សំណួរដែលសួរញឹកញាប់ (FAQs)

សំណួរ៖ តើខ្ញុំអាចដាក់ជូនប្រវត្តិរូបសង្ខេបរបស់ខ្ញុំទៅកាន់អ៊ីមែលរបស់អ្នកជ្រើសរើសដើម្បីដាក់ពាក្យស្នើសុំការងារនៅស្ថានទូតបានឬទេ?

ចម្លើយ៖ មិនបានទេ អាសយដ្ឋានអ៊ីមែលមិនមែនសម្រាប់ដាក់ពាក្យស្នើសុំការងារទេ។ អ្នកត្រូវដាក់ពាក្យស្នើសុំការងារតាមអ៊ិនធើណេត តាមរយៈគេហទំព័រ U.S. Embassy website។ អ្នកត្រូវបង្កើតគណនីERA បំពេញព័ត៌មានលើទម្រង់អនឡាញនិងភ្ជាប់ឯកសារដែលបានទាមទារទាំងអស់ដើម្បីដាក់ពាក្យសុំការងារនៅលើគេហទំព័រ របស់ស្ថានទូត។

សំណួរ៖ តើពេលណាស្ថានទូតនឹងទាក់ទងមកខ្ញុំសំរាប់មុខតំណែងដែលខ្ញុំបានដាក់ពាក្យស្នើសុំការងារ?

ចម្លើយ៖ ដោយសារអ្នកដាក់ពាក្យស្នើសុំការងារមានចំនួនច្រើន ដូច្នេះមានតែបេក្ខជនដែលត្រូវបានជ្រើសរើសសម្រាប់ដំណើរការបន្តទៀតប៉ុណ្ណោះនឹងត្រូវបានទាក់ទង។ ប្រសិនបើអ្នកមិនត្រូវបានទាក់ទងក្នុងរយៈពេលពីរខែ​ បន្ទាប់ពី ថ្ងៃផុតកំណត់ទទួលពាក្យសំរាប់មុខតំណែងនីមួយៗទេ មានន័យថាមុខតំណែងនេះអាចនឹងត្រូវបានបំពេញដោយបេក្ខជនផ្សេងទៀតហើយ។

សំណួរ៖ នៅក្នុងប្រភេទ “OPEN TO” តើ “All Interested Applicants, Current Employees of the Mission, AEFM, USEFM, EFMs, MOH, NOR and OR applicants” មានន័យដូចម្តេច?

ចម្លើយ៖ គឺមានន័យថា មានតែបេក្ខជនដែលបានបំពេញនូវលក្ខខណ្ឌ “Who May Apply” ឬ “Open to” នៃសេចក្តីប្រកាសការងារនីមួយៗនឹងត្រូវបានពិចារណា។

សំណួរ៖ តើមានលក្ខខណ្ឌអ្វីខ្លះដែលត្រូវបានប្រើដើម្បីវិនិច្ឆ័យពាក្យស្នើសុំរបស់ខ្ញុំ?

ចម្លើយ៖ រាល់សេចក្តីប្រកាសការងារមានលក្ខខណ្ឌជាក់លាក់សម្រាប់ការពិចារណា ដូចខាងក្រោម៖

  • ប្រភេទបេក្ខជន៖ សូមធ្វើអោយប្រាកដថាលោកអ្នកមានសិទ្ធិក្នុងការដាក់ពាក្យស្នើសុំសំរាប់មុខតំណែងដែលអ្នកដាក់ពាក្យ។ ដើម្បីស្វែងយល់បន្ថែមអំពីសិទ្ធិនៃការដាក់ពាក្យ សូមចុច “Who May Apply“។
  • តម្រូវការលក្ខណៈសម្បត្តិ៖ អ្នកត្រូវតែបំពេញនូវតម្រូវការលក្ខណៈសម្បត្តិទាំងអស់នៃមុខតំណែងនោះ ទើបពាក្យសុំរបស់អ្នកនឹងត្រូវបានគេពិចារណា។
  • ឯកសារដែលទាមទារ៖ មុខតំណែងផ្សេងគ្នាអាចទាមទារឯកសារបញ្ជាក់ផ្សេងគ្នា។ សូមពិនិត្យមើលសំណុំពាក្យស្នើសុំរបស់អ្នកមុននឹងដាក់ពាក្យសុំ។ អ្នកត្រូវបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់អ្នកឲ្យបានច្បាស់លាស់នៅលើពាក្យស្នើសុំអនឡាញដូចជាការអប់រំ បទពិសោធន៍ការងារ ភាសា ជំនាញ និង ចំណេះដឹងការងារ ដែលទាក់ទងនឹងតម្រូវការនៃមុខតំណែងនីមួយៗ។ ឧទាហរណ៍៖ ប្រសិនបើមុខតំណែងទាមទារជំនាញភាសាខ្មែរនិងអង់គ្លេស អ្នកត្រូវតែបញ្ជាក់ពីជំនាញភាសាទាំងពីរក្នុងពាក្យសុំអនឡាញរបស់អ្នក។

វាជាទំនួលខុសត្រូវរបស់អ្នកក្នុងការបញ្ជាក់អំពីលក្ខណៈសម្បត្តិនិងភ្ជាប់នូវឯកសារដែលជាតម្រូវការទាំងអស់មុនពេលថ្ងៃផុតកំណត់នៃសេចក្តីប្រកាសការងារនីមួយៗ។

សំណួរ៖ តើខ្ញុំគួរពិពណ៌នាពីប្រវត្តិនៃការសិក្សាររបស់ខ្ញុំយ៉ាងដូចម្ដេច?

ចម្លើយ៖ សូមធ្វើតាមការណែនាំអំពីរបៀបនៃការដាក់ពាក្យនិងបំពេញព័ត៌មានដែលចាំបាច់ទាំងអស់ដោយស្មោះត្រង់និងពេញលេញ។ វាមានសារៈសំខាន់ក្នុងការបញ្ជាក់

អោយច្បាស់អំពីប្រវត្តិការសិក្សាររបស់អ្នក និងផ្តល់នូវព័ត៌មានជាក់លាក់ពីការសិក្សានៅសាកលវិទ្យាល័យ/វគ្គសិក្សា/មុខវិជ្ជានៃការសិក្សាដែលអ្នកបានបញ្ចប់។ សម្រាប់គោលបំណងនៃការបំពេញពាក្យនៅលើប្រព័ន្ធដាក់ពាក្យ៖

– Undergraduate – សម្តៅលើការសិក្សាថ្នាក់មហាវិទ្យាល័យ ឬ សាកលវិទ្យាល័យទាំងអស់ដែលអ្នកបានរៀន (បានបរិញ្ញាបត្រ ឬមិនទាន់រៀនចប់)
– Graduate – មានន័យថា កំរិតថ្នាក់អនុបណ្ឌិតដែលអ្នកបានរៀន
– Doctorate – មានន័យថា កំរិតថ្នាក់បណ្ឌិតដែលអ្នកបានរៀន

សំណួរ៖ តើខ្ញុំគួររៀបរាប់អំពីបទពិសោធន៍ការងាររបស់ខ្ញុំយ៉ាងដូចម្ដេច?

ចម្លើយ៖ សូមបំពេញរាល់បទពិសោធន៍ការងាររបស់អ្នកដែលទាក់ទងនឹងមុខតំណែងដែលអ្នកដាក់ពាក្យ វាមានសារៈសំខាន់ក្នុងការបញ្ជាក់អោយច្បាស់ពីទំនួលខុសត្រូវការងាររបស់អ្នកដោយស្មោះត្រង់។ សូមចាប់ផ្ដើមជាមួយការងារបច្ចុប្បន្នឬចុងក្រោយបំផុតរបស់អ្នក ហើយរៀបរាប់ថយក្រោយចំពោះការងារមុនៗ។ ប្រសិនបើអ្នកមិនបានធ្វើការជារៀងរាល់ថ្ងៃ និងមិនមានកាលវិភាគការងារថេរ (intermittent) អ្នកអាចដាក់ម៉ោងធ្វើការជាមធ្យមក្នុងមួយសប្ដាហ៍។ ម៉ោងអាហារថ្ងៃត្រង់ ឬ ពេលសម្រាកមិនគួររាប់បញ្ចូលទៅក្នុងម៉ោងធ្វើការរបស់អ្នកឡើយ។ សូមប្រាកដថាអ្នកត្រូវរួមបញ្ចូលការងារទាំងអស់ ការហាត់ការ ឬបទពិសោធន៍ការងារដែលមិនមានកម្រៃ។

សូមមើលឧទាហរណ៍ខាងក្រោម៖

និយោជក (ឈ្មោះកន្លែងធ្វើការ) មុខតំណែង ប្រភេទ ពី ទៅ ម៉ោង​/អាទិត្យ
អ្នកទទួលភ្ញៀវ ពេញម៉ោង ឧសភា ២០១៤ បច្ចុប្បន្ន ៤០ម៉ោង​/សប្ដាហ៍
អ្នកប្រតិបត្តិការ ពេញម៉ោង មិថុនា ២០១៣ មេសា ២០១៤ ៤៨ម៉ោង/សប្ដាហ៍
គ្រូបង្រៀនភាសាអង់គ្លេស មិនទៀងទាត់ ឧសភា ២០១៣ មិនា ២០១៤ ៦ម៉ោង/សប្ដាហ៍
ការហាត់ការ ពេញម៉ោង មករា ២០១៣ កក្កដា ២០១៣ ៣៥ម៉ោង/សប្ដាហ៍
អ្នកគិតលុយ ក្រៅ​ម៉ោង មិថុនា ២០១២ មករា ២០១៣ ២០ម៉ោង/សប្ដាហ៍

សំណួរ៖ ហេតុអ្វីខ្ញុំត្រូវបញ្ជាក់ជំនាញភាសារខ្មែររបស់ខ្ញុំប្រសិនបើខ្ញុំជាពលរដ្ឋខ្មែរ?

ចម្លើយ៖ បេក្ខជនដាក់ពាក្យស្នើសុំត្រូវតែបញ្ជាក់ពីជំនាញភាសាទាំងអស់ដែលបានរាយក្នុងតម្រូវការនៃការងារនីមួយៗ។ មុខតំណែងភាគច្រើនទាមទារទាំងជំនាញភាសាខ្មែរ និងភាសាអង់គ្លេស។ បេក្ខជនដាក់ពាក្យត្រូវតែបញ្ជាក់ពីគ្រប់ជំនាញភាសារបស់គាត់។

សំណួរ៖ មុខតំណែងដែលខ្ញុំចង់ដាក់ពាក្យស្នើសុំ បើកសម្រាប់កម្រិត Full Performance និងកម្រិត Trainee តើខ្ញុំគួរដាក់ពាក្យសុំទាំងពីរឬទេ?

ចម្លើយ៖ មែនហើយ ការដាក់ពាក្យស្នើសុំទាំងកម្រិតFull Performance និង កម្រិតTraineeនឹងផ្ដល់ឱកាសឲ្យអ្នកកាន់តែច្រើនដើម្បីទទួលបានការពិចារណាសម្រាប់តំណែងនោះ។ ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់កម្រិតTrainee ហើយអ្នកដាក់ពាក្យស្នើសុំតែកម្រិតFull Performanceដែលអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះអ្នកនឹងមិនត្រូវបានពិចារណាសម្រាប់តំណែងនោះទេ។ គោលបំណងនៃការដាក់ពាក្យកម្រិតTrainee គឺដើម្បីផ្តល់ឱកាសដល់អ្នកដែលមិនបំពេញតាមតម្រូវការរបស់កម្រិត Full Performance។ ទោះជាយ៉ាងណាក៏ដោយ បេក្ខជននៃកម្រិតFull Performance នឹងត្រូវបានពិចារណាជាមុនសិន ។

សំណួរ៖ តើខ្ញុំអាចធ្វើការកែប្រែណាមួយនៅលើពាក្យស្នើសុំអនឡាញរបស់ខ្ញុំ ឬបន្ថែម/ដកឯកសារដែលបានភ្ជាប់បានទេ?

ចម្លើយ៖ បាន អ្នកអាចកែសម្រួលពាក្យស្នើសុំរបស់អ្នកមុនពេលថ្ងៃផុតកំណត់របស់សេចក្តីប្រកាសការងារនីមួយៗ។ បន្ទាប់ពីថ្ងៃបិទ អ្នកមិនអាចចូលទៅកាន់សេចក្តីប្រកាសការងារបានទៀតទេ។

សំណួរ៖ តើខ្ញុំអាចដកពាក្យស្នើសុំរបស់ខ្ញុំបានដោយរបៀបណាប្រសិនបើខ្ញុំមិនចង់អោយគេពិចារណាអំពីមុខតំណែងដែលខ្ញុំបានដាក់ពាក្យសុំនោះ?

ចម្លើយ៖ មុនពេលថ្ងៃផុតកំណត់របស់សេចក្តីប្រកាសការងារ អ្នកអាចដកពាក្យស្នើសុំរបស់អ្នកចេញដោយចុច “Dashboard” ដើម្បីមើលមុខតំណែងទាំងអស់ដែលអ្នកបានដាក់ពាក្យស្នើសុំ និងជ្រើស “Withdraw Application” សម្រាប់មុខតំណែងដែលអ្នកមិនចង់បន្ត។ ប៉ុន្តែប្រសិនជាអ្នកចង់ដកពាក្យស្នើសុំបន្ទាប់ពីថ្ងៃផុតកំណត់ អ្នកមិនអាចចូលទៅកាន់ពាក្យស្នើសុំអនឡាញរបស់អ្នកបានទេ ដូច្នេះសូមជូនដំណឹងដល់យើងខ្ញុំដោយផ្ញើអ៊ីម៉ែលទៅកាន់RecruitmentPHP@state.gov និងផ្តល់ឈ្មោះរបស់អ្នក លេខសម្គាល់នៃសេចក្តីប្រកាសការងារ និងហេតុផលដែលអ្នកចង់ដកពាក្យស្នើសុំរបស់អ្នកវិញ។

សំណួរ៖ តើធ្វើដូចម្តេចដើម្បីធ្វើការស្នើសុំមុខតំណែងឡើងវិញសំរាប់មុខតំណែងដែលខ្ញុំទើបតែដកពាក្យស្នើសុំរបស់ខ្ញុំ?

ចម្លើយ៖ អ្នកអាចដាក់ពាក្យស្នើសុំតំណែងឡើងវិញមុនពេលថ្ងៃផុតកំណត់របស់សេចក្តីប្រកាសការងារ។ នៅលើទំព័រ “Dashboard” ចុច “Edit Application” សម្រាប់ មុខតំណែងដែលអ្នកចង់ដាក់ពាក្យឡើងវិញ។ បន្ទាប់មកចុច “Edit” នៅចំណុច “Series, Grade, Location” រួចចុចប៊ូតុង “Re-apply” ក្រោម “Grade” ហើយចុច “Save”។

សំណួរ៖ តើខ្ញុំអាចធ្វើអ្វីខ្លះប្រសិនបើខ្ញុំភ្លេចពាក្យសម្ងាត់របស់ខ្ញុំ?

ចម្លើយ៖ សូមចុច “Forgot Password” រួចឆ្លើយសំណួរសម្ងាត់របស់អ្នកដើម្បីកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញ ។

សំណួរ៖ តើខ្ញុំអាចធ្វើអ្វីប្រសិនបើខ្ញុំភ្លេចចម្លើយសម្ងាត់របស់ខ្ញុំ ឬ បរាជ័យក្នុងការចូលក្នុងប្រព័ន្ធដាក់ពាក្យចំនួនបីដង?

ចម្លើយ៖ បន្ទាប់ពីបរាជ័យជាលើកទី3 គណនីរបស់អ្នកនឹងត្រូវបានជាប់សោជាបណ្តោះអាសន្ន ហើយអ្នកមិនអាចlog-in រយៈពេល 30នាទី។ នៅពេលគណនីរបស់អ្នកត្រូវបានដោះសោ សូមបំពេញusername ​(email address) និងពាក្យសម្ងាត់អោយបានត្រឹមត្រូវ។ ប្រសិនបើអ្នកមិនចាំពាក្យសម្ងាត់របស់អ្នក អ្នកអាចកំណត់ពាក្យសម្ងាត់ឡើងវិញដោយចុច “Forgot Password” ហើយឆ្លើយសំណួរសម្ងាត់ចំនួន3 ដែលអ្នកបានជ្រើសរើសនៅពេលដែលអ្នកបង្កើតគណនី ERA ជាមុនសិន។ ប្រសិនបើអ្នកភ្លេចពាក្យសម្ងាត់និង ចម្លើយសម្ងាត់របស់អ្នក អ្នកត្រូវតែបង្កើតគណនី ERA ថ្មីមួយដែលមាន អាសយដ្ឋានអ៊ីមែលផ្សេងគ្នា។ សូមចងចាំ username របស់អ្នក ពាក្យសម្ងាត់ និងចម្លើយសម្ងាត់។ យើងមិនអាចជួយអ្នកក្នុងការកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញបានទេ។

សំណួរ៖ តើខ្ញុំមានសិទ្ធិអាទិភាពក្នុងដំណើរការនៃការជ្រើសរើសឬទេប្រសិនបើខ្ញុំជាអតីតនាយទាហានអាមេរិក?

ចម្លើយ៖ អត់ទេ មានតែ AEFM ឬក៏​USEFM ដែលជាអតីតនាយទាហានអាមេរិកប៉ុណ្ណោះដែលអាចទទួលបានសិទ្ធិអាទិភាពក្នុងដំណើរការនៃការជ្រើសរើស។ លំដាប់នៃសិទ្ធិអាទិភាពក្នុងដំណើរការនៃការជ្រើសរើសមានដូចខាងក្រោម ៖

  1. AEFM / USEFM ដែលជាអតីតនាយទាហានអាមេរិកដែលមានសិទ្ធអាទិភាព*
  2. AEFM / USEFM
  3. FS on LWOP**

សូមមើលនិយមន័យរបស់ AEFM/USEFM នៅក្នុង “Who May Apply“។

សំណួរ៖ តើខ្ញុំអាចប្រើប្រាស់សិទ្ធិអាទិភាពជាAEFM/USEFM ដែលជាអតីតនាយទាហានអាមេរិកចំនួនប៉ុន្មានដងក្នុងដំណើរការនៃការជ្រើសរើស?

ចម្លើយ៖ ប្រសិនបើសិទ្ធិអាទិភាពជាអតីតនាយទាហានអាមេរិករបស់អ្នកគឺជាកត្តាកំណត់មួយសម្រាប់តំណែងបច្ចុប្បន្ន ឬ ពីមុននៅក្នុងទីភ្នាក់ងារដូចគ្នា នៅក្នុងស្ថានទូតដូចគ្នា (នៅក្នុងការចាត់តាំងដូចគ្នា) អ្នកនឹងមានតែសិទ្ធិអាទិភាពតែជាAEFM/USEFMប៉ុណ្ណោះប្រសិនបើអ្នកដាក់ពាក្យស្នើសុំមុខតំណែងមួយផ្សេងទៀតនៅក្នុងទីភ្នាក់ងារដូចគ្នានៅក្នុងស្ថានទូតរបស់អ្នក លុះត្រាតែអ្នកមានចន្លោះរវាងកិច្ចសន្យាការងារចំនួន 90ថ្ងៃ ឬច្រើនជាងនេះ ។ ជាសង្ខេប ការប្រើសិទ្ធិអាទិភាពជាអតីតនាយទាហានអាមេរិកមានតែមួយដងប៉ុណ្ណោះសម្រាប់ការដាក់ពាក្យក្នុងទីភ្នាក់ងារដូចគ្នានៅក្នុងស្ថានទូតដូចគ្នាក្នុងការចាត់តាំងដូចគ្នា ប្រសិនបើគ្មានចន្លោះរវាងកិច្ចសន្យាការងាររយៈពេល 90 ថ្ងៃ ឬ ច្រើនជាងនេះ។

សំណួរ៖ បើខ្ញុំប្រើប្រាស់សិទ្ធិអាទិភាពជា AEFM/USEFM ដែលជាអតីតនាយទាហានអាមេរិក ហើយខ្ញុំមិនត្រូវបានជ្រើសរើសសម្រាប់មុខតំណែងនេះ តើខ្ញុំនឹងត្រូវរាប់ថាបានប្រើប្រាស់សិទ្ធិអាទិភាពជាAEFM/USEFM ដែលជាអតីតនាយទាហានអាមេរិកហើយឬទេ?

ចម្លើយ៖​ ​ អត់ទេ វានឹងត្រូវរាប់នៅពេលដែលអ្នកទទួលបានការងារនោះតែប៉ុណ្ណោះ។