សេចក្តីថ្លែងការណ៍​របស់ស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ ស្តីពីដែនជម្រកសត្វព្រៃព្រៃឡង់

សហរដ្ឋអាមេរិកមានកង្វល់យ៉ាងជ្រាលជ្រៅ ចំពោះការបំផ្លាញព្រៃឈើ ដែលចេះតែបន្តមាន នៅតំបន់ការពារនៃប្រទេសកម្ពុជា។ យើងគាំទ្រការធ្វើសហប្រតិបត្តិការជាមួយសហគមន៍ សង្គមស៊ីវិល និងរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យជីវសាស្រ្តចម្រុះដ៏សម្បូរបែប នៅដែនជម្រកសត្វព្រៃនៅព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិ​នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានអភិរក្ស។

ការបាត់បង់ព្រៃឈើ​នៅព្រៃឡង់ និង​នៅទូទាំងប្រទេស មានការទាក់ទងនឹងកត្តាមួយចំនួន ដែលរួមមានការពង្រឹងការអនុវត្តច្បាប់​នៅខ្សោយ និងប្រព័ន្ធអភិបាលកិច្ចគ្មានភាពច្បាស់លាស់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំង​នេះ អ្នកពាក់ព័ន្ធនៅថ្នាក់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត និងជាតិ ទូទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែដើរស្របគ្នា ក្នុងការងារអភិរក្សតំបន់ការពារ ដូចជាព្រៃឡង់។ ទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក USAID ធ្វើការដើម្បីដោះស្រាយបញ្ហាប្រឈមទាំង​នេះ ដោយលើកកម្ពស់សមត្ថភាពបច្ចេកទេសនៅគ្រប់លំដាប់ថ្នាក់ ជំរុញអោយមានតម្លាភាព និងគណនេយ្យភាព គាំទ្រការចូលរួមយ៉ាងសកម្ម​របស់សហគមន៍ ហើយផ្តល់ជម្រើសផ្សេង​ក្នុងការប្រកបជីវភាពរស់នៅ។ តាមរយៈគម្រោងព្រៃឡង់បៃតង (GPL) របស់ទីភ្នាក់ងារ USAID យើងជួយសហគមន៍មូលដ្ឋាន ដូចជាសមាជិក​នៃបណ្តាញសហគមន៍ព្រៃឡង់ (PLCN) នៅក្នុងការងារល្បាតរួមគ្នានៅព្រៃឡង់ ជាមួយក្រសួងបរិស្ថាន។ សកម្មភាព​ភាគច្រើន​របស់ (GPL) ផ្តល់ប្រយោជន៍​ដោយផ្ទាល់​ដល់សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាល នៅក្នុងការងារអភិរក្ស ហើយគ្មានថវិកាណាត្រូវបានផ្តល់ឲ្យតាមរយៈប្រព័ន្ធរដ្ឋាភិបាលឡើយ។ យើងបន្តធ្វើការដោយផ្ទាល់ ជាមួយ PLCN និងក្រសួងបរិស្ថាន ដើម្បីគាំទ្រកិច្ចពិភាក្សា ដើម្បីឲ្យគេអាចធ្វើការជាមួយគ្នា ក្នុងគោលដៅរួមក្នុងការការពារព្រៃឡង់។ 

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ព្រមទាំងប្រធាននៃទីភ្នាក់ងារផ្តល់ជំនួយ USAID របស់ស្ថានទូតសហរដ្ឋអាមេរិក បានជួបជាមួយលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមន្រ្តីជាន់ខ្ពស់របស់លោក ដើម្បីពិភាក្សាពីការបាត់បង់ព្រៃឈើ និងការរិតត្បិតមិនឲ្យប្រជាជនកម្ពុជាចូល​ក្នុងតំបន់ការពារ ដើម្បីតាមដានសកម្មភាពទាក់ទងនឹងព្រៃឈើ។ ទីភ្នាក់ងារ USAID បានផ្តល់ដល់ក្រសួងបរិស្ថាន​នូវព័ត៌មាន ជាច្រើនលើកមកហើយ ទាក់ទងនឹងសកម្មភាពកាប់ឈើខុសច្បាប់ នៅដែនជម្រកសត្វព្រៃឡង់ ដែលបាននាំឲ្យអាជ្ញាធរពាក់ព័ន្ធធ្វើការស៊ើបអង្កេត។ រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តអំពាវនាវឲ្យមានចំណាត់ការដើម្បីបញ្ឈប់ការកាប់ឈើខុសច្បាប់ ហើយអភិរក្សជីវសាស្រ្តចម្រុះដ៏ល្អ​នៅព្រៃឡង់ និងនៅដែនជម្រកដទៃទៀត។

ដោយយើងធ្វើការអបអរទិវាសត្វព្រៃពិភពលោក នៅខែ​នេះ យើងចងចាំថា អភិបាលកិច្ចល្អគឺជាផ្នែកសំខាន់ចាំបាច់មួយ​នៃការការពារធនធានធម្មជាតិ។ ការគោរពសេរីភាព​ក្នុងការនិយាយស្តី និងសេរីភាព​ក្នុងការធ្វើការតវ៉ា​ដោយសន្តិភាពគឺជាផ្នែកចាំបាច់នៃលទ្ធិប្រជាធិបតេយ្យដែលមានជោគជ័យ ហើយយើងជឿថា សិទ្ធិទាំងនេះការពារប្រជាជនកម្ពុជា ដែលកំពុងខិតខំធ្វើការអភិរក្សធនធានធម្មជាតិដែលមានភាពផុយស្រួយ​ របស់ព្រះរាជាណាចក្រកម្ពុជា។