សេចក្តីប្រកាសព័ត៌មាន
តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងសាលាក្តីខ្មែរក្រហមនៅកម្ពុជា (ECCC)បានចេញសាលក្រម នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ ដោយតម្កល់សាលក្រម និងទោសជាប់ពន្ធនាគារជាលើកទី ២ នៃអតីតប្រធានរដ្ឋខ្មែរក្រហម ឈ្មោះ ខៀវ សំផន ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ហើយនិងបទរំលោភធ្ងន់ធ្ងរប្រឆាំងនឹងអនុសញ្ញាទីក្រុងហ្សឺណែវ។
ក្នុងពេលដែល ECCC ដែលត្រូវបានគេស្គាល់ផងដែរថា ជាតុលាការកាត់ក្តីខ្មែរក្រហម បិទបញ្ចប់ករណីចុងក្រោយរបស់ខ្លួននៅក្នុងដំណើរការក្តី ដែលអូសបន្លាយអស់ជាង ១៧ ឆ្នាំ ECCC បន្សល់ទុកជាកេរ្តិ៍ដំណែលមួយ ដែលបង្ហាញច្បាស់លាស់ នូវបទឧក្រិដ្ឋដ៏អាក្រក់បំផុត ប្រឆាំងនឹងមនុស្សជាតិ នៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប និងការរួមវិភាគទានចំពោះការស្វែងរកពិត ការផ្សះផ្សាគ្នា និងយុត្តិធម៌ នៅព្រះរាជាណាចក្រកម្ពុជា។
ដោយបានធ្វើការជិតស្និទ្ធ ជាមួយអង្គការសហប្រជាជតិ ដៃគូដទៃទៀត និងអ្នកពាក់ព័ន្ធនានាខាងកម្ពុជា សហរដ្ឋអាមេរិកបានធ្វើការវិនិយោគសំខាន់ៗ ផ្នែកការងារទូត និងហិរញ្ញវត្ថុ សម្រាប់ការបង្កើត និងសកម្មភាពនៃតុលាការកាត់ក្តីខ្មែរក្រហម។ ខ្ញុំមានមោទនភាពចំពោះការវិនិយោគទាំងនេះ ហើយសូមអរគុណចំពោះការរួមចំណែក នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ របស់អ្នកការទូតរបស់យើង សមាជិកសភាសហរដ្ឋអាមេរិក និងអ្នកជំនាញផ្នែកច្បាប់ ផ្នែកសិក្សាស្រាវជ្រាវ សង្គមស៊ីវិល និងអ្នកជំនាញផ្នែកសិទ្ធិមនុស្សរបស់អាមេរិក ដោយរួមទាំងការជួយក្នុងការបង្ហាញនូវទំហំនៃបទឧក្រិដ្ឋរបស់របបខ្មែរក្រហម និងអំពើយង់ឃ្នងនៃរបបនេះ។
កម្មវិធីផ្តល់ជំនួយបរទេសរបស់យើងនឹងបន្តជួយដល់ជនរងគ្រោះ និងអ្នករួចជីវិតពីឧក្រិដ្ឋកម្មទាំងនេះ។ ខ្ញុំសុំឲ្យអាជ្ញាធរកម្ពុជាបន្តរក្សាការទទួលខុសត្រូវរបស់គេដ៏សំខាន់ ក្នុងការជួយការពារកេរ្តិ៍ដំណែលនៃតុលាការនេះ ពិសេសដោយអភិរក្ស និងបង្ហាញដល់សាធារណជន នូវឯកសារ និងព័ត៌មានដ៏ច្រើនស្តីពីការពិត ដែល ECCC បានចងក្រង និងផលិត។ មនុស្សជំនាន់ក្រោយត្រូវការមើលឯកសារដែលយើងរក្សាទុកទាំងនេះ សម្រាប់ធ្វើការស្រាវជ្រាវ និងសិក្សា ដើម្បីឲ្យយើងចងចាំជានិច្ច នូវជនរងគ្រោះដោយបទឧក្រិដ្ឋដ៏អាក្រក់ទាំងនេះ មិនភ្លេចអ្វីដែលបានកើតឡើង ហើយខិតខំធ្វើយ៉ាងណាកុំឲ្យបទឧក្រិដ្ឋទាំងនេះកើតឡើងជាថ្មី នៅកម្ពុជា ក៏ដូចជានៅគ្រប់កន្លែងក្នុងពិភពលោក។
###