ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ
ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩
សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅភ្នំពេញលើការដាក់ទោសលោករ៉ាត់ រត្នមុនី
ស្ថានទូតអាមេរិកមានកង្វល់យ៉ាងជ្រាលជ្រៅលើការដាក់ទោសដោយតុលាការ លើលោក រ៉ាត់ រត្នមុនី ដែលជាសកម្មជនការងារកម្ពុជា អោយជាប់ពន្ធនាគារ ២ ឆ្នាំ ចំពោះការដែលលោកបានជួយនៅក្នុងការផលិតភាពយន្តឯកសារ ស្តីពីការជួញដូរផ្លូវភេទ។ របាយការណ៍ពីសវនាការរបស់លោក មុនីបង្ហាញថា លោកមិនបានទទួលបានការធានាលើសវនាការប្រកបដោយយុត្តិធម៌ទេ។ ការដាក់ទោសលោករឹតតែធ្វើអោយគេបាត់បង់ជំនឿលើប្រព័ន្ធតុលាការរបស់ប្រទេសកម្ពុជាថែមទៀត។
សហរដ្ឋអាមេរិកគាំទ្រសេរីភាពក្នុងការបញ្ចេញមតិ នៅទូទាំងពិភពលោក ដោយចាត់ទុកវាជាផ្នែកសំខាន់មួយនៃអភិបាលកិច្ចតាមលទ្ធិប្រជាធិបតេយ្យ។ យើងសូមអំពាវនាវអោយរដ្ឋាភិបាលកម្ពុជាអនុញ្ញាតអោយមនុស្សគ្រប់រូបអនុវត្តដោយសេរី នូវសិទ្ធិនេះ ដែលត្រូវបានការពារនៅក្រោមច្បាប់អន្តរជាតិ និងរដ្ឋធម្មនុញ្ញកម្ពុជា ដោយគ្មានរងការគំរាមកំហែងសងសឹក។ សេរីភាពក្នុងការបញ្ចេញមតិក៏មានសារៈសំខាន់ចាំបាច់ផងដែរ ដល់ការចងក្រងឯកសារ និងលើកកំពស់ការយល់ដឹងទៅលើបញ្ហាជួញដូរមនុស្សរបស់ប្រទេសកម្ពុជា។