សេចក្តីប្រកាសព័ត៌មាន
២៧ មករា ២០២២
ភ្នំពេញ៖ ស្ថានទូតអាមេរិកនៅភ្នំពេញ បានចាប់ផ្តើមកម្មវិធីនៅឆ្នាំ ២០២២ ក្នុងលក្ខណៈជាពិធីមួយប្រកបដោយថាមពលខ្ពស់ ដើម្បីប្រារព្ធពីទំនាក់ទំនងយូរអង្វែង និងប្រកបដោយផ្លែផ្កាជាមួយ អាស៊ាន និង ប្រទេសកម្ពុជា។
ភ្ញៀវចូលរួមពិធីបើកនាល្ងាចនេះ បានចូលរួមលេងល្បែងកំសាន្តជាច្រើន និងទទួលទានអាហារបែបខ្មែរ និងអាមេរិក។ ពិធីនេះក៏មានការប្រគំតន្ត្រីបើកកម្មវិធី ដោយចូលរួមពីតារាចម្រៀងខ្មែរ កញ្ញា កេសរ លោក Peace Chong និងក្រុម D-Man ផងដែរ ។
លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy បានមានប្រសាសន៍ថា ៖ «ក្នុងឆ្នាំ ២០២២ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន យើងប្រារព្ធពីទំនាក់ទំនងយូរអង្វែង រវាងសហរដ្ឋអាមេរិក ប្រជាជននៃ តំបន់អាស៊ីអាគ្នេយ៍»។
ចំពោះទំនាក់ទំនង កម្ពុជា អាមេរិក ២០២២ ឬហៅ AmCam2022 ស្ថានទូតអាមេរិកកំពុងធ្វើការផ្តោតលើប្រធានបទចំនួន ៤ រួមមាន ៖
AmCam CARES: ការវិនិយោគរបស់សហរដ្ឋអាមេរិក លើសុខភាព សុខុមាលភាព និងវិបុលភាពសេដ្ឋកិច្ចនៃប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងតំបន់អាស៊ាន។
AmCam ASPIRES: សហរដ្ឋអាមេរិកគាំទ្រសេចក្តីប្រាថ្នារបស់ប្រជាជននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងការចង់មានអនាគតមួយដែលមានលទ្ធិប្រជាធិបតេយ្យ និងវិបុលភាពច្រើន។
AmCam LEADS: កិច្ចសហការជាដៃគូ និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងការងើបឡើងវិញពីជំងឺមហារាតត្បាតជាសាកល និងក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ។
AmCam CHAMPIONS: ការមានទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយនឹងមេដឹកនាំជំនាន់ក្រោយ នៅអាស៊ីអាគ្នេយ៍។
ទំនាក់ទំនងផ្លូវការរវាងសហរដ្ឋអាមេរិក និងអាស៊ាន កើតមាន ៤៥ ឆ្នាំមកហើយ និងនៅតែមានភាពរឹងមាំជាងពេលណាទៀត។ សហរដ្ឋអាមេរិក នៅតែបន្តភាពជាដៃគូយ៉ាងជ្រាលជ្រៅជាមួយតំបន់អាស៊ីអាគ្នេយ៍។
លោកឯកអគ្គរដ្ឋទូត Murphy បន្តថា ៖ «យើងមានភាពជាដៃគូយ៉ាងជិតស្និទ្ធនៅក្នុងតំបន់នេះ ហើយយើងនឹងបង្កើនទំនាក់ទំនងរបស់យើងបន្ថែម នៅឆ្នាំ ២០២២ នេះ»។
សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយប្រទេសកម្ពុជា ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន នៅឆ្នាំ ២០២២ លើអាទិភាពរួមគ្នា ដែលរួមមានការពន្លឿនការងើបឡើងវិញនៃសេដ្ឋកិច្ចនៅក្នុងតំបន់នេះ ចេញពីជំងឺរាតត្បាតជាសាកល ដោះស្រាយពីបញ្ហាប្រឈមផ្នែកបរិស្ថាននៅតំបន់ទន្លេមេគង្គ វិបត្តិអាកាសធាតុ និងការអភិវឌ្ឍធនធានមនុស្ស។
###