សេចក្តីថ្លែងការណ៍របស់លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony J. Blinken លើការប្រហារជីវិត​មេដឹកនាំគាំទ្រលទ្ធិប្រជាធិបតេយ្យ

ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២

សហរដ្ឋអាមេរិកសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ប្រឆាំងការកាត់ទោសប្រហារជីវិតដោយរបបយោធាភូមា​ លើសកម្មជននិយមលទ្ធិប្រជាធិបតេយ្យ និងជាមេដឹកនាំជាប់ឆ្នោត ដែលមានឈ្មោះ Ko Jimmy, Phyo Zeya Thaw, Hla Myo Aung, និង Aung Thura Zaw ដោយសារពួកគេអនុវត្តសេរីភាពជាមូលដ្ឋាន​របស់ពួកគេ។ សកម្មភាពដ៏គួរឱ្យស្អប់ខ្ពើមនៃ អំពើហិង្សាទាំង​នេះ បង្ហាញពីការមិនអើពើទាំងស្រុង​របស់របប​នេះ ចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ។ តាំងពីមានរដ្ឋប្រហារ​នៅខែកុម្ភៈ ឆ្នាំ ២០២១ មក  របប​នេះបានប្រព្រឹត្តហិង្សា​លើប្រជាជនខ្លួនឯង ដោយបានសម្លាប់មនុស្សអស់ជាង ២ ១០០ នាក់ ធ្វើឲ្យមនុស្សផ្លាស់ប្តូរទីកន្លែងស្នាក់​នៅចំនួនជាង ៧ សែននាក់ ហើយបានចាប់ឃុំជនស្លូតត្រង់​រាប់ពាន់នាក់ ដោយរួមទាំងអ្នកធ្វើការក្នុងអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានផងដែរ។

ការកាត់ទោសដ៏អាម៉ាស់នៃរបប​នេះ និងការប្រហារជីវិតទាំង​នេះ គឺជាបំណងច្បាស់ក្រឡែត​ ដែលចង់លុបបំបាត់លទ្ធិប្រជាធិបតេយ្យ។ សកម្មភាពទាំង​នេះនឹងមិនអាចបង្ក្រាបស្មារតី​របស់ប្រជាជនដ៏ក្លាហាន​នៃប្រទេសភូមាបានទេ។ សហរដ្ឋអាមេរិកសូមចូលរួមជាមួយប្រជាជនភូមា នៅក្នុងការតស៊ូ​របស់គេដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ហើយសូមអំពាវនាវឱ្យ​របប​នេះគោរពសេចក្តីប៉ងប្រាថ្នាតាមបែបប្រជាធិបតេយ្យ​របស់ប្រជាជន ដែលបានបង្ហាញឲ្យឃើញថា គេមិនចង់រស់នៅ សូម្បីតែមួយថ្ងៃ នៅក្រោមភាពផ្តាច់ការ​នៃរបបយោធា។