សេចក្តីប្រកាសព័ត៌មានរួម

សេចក្តីប្រកាសព័ត៌មានរួម

ស្តីពី

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍

រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិករាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ..២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិសោធនកម្មស្តីពីហិរញ្ញប្បទានសហប្រតិបត្តការអភិវឌ្ឍន៍ សម្រាប់ឆ្នាំសារពើពន្ធ២០១៩ តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៥៦ លានដុល្លារ ក្នុងនោះ ៣៨ លានដុល្លារ សម្រាប់វិស័យសុខាភិបាល និងអប់រំ និង ១៨ លានដុល្លារ សម្រាប់វិស័យកសិកម្ម និងបរិស្ថាន ដែលអនុវត្តដោយភា្នក់ងារអនុវត្តគម្រោងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម ជិនប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា  ការបន្តកិច្ចសហប្រតិបត្តិការអភិវឌ្ឍទ្វេភាគីនេះ គឺជាសសរស្តម្ភដ៏សំខាន់ក្នុងការលើកកម្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងប្រទេសទាំងពីរ

ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏បានគូសបញ្ជាក់ដែរថារដ្ឋាភិបាលសហរដ្ឋអាមេរិកប្តេជ្ញាបន្តការគាំទ្ររបស់ខ្លួនចំពោះប្រជាជនកម្ពុជា ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍសង្គមសេដ្ឋកិច្ចមួយប្រកបដោយចីរភាព បរិយាបន្ន និងសមធម៌

តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ការគាំទ្រនេះនឹងបន្តរួមចំណែកកាត់បន្ថយអត្រាមរណៈភាពមាតា និងទារកដែលមានអាយុក្រោម ឆ្នាំ ក៏ដូចជាផ្តល់ការគាំទ្រលើកម្មវិធីនានាក្នុងការកាត់បន្ថយ ជំងឺក្រិន និងជំងឺខ្វះគ្រាប់ឈាមក្រហមរបស់កុមារ និងស្ត្រី និងកាត់បន្ថយអត្រាប្រេវ៉ាទ្បង់នៃជំងឺអេដស៍ជំងឺរបេង និងជំងឺគ្រុនចាញ់នៅកម្ពុជា ចំពោះវិស័យអប់រំ, ក្រសួងអប់រំ យុវជន និងកីទ្បា និងទីភ្នាក់ងារ USAID នឹងបន្តគាំទ្រ កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យប្រសើរទ្បើងនូវសមត្ថភាពការអានរបស់កុមារ, កាត់បន្ថយអត្រាបោះបង់ចោលការសិក្សានៅថ្នាក់វិទ្យាល័យ និងបំពាក់បំប៉នបន្ថែមដល់ប្រជាជនកម្ពុជាក្នុងការឈានចូលទៅក្នុងទីផ្សារពលកម្ម សម្រាប់ភាពជាដៃគូរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងទីភ្នាក់ងារ USAID នឹងផ្តល់ការគាំទ្រលើកម្មវិធីនានាក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ការផលិតគ្រាប់ពូជសំខាន់ៗ និងអាហារូបត្ថម្ភក្នុងសហគមន៍ជនបទ ទន្ទឹមនេះ ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន កិច្ចព្រមព្រៀងនេះក៏នឹងគាំទ្រកម្មវិធី   បរិស្ថានក្នុងការកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រជាជន ក៏ដូចជាតំបន់ទេសភាព ដែលទទួលរងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ និងបានជួយកម្ពុជា សម្រេចបានតាមការប្តេជ្ញាក្នុងក្របខណ្ឌអន្តរជាតិរបស់ខ្លួន ក្នុងការកាត់បន្ថយការបំភាយឧស្ម័ន ផ្ទះកញ្ចក់ ជាពិសេស ដែលបណ្តាលមកពីការបាត់បង់ និងរេចរឺលព្រៃឈើ

គិតចាប់តាំងពីខែមីនា ឆ្នាំ២០១៦ បូករួមទាំងកិច្ចព្រមព្រៀងដែលទើបចុះហត្ថលេខានាថ្ងៃនេះ ភាគីអាមេរិកបានផ្តល់ហិរញ្ញប្បទានឥតសំណងសរុប ២៥៣ លានដុល្លារ សម្រាប់គាំទ្រដល់វិស័យអាទិភាពទាំង៤ ការគាំទ្រនេះបានឆ្លើយតបយ៉ាងល្អប្រសើរទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា

បន្ថែមពីលើនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ការគាំទ្រអង្គការសង្គមស៊ីវិលដែលបានធ្វើការ ផ្តោតលើសិទ្ធមនុស្ស, ការប្រឆាំងការជួញដូរមនុស្ស និងគណនេយ្យភាព និងតម្លាភាពនៅក្នុងប្រទេសកម្ពុជា កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបំពេញបន្ថែមនូវការងារជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រការអភិវឌ្ឍ ប្រកប ដោយចីរភាព និងបរិយាបន្នក្នុងប្រទេសកម្ពុជា

គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ មក រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទានឥតសំណង ប្រមាណ ១១ លានដុល្លារ គាំទ្រដល់ផែនការឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ហិរញ្ញប្បទាននេះ នឹងប្រើប្រាស់ដើម្បីជួយសម្រាលទាំងការឆ្លើយតបផ្នែកវេជ្ជសាស្ត្រភ្លាមៗចំពោះជំងឺកូវីត១៩ ក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា និងផលប៉ះពាល់ដែលបណ្តាលមកពីជំងឺឆ្លង ដោយផ្តោតលើការស្តារទ្បើងវិញនូវសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងសមធម៌

គិតចាប់តាំងពីឆ្នាំ១៩៩៤ មកដល់បច្ចុប្បន្ន រដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ការគាំទ្រដល់ប្រទេសកម្ពុជាប្រមាណជាង ពាន់លានដុល្លារ