សេចក្តីប្រកាសព័ត៌មាន
៥ កក្កដា ២០២១
ភ្នំពេញ៖ ដើម្បីអបអរខួបលើកទី ២៤៥ នៃការបង្កើតឯករាជ្យរបស់សហរដ្ឋអាមេរិក ស្ថានទូតអាមេរិកនៅភ្នំពេញ មានក្តីសោមនស្សរីករាយ សូមប្រកាសបង្ហាញវីដេអូស្តីពីការរៀបចំពិធីអបអរទិវា ៤ កក្កដា ថ្ងៃខួបឯករាជ្យនៃប្រទេសអាមេរិក។ នៅឆ្នាំនេះ ស្ថានទូតបានធ្វើចាក់ផ្សាយនូវវីដេអូនៃការប្រារព្ធពិធីអបអរសាទរនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ៤ កក្កដាឆ្នាំ ២០២១។
លោកឯកអគ្គរដ្ឋទូត W. Patrick Murphy និងលោកស្រី Kathleen Norman បានចូលរួមជាអធិបតី តាមរយៈវីដេអូនៃការប្រារព្ធពិធីនាឆ្នាំនេះ ដែលរៀបចំធ្វើពីនិវេសនដ្ឋានឯកអគ្គរដ្ឋទូត នៅភ្នំពេញ។ នៅក្នុងវីដេអូមួយនេះរួមមាន សារស្តីពីថ្ងៃបុណ្យឯករាជ្យ ដែលថ្លែងដោយលោកឯកអគ្គរដ្ឋទូត Murphy ការដើរក្បួនកាន់ទង់ជាតិដោយកងទាហានម៉ារីនអាមេរិក និងការច្រៀងបទភ្លេងជាតិសហរដ្ឋអាមេរិក និងចម្រៀងជាតិនៃព្រះរាជាណាចក្រកម្ពុជា សម្តែងដោយអ្នកចម្រៀងកម្ពុជា។
នៅក្នុងសុន្ទរកថា លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានថ្លែងថា ទិវាឯករាជ្យរបស់ប្រទេសអាមេរិក ជំរុញទឹកចិត្តរបស់ប្រជាជននៅទូទាំងពិភពលោក ឲ្យស្វែងរកសេរីភាព និងសិទ្ធិជាសាកលដទៃទៀត។ លោកបានមានប្រសាសន៍ថា តាំងពីឆ្នាំ ១៧៧៦ មកសហរដ្ឋអាមេរិក បានខិតខំធ្វើឲ្យប្រទេសដែលត្រូវបានបង្កើតថ្មីនោះឱ្យមានលក្ខណៈល្អប្រសើរឡើង។ លោកមានប្រសាសន៍បន្ថែមថា ៖ «យើងមានមោទនភាពដែលសហរដ្ឋអាមេរិក គាំទ្រនិងការពារសិទ្ធិដែលគេមិនអាចកាត់ផ្តាច់ចេញបានដែលមនុស្សទាំងអស់គួរតែមានគឺសិទ្ធិមានជីវិតសេរីភាព និងសិទ្ធិក្នុងការស្វែងរកសុភមង្គល»។
លោកបន្ថែមថា ៖ «សិទ្ធិទាំងនេះរួមមាន សេរីភាពក្នុងការបញ្ចេញមតិ ក្នុងការប្រមូលផ្តុំគ្នា ក្នុងការប្រតិបត្តិតាមសាសនា ក្នុងការមានដំណើរក្តីត្រឹមត្រូវក្នុងផ្លូវតុលាការ និងការមានរដ្ឋាភិបាលដែលជារបស់ប្រជាជន កើតឡើងដោយប្រជាជននិងដើម្បីប្រជាជន»។
ជាផ្នែកមួយនៃវីដេអូអបអរទិវា ៤ កក្កដា ក្រុមសៀករបស់អង្គការហ្វារពន្លឺសិល្បៈ បានរៀបចំការសម្តែងសៀករួមគ្នា ដោយមានភាពរស់រវើកនិងទាក់ទាញ ហើយមានចំណងជើងជាភាសាអង់គ្លេសថា Freedom Is a Summer Blossom។
ទស្សនិកជន អាចទស្សនានូវវីដេអូនៃការប្រារព្ធខួបឯករាជ្យ និងការសម្តែងសៀកទាំងស្រុងនៅទីនេះ តាមរយៈតំណនេះ ៖ https://fb.watch/6xaeevBO0-/ ៕