សេចក្តីប្រកាសព័ត៌មាន​របស់លោករដ្ឋមន្រ្តីក្រសួងការបរទេស Mike R. Pompeo ស្តីពីការចាប់ខ្លួនអ្នកតស៊ូមតិគាំទ្រលទ្ធិប្រជាធិតេយ្យជាច្រើន នៅហុងកុង

ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១

ការចាប់ខ្លួន​នៅថ្ងៃ​នេះ នៃអ្នកតស៊ូមតិគាំទ្រលទ្ធិប្រជាធិបតេយ្យ និងអ្នកនយោបាយចំនួនជាង ៥០ នាក់ ដោយអាជ្ញាធរ​នៅហុងកុងគឺជាអំពើហួសហេតុ និងជាការមើលងាយរបស់គណបក្សកម្មុយនិស្តចិន ចំពោះប្រជាជនខ្លួន និងនីតិរដ្ឋ។ អ្នកដែលត្រូវបានចាប់ខ្លួនទាំង​នោះ គ្មានកំហុសទេ ដោយគេគ្រាន់តែអនុវត្តសិទ្ធិប្រជាធិបតេយ្យ​​របស់គេ ដែលត្រូវបានសន្យាសម្រាប់គេដោយសន្ធិសញ្ញា ហើយដែលគេត្រូវទទួលបាន ក្នុងនា​មជាមនុស្សជាតិ។ ពួកគេគួរតែត្រូវបានដោះលែងភ្លាម និងដោយគ្មានលក្ខខ័ណ្ឌ។

សហរដ្ឋអាមេរិកនឹងមិនឈរនៅស្ងៀមឡើយ ក្នុងពេលដែលប្រជាជនហុងកុងរងការឈឺចាប់ នៅក្រោមការគាបសង្កត់​របស់ពួកកម្មុយនិស្ត។ សហរដ្ឋអាមេរិកនឹងពិចារណាដាក់ទណ្ឌកម្ម និងការរឹតត្បិតដទៃទៀត លើគ្រប់បុគ្គល និងនីតិបុគ្គល ដែលមានការពាក់ព័ន្ធក្នុងការរំលោភបំពាននេះ​ លើប្រជាជនហុងកុង ពិនិត្យ​លើការរឹតត្បិតប្រឆាំងនឹងការិយាល័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចហុងកុង នៅក្នុងសហរដ្ឋអាមេរិក ហើយចាត់វិធានការភ្លាមៗបន្ថែមទៀត ប្រឆាំងនឹងមន្រ្តីដែលបានបំផ្លាញដំណើរការប្រជាធិបតេយ្យ​នៅហុងកុង។ ខ្ញុំមានការហួសចិត្តផងដែរ ចំពោះព័ត៌មានស្តីពីការចាប់ខ្លួនជនជាតិអាមេរិក ជាផ្នែកមួយ​នៃយុទ្ធនាការ​បង្ក្រាបផ្នែកនយោបាយ​នេះ។ ខ្ញុំសូមបញ្ជាក់ច្បាស់ថា សហរដ្ឋអាមេរិកនឹងមិនអត់ឱន​ចំពោះការចាប់ខ្លួន ឬការយាយីតាមអំពើចិត្ត ទៅលើពលរដ្ឋអាមេរិកឡើយ។

សហរដ្ឋអាមេរិកគាំទ្រប្រជាជនហុងកុង និងមនុស្សទាំងអស់ ដែលចង់បានសេរីភាព។ ដូច្នេះ ខ្ញុំមានសេចក្តីរីករាយសូមប្រកាសទស្សនកិច្ចក្នុងពេលខាងមុខ​នេះ​ ​របស់លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅអង្គការសហប្រជាជាតិ Kelly Craft ទៅកាន់ Taiwan ដែលជាដៃគូគួរជាទីទុកចិត្ត និងជាអ្នកកាន់លទ្ធិប្រជាធិបតេយ្យរឹងមាំ ហើយដែលមានការរីកចម្រើន ទោះបីជាគណបក្សកម្មុយនិស្តចិនប្រឹងប្រែងបំផ្លាញជោគជ័យដ៏​ធំ​របស់ខ្លួនក្តី។ Taiwan បង្ហាញឲ្យឃើញនូវអ្វីដែលប្រទេសចិនសេរីមួយ​អាចសម្រេចបាន។