ស្ថានទូតអាមេរិក
ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០
ជាដំបូង ខ្ញុំសូមនិយាយលើ ២ ចំណុច។
ទី១ យើងសូមសម្តែងសមានទុក្ខ ចំពោះប្រជាជនកម្ពុជាទាំងអស់ ដែលកំពុងតែជួបប្រទះនឹងគ្រោះទឹកជំនន់ នៅក្នុងប្រទេស។ យើងកំពុងតែតាមដានការវិវត្ត យើងមានកង្វល់ ហើយមានការអាណិតចំពោះការបាត់បង់ជីវិត មុខរបរ ចិញ្ចឹមជីវិត និងផ្ទះសម្បែង។ យើងចង់ធ្វើជាដៃគូល្អ និងជួយយកអាសា ហើយបើប្រទេសកម្ពុជាត្រូវការជំនួយអន្តរជាតិ សហរដ្ឋអាមេរិកនឹងស្តាប់។
ទី២ នៅខែនេះ ខ្ញុំធ្វើការកត់សម្គាល់ខួបមួយឆ្នាំនៃការងាររបស់ខ្ញុំជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា ហើយវាជាឆ្នាំដ៏ល្អ។ ស្ថានទូតអាមេរិកខិតខំធ្វើការដើម្បីកសាងទំនាក់ទំនងរបស់យើង ហើយពង្រឹងទិដ្ឋភាពជាច្រើននៃកិច្ចសហប្រតិបត្តិការរបស់យើង ដែលរួមមានការជួយប្រទេសកម្ពុជាក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតជាសាកល។ យើងគិតថា យើងទទួលបានជោគជ័យច្រើន ពីការខិតខំទាំងនេះ។
នៅឆ្នាំនេះ យើងអបអរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសយើងទាំងពីរ។ នេះជាឱកាសឲ្យយើងផ្តោតលើវិស័យរឹងមាំនៃកិច្ចសហការ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយគ្នា។ វាជាការរីករាយសម្រាប់យើង ពីព្រោះយើងមានដៃគូជាច្រើន នៅទូទាំងប្រទេសកម្ពុជា នៅក្នុងរដ្ឋាភិបាល សង្គមស៊ីវិល ក្នុងចំណោមយុវជន ស្ថាប័នជាច្រើន មជ្ឈមណ្ឌលផ្នែកសិក្សាអប់រំ ជាដើម។
នៅខែតុលានេះ យើងសូមទាញការចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការក្នុងផ្នែកពង្រឹងការអនុវត្តច្បាប់។ នេះជាផ្នែកសហប្រតិបត្តិការ ដែលមិនសូវមានគេដឹងច្រើន ហើយមិនសូវមានគេចាប់អារម្មណ៍ទៅលើ តែយើងទទួលបានជោគជ័យច្រើនក្នុងការងារនេះ។ មានទីភ្នាក់ងារពង្រឹងការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក ធ្វើការនៅកម្ពុជា ជាមួយសមភាគីកម្ពុជា ដើម្បីជួយកម្ពុជាឲ្យក្លាយជាប្រទេសមានការអភិវឌ្ឍច្រើន មានវិបុលភាព ប្រកបដោយសុខភាពល្អ និងសុវត្ថិភាព។ ពិតមែនហើយ សហរដ្ឋអាមេរិកទទួលបានប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនេះផងដែរ។
ខាងក្រោមនេះគឺជាបំណងខ្លះរបស់យើង នៅក្នុងកិច្ចសហប្រតិបត្តិការរបស់យើងក្នុងការពង្រឹងការអនុវត្តច្បាប់៖
- យើងចង់ប្រឆាំង និងលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន។ បណ្តាញទាំងនេះមាននៅទូទាំងពិភពលោក និងនៅកម្ពុជា។ យើងចង់ធ្វើមិនឲ្យបណ្តាញនេះឆ្លងចូលមកកម្ពុជា។
- យើងចង់ប្រឆាំងការជួញដូរមនុស្ស និងការជួញដូរសត្វព្រៃ។
- យើងចង់ធ្វើអ្វីៗដែលយើងអាចធ្វើបាន ដើម្បីការពារកុមារ។
- យើងចង់រួមចំណែកដល់ការងារប្រឆាំងនឹងការរីកសាយនៃអាវុធប្រល័យលោក។ មានប្រទេសនៅក្នុងពិភពលោក ដែលគាំទ្រដល់ការរីកសាយអាវុធប្រល័យលោក ហើយយើងចង់ធ្វើសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ដើម្បីបញ្ឈប់វា។
- យើងចង់ការពារបេតិកភណ្ឌវប្បធម៌កម្ពុជា។ កន្លងមក មានការលួចប្លន់វត្ថុបូរាណជាច្រើន ពីប្រទេសកម្ពុជា ហើយយើងធ្វើការដើម្បីកុំឲ្យមានរឿងនេះទៀត។
មានវិស័យដែលមានសារសំខាន់សម្រាប់ប្រជាជនយើងទាំងពីរ ហើយយើងទទួលបានជោគជ័យជាច្រើននៅក្នុងឆ្នាំកន្លងទៅនេះ។
- យើងបានធ្វើការជាមួយនឹងផ្នែកគយកម្ពុជា ដើម្បីរឹបអូសយកស្រការពង្រូល ដែលជាសត្វជិតផុតពូជ និងស៊ីស្រមោច។ វាត្រូវបានគេធ្វើការជួញដូរខ្លាំង ដើម្បីយកទៅធ្វើថ្នាំ ហើយវាកាន់តែខ្សត់មែនទែនហើយ។ ដោយមានកិច្ចសហប្រតិបត្តិការពីសហរដ្ឋអាមេរិកកម្ពុជាអាចបញ្ឈប់ការដឹកនាំយកវា ពីប្រទេស នីហ្សេរីយ៉ា។ វាជាជោគជ័យមួយ។
- មានជនបំពានលើកុមារ ដែលត្រូវបានបញ្ឈប់មិនឲ្យចូលកម្ពុជា ឬរកឃើញ ហើយត្រូវបានចាប់បញ្ជូនត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដើម្បីកាត់ទោស។
- ក្នុងឆ្នាំកន្លងទៅនេះ ទីភ្នាក់ងារផ្នែកពង្រឹងការអនុវត្តច្បាប់របស់យើងនៅក្នុងសហរដ្ឋអាមេរិក បានរឹបអូសវត្ថុបូរាណ ហើយបញ្ជូនប្រឡប់មកកម្ពុជាវិញ ដូចជានៅពេលនេះ យើងបានយកវត្ថុបូរាណ ២ មកដាក់នៅសារមន្ទីរជាតិវិញ។ ខ្ញុំបានចូលរួមក្នុងការនាំយកមកវិញនូវវត្ថុបូរាណនេះ ជាមួយក្រសួងវប្បធម៌ ហើយយើងមានមោទនភាពចំពោះជោគជ័យនេះ។
- យើងគួរកត់សម្គាល់ថា នៅពេលយើងនិយាយអំពីការប្រឆាំងនឹងក្រុមឧក្រិដ្ឋជន ផ្នែកមួយដែលយើងធ្វើការ ទាក់ទងនឹងគ្រឿងញៀនខុសច្បាប់។ យើងធ្វើការដើម្បីបញ្ឈប់លំហូរនៃគ្រឿងញៀនខុសច្បាប់។ ផ្អែកតាមព័ត៌មានដែលយើងបានផ្តល់ ក្នុងពេលថ្មីៗនេះ អាជ្ញាធរកម្ពុជាបានរឹបអូសយកគ្រឿងញៀន និងរកឃើញកន្លែងផលិតខុសច្បាប់ ដែលផលិតគ្រឿងញៀនពីសារធាតុផ្សំ នៅកម្ពុជា។
ទាំងនេះគឺជាជោគជ័យដែលយើងបានឃើញ។ ដូចដែលខ្ញុំបាននិយាយមកហើយថា ការងាររបស់យើង ពេលខ្លះ នៅក្រោយឆាក មិនសូវមានគេដឹង តែវាមានសារៈសំខាន់ពិសេសសម្រាប់សុវត្ថិភាព សុខភាព និងវិបុលភាពនៃប្រជាជនកម្ពុជា។
ខ្ញុំមានឧទាហរណ៍មួយទៀតដែលខ្ញុំចង់បង្ហាញលោកអ្នក។ វាមិនមែនទាក់ទងតែនឹងទីភ្នាក់ងារពង្រឹងការអនុវត្តច្បាប់នោះទេ តែទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក ឬ USAID បានជួយបណ្តុះបណ្តាលអនុរក្សព្រៃនៅកម្ពុជា។ ជាសញ្ញាបង្ហាញពីជោគជ័យក្នុងការបណ្តុះបណ្តាលអនុរក្សព្រៃរាប់រយនាក់ មានការរឹបអូសឧបករណ៍ខុសច្បាប់ នៅក្នុងតំបន់ការងារ ដូចជាអន្ទាក់សត្វ និងរណារ ហើយមានការចាប់ខ្លួនចំនួនជាង ៦០ ករណី និងការលែងពូជសត្វព្រៃកម្ររាប់សិបទៀត។ យើងមានមោទនភាពចំពោះរឿងនេះ ហើយខ្ញុំគិតថា ប្រជាជនកម្ពុជាក៏គួរមានមោទនភាពដូចគ្នានេះផងដែរ។
ខ្ញុំសង្ឃឹមថា ទាំងអស់នេះ ផ្តល់ជាព័ត៌មានដែលពន្យល់ពីមូលហេតុដែលយើងទាញការចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការ លើការពង្រឹងការអនុវត្តច្បាប់ នៅខែនេះ។ វាជាផ្នែកសំខាន់មួយនៃទំនាក់ទំនងទ្វេភាគីរបស់យើង។ សូមអរគុណ។