សេចក្តីថ្លែងការរួម ស្តីពីស្ថាន​ភាព​នៅប្រទេសភូមា

សេចក្តីថ្លែងការរួម​របស់ឧត្តមតំណាង​នៃសហភាពអឺរ៉ុប រដ្ឋមន្រ្តីការបរទេស​នៃប្រទេសអាល់បានី អូស្ត្រាលី កាណាដា ណូវែលសេឡង់ ណ័រវ៉េ សាធារណរដ្ឋកូរ៉េ ស្វីស ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក នៅខួបលើកទី១ នៃការធ្វើរដ្ឋប្រហារយោធា នៅប្រទេសភូមា 

នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១ ពួកយោធាបានចាប់យកអំណាច នៅប្រទេសភូមា ដោយប្រឆាំងទៅនឹងសេចក្តីប្រាថ្នាតាមបែបលទ្ធិប្រជាធិបតេយ្យ​ របស់ប្រជាជនភូមា។ មួយឆ្នាំក្រោយមក គេឃើញមានផលវិបាកធ្ងន់ធ្ងរ​បានធ្លាក់ទៅលើប្រជាជនភូមា។ ប្រជាជនចំនួនជាង ១៤ លាននាក់ត្រូវការជំនួយមនុស្សធម៌ សេដ្ឋកិច្ចជួបវិបត្តិ ដំណើរជឿនលឿនផ្នែកប្រជាធិបតេយ្យ​បានដើរបកក្រោយ ហើយវិវាទកំពុងរាលដាលនៅទូទាំងប្រទេស។ របបយោធាត្រូវទទួលខុសត្រូវ​ចំពោះវិបត្តិ​នេះ ដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព និងស្ថិរភាព​នៅក្នុងប្រទេសភូមា និងតំបន់។ ជាថ្មីម្តងទៀត យើងអំពាវនាវឲ្យមានការបញ្ឈប់ជាបន្ទាន់ នូវហឹង្សា និងឲ្យមានជាបន្ទាន់ នូវការពិភាក្សាប្រកបដោយស្ថាបនា នៅក្នុងចំណោមភាគីទាំងអស់ ដើម្បីដោះស្រាយវិបត្តិ​នេះ​ដោយសន្តិវិធី។ យើងសូមអំពាវនាវជាថ្មី ឲ្យរបបយោធាបញ្ឈប់ជាបន្ទាន់ នូវការប្រកាសស្ថាន​ភាពអាសន្ន អនុញ្ញាតឲ្យគេដឹកនាំជំនួយមនុស្សធម៌​ដោយគ្មានការរារាំង ដោះលែងមនុស្សទាំងអស់ដែលត្រូវបានចាប់ខ្លួនតាមអំពើចិត្ត ដោយរួមទាំងជនបរទេសផង ហើយនាំប្រទេសត្រឡប់ទៅរកដំណើរការប្រជាធិបតេយ្យវិញជាបន្ទាន់។  

នៅថ្ងៃខួប​នៃការធ្វើរដ្ឋប្រហារ​នេះ យើងសូមរម្លឹកដល់អ្នកដែលបានស្លាប់ ក្នុងពេលជាងមួយឆ្នាំមក​នេះ ដែលរួមមានស្រ្តី កុមារ បុគ្គលិកធ្វើការងារផ្តល់ជំនួយមនុស្សធម៌ អ្នកការពារសិទ្ធិមនុស្ស និងអ្នកតវ៉ាដោយសន្តិភាព។ យើងសូមថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះការរំលោភសិទ្ធិមនុស្ស ដោយរបបយោធា នៅទូទាំងប្រទេស ដោយរួមទាំងការរំលោភ​លើក្រុមជនជាតិ Rohingya ក្រុមជនជាតិ និងក្រុមសាសនាភាគតិចដទៃទៀត។ យើងសូមសម្តែងកង្វល់យ៉ាងខ្លាំង​ ចំពោះសេចក្តីរាយការណ៍ដ៏គួរឲ្យទុកចិត្តបានថា មានការធ្វើទារុណកម្ម និងហឹង្សាផ្លូវភេទ។ យើងសូមសម្តែងកង្វល់យ៉ាងខ្លាំង ចំពោះប្រជាជនចំនួនជាង ៤ សែននាក់ទៀត ដែលបានគេចចេញពីផ្ទះសម្បែងរបស់គេ ចាប់តាំងពីមានរដ្ឋប្រហារមក។ យើងមានកង្វល់ច្រើនផងដែរ ចំពោះវិបត្តិផ្នែកមនុស្សធម៌ដែលមានភាពកាន់តែជ្រាលជ្រៅឡើង នៅទូទាំងប្រទេស ហើយសូមអំពាវនាវឲ្យរបបយោធាអនុញ្ញាតឲ្យប្រជាជនងាយរងគ្រោះ អាចមានលទ្ធភាពទទួលបានជំនួយមនុស្សធម៌បានយ៉ាងឆាប់ ពេញលេញ និងដោយគ្មានការរារាំង ដោយរួមទាំងការទទួលបានការចាក់វ៉ាក់សាំងការពារមេរោគកូវីដ ១៩ ផង។ យ៉ាងសូមសម្តែងកង្វល់យ៉ាងជ្រាលជ្រៅ ដោយមនុស្សជាច្រើនត្រូវបានឃុំខ្លួនតាមអំពើចិត្ត ហើយលោកស្រីទីប្រឹក្សារដ្ឋ Aung San Suu Kyi និងអ្នកនយោបាយជាប់ឃុំដទៃទៀតត្រូវបានតុលាការកាត់ក្តីឲ្យជាប់ទោស។  

យើងសូមអំពាវនាឲ្យសមាជិកសហគមន៍​អន្តរជាតិទាំងអស់គាំទ្រការខិតខំ ក្នុងការលើកកម្ពស់យុត្តិធម៌សម្រាប់ប្រជាជនភូមា ចាប់ឲ្យទទួលខុសត្រូវ នូវអ្នកដែលរំលោភសិទ្ធិមនុស្ស បញ្ឈប់ការលក់និងផ្ទេរអាវុធ សម្ភារៈ បរិក្ខាដែលគេប្រើសម្រាប់បំណងច្រើនយ៉ាង និងជំនួយបច្ចេកទេស​ ដល់ពួកយោធា និងតំណាងរបស់ពួកគេ ហើយបន្តគាំទ្រប្រជាជនភូមា ក្នុងការបំពេញតម្រូវការបន្ទាន់ផ្នែកមនុស្សធម៌។ 

យើងសូមបញ្ជាក់ការគាំទ្រ​របស់យើង ចំពោះកិច្ចព្រមព្រៀង ៥ ចំណុចរបស់អាស៊ាន និងការខិតខំ​របស់បេសកជនពិសេសអាស៊ាន ក្នុងការគាំទ្រដំណោះស្រាយប្រកបដោយសន្តិភាព ដើម្បីផលប្រយោជន៍​របស់ប្រជាជនភូមា។ យើងអំពាវនាវឲ្យរបបយោធាចូលរួម​ប្រកបដោយអត្ថន័យ ជាមួយការខិតខំ​របស់អាស៊ាន ដើម្បីអនុវត្តពេញលេញ និងជាបន្ទាន់ លើកិច្ចព្រមព្រៀង ៥ ចំណុច​នេះ ដែលរួមមានការធានាថា បេសកជនពិសេសរបស់អាស៊ានអាចជួបជាមួយភាគីទាំងអស់ នៅប្រទេសភូមា ដោយរួមទាំងក្រុមនិយមលទ្ធិប្រជាធិបតេយ្យផងដែរ។ យើងថែមទាំងសូមស្វាគមន៍ការងារ​របស់បេសកជនពិសេស​របស់អគ្គលេខាធិការ​នៃអង្គការសហប្រជាជាតិ ស្តីពីប្រទេសភូមា ហើយអំពាវនាវឲ្យរបបយោធាពិភាក្សាប្រកបដោយន័យស្ថាបនា ជាមួយគាត់។