ស្ថានទូតអាមេរិក រៀបចំពិព័រណ៍ឆ្នាំ ២០២១ ស្តីពីសិទ្ធិធ្វើអាជីវកម្ម យីហោអាមេរិក

សេចក្តីប្រកាសព័ត៌មាន
 ៥ ឧសភា ២០២១

ស្ថានទូតអាមេរិក នៅភ្នំពេញ សហការជាមួយនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់សហរដ្ឋអាមេរិក និងដោយមានការគាំទ្រពីសភាពាណិជ្ជកម្មអាមេរិក នៅកម្ពុជា រៀបចំពិព័រណ៍មួយនៅកម្ពុជា ស្តីពីសិទ្ធិធ្វើអាជីវកម្មយីហោអាមេរិក នៅព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១។

ពិព័រណ៍នេះ បានរៀបចំឡើងតាមប្រព័ន្ធអ៊ិនធឺណែត ដែលមានការចូលរួមពីក្រុមហ៊ុនអាមេរិកចំនួន ៩ ដែលមានឈ្មោះល្បី គឺក្រុមហ៊ុន The Boiling Crab, Chili’s, Dickey’s BBQ Pit, Duck Donuts, Long John Silver’s, Mathnasium, Snap Fitness, Tapout Fitness, និងក្រុមហ៊ុន Tumbles រួមជាមួយសហគ្រិននិងក្រុមហ៊ុនកម្ពុជាចំនួនជាង ៣០ ដើម្បីពិភាក្សាពីលទ្ធភាពនៃការសហការគ្នាជាដៃគូ។ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy បានថ្លែងសុន្ទរកថាក្នុងពិធីបើកពិព័រណ៍នេះ។

ដោយត្រូវបានទទួលស្គាល់ និងកោតសរសើរចំពោះបទដ្ឋាន ការច្នៃប្រឌិត និងគុណភាពនៃផលិតផល និងសេវាកម្មខ្ពស់ ក្រុមហ៊ុនអាមេរិកច្រើនតែជាវិធីដំបូង ដែលប្រជាជនកម្ពុជាភ្ជាប់ការទាក់ទងជាមួយសហរដ្ឋអាមេរិក។ ក្រុមហ៊ុនអាមេរិក និងយីហោល្បីៗរបស់អាមេរិកបានទទួលជោគជ័យ និងកំពុងរីកចម្រើននៅកម្ពុជា រាប់ពីក្រុមហ៊ុនរថយន្ត Ford និង Facebook ដល់កាហ្វេ Starbucks និង Papa John’s pizza ។ ប្រជាជនកម្ពុជាចង់បានផលិតផលនិងសេវាកម្មប្រកបដោយគុណភាពបែបនេះ ហើយគេនៅតែចង់បានច្រើនថែមទៀត។

ពិព័រណ៍នេះគ្រាន់តែជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលរៀបចំដោយស្ថានទូតអាមេរិក ក្នុងការណែនាំឲ្យគេស្គាល់ក្រុមហ៊ុនអាមេរិកដែលចង់មករកស៊ីនៅកម្ពុជា។

លំហូរនៃការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា កំពុងតែមានកំណើន ហើយក្រុមហ៊ុនអាមេរិកច្រើនថែមទៀតបន្តមករកស៊ី ក្នុងមួយឆ្នាំៗ ដោយនាំមកជាមួយនូវរបៀបធ្វើជំនួញប្រកបដោយក្រមសីលធម៌ បទដ្ឋានបរិស្ថាន និងបទដ្ឋានការងារខ្ពស់ ព្រមទាំងកម្មវិធីទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន ចំពោះសង្គម ដែលផ្សាភ្ជាប់ជាមួយនឹងសហគមន៍មូលដ្ឋាន។លោកឯកអគ្គរដ្ឋទូត

Murphy បានមានប្រសាសន៍ថា៖ «គេឃើញយីហោទាំងនេះជាច្រើន នៅអាស៊ីអាគ្នេយ៍ នាពេលសព្វថ្ងៃ ជាពិសេសនៅទីក្រុងបាងកក ប្រទេសសិង្ហបូរី និងទីក្រុងហូជីមិញ។ វាដល់ពេលដែលត្រូវឃើញក្រុមហ៊ុនទាំងនេះនៅភ្នំពេញផងដែរហើយ។ ខ្ញុំមានទំនុកចិត្តថា ពិព័រណ៍នេះនឹងធ្វើឲ្យគេដឹងកាន់តែច្រើន ពីឱកាសធ្វើជំនួញដ៏ប្រពៃ ហើយបង្កើតទំនាក់ទំនង ដែលនឹងផ្តល់លទ្ធផលសម្រាប់ប្រទេសទាំងពីរ»៕

###