សេចក្តីថ្លែងរបស់លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Mike Pompeo នៅក្នុងឱកាសបុណ្យរ៉ាម៉ាឌន

ថ្ងៃទី ២៣ មេសា ឆ្នាំ ២០២០

តាងនាមឲ្យប្រជាជនអាមេរិក ខ្ញុំសូមជូនពរដល់សហគមន៍ឥស្លាម នៅក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក នៅក្នុងពេលដែលគេចាប់ផ្តើមខែបុណ្យរ៉ាម៉ាឌន។ ខែរ៉ាម៉ាឌន ជាពេលដែលគេធ្វើការមើលទៅលើខ្លួនឯង ការប្រតិបត្តិសាសនា និងក្តីមេត្តាករុណា។ នៅសហរដ្ឋអាមេរិក ស្ថិតក្នុងកាលៈទេសៈធម្មតា វិហារឥស្លាម ផ្ទះ និងមជ្ឈមណ្ឌលសហគមន៍​ជាច្រើនស្វាគមន៍​មិត្តភក្តិ និងអ្នកជិតខាងដែលកាន់សាសនា​ផ្សេងៗ ដើម្បីរួបរួមគ្នាក្រោមដំបូលតែមួយ ដើម្បីបន្ទរនូវគុណតម្លៃរួមរបស់អាមេរិក ក្នុងការចូលរួមទាំងអស់គ្នា និងការធ្វើនូវអំពើសប្បុរស។

នៅឆ្នាំ​នេះ មេរោគកូវីដ ១៩ បានផ្លាស់ប្តូរភ្លាមៗ នូវការជួបជុំគ្នា និងពិធីអបអររបស់សាសនិកឥស្លាមជាច្រើន នៅទូទាំងសាកលលោក។ សាសនិកឥស្លាមដែលមានគម្រោងធ្វើដំណើរទៅMecca ក្នុងដំណើរធម្មយាត្រា Umrah ដើម្បីទៅព្រះវិហារសាសនាពីរ គឺព្រះវិហារ Mecca និង Medina ត្រូវបានលើកទឹកចិត្តឲ្យផ្អាក​គម្រោងផែនការរបស់គេ ដើម្បីទប់ការរាលដាល​នៃជំងឺ​នេះ។ អាហារស្រាយបួស​Iftar មិនអាចត្រូវបានបរិភោគ​រួមគ្នា ដូចដែលគេធ្វើតាមប្រពៃណីមក ជាមួយមិត្តភក្តិនិងបងប្អូនទេ ហើយមានច្រើនគ្នារៀបចំធ្វើតាមប្រព័ន្ធអ៊ិនធ័រណែត។

នៅក្នុងរដូវដែលគេធ្វើការគោរពបូជា​នេះ មានការប្រែប្រួលរួចទៅហើយ​ដោយសាររោគរាតត្បាតមួយនេះ ដែលយកលេសបន្ទោសលើក្រុមសាសនាខ្លះ រួមទាំងសាសនិកឥស្លាមផងនោះ មានការកើនឡើងជាមួយនឹងការរាលដាល​នៃមេរោគ​កូវីដ ១៩។ យើងសុំឲ្យរដ្ឋាភិបាល និងសហគមន៍ទាំងអស់ប្រើពេលវេលា​នេះ ដើម្បីផ្តោតលើពិធីសាសនា និងការឯកភាពគ្នា គិតពីសុខភាព និងសុវត្ថិភាពនៃជន ដែលមិនសូវត្រូវបានគេយកចិត្តទុកដាក់ និងជនងាយរងគ្រោះជាងគេ នៅក្នុងពេលដែលយើងបន្តការខិតខំដើម្បីបញ្ចប់វិបត្តិមេរោគកូវីដ ១៩។ បុណ្យរ៉ាម៉ាឌន គឺជាការរំលឹកដល់អ្នកកាន់សាសនាទាំងអស់ឲ្យខិតខំដើម្បីក្តីមេត្តាករុណា ឆ្លុះបញ្ចាំងលើសកម្មភាព​ខ្លួនឯង ហើយធ្វើយ៉ាងណាឲ្យមនុស្សគ្រប់រូបមានសុវត្ថិភាព នៅក្នុងគ្រាលំបាក​។

ក្នុងកាលៈទេសៈធម្មតា ស្ថានកុងស៊ុល និងស្ថានទូតជាច្រើនរបស់យើង នៅជុំវិញពិភពលោក រៀបចំពិធីអាហារស្រាយបួស Iftar ដើម្បីអបអរ និងផ្តល់កិត្តិយស​ដល់គុណតម្លៃ​នៃសន្តិភាព និងមិត្តភាពដែលមានបុណ្យរ៉ាម៉ាឌនជានិមិត្តរូប។ នៅឆ្នាំ​នេះ ស្ថានបេសកកម្មទាំង​នេះនឹងមានវិធីថ្មី ដែលបន្តបង្ហាញឲ្យឃើញ​នូវលក្ខណៈមនុស្សជាតិ និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សេរីភាពសាសនា និងការចូលរួមទាំងអស់គ្នា នៅក្នុងស្រុក និងនៅបរទេស។ ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរដល់សហគមន៍សាសនិកឥស្លាម នៅជុំវិញពិភពលោក ដែលកំពុងធ្វើការអបអរ សូមឲ្យបុណ្យរ៉ាម៉ាឌន​របស់គេ ប្រកបដោយភាពសុខសាន្ត និងសន្តិភាព។

រីករាយខែរ៉ាម៉ាឌន ដ៏មហាប្រសើរ