ថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០២០
យើង ដែលជារដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសអូស្ត្រាលី កាណាដា ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក សូមសម្តែងជាថ្មី នូវកង្វល់ដ៏ជ្រាលជ្រៅរបស់យើង ចំពោះការដាក់ឲ្យអនុវត្តនូវច្បាប់ថ្មី ដែលផាត់ចោលសមាជិកសភាជាប់ឆ្នោត នៅហុងកុង។ បន្ទាប់ពីការដាក់ឲ្យអនុវត្តនូវច្បាប់សន្តិសុខជាតិ និងការផ្អាកការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញតិ្ត កាលពីខែកញ្ញា ការសម្រេចចិត្តនេះនឹងបំផ្លាញថែមទៀត ដល់កម្រិតខ្ពស់នៃស្វ័យភាព សិទ្ធិ និងសេរីភាពរបស់ទឹកដីហុងកុង។
សកម្មភាពរបស់ប្រទេសចិន គឺជាការរំលោភយ៉ាងច្បាស់ លើកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួន នៅក្រោមសេចក្តីប្រកាសរួមគ្នារបស់ប្រទេសចិន និងចក្រភពអង់គ្លេស ដែលត្រូវបានតម្កល់នៅអង្គការសហប្រជាជាតិ និងដែលមានតម្លៃតាមផ្លូវច្បាប់។ សកម្មភាពនេះរំលោភទាំងទៅលើការប្តេជ្ញាចិត្តរបស់ប្រទេសចិន ដែលថា ទឹកដីហុងកុងនឹងទទួលបាន”ស្វ័យភាពកម្រិតខ្ពស់” និងសេរីភាពក្នុងការសម្តែងមតិ។
ច្បាប់ផាត់ចោលនេះទំនងជាផ្នែកមួយនៃយុទ្ធនាការរួម ក្នុងការបំបាត់សម្លេងទិតៀនទាំងអស់ បន្ទាប់ពីការផ្អាកការបោះឆ្នោតក្រុមប្រឹក្សានីតិបញ្ញត្តិ កាលពីខែកញ្ញា ការធ្វើការចោទប្រកាន់ទៅលើសមាជិកសភាជាប់ឆ្នោតមួយចំនួន និងសកម្មភាពបំផ្លាញសេរីភាពផ្នែកប្រព័ន្ធឃោសនាដ៏រស់រវើក នៅទឹកដីហុងកុង។
យើងសូមអំពាវនាវឲ្យប្រទេសចិន បញ្ឈប់ការបំផ្លាញសិទ្ធិរបស់ប្រជាជនហុងកុង ក្នុងការជ្រើសរើសតំណាងរបស់ពួកគេ ស្របតាមសេចក្តីប្រកាសរួម និងច្បាប់ជាមូលដ្ឋាន។ ដើម្បីវិបុលភាព និងស្ថិរភាពនៃទឹកដីហុងកុង ប្រទេសចិន និងអាជ្ញាធរហុងកុង ចាំបាច់ត្រូវគោរពបណ្តាញសម្រាប់ឲ្យប្រជាជនហុងកុងអាចសម្តែងមតិ និងកង្វល់ស្របច្បាប់របស់ពួកគេបាន។
ក្នុងនាមជាសមាជិកឈានមុខគេនៃសហគមន៍អន្តរជាតិ យើងរំពឹងថា ប្រទេសចិននឹងបំពេញតាមការប្តេជ្ញាចិត្តជាអន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ចំពោះប្រជាជនហុងកុង។ យើងសូមអំពាវនាវឲ្យអាជ្ញាធរថ្នាក់កណ្តាលរបស់ចិនពិចារណាឡើងវិញ នូវទង្វើរបស់ខ្លួនប្រឆាំងនឹងសភាជាប់ឆ្នោតរបស់ហុងកុង ហើយប្រគល់តំណែងឡើងវិញជាបន្ទាន់ ដល់សមាជិកនៃក្រុមប្រឹក្សានីតិបញ្ញតិ្ត។