យប់នេះ ពិភពលោកទាំងមូលសូមបួងសួងជូនប្រជាជនអ៊ុយក្រែន ក្នុងពេលដែលពួកគេទទួលរងការវាយប្រហារដោយគ្មានការបង្កហេតុ និងគ្មានហេតុផល ដោយកម្លាំងយោធារបស់រុស្ស៊ី។ ប្រធានាធិបតី Putin បានជ្រើសយកសង្គ្រាមដែលមានការគិតទុកជាមុន ដែលនឹងនាំមកនូវមហន្តរាយជីវិត និងការឈឺចាប់របស់មនុស្សជាតិ។ ប្រទេសរុស្ស៊ីតែមួយគត់ ត្រូវទទួលខុសត្រូវចំពោះការស្លាប់ និងការបំផ្លិចបំផ្លាញ បណ្តាលមកពីសង្គ្រាមនេះ ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងធ្វើការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ និងព្រមគ្នា។ ពិភពលោកនឹងធ្វើឲ្យប្រទេសរុស្ស៊ីទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
ខ្ញុំនឹងធ្វើការតាមដានស្ថានភាពនេះពីសេតវិមាន នៅល្ងាចនេះ ហើយនឹងបន្តទទួលព័ត៌មានថ្មីៗ ពីក្រុមសន្តិសុខជាតិរបស់ខ្ញុំ។ នៅថ្ងៃស្អែក ខ្ញុំនឹងជួបជាមួយសមាជិកនៃប្រទេសមានឧស្សាហកម្មជឿនលឿនបំផុតទាំង ៧ (G7) ជាសមភាគីរបស់ខ្ញុំ នៅពេលព្រឹក រួចហើយនឹងថ្លែងទៅកាន់ប្រជាជនអាមេរិក ដើម្បីប្រកាសពីផលវិបាកបន្ថែមទៀត ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត និងដៃគូរបស់យើងនឹងដាក់ទៅលើប្រទេសរុស្ស៊ី ចំពោះអំពើមិនចាំបាច់ នៃការឈ្លានពាននេះ ទៅលើប្រទេសអ៊ុយក្រែន និងសន្តិភាព ហើយនិងសន្តិសុខពិភពលោក។ យើងនឹងធ្វើការសម្របសម្រួលជាមួយសម្ព័ន្ធរបស់យើងក្នុងអង្គការ NATO ដើម្បីចេញការឆ្លើយតបដ៏ខ្លាំងក្លា និងដោយមានការឯកភាពគ្នា ដែលនឹងរារាំងមិនឲ្យមានការឈ្លានពានមកលើសម្ព័ន្ធមិត្តរបស់យើង។ នៅយប់នេះ ភរិយាខ្ញុំ Jill ហើយនិងខ្ញុំសូមបួងសួងជូនប្រជាជនអ៊ុយក្រែនដ៏ក្លាហាន និងមានមោទនភាព។