ស្ថានទូតអាមេរិក និងមជ្ឈមណ្ឌល EducationUSA រៀបចំពិព័រណ៌អប់រំ ប្រចាំឆ្នាំ២០១៩

សេចក្តីប្រកាសព័ត៌មាន

សម្រាប់ការចេញផ្សាយបន្ទាន់
ថ្ងៃទី​០១ ខែមិនា ឆ្នាំ២០១៩

ស្ថានទូតអាមេរិក និងមជ្ឈមណ្ឌលសំរាប់ការសិក្សាអប់រំសហរដ្ឋអាមេរិក (EducationUSA) នៅកម្ពុជា នឹងរៀបចំពិពិព័រណ៍មួយស្តីពីការអប់រំ​នៅក្នុងសហរដ្ឋអាមេរិក សំរាប់ឆ្នាំ ២០១៩ នៅថ្ងៃចន្ទ ទី៤ ខែមិនា ឆ្នាំ២០១៩  ដើម្បីបង្ហាញពីឱកាសសិក្សា​នៅក្នុងសហរដ្ឋអាមេរិក​ សំរាប់សិស្ស និស្សិតកម្ពុជា។ ពិព័រណ៍​នេះគឺជាកន្លែងពិសេសមួយ​សំរាប់អោយសិស្ស និស្សិតកម្ពុជាធ្វើការទាក់ទងជាមួយស្ថាប័នឧត្តមសិក្សា​នៅក្នុងសហរដ្ឋអាមេរិក ហើយដឹងពីអត្ថប្រយោជន៍​ក្នុងការទទួលបានការសិក្សា​នៅក្នុងសាកលវិទ្យាល័យ​សហរដ្ឋអាមេរិក។

ពិព័រណ៍ EducationUSA នឹងប្រព្រឹត្តទៅ ពីម៉ោង ២:០០ ដល់ម៉ោង ៦:០០ រសៀល នៅបន្ទប់ប្រជុំធំ នៃសណ្ឋាគារ Great Duke Hotel (អតីតសណ្ឋាគារ Intercontinental Hotel)។ តែអ្នកសារព័ត៌មានដែលចង់សម្ភាសន៍លោកភារធារី Michael Newbill ស្តីពីរឿង​នេះ គួរទៅដល់បន្ទប់ប្រជុំធំ​នៃសណ្ឋាគារ Great Duke Hotel  ត្រឹមម៉ោង ១:០០ រសៀល។

ឆ្នាំនេះ នឹងមានតំណាងមកពីមហាវិទ្យាល័យនិងសាកលវិទ្យាល័យចំនួនជាង ២៥ នាក់មកជំរាបប្រាប់សិស្ស និស្សិតកម្ពុជា អំពីកម្មវិធីសិក្សាយកសញ្ញាប័ត្រ លក្ខខ័ណ្ឌទាមទារ​ក្នុងការទទួលអោយចូលរៀន និងឱកាសទទួលបានអាហារូបករណ៍​សំរាប់សិក្សានៅក្នុងសហរដ្ឋអាមេរិក។ តំណាងដទៃទៀតដែលចូលរួម​ក្នុងពិព័រណ៍នេះ នឹងផ្តល់ព័ត៌មានស្តីពីទិដ្ឋាការសិស្ស  កម្មវិធីផ្លាស់ប្តូររបស់រដ្ឋាភិបាលអាមេរិក និងការផ្តល់ការណែនាំ​របស់មជ្ឈមណ្ឌល EducationUSA ។

សិស្សវិទ្យាល័យ​និងនិស្សិតសាកលវិទ្យាល័យ​នៅកម្ពុជាទាំងអស់ ដែលមានចំណាប់អារម្មណ៍​ ចង់សិក្សាថ្នាក់ឧត្តមសិក្សា​នៅក្នុងសហរដ្ឋអាមេរិក ត្រូវបានស្វាគមន៍​ឲ្យចូលរួម​នៅក្នុងពិព័រណ៍​នេះ។ ឪពុកម្តាយ​សិស្ស និស្សិតក៏ត្រូវបានស្វាគមន៍និងលើកទឹកចិត្តឲ្យចូលរួមផងដែរ។

មជ្ឈមណ្ឌល EducationUSA គឺជាបណ្តាញ​នៃមជ្ឈមណ្ឌលផ្តល់ប្រឹក្សាដល់និស្សិតអន្តរជាតិចំនួន ៤០០ មជ្ឈមណ្ឌល របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក នៅតាមប្រទេសចំនួនជាង ១៧០។ បណ្តាញ​នេះ ​ផ្សព្វផ្សាយការសិក្សាថ្នាក់ឧត្តម​នៅសហរដ្ឋអាមេរិក​ដល់និស្សិត​នៅជុំវិញពិភពលោក ដោយផ្តល់ព័ត៌មានថ្មីៗ ពេញលេញ និងត្រឹមត្រូវ ស្តីពីឱកាសសិក្សា​នៅតាមស្ថាប័នមហាវិទ្យាល័យ ដែលមានការទទួលស្គាល់ នៅក្នុងស​ហរដ្ឋអាមេរិក។ មជ្ឈមណ្ឌល EducationUSA ក៏ផ្តល់ផងដែរ​ នូវសេវាដល់បណ្តាស្ថាប័នឧត្តមសិក្សា​របស់សហរដ្ឋអាមេរិក ដើម្បីជួយឲ្យអ្នកដឹកនាំ​របស់គេអាចសម្រេចគោលដៅ​របស់គេ នៅក្នុងការជ្រើសរើសនិស្សិតចូលរៀន និងធ្វើឲ្យសាលារបស់គេមាននិស្សិតអន្តរជាតិរៀនច្រើន។ មជ្ឈមណ្ឌល EducationUSA គឺជាប្រភពព័ត៌មានផ្លូវការរបស់អ្នក ស្តីពីការសិក្សាថ្នាក់ឧត្តមនៅក្នុងសហរដ្ឋអាមេរិក។

សូមចូលមើលក្នុងគេហទំព័រ ​https://kh.usembassy.gov/educationusa-fair-2019/​។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកមជ្ឈមណ្ឌល EducationUSA   ដោយផ្ញើសារអេឡិចត្រូនិចមកកាន់ eduUSA@PUC.edu.kh ឬហៅទូរស័ព្ទមកលេខ ០១០ ៥០២ ១២១។