អនុប្រធានាធិបតីសហរដ្ឋអាមេរិក អ្នកស្រី Kamala Harris សម្ពោធការិយាល័យថ្មី CDC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាម

ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ 

ថ្ងៃ​នេះ អ្នកស្រីអនុប្រធានាធិបតី Kamala D. Harris បានសម្ពោធការិយាល័យប្រចាំតំបន់អាស៊ី​អាគ្នេយ៍ នៃមជ្ឈមណ្ឌលបង្ការនិងកម្ចាត់ជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក នៅទីក្រុងហាណូយ នៃប្រទេសវៀតណាម នៅក្នុងពិធីមួយដែលមានការចូលរួមផងដែរ ពីរដ្ឋមន្រ្តីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក ប្រធាន CDC សហរដ្ឋអាមេរិក មន្រ្តីជាន់ខ្ពស់ផ្នែកសុខាភិបាលមកពីប្រទេសចំនួន ១១។ ការិយាល័យប្រចាំតំបន់ថ្មី​មួយនេះ នឹងពង្រឹងសមត្ថភាព​​របស់ CDC សហរដ្ឋអាមេរិក ក្នុងការបំពេញបេសកកម្ម​របស់ខ្លួនក្នុងការការពារជនជាតិអាមេរិកនិងប្រជាជន​​នៅក្នុងតំបន់ ដោយ​ធ្វើការឆ្លើយតបបានឆាប់រហ័សទៅនឹងការគំរាមកំហែងផ្នែកសុខភាពរាល់ពេលដែលវាកើត​​មានឡើង ហើយកសាងទំនាក់ទំនងជាគន្លឹះសម្រាប់ដោះស្រាយអាទិភាពរួមផ្នែកសុខភាព។ 

អ្នកស្រីអនុប្រធានាធិបតី Harris បានធ្វើការបញ្ជាក់បន្ថែមលើការប្តេជ្ញាចិត្ត​របស់សហរដ្ឋអាមេរិក ចំពោះកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនៃសុខភាព​នៅក្នុងតំបន់ ហើយបានបន្តធ្វើការអំពាវនាវឲ្យមានសកម្មភាពក្នុងការឆ្លើយតប និងការត្រៀមខ្លួនជាស្រេច ចំពោះរោគរាតត្បាតនេះ 

រដ្ឋមន្រ្តីក្រសួងសុខាភិបាលសហរដ្ឋអាមេរិក លោក Xavier Becerra បានមានប្រសាសន៍ថា៖ «តាមរយៈការិយាល័យ​​នេះ យើងនឹងធ្វើការជិតស្និទ្ធជាមួយដៃគូក្នុងតំបន់​នេះរបស់យើង ដើម្បីចែករំលែកយុទ្ធសាស្រ្ត និងពង្រឹង​​សមត្ថភាពគ្នា​ទៅវិញទៅមក ដើម្បីធ្វើការបង្ការ តាមដាន និងឆ្លើយតបទៅនឹងការគំរាមកំហែង​នៃជំងឺឆ្លង សម្រាប់ពេលនេះ និងពេលអនាគត។ ជោគជ័យ​នេះគឺជាលទ្ធផល​នៃកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់អស់រយៈពេលរាប់ឆ្នាំមកហើយ រវាងរដ្ឋាភិបាល​របស់យើង។ វាក៏តំណាងផងដែរ នៃឱកាសដ៏​សំខាន់ ក្នុងការប្រមូលផ្តុំគ្នាដើម្បីធ្វើការពិភាក្សាពីអាទិភាពរួមផ្នែកសន្តិសុខនៃសុខភាព​​នៃប្រទេសរបស់យើង»។ 

លោកស្រីវេជ្ជបណ្ឌិត Rochelle Walensky ប្រធានទីភ្នាក់ងារ CDC បានមានប្រសាសន៍ថា៖ «ទីភ្នាក់ងារ CDC របស់សហរដ្ឋអាមេរិកបានមានវត្តមានយូរមកហើយ នៅតំបន់អាស៊ីអាគ្នេយ៍។ ភាពជាដៃគូយូរអង្វែងរបស់យើងជាមួយប្រទេសនៅតំបន់អាស៊ាន បានពង្រឹងមន្ទីរពិសោធន៍​ផ្នែកសុខភាពសាធារណៈ មជ្ឈមណ្ឌលប្រតិបត្តិការសម្រាប់គ្រាបន្ទាន់ ប្រព័ន្ធតាមដាន ដែលសុទ្ធតែជាមធ្យោបាយចាំបាច់ នៅក្នុងអំឡុងពេល​នៃការមានរោគរាតត្បាត​ ក្នុងពេល​នេះ។ ការិយាល័យថ្មីប្រចាំតំបន់នេះ នឹងពង្រឹងបន្ថែមលើកិច្ចសហការជាដៃគូដែលមានស្រាប់ ហើយជួយយើងឱ្យកាន់តែរឹងមាំជាមួយគ្នាថែមទៀត»។ 

CDC មានភាពសមស្របជាពិសេសសម្រាប់បង្កើនការចូលរួម និងការសហការ​របស់សហរដ្ឋអាមេរិកជាមួយមេដឹកនាំ​​​​នៅអាស៊ីអាគ្នេយ៍ ដើម្បីលើកកម្ពស់សមត្ថភាព​របស់តំបន់​នេះ​ក្នុងការបង្ការតាមដាន​ និងឆ្លើយតបទៅនឹងជំងឺឆ្លងនិងការគំរាមកំហែងថ្មីៗដទៃទៀតមកលើសុខភាព។ អាទិភាព​សម្រាប់ការិយាល័យថ្មី ប្រចាំតំបន់​នេះរួមមាន កសាងកម្លាំងអ្នកធ្វើការផ្នែកសុខភាពសាធារណៈទៅអនាគត  ពង្រីកការបណ្តុះបណ្តាលផ្នែកមន្ទីរពិសោធន៍ផ្នែកសុខភាពសាធារណៈប្រចាំតំបន់ អភិវឌ្ឍកម្មវិធីថ្មីៗ ដើម្បីកែលម្អសុខភាពសម្រាប់ប្រជាជនធ្វើចំណាកស្រុក ​និងប្រជាជនដែលធ្វើផ្លាស់ទីលំនៅ ធ្វើឲ្យមានការឆ្លើយតប​ដោយមានការសម្របសម្រួលគ្នាចំពោះស្ថាន​ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ តាមរយៈមជ្ឈមណ្ឌលប្រតិបត្តិការក្នុងគ្រាបន្ទាន់​ ដែលមានជាបណ្តាញហើយពង្រឹងប្រព័ន្ធព្រមានទាន់ពេលវេលាទាក់ទងនឹងការរកឃើញជំងឺឆ្លងថ្មីៗ និងដែលឆ្លងពីសត្វមកមនុស្ស។ 

លោកវេជ្ជបណ្ឌិត John MacArthur គឺជាប្រធានថ្មី​នៃទីភ្នាក់ងារ CDC ប្រចាំតំប​ន់អាស៊ីអាគ្នេយ៍ ដែលធ្វើការងារគាំទ្រដល់ដំណើរការ និងសកម្មភាពនៅក្នុងប្រទេសចំនួន ១១ រួមបញ្ចូលទាំងប្រទេសកម្ពុជាផងដែរ​។ ការិយាល័យ CDC អាមេរិក នៅកម្ពុជា គឺជាផ្នែកមួយរបស់​​ស្ថានទូតសហរដ្ឋ​​អាមេរិ នៅភ្នំពេញ ដែលមានប្រធាន​ គឺអ្នកស្រីវេជ្ជបណ្ឌិត Rachel Albalak ហើយដើរតួនាទីសំខាន់ក្នុងវិស័យសុខភាពសាធារណៈ តាំងពីឆ្នាំ ២០០២ ដែលធ្វើការងារយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង រួមទាំងជំងឺគ្រុនចាញ់ ជំងឺអេដស៍ និងជំងឺកូវីដ ១៩។ 

ក្រៅពីការិយាល័យថ្នាក់តំបន់នៅអាស៊ីអាគ្នេយ៍ CDC ថែមទាំងបានបង្កើត ក្នុងពេលថ្មីៗ​នេះ នូវការិយាល័យប្រចាំតំបន់​ នៅអឺរ៉ុបខាងកើត/អាស៊ីកណ្តាល (ប្រទេសហ្សកហ្ស៊ី  Georgia) តំបន់មជ្ឈឹមបូព៌ា/អាហ្វ្រិកខាងជើង (ប្រទេស អូម៉ង់និងតំបន់អាមេរិកខាងត្បូង (ប្រទេសប្រេស៊ីល)។ 

 ###