ផ្តល់ជីវិតរស់នៅតើអារ្យធម៌ Harappan រលត់ទៅវិញដោយសារទន្លេ Saraswati រីងបាត់ទៅវិញទេតើទីក្រុងឡុងដ៏ អាចក្លាយជារដ្ឋធានីសាកលលោក ដោយគ្មានកំពង់ផែ Thames ទេ ឬតើកំពង់ផែ New York អាចក្លាយជាកំពង់ផែធំជាងគេ ដោយគ្មានទន្លេ Hudson បានទេ?

តាមពិត សន្និសីទនេះត្រូវបានគ្រោងធ្វើ​នៅទីក្រុងបាងកក។ ក្នុងចម្ងាយ ១០០ ម៉ៃល៍ខាងជើងទីក្រុងបាងកក ដែលស្ថិតនៅលើទន្លេ Chao Phraya គឺទីក្រុង Ayuttaya ដែលជាកន្លែងរបស់ស្តេចថៃជំនាន់ដើម។ សព្វថ្ងៃនេះ តាមច្រាំងទន្លេនោះគឺមានទីក្រុងដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍។

ទន្លេធ្វើឲ្យបុព្វការីជនរបស់យើងអាចប្រមូលផ្តុំគ្នា ធ្វើស្រែចំការ និងចិញ្ចឹមមនុស្សកាន់ជាច្រើន។ សង្គមដំបូងៗទាំងនោះបានផ្តើមឲ្យមានភាសានិងអារ្យធម៌។ អារ្យធម៌ទាំងនោះបានផ្តើមឲ្យមានវប្បធម៌ ប្រជាជាតិ អាណាចក្រ និងប្រវត្តិសាស្រ្ត។

 

វដ្តនៃទឹកជំនន់ និងភាពរាំងស្ងួតនៅតាមទន្លេ វដ្តនៃទឹកជំនន់ និងភាពរាំងស្ងួតនៅតាមទន្លេ Yangtze និងទន្លេ Yellow បានបណ្តាលឲ្យគេមានគំនិតរក្សាតុល្យភាពល្អ ដែលមានចែងក្នុងរឿង Yin និង Yang  ទន្លេ Mississippi នាំឲ្យមានទេព្យកោសល្យអស្ចារ្យផ្នែកអក្សរសាស្រ្តរបស់ Mark Twain  ទន្លេ Thames បំផុសឲ្យប្រជាជនអង់គ្លេសស្វែងរកលាភសំណាងលើសមុទ្រ។

ហេតុអ្វីក៏ការយល់ពីទន្លេមានសារៈសំខាន់ហេតុអ្វីក៏គេគួរផ្តោតការយកចិត្តទុកដាក់ទៅលើតួនាទីនៃទន្លេ នៅក្នុងការធ្វើឲ្យមនុស្សជាតិមានការចម្រើនឡើងពីព្រោះអ្នកដែលបង្កឧបសគ្គ រាំងស្ទះ ឬបង្វែរធនធានទន្លេដើម្បីប្រយោជន៍ខ្លួនគេ បណ្តាលឲ្យមានគ្រោះថ្នាក់ឬការខូចខាតធ្ងន់ដល់មុខរបរប្រកបជីវភាព នៃមនុស្សរាប់លាននាក់។ ទន្លេមិនមែនត្រឹមតែជាលក្ខណៈភូមិសាស្រ្តតែប៉ុណ្ណោះទេ  វាជាមូលដ្ឋានសំខាន់ចាំបាច់មួយនៃជីវិតរបស់មនុស្ស។ មនុស្សរាប់លាននាក់ដែលពឹងផ្អែកលើទន្លេ Ganga, Indus, Yamuna និងទន្លេ Brahmaputra ស្គាល់ពីការពិតដ៏សំខាន់នេះ។

ដោយឡែក ប្រជាជននៅតំបន់ទន្លេមេគង្គយល់ពីការពិតនេះ ពីព្រោះគេកំពុងរស់នៅជាមួយនឹងផលវិបាកដ៏អាក្រក់នៃការគ្រប់គ្រងទឹកនៅតំបន់ផ្នែកខាងលើនៃទន្លេ ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរកាន់តែច្រើនឡើងទៅលើជីវិតមនុស្សរាប់សិបលាននាក់ ដែលចាត់ទុកទន្លេជាជីវិតរបស់គេ។

 ប្រទេសអាមេរិក មានកង្វល់ចំពោះដំណើរប្រែប្រួលទាំងនេះ ហើយនេះជាមូលហេតុដែលខ្ញុំមានកិត្តិយស ក្នុងការថ្លែងទៅកាន់លោកអ្នក នៅថ្ងៃនេះ។

 ភាពជាដៃគូ មេគង្គ សហរដ្ឋអាមេរិក

 វាជាសំណាងល្អមួយដែលយើងអាចប្រជុំគ្នាបាន បើទោះបីជាយើងមិនអាចជួបគ្នាទល់មុខក្តី ពីព្រោះទន្លេមេគង្គមានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា។

ភាពជាដៃគូរបស់សហរដ្ឋមេរិកជាមួយប្រទេសកម្ពុជា ឡាវ ភូមា ថៃ និងវៀតណាម បានរីកចម្រើនគួរ​ឲ្យកត់សម្គាល់ ចាប់តាំងពីយើងបានបង្កើតគម្រោងគំនិតផ្តួចផ្តើមស្តីពីតំបន់មេគង្គក្រោម នៅឆ្នាំ ២០០៩។ នៅក្នុងរយៈពេល ១១ ឆ្នាំមកនេះ រដ្ឋាភិបាលសហរដ្ឋមេរិក បានផ្តល់ថវិកាចំនួនជិត , ពាន់លានដុល្លា ជាជំនួយបរទេស ជួយ​ដល់តំបន់ទន្លេមេគង្គ រួមនឹងថវិការាប់ពាន់លានដុល្លារទៀត ជាហិរញ្ញប្បទានផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋមេរិក និងការវិនិយោគនៃវិស័យឯកជនអាមេរិក។

ឆ្នាំនេះមានការពង្រីកបន្តទៀត ជាមួយនឹងការសម្ពោធ កាលពីខែមុន នូវគម្រោង ភាពជាដៃគូរវាងសហរដ្ឋមេរិក និងតំបន់ទន្លេមេគង្គ។ នៅពេលនេះ កិច្ចសហការរបស់យើងធំ មានភាពជ្រាលជ្រៅ និងមានលក្ខណៈជាយុទ្ធសាស្រ្តច្រើនជាងមុន ហើយមានធនធានច្រើនជាងមុន ដែលជាការឆ្លុះបញ្ចាំងពីសារៈសំខាន់នៃតំបន់ទន្លេមេគង្គ និងការប្តេជ្ញាចិត្តរបស់យើង ចំពោះដៃគូនៅតំបន់ទន្លេមេគង្គ។

គម្រោងនៃភាពជាដៃគូ មេគង្គ សហរដ្ឋអាមេរិក ផ្តល់កិច្ចសហប្រតិបត្តិការស្តីពី​អភិបាលកិច្ចតាមដងទន្លេដែលហូរឆ្លងព្រំដែន ជាបញ្ហាចំពោះមុខ។ ហើយវាធ្វើឡើងក្នុងពេល​សំខាន់​។ បញ្ហាប្រឈមក្នុងតំបន់​ ទាក់ទងនឹងធនធានទឹករួមគ្នា មានកាន់តែធំឡើង ចាប់តាំងពីពេលដែលលោក Pompeo រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក បានប្រកាសពីបំណងរបស់យើង ក្នុងការរៀបចំសន្និសីទនេះ នៅក្នុងឆ្នាំ ២០១៩។ នៅពេលនោះ លោករដ្ឋមន្រ្តីបានសម្តែងកង្វល់ច្រើនលើនិន្នាការដ៏គួរឲ្យ​បារម្ភ។ ពេលនេះ យើងប្រឈមនឹងវិបត្តិនេះ។

ការបាត់បង់ជីវិតមនុស្ស ដោយសារគ្រោះរាំងស្ងួត 

 សហគមន៍ និងប្រព័ន្ធបរិស្ថានអេកូឡូស៊ីដែលរាប់ជំនាន់មនុស្សមក បានពឹងផ្អែកលើចង្វាក់បេះដូងនៃជំនន់ធម្មជាតិនៃទឹកទន្លេមេគង្គ កំពុងរងគ្រោះដោយគ្រោះរាំងស្ងួតដែលមិនធ្លាប់មាន សម្រាប់មនុស្សជាង ៦០ លាននាក់ ហើយមានផលវិបាកធ្ងន់ធ្ងរលើផ្នែកសន្តិសុខស្បៀង ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងអធិបតេយ្យភាពជាតិ នៅទូទាំងតំបន់ទន្លេមេគង្គ។

ពេលនេះ ខ្ញុំដឹងថា ខ្ញុំកំពុងនិយាយទៅកាន់សង្គមស៊ីវិល និងអ្នកជំនាញផ្នែកអភិបាលកិច្ចធនធានទឹក។ លោកអ្នកជាអ្នកមើលឃើញផលវិបាកទាំងនេះដោយផ្ទាល់។ ខ្ញុំសូមបង្ហាញផលវិបាកខ្លះ។

· កង្វះទឹកបានធ្វើឲ្យខូចស្រូវចំនួនជិត ១សែនហិកតា នៅក្នុងតំបន់ទាំងមូល។ កង្វះនេះនាំឲ្យផលិតផលស្រូវថយចុះចំនួន ៥០នៅទូទាំងប្រទេសឡាវ កម្ពុជា និងវៀតណាម ហើយវាធ្វើឲ្យទិន្នផលត្រីនៅកម្ពុជាថយចុះរហូតដល់ ៩០%

· គ្រោះរាំងស្ងួតនេះ ធ្វើឲ្យមានរដូវទឹកជំនន់ខ្លី។ ការនេះធ្វើឲ្យខ្វះទឹកសម្រាប់បំពេញទឹកក្រោមដីឡើងវិញ ហើយធ្វើឲ្យដីនៅតំបន់ដីសណ្តរស្រុតចុះជាងការរំពឹងទុក។

· ឧទាហរណ៍ នៅក្នុងខេត្តអាងយ៉ាងនៃប្រទេសវៀតណាម អ្នកនេសាទចាប់ត្រីបានតិចជាងមុនចំនួនជាងពាក់កណ្តាល។ យើងបានអានអំពីអ្នកនេសាទនៅតំបន់ផ្សេងទៀតនៃប្រទេសវៀតណាម ដែលធ្លាប់តែចាប់បានត្រីចំនួន ២០០ គក ក្នុងមួយថ្ងៃ តែពេលនេះ ចាប់ត្រីបានមិនដល់ ១០ គកផង​ ក្នុងមួយថ្ងៃ។

· កង្វះទឹកនេះ ធ្វើឲ្យទឹកសមុទ្រហូរចូលច្រើនមកក្នុងដីសណ្ត ចូលដល់រហូតដល់ ៩០ គម។ នេះជាកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានមក ហើយវាធ្វើឲ្យខូចដំណាំកសិកម្ម និងស្រូវ ដែលជាមធ្យោបាយចិញ្ចឹមជីវិតនៃមនុស្សរាប់សិបលាននាក់ នៅតំបន់អាស៊ីអាគ្នេយ៍។

ទំនប់នៅខ្សែទឹកខាងលើរបស់ប្រទេសចិន 

 ភស្តុតាងកាន់តែច្រើនឡើងបង្ហាញថា បញ្ហានៅខ្សែទឹកខាងក្រោមកាន់តែមានភាពធ្ងន់ធ្ងរឡើង ដោយសារការសាងសង់ និងការដំណើរការនៃទំនប់វារីអគ្គិសនីនៅប្រទេសចិន។ ទង្វើជាឯកតោភាគីរបស់ប្រទេសចិនចំពោះទន្លេរួមគ្នានេះ ប៉ះពាល់ដល់ជីពចរនៃទឹកជំនន់ធម្មជាតិ ដែលត្រូវហូរចូលទៅបឹង ទន្លេនានា ក្នុងប្រទេសកម្ពុជា ដូចជាបឹងទន្លេសាប ធ្វើឲ្យផ្នែកកសិកម្ម និងជលផលមានភាពរស់រវើក ហើយបន្សាបជាតិអាស៊ីតពីក្នុងទឹកសាប នៅទូទាំងតំបន់អាងទន្លេមេគង្គ។

ប្រទេសចិននិយាយថា ទំនប់វារីអគ្គិសនីរបស់ខ្លួនផ្តល់ប្រយោជន៍ដល់ប្រទេសនៅផ្ទៃទឹកខាងក្រោម ដោយបង្កើនលំហូរទឹកនៅរដូវប្រាំង។ តែតាមការសារភាពរបស់ទីក្រុងប៉េកាំង ការបញ្ចេញទឹកនៅរដូវប្រាំងទាំងនេះ ត្រូវបានធ្វើដើម្បីជាប្រយោជន៍សម្រាប់ផលិតភ្លើងអគ្គិសនីរបស់ចិនតែប៉ុណ្ណោះ។

តម្លាភាព និងទិន្នន័យទឹក 

ដូចក្នុងករណីបញ្ហាប្រឈមជាច្រើនជាមួយប្រទេសចិនដែរ ការគ្មានតម្លាភាពគឺជាផ្នែកធំមួយនៃបញ្ហា។ ទីក្រុងប៉េកាំង មិនបានចែករំលែកព័ត៌មានបានគ្រប់គ្រាន់ ស្តីពីកិច្ចដំណើរការនៃទំនប់វារីអគ្គិសនី ឬស្ថានភាពនៃទន្លេផ្នែកខាងលើទេ ដែលជាការនាំឲ្យរដ្ឋាភិបាលនៅតាមទន្លេមេគង្គមិនសូវមានលទ្ធភាពក្នុងការរៀបចំទប់ទល់ ឬបន្ធូរបន្ថយការប៉ះពាល់ដែលបង្កដោយទំនប់វារីអគ្គិសនី។ ក្រុមហ៊ុនទំនប់វារីអគ្គិសនីរបស់ចិនបានបញ្ចេញទឹកមកដោយមិនប្រកាសឲ្យដឹង ដែលជាការធ្វើឲ្យដំណាំនៅតំបន់ខ្សែទឹកខាងក្រោមខូច នៅពេលទឹកទន្លេឡើងមិនទៅតាមការរំពឹងទុក។

 ក្នុងពេលថ្មីៗនេះ ទីក្រុងប៉េកាំងបានទទួលស្គាល់តួនាទីរបស់ខ្លួន ក្នុងការគ្រប់គ្រងលើលំហូរទឹកទន្លេធម្មជាតិ ហើយបានផ្តល់ការធានាថ្មីថា នឹងចែករំលែកទិន្នន័យទឹកបន្ថែម។ តែគណបក្សកុម្មុយនីស្តចិន មានប្រវត្តិធ្វើការសន្យាខ្យល់។ សូមមើលទៅករណី សមុទ្រចិនខាងត្បូង។

យើងសូមសរសើរប្រទេសនៅក្នុងតំបន់ទន្លេមេគង្គ និងគណៈកម្មការទន្លេមេគង្គ នៅក្នុងការបន្តបញ្ចុះបញ្ចូលឲ្យចិនផ្តល់ទិន្នន័យទឹកឲ្យបានច្រើន។ យើងសូមលើកទឹកចិត្តឲ្យគេចាប់ឲ្យប្រទេសចិន មានការទទួលខុសត្រូវក្នុងការចែករំលែកទិន្នន័យស្តីពីទំនប់វារីអគ្គិសនី និងលំហូរទឹកឲ្យបានទាន់ពេលវេលា និងពេញមួយឆ្នាំៗ។ យើងសូមឲ្យទីក្រុងប៉េកាំងធ្វើការសម្របសម្រួលជិតស្និទ្ធជាមួយគណៈកម្មការទន្លេមេគង្គ ហើយប្រើពិធីសារ និងឧបករណ៍ដែលមានស្រាប់។

កង្វល់ និងការឆ្លើយតបនៅក្នុង​តំបន់

សហរដ្ឋអាមេរិកគាំទ្រអង្គការនៅក្នុងតំបន់ ដូចជាអង្គការ ACMECS និងកិច្ច​ខិតខំរបស់ដៃគូ ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី ឥណ្ឌា និងប្រទេសដទៃទៀត នៅក្នុងសហភាពអឺរ៉ុប នៅក្នុងការជួយដល់ការអភិវឌ្ឍប្រកបដោយនិរន្តភាព និងចែករំលែកការអនុវត្តល្អជាសាកល នៅក្នុងតំបន់ទន្លេមេគង្គ។

យើងក៏សូមអបអរសាទរផងដែរ ចំពោះការខិតខំរបស់ប្រទេសអាស៊ាន ដឹកនាំ​ដោយប្រទេសវៀតណាមដែលជាប្រធានអាស៊ាន នៅឆ្នាំ​នេះ ដើម្បីធ្វើឲ្យ​គេមានការចាប់អារម្មណ៍​កាន់តែច្រើន​ លើបញ្ហាទន្លេមេគង្គ។ តំបន់ទន្លេមេគង្គ​មានសារៈសំខាន់​សម្រាប់អាស៊ាន ដូចសមុទ្រចិនខាងត្បូងដែរ។ យើងសូមលើកទឹកចិត្តឲ្យរដ្ឋជាសមាជិកអាស៊ានពិចារណាលើបញ្ហានានា នៅតំបន់ទន្លេមេគង្គ ថាមានសារៈសំខាន់​សម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងភាពសុខដុម ដូចសមុទ្រដែរ។

លំហូរនៃទន្លេមិនមែនគ្រាន់តែជាបញ្ហាប្រឈមតែមួយ​សម្រាប់តំបន់ទន្លេមេគង្គនោះទេ។

 នៅទូទាំងតំបន់​នេះ សហគមន៍​មានកង្វល់ចំពោះបំណុលដែលទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ហើយនិងការធ្វើជំនួញបែបជញ្ជក់ឈាម និងមិនសូវច្បាស់លាស់​ របស់ក្រុមហ៊ុនរដ្ឋចិន។ សហគមន៍​នៅតំបន់ទន្លេមេគង្គមានកង្វល់​ លើកំណើន​នៃការជួញដូរមនុស្ស គ្រឿងញៀន និងសត្វព្រៃ។ ពលរដ្ឋនៅតំបន់ទន្លេមេគង្គមានកង្វល់ដូចគ្នានេះផងដែរ ចំពោះការមិនសូវចាប់អារម្មណ៍​របស់ក្រុងប៉េកាំង​ ក្នុងការទប់ស្កាត់អង្គការ​ និងក្រុមហ៊ុនពុករលួយ និងប្រព្រឹត្តបទល្មើស ដែលធ្វើសកម្ម​ភាពចេញពីតំបន់សេដ្ឋកិច្ចពិសេស ដោយមានការទាក់ទងនឹងគណបក្សកុម្មយនិស្តចិន។ ប្រជាជនមានកង្វល់​ចំពោះការល្បាតតាមដងទន្លេនៅក្រៅទឹកដីរបស់ខ្លួន នៅក្រោមលេសថា ជួយដល់ការពង្រឹងការអនុវត្តច្បាប់ ទោះបីជាសមាសធាតុឧក្រិដ្ឋជននៅក្នុងតំបន់ធ្វើការពង្រីកការគ្រប់គ្រង​របស់គេក្តី។

 គ្រាន់តែ​នៅក្នុងសប្តាហ៍មុន ខ្ញុំបានអានព័ត៌មានដឹងថា Zhao Wei ដែលជាមេខ្លោងឧក្រិដ្ឋជន រងទណ្ឌកម្មដោយក្រសួងរតនាគារសហរដ្ឋអាមេរិក ចំពោះសកម្មភាពឧក្រិដ្ឋរបស់គាត់ មានផែនការកសាង និងគ្រប់គ្រងកំពង់ផែថ្មីមួយ នៅជិតកាស៊ីណូ Kings Roman ក្នុងប្រទេសឡាវ ដែលជាការធ្វើឲ្យគេមានការព្រួយបារម្ភថែមទៀត លើកំណើន​នៃការជួញដូរគ្រឿងញៀន សត្វព្រៃ និងការជួញដូរមនុស្ស នៅតំបន់ត្រីកោណមាស។

យើងសូមលើកទឹកចិត្ត ឲ្យប្រទេសនៅតំបន់ទន្លេមេគង្គទាមទារឲ្យគណបក្សកុម្មុយនិស្តចិន ទទួលខុសត្រូវចំពោះតួនាទី​របស់ខ្លួន ក្នុងការដោះស្រាយបញ្ហាប្រឈមទាំង​នេះ។ យើងសូមអំពាវនាវ ឲ្យ​មានកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍ ការគ្រប់គ្រងធនធាទឹក ប្រកបដោយតម្លាភាព និងនិរន្តភាព  និងការពង្រឹងការអនុវត្តច្បាប់ ដែលបម្រើផលប្រយោជន៍​របស់បណ្តាប្រទេស​នៅតំបន់ទន្លេមេគង្គ មិនមែនប្រយោជន៍​នៃប្រទេសជិតខាងរបស់គេ​នោះទេ។

តើសហរដ្ឋអាមេរិកកំពុងជួយយ៉ាងដូចម្តេច

មិត្តទាំងអស់ តំបន់​ទន្លេមេគង្គសមនឹងមានដៃគូល្អ ដែលមានការគិតគូរខ្ពស់ពីស្វយភាព ឯករាជ្យនៃសេដ្ឋកិច្ច អភិបាលកិច្ចល្អ និងកំណើនលូតលាស់ប្រកបដោយនិរន្តភាព​នៃប្រទេសជាដៃគូ​ នៅតំបន់ទន្លេមេគង្គ។

សហរដ្ឋអាមេរិក បានជួយដល់គណៈកម្មការទន្លេមេគង្គអស់រយៈពេលរាប់ទសវត្សរ៍​មកហើយ ហើយនិងបន្តជួយតទៅទៀត។ យើងនឹងធ្វើការតាមរយៈគម្រោងស្តីពីភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក ដោយដើរតាមគោលការណ៍តម្លាភាព មានការចូលរួមទាំងអស់គ្នា អភិបាលកិច្ចល្អ និងការគោរពចំពោះស្វ័យភាព និងច្បាប់អន្តរជាតិ។ យើងមានការប្តេជ្ញាចិត្តក្នុងការធ្វើការជាមួយអ្នក ដើម្បីប្រយោជន៍ទៅវិញទៅមក​របស់យើង។

យើងនឹងបន្តការងាររបស់យើងក្រោមគំនិតផ្តួចផ្តើមស្តីពីទិន្នន័យទឹកទន្លេមេគង្គ ដើម្បីកែលម្អការចែករំលែកទិន្នន័យទឹក។

 យើងនឹងបន្តធ្វើការផ្លាស់ប្តូរគ្នា នូវជំនាញឯកទេស និងការប្រតិបត្តិល្អ ដូចជាជំនាញឯកទេស​ និងការប្រតិបត្តិល្អរវាងគណៈកម្មការទន្លេមេគង្គ និងគណៈកម្មការនៃទន្លេ Mississippi និងកងវិស្វកម្ម​នៃកងទ័ពសហរដ្ឋអាមេរិក និងសមភាគី​ក្នុងតំបន់ ដើម្បីលើកកម្ពស់សុវត្ថិភាព ក្នុងការថែរក្សា និងសាងសង់ទំនប់វារីអគ្គិសនី។

យើងនឹងបន្តភាពជាដៃគូរបស់យើង រវាងក្រសួងថាមពលសហរដ្ឋអាមេរិក និងគណៈកម្មការទន្លេមេគង្គ លើការគ្រប់គ្រងធនធានទឹក និងថាមពលអគ្គិសនីប្រកបដោយការទទួលខុសត្រូវ។

យើងនឹងបង្កលទ្ធភាព​សម្រាប់ជំនាញ និងទេពកោសល្យ​នៃប្រជាជន​នៅតំបន់ទន្លេមេគង្គ តាមរយៈសាលាបណ្ឌិតសភាថ្មី ស្តីពីគំនិតផ្តួចផ្តើមស្តីពីមេដឹកនាំវ័យក្មេង​នៅអាស៊ីអាគ្នេយ៍ នៅសាកលវិទ្យាល័យ Fulbright ក្នុងប្រទេសវៀតណាម ដែលយើងទើបតែប្រកាសកាលពីខែមុន​នេះ និងតាមរយៈវេទិកានានា ដូចជាវេទិកា​នេះ តាមរយៈកម្មវិធី​របស់យើងស្តីពីអ្នកវិទ្យាសាស្រ្តវ័យក្មេង និងគម្រោងកម្មវិធីដទៃជាច្រើនទៀត។

ជាចុងក្រោយ យើងនឹងធ្វើជាដៃគូជានិច្ចជាមួយនឹងរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានយុទ្ធសាស្រ្តមានតម្លាភាព និងបើកឲ្យមានការចូលរួមទាំងអស់គ្នា។ ពិតមែនហើយ បញ្ហាប្រឈមក្នុងអភិបាលកិច្ចលើទឹកហូរឆ្លងព្រំដែនមិនមែនមានតែ​ចំពោះទន្លេមេគង្គទេ។ បទពិសោធន៍រួមគ្នារបស់យើង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល នៅក្នុងការគ្រប់គ្រងហានិភ័យពីទឹកជំនន់ និងគ្រោះរាំងស្ងួត និងក្នុងការបន្ធូរបន្ថយផលប៉ះពាល់នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបែបជញ្ជក់ឈាម ធ្វើឲ្យវាកាន់តែមានសារៈសំខាន់ថែមទៀត នៅក្នុងការពិនិត្យលើបញ្ហាទាំងនេះរួមគ្នា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា។

ក្នុងពេលយើងធ្វើដូច្នេះ យើងទទួលស្គាល់ការខិតខំ​នៃប្រព័ន្ធឃោសនាក្នុងស្រុក នៅក្នុងការធ្វើសេចក្តីរាយការណ៍ពីតម្លៃនៃទន្លេ និងផលវិបាក​នៃទង្វើដែលមិនធានានិរន្តភាព។ យើងសូមសរសើរ ការខិតខំ​ដោយមិនខ្លាចនឿយហត់​ របស់អ្នកតស៊ូមតិក្នុងអង្គការសង្គមស៊ីវិល ដែលខិតខំដើម្បីតម្លាភាព និរន្តភាព និងគណនេយ្យ​ភាព។

មានរឿងច្រើនស្តីពីការខិតខំ​របស់យើង។ ដូចលោកអ្នកជ្រាបស្រាប់ហើយ អភិបាលកិច្ចលើទន្លេ និងសន្តិសុខទឹកនៅទន្លេមេគង្គ មិនមែនគ្រាន់តែជាបញ្ហាបច្ចេកទេសទេ។ វាប៉ះពាល់លើជីវិត និងមុខរបរប្រកបជីវភាពរស់នៅ​នៃមនុស្សរាប់សិបលាននាក់។

ដូច្នេះ នៅថ្ងៃ​នេះ ខ្ញុំសូមលើកទឹកចិត្តឲ្យគ្រប់គ្នាលើកឡើងនូវកង្វល់របស់អ្នក សួរសំណួរពិបាកៗ ហើយស្នើឡើងនូវយោបល់សម្រាប់ធ្វើសហប្រតិបត្តិការដែលការពារអនាគត​នៃទន្លេមេគង្គដ៏ល្អ។ យើងបានអញ្ជើញអ្នកជំនាញជាច្រើនក្នុងផ្នែកអភិបាលកិច្ចលើទឹកទន្លេហូរឆ្លងកាត់ព្រំដែនមកចូលរួម ហើយ​នេះជាឱកាសមួយសម្រាប់រកមើលផ្លូវដើរទៅមុខ ទៅរកភាពជាដៃគូមួយរឹងមាំ និងមានប្រសិទ្ធភាព។

ខ្ញុំសូមបញ្ចប់​ដោយនិយាយថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ប្រទេសនៅតំបន់ទន្លេមេគង្គ ដើម្បីធ្វើយ៉ាងណាឲ្យទន្លេ​នេះនៅល្អ និងរស់រវើក សម្រាប់ចិញ្ចឹមមនុស្សរាប់ជំនាន់ ទៅអនាគតវែងឆ្ងាយទៀត។

សូមអរគុណ។