សេចក្តីប្រកាសព័ត៌មាន
២៩ មិថុនា ២០២៣
ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា W. Patrick Murphy និងបុគ្គលិករបស់ស្ថានទូត បានទទួលស្វាគមន៍ភ្ញៀវជាង ៦០០ នាក់ ដែលរួមមានមន្រ្តី អ្នកការទូត ដៃគូ និងមិត្តភក្តិ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ នាថ្ងៃទី ២៩ ខែមិថុនា ដើម្បីអបអរទិវាឯករាជ្យលើកទី ២៤៧ របស់សហរដ្ឋអាមេរិក។
សុន្ទរកថារបស់លោកឯកអគ្គរដ្ឋទូត Murphy បានផ្តោតលើគោលការណ៍គ្រឹះ និងប្រពៃណីប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក ដែលមានចែងនៅក្នុងសេចក្តីប្រកាសឯករាជ្យ និងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ហើយនិងបានផ្តោតលើមិត្តភាពយូរអង្វែង រវាងប្រជាជនកម្ពុជា និងប្រជាជនអាមេរិក។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា៖ «សេចក្តីប្រកាសឯករាជ្យរបស់យើង នៅឆ្នាំ ១៧៧៦ បានបង្កើតប្រជាជាតិថ្មីមួយ ដែលមានរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះពលរដ្ឋខ្លួន។ បទពិសោធន៍របស់អាមេរិកគឺជាដំណើរដែលនៅតែបន្តមានការវិវត្តនៅឡើយ តែឧបករណ៍ប្រជាធិបតេយ្យរបស់យើងខិតខំលើកកម្ពស់ការពិតជាក់ស្តែងថា មនុស្សទាំងអស់កើតមកមានភាពស្មើគ្នា និងមានសិទ្ធិដែលគេមិនអាចកាត់ផ្តាច់ចេញបាន»។
ឯកឧត្តម លី ធុច ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន គឺជាតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងពិធីនោះ ក្នុងនាមជាភ្ញៀវកិត្តិយស។
ខ្លឹមសារសំខាន់នៃការអបអរទិវាឯករាជ្យអាមេរិក ៤ កក្កដា របស់ស្ថានទូតអាមេរិក គឺ «ដើម្បីការស្រឡាញ់កីឡា» ដែលរម្លឹកពីសារៈសំខាន់ផ្នែកវប្បធម៌ នៃវិស័យកីឡា នៅសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ក្នុងការលើកកម្ពស់ការយល់គ្នា ការគោរពគ្នា និងមិត្តភាព។ ពិធីនោះ មានការប្រកួតកីឡាបាល់បោះ ការបង្ហាញកីឡាបាល់ឱបរបស់អាមេរិក និងការធ្វើបង្ហាញការលេងបាល់ទាត់ ពីកីឡាករ Nick Taylor ដែលជាកីឡាករបាល់ទាត់អាជីពអាមេរិកមានដើមកំណើតខ្មែរ។
ពិធីអបអបទិវាឯករាជ្យ ក៏មានក្រុមហ៊ុនអាមេរិកជាច្រើនធ្វើការឧបត្ថម្ភ ព្រមទាំងមានការប្រគំតន្រ្តីរបស់ក្រុម Flame ដែលជាក្រុមតន្រ្តីអាមេរិកមកពីទីក្រុង Lexington នៃរដ្ឋញូវយ៉ក ហើយដែលបានដើរសម្តែងនៅក្នុងសាកលលោក។ សមាជិកនៃក្រុមតន្រ្តីនេះគឺជាជនពិការ ដោយមានអ្នកមានជំងឺអូទីសឹម ជំងឺដោនសីនដ្រូម ជំងឺពិការផ្នែកខួរក្បាល ពិការភ្នែក និងកម្រើកមិនរួច។ បេសកកម្មរបស់ពួកគេ គឺដើម្បីលើកទឹកចិត្តជនពិការ និងជួយលើកកម្ពស់ការយល់ដឹង និងការទទួលស្គាល់ពីមនុស្សទាំងអស់ ដោយមិនគិតពីលក្ខណៈខុសប្លែករបស់គេទេ៕
###