សេចក្តីថ្លែងការណ៍​របស់លោកប្រធានាធិបតី Biden ស្តីពីការធ្វើឃាតលើអតីតនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe

ខ្ញុំមានការភ្ញាក់ផ្អើល រន្ធត់ចិត្ត និងសេចក្តីក្រៀមក្រំជាខ្លាំង បន្ទាប់ពីបានលឺដំណឹងថា មិត្តរបស់ខ្ញុំម្នាក់ គឺលោក Shinzo Abe ដែលជាអតីតនាយករដ្ឋមន្រ្តីជប៉ុន ត្រូវបានបាញ់សម្លាប់ ក្នុងពេលលោកធ្វើយុទ្ធនាការបោះឆ្នោត។ នេះគឺជាសោកនាដកម្មមួយ​សម្រាប់ប្រទេសជប៉ុន និងសម្រាប់មនុស្សគ្រប់គ្នា ដែលបានស្គាល់លោក។ ខ្ញុំមានកិត្តិយស​ដោយបានធ្វើការជិតស្និទ្ធជាមួយលោក​នាយករដ្ឋមន្រ្តី Abe ។ កាលនៅជាអនុប្រធានាធិបតី ខ្ញុំបានទៅជួបលោកនៅទីក្រុង Tokyo ហើយបានស្វាគមន៍​លោក​នៅទីក្រុង Washington ។ លោកគឺជាអ្នកគាំទ្រយ៉ាងខ្លាំង ចំពោះសម្ព័ន្ធភាព​នៃប្រទេសយើងទាំងពីរ ហើយនិងមិត្តភាពរវាងប្រជាជន​របស់យើង។ ក្នុងនាមជានាយករដ្ឋមន្រ្តីដែលបានបំពេញការងារយូរជាងគេ ចក្ខុវិស័យ​របស់លោកដែលចង់ឲ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានភាពសេរី និងភាពបើកចំហ នឹងស្ថិត​នៅយូរអង្វែងទៅមុខ។ លើសអ្វីទាំងអស់​នោះ គឺថា លោកគិតគូរយ៉ាងខ្លាំង ចំពោះប្រជាជនជប៉ុន ហើយដាក់ចិត្តដាក់កាយបម្រើពួកគេ។ សូម្បីតែ​នៅពេលលោករងការវាយប្រហារ ក៏លោកនៅតែបំពេញការងារបម្រើលទ្ធិប្រជាធិបតេយ្យដែរ។ ពិត​ហើយ នៅមានរឿងរាវជាច្រើនទៀតដែលយើងមិនទាន់ដឹង តែយើងដឹងថា ការវាយប្រហារបែបហិង្សាមិនដែលត្រូវបានគេទទួលយកទេ ហើយយើងដឹងថា អំពើហិង្សាដោយប្រើកាំភ្លើងតែងតែបន្សល់ទុកនូវស្លាកស្នាមយ៉ាងជ្រៅ នៅក្នុងសហគមន៍ដែលទទួលរង។ សហរដ្ឋអាមេរិកសូមឈរ​នៅជាមួយប្រទេសជប៉ុន នៅក្នុងពេលប្រកបដោយក្តីទុក្ខសោក​នេះ។ ខ្ញុំសូមផ្ញើសមានទុក្ខដ៏ជ្រាលជ្រៅ ទៅគ្រួសារ​របស់លោក។