សេចក្តីថ្លែងការណ៍​របស់ស្ថានទូតអាមេរិកនៅភ្នំពេញ ស្តីពីការបង្វែរថវិកានៃគម្រោងព្រៃឡង់បៃតង ​របស់ទីភ្នាក់ងារជំនួយអាមេរិក USAID

ប្រជាជនអាមេរិកនិងកម្ពុជា មានបំណងដូចគ្នា ក្នុងការការពារធនធានធម្មជាតិដ៏មានតម្លៃនៅលើផែនដី ដើម្បីធ្វើឲ្យមានការអភិវឌ្ឍន៍​ប្រកបដោយនិរន្តរភាព បង្វែរនិន្នាការនៃបម្រែបម្រួលអាកាសធាតុ និងអភិរក្សសត្វព្រៃ និងជីវសាស្រ្តចម្រុះ សម្រាប់មនុស្សជំនាន់ក្រោយ។ សហរដ្ឋអាមេរិកបានធ្វើការចំណាយថវិកាចំនួនជាង ១០០ លានដុល្លារ លើកម្មវិធីមួយចំនួន សម្រាប់ប្រយុទ្ធប្រឆាំងនឹងបញ្ហាទាំង​នេះ នៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយ​អាមេរិក USAID  

ថ្វីបើប្រទេសកម្ពុជាសម្រេចបាននូវដំណើរចម្រើនទៅមុខខ្លះ នៅក្នុងការការពារបរិស្ថានក្តី តែ​សហរដ្ឋអាមេរិកបាន  សម្តែងនូវកង្វល់ម្តងហើយម្តងទៀតលើការកាប់បំផ្លាញព្រៃឈើ ដែលនៅតែមានច្រើន នៅក្នុងតំបន់ការពារ​ ពិសេស​នៅដែនជម្រកសត្វព្រៃ​នៅព្រៃឡង់​ ជាទីដែលទីភ្នាក់ងារជំនួយ​អាមេរិក USAID បានចំណាយធនធានជាច្រើន។ យើងបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការច្រើនថែមទៀត រវាងរដ្ឋាភិបាលកម្ពុជា សហគមន៍​មូលដ្ឋាន និងសង្គមស៊ីវិល ដើម្បីរកដំណោះស្រាយដើម្បីការពារព្រៃឡង់ និងបេតិកភណ្ឌធម្មជាតិ​នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជាប្រយោជន៍​របស់ប្រជាជនកម្ពុជាទាំងអស់ និងពិភពលោក។។ 

វាជាការគួរឲ្យស្តាយ ដែលស្ថាន​ភាពកំពុងតែកាន់តែអាក្រក់ទៅ។ តាំងពីឆ្នាំ ២០១៦ មក ទោះបីជាមានការគាំទ្រ​របស់ទីភ្នាក់ងារជំនួយ​អាមេរិក USAID ដើម្បីឲ្យមានការដើរល្បាត ការបណ្តុះបណ្តាលដល់ផ្នែកអនុវត្តច្បាប់ច្រើនថែមទៀត និងការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងតំបន់ការពារថ្នាក់ជាតិក៏​ដោយ ក៏តំបន់ដែនជម្រកសត្វព្រៃនៅព្រៃឡង់ នៅតែបានបាត់បង់ដដែល នូចផ្ទៃដីព្រៃប្រមាណ ៣៨ ០០០ ហិកតា គឺជិត ៩% នៃគម្របព្រៃឈើ​នៅទី​នោ។ ការកាប់ឈើខុសច្បាប់ដែលត្រូវបានបញ្ជាក់ច្បាស់ នៅតែបន្តមាន​ នៅក្នុងនិងជុំវិញដែនជម្រកសត្វព្រៃ​នៅព្រៃឡង់ ហើយអាជ្ញាធរ កម្ពុជាមិនបានធ្វើការកាត់ទោសបានសមល្មម ចំពោះបទល្មើសសត្វព្រៃ ឬបញ្ឈប់សកម្មភាពខុសច្បាប់ទាំង​នេះឡើយ។ លើសពីនេះទៀត អាជ្ញាធរបានបន្តបំបិទសម្លេង ហើយធ្វើទុក្ខសហគមន៍​មូលដ្ឋាន និងសង្គមស៊ីវិល ដែលជាដៃគូ​របស់គេ ដែលបង្ហាញកង្វល់ដ៏សមហេតុផល លើការបាត់បង់ធនធានធម្មជាតិ​របស់គេ។ 

ដោយសារមានបញ្ហាទាំង​នេះ ដែលមិនត្រូវបានដោះស្រាយ សហរដ្ឋអាមេរិកសូមបញ្ចប់ជំនួយ​ដល់ស្ថាប័នរដ្ឋាភិបាល នៅក្រោមគម្រោងព្រៃឡង់បៃតង ដែលទ្រទ្រង់​ដោយទីភ្នាក់ងារជំនួយ​អាមេរិក USAID ។ ជំនួយ​របស់សហរដ្ឋអាមេរិកនឹងត្រូវបង្វែរទៅជួយវិស័យឯកជន សង្គមស៊ីវិល និងការងារ​របស់សហគមន៍មូលដ្ឋាន ដើម្បីកែលម្អមុខរបរប្រកបជីវភាពរស់នៅ​ និងពង្រីកកសិកម្ម ដែលមិនប៉ះពាល់បរិស្ថាន។សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហាបរិស្ថាន​ និងបម្រែបម្រួលអាកាសធាតុ ដែលជាកង្វល់រួមរបស់យើង និងរបស់ពិភពលោក ដោយរួមទាំងការធ្វើការតាមរយៈកិច្ចសហការជាដៃគូរវាងសហរដ្ឋអាមេរិក និងតំបន់ទន្លេមេគង្គ 

ក្នុងពេលដែលយើងធ្វើការអបអរទិវាបរិស្ថាន​ពិភពលោកនៅខែ​នេះ យើងដឹងថា ការគ្រប់គ្រងបរិស្ថានដែលមានប្រសិទ្ធភាព ទាមទារឲ្យមានអភិបាលកិច្ចប្រកបដោយតម្លាភាព និងគណនេយ្យ​ភាព។ សហរដ្ឋអាមេរិកសូមបញ្ជាក់ពីតួនាទីចាំបាច់​​នៃសេរីភាព​នៃការបញ្ចេញមតិ ការតវ៉ា​ដោយសន្តិវិធី និងការទទួលខុសត្រូវ​របស់រដ្ឋាភិបាល ចំពោះពលរដ្ឋ នៅក្នុងការរក្សាឲ្យមានការអនុវត្តរឹងមាំតាមលទ្ធិប្រជាធិបតេយ្យ នៅក្នុងគ្រប់វិស័យ​ទាំងអស់​នៃការអភិវឌ្ឍ ដែលរួមមានផងដែរ​ នូវការការពារធនធានធម្មជាតិ​ដ៏មានតម្លៃ​របស់ព្រះរាជាណាចក្រកម្ពុជា។