សេចក្តីថ្លែងការណ៍ស្តីពីដំណើរការនីតិវិធីរបស់សហភាពអឺរ៉ុប ក្នុងការផ្អាកការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម (EBA) សំរាប់ប្រទេសកម្ពុជា

Great Seal of the United States

សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាមេរិកនៅរាជធានីភ្នំពេញ
សម្រាប់ការចេញផ្សាយបន្ទាន់
ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩

សហរដ្ឋអាមេរិកធ្វើការកត់សម្គាល់ ​ការសម្រេចចិត្តរបស់​សហភាពអឺរ៉ុប ក្នុងការផ្តើមដំណើរការនីតិវិធី​ផ្អាកការអនុគ្រោះពន្ធក្នុងផ្អែកពាណិជ្ជកម្ម ​ ដល់ប្រទេសកម្ពុជា ក្រោមគម្រោងដែលមាន​ឈ្មោះថា អ្វីៗទាំងអស់លើកលែង​តែអាវុធ (EBA) ដោយសារមានការដើរ​ថយក្រោយយ៉ាងធ្ងន់ធ្ងរ​ ក្នុងការការពារសិទ្ធិ​មនុស្ស និងសិទ្ធិការងារ នៅក្នុងរយៈពេល ១៨ ខែកន្លងទៅនេះ។

យើងមានកង្វល់ដូចគ្នា​​​នឹងសហភាពអឺរ៉ុបដែរ ទាក់ទងនឹងការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ លើសេរីភាព​ក្នុង​ការបញ្ចេញមតិ សិទ្ធិការងារដែលមាន​ការ​ទទួលស្គាល់ជាអន្តរជាតិ និងសេរីភាព​ទាក់ទង​នឹងអង្គការសមាគម។ សហរដ្ឋអាមេរិក សូមអំពាវនាវ​អោយថ្នាក់ដឹកនាំកម្ពុជា ស្តា​ឡើងវិញ​នូវលទ្ធិប្រជាធិបតេយ្យ ពហុ​បក្សពិតប្រាកដ ដូចមានចែងនៅក្នុង​រដ្ឋធម្មនុញ្ញ​នៃប្រទេសកម្ពុជា។ យើងក៏សូមអំពាវនាវផងដែរ ​អោយប្រទេសកម្ពុជាទម្លាក់​ចោល​​នូវបទចោទប្រកាន់លើលោក កឹម សុខា និងការចោទប្រកាន់​តាមទំនើងចិត្តទាំងអស់ ប្រឆាំង​នឹងអ្នក​ទោស​នយោបាយដទៃទៀត ហើយអនុញ្ញាតអោយ​​សហជីព អង្គការ​សារព័ត៌មានឯករាជ្យ និងក្រុមដទៃទៀត​នៃ​​សង្គមស៊ីវិល ដំណើរការដោយ​គ្មាន​​ការរឹតត្បិតដែលមិនត្រឹមត្រូវ។

ថ្នាក់ដឹកនាំកម្ពុជា​នៅមាន​​ឱកាសនៅឡើយ នៅក្នុងការជៀសផុតពីផលវិបាកអវិជ្ជមាន​ផ្នែកសេដ្ឋកិច្ច​ នៃការដកការអនុគ្រោះពន្ធ EBA ។ ដូចដែលស្នងការពាណិជ្ជកម្ម​សហភាពអឺរ៉ុប គឺលោកស្រី Cecilia Malmström បានមានប្រសាសន៍ថា ៖ «វាច្បាស់ហើយថា ចំណាត់ការនៅថ្ងៃនេះមិនមែនជាការសម្រេចចិត្តចុងក្រោយ ហើយក៏​មិនមែនជាទីបញ្ចប់​នៃដំណើរនីតិវិធីដែរ។ តែនាឡិកាកំពុងតែដើរទៅមុខជាផ្លូវការហើយ ហើយយើងត្រូវការឃើញវិធានការពិតប្រាកដ ក្នុងពេលឆាប់ៗ​នេះ»។ យើងសូមអំពាវនាវអោយ​មេដឹកនាំកម្ពុជាតម្កល់សុខុមាល​​​ភាពរបស់ប្រទេស អោយខ្ពស់ជាង​​ផលប្រយោជន៍​ផ្ទាល់ខ្លួន និងផលប្រយោជន៍​​នយោបាយ។