ថ្ងៃនេះ នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី ស្តីពីប្រទេសភូមា លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Nikki Haley បានប្រកាសទឹកប្រាក់ចំនួនជាង ១៨៥ លានដុល្លា ដល់ប្រទេសភូមា និងប្រទេសបង់ក្លាដេសសម្រាប់អ្នកដែលរងការប៉ះពាល់ដោយវិបត្តិនៅរដ្ឋ Rakhine ។ ថវិកាថ្មីនេះ ដែលរួមមាន ១៥៦ លានដុល្លាសម្រាប់ជនភៀសខ្លួន Rohingya និងសហគមន៍ម្ចាស់ផ្ទះក្នុងប្រទេសបង់ក្លាដេស នឹងជួយដល់កិច្ចដំណើរការសេវាសង្គ្រោះបន្ទាន់ចាំបាច់ ដែលរួមមានការការពារ ជំរកស្នាក់នៅក្នុងគ្រាអាសន្ន ស្បៀង ទឹក អនាម័យ ការថែទាំសុខភាព និងជំនួយផ្នែកចិត្តសង្គម (Psychosocial support)។
លោកស្រីឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា “សហរដ្ឋអាមេរិកមានមោទនភាពក្នុងការដឹកនាំអ្នកផ្តល់ជំនួយសង្គ្រោះអាយុជីវិតដល់ជនផ្លាស់ទីលំនៅ ជនភៀសខ្លួន និងសហគមន៍ម្ចាស់ផ្ទះ នៅប្រទេសភូមា និងប្រទេសបង់ក្លាដេស។ តែគេនៅតែត្រូវការជំនួយថែមទៀត ដូច្នេះ យើងត្រូវការអោយប្រទេសដទៃរួមចំណែកផងដែរ។ យើងបន្តអំពាវនាវអោយរដ្ឋាភិបាលភូមាចាត់វិធានការបន្ថែមទៀត ក្នុងការចាប់អោយអ្នកដែលប្រព្រឹត្តអំពើបោសសំអាតបំបាត់ក្រុមជនជាតិ ទទួលខុសត្រូវចំពោះអំពើយង់ឃ្នងរបស់គេ បញ្ចាប់ហឹង្សា ហើយអនុញ្ញាតអោយផ្នែកផ្តល់ជំនួយមនុស្សធម៌ និងផ្នែកសារព័ត៌មានចូលទៅដល់ទីកន្លែងដោយសេរី។ យើងសូមកោតសរសើរចំពោះទឹកចិត្តសប្បុរសដោយគ្មានងាករេរបស់ប្រទេសបង់ក្លាដេស នៅក្នុងការទទួល និងយកចិត្តទុកដាក់ចំពោះជនភៀសខ្លួន”។
ការផ្តល់ថវិកាបន្ថែមនេះធ្វើអោយជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក នៅក្នុងការឆ្លើយតបនឹងវិបត្តិនៅរដ្ឋ Rakhine កើនដល់ជិត ៣៨៩ លានដុល្លា តាំងពីផ្ទុះហឹង្សា កាលពីខែសីហា ឆ្នាំ ២០១៧ មក នៅពេលកំលាំងសន្តិសុខភូមាបានចាប់ផ្តើមប្រព្រឹត្តអំពើយង់ឃ្នងយ៉ាងរាលដាលប្រឆាំងនឹងអ្នកភូមិ Rohingya នៅទូទាំងរដ្ឋ Rakhine ភាគខាងជើង។ នៅពេលនេះ ប្រទេសបង់ក្លាដេសទទួលជនភៀសខ្លួនចំនួនជិត ១ លាននាក់ហើយ ដែលភាគច្រើនជាស្រ្តីនិងកុមារ Rohingya ដែលបានរត់មកជ្រកកោន តាំងពីពេលចាប់ផ្តើមនៃហឹង្សា។