សេចក្តីប្រកាសរួមគ្នារបស់រដ្ឋមន្រ្តីការបរទេស Michael Pompeo និងរដ្ឋមន្រ្តីសន្តិសុខមាតុភូមិ Kirstjen Nielsen នៃសហរដ្ឋអាមេរិក

ក្រសួងការបរទេសសហរដ្ឋអាមេរិក
ការិយាល័យអ្នកនាំពាក្យ
ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨

                សកម្មភាពរបស់ចិនធ្វើអោយប៉ះពាល់ដល់ក្រុមហ៊ុនផ្តល់សេវាដែលមានការគ្រប់គ្រងជាសាកល

                យ៉ាងហោចណាស់គិតចាប់តាំងពីឆ្នាំ ២០១៤ មក ក្រុមផ្នែកអ៊ិនធ័រណែតរបស់ចិន ដោយរួមគ្នាជាមួយក្រសួងសន្តិសុខរដ្ឋរបស់ចិន បានលួចចូលទៅក្នុងគេហទំព័ររបស់ក្រុមហ៊ុនផ្តល់សេវាអ៊ិនធ័រណែតជាច្រើនរបស់សហរដ្ឋអាមេរិក និងក្រុមហ៊ុនដែលមានការគ្រប់គ្រងជាសាកល។ ក្រុមទាំងនេះ​របស់ចិនបានប្រើការលួចចូលនេះ ដើម្បីធ្វើអោយខូចដល់បណ្តាញ​នៃអតិថិជន​របស់ក្រុមហ៊ុនផ្តល់សេវា ដោយរួមទាំងក្រុមហ៊ុនពិភពលោក ដែលស្ថិតនៅតាមប្រទេសចំនួនយ៉ាងតិច ១២។

                សហរដ្ឋអាមេរិកមានកង្វល់ថា សកម្មភាព​នេះ​រំលោភលើការប្តេជ្ញាចិត្តរួមគ្នាផ្នែកអ៊ិនធ័រណែតរបស់សហរដ្ឋអាមេរិក និងប្រទេសចិន នៅឆ្នាំ ២០១៥ ដែលបានធ្វើដោយប្រធានាធិបតីចិន Xi Jinping ក្នុងការមិនធ្វើ ឬគាំទ្រ​ដោយចេតនា​ នូវ “ការលួចតាមអ៊ិនធ័រណែត​នូវកម្មសិទ្ធិបញ្ញា ដូចជាការសម្ងាត់ពាណិជ្ជកម្ម និងព័ត៌មានសម្ងាត់ដទៃ​ទៀត​ផ្នែកធុរកិច្ច ក្នុងបំណងផ្តល់ប្រៀបក្នុងការប្រកួតប្រជែង​ដល់ក្រុមហ៊ុន ឬវិស័យពាណិជ្ជកម្ម”។ ប្រទេសចិនថែមទាំងបានធ្វើការប្តេជ្ញាចិត្តផងដែរជាមួយសមាជិកនៃប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង ២០ (G20) និងប្រទេសសមាជិកនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (APEC)  ព្រមទាំងសេចក្តីប្រកាសទ្វេភាគីដទៃទៀត។

                ស្ថិរភាពផ្នែកអ៊ិនធ័រណែតមិនអាចមានទៅបានទេ បើប្រទេសទាំងឡាយមានអាកប្បកិរិយាមិនទទួលខុសត្រូវ ដែលបំផ្លាញសន្តិសុខជាតិ និងវិបុលភាពសេដ្ឋកិច្ច​នៃប្រទេសដទៃ។ សកម្មភាពទាំងនេះ​របស់ក្រុមអ្នកប្រព្រឹត្តចិនទៅលើកម្មសិទ្ធិបញ្ញា និងព័ត៌មានរសើបផ្នែកធុរកិច្ច​ គឺជាការគំរាមកំហែងយ៉ាងពិតប្រាកដ​ដល់សមត្ថភាព​ប្រកួត​ប្រជែងផ្នែកសេដ្ឋកិច្ចរបស់ក្រុមហ៊ុន​ នៅក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។ យើងនឹងបន្តធ្វើអោយអ្នកប្រព្រឹត្តទង្វើទាំងនេះទទួលខុសត្រូវចំពោះអាកប្បកិរិយា​របស់គេ ហើយថ្ងៃ​នេះ សហរដ្ឋអាមេរិកចាត់វិធានការមួយ​ចំនួន ដើម្បីបង្ហាញអោយឃើញនូវការតាំងចិត្តរបស់យើង។ យើងសូមអំពាវនាវអោយប្រទេសចិនគោរពតាមការ​   ប្តេជ្ញាចិត្តរបស់ខ្លួន នៅក្នុងការប្រព្រឹត្តប្រកបដោយការទទួលខុសត្រូវផ្នែកអ៊ិនធ័រណែត ហើយសូមសម្ដែងជាថ្មីថា សហរដ្ឋអាមេរិកនឹងចាត់វិធានការសមស្រប ដើម្បីការពារផលប្រយោជន៍​របស់យើង។