សម្រាប់ការផ្សព្វផ្សាយបន្ទាន់ ៖ ថ្ងៃ ២៥ ខែតុលា ឆ្នាំ ២០២២
បន្ទាប់ពីបានអាក់ខានអស់រយៈពេល ២ ឆ្នាំមកក្រោយការចាប់ផ្តើមនៃជំងឺកូវីដ ១៩ ជាសាកលមក ទីភ្នាក់ ងារ ភីសខ័រ (Peace Corps) នៅកម្ពុជាបានស្វាគមន៍ការត្រឡប់មកវិញ នៃអ្នកស្ម័គ្រចិត្តទីភ្នាក់ងារ ភីសខ័រ ចំនួន ៣៥ នាក់ជាជនជាតិអាមេរិក ដើម្បីបំពេញការងារនៅទូទាំងប្រទេសកម្ពុជា។ តាមរយៈគម្រោងបណ្តុះបណ្តាលគ្រូ និងបង្រៀនភាសាអង់គ្លេសរបស់ទីភ្នាក់ងារនេះ អ្នកស្ម័គ្រចិត្តរបស់យើងនឹងបង្រៀនរួមគ្នាជាមួយគ្រូបង្រៀនខាងកម្ពុជាម្នាក់ទៀត នៅតាមសាលាបឋមសិក្សា វិទ្យាល័យ និងស្ថាប័នដែលផ្តល់ការបង្រៀនផ្សេងទៀត។
លោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា W. Patrick Murphy បានមានប្រសាសន៍ថា ៖ «យើងមានសេចក្តីរីករាយណាស់ ដែលអ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ត្រឡប់មកប្រទេសកម្ពុជាវិញ។ បេសកកម្ម ជាសាកលរបស់ទីភ្នាក់ងារ Peace Corps គឺ សន្តិភាព ពិភពលោក និងមិត្តភាព ហើយអ្នកស្ម័គ្រចិត្តទាំងនោះនឹងបំពេញបេសកកម្មនេះតាមរយៈការងាររបស់គេ។ ក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាអតីតអ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ខ្ញុំយល់ពីតម្លៃដែលអ្នកស្ម័គ្រចិត្តទាំងនេះក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃសហរដ្ឋអាមេរិក និងកម្ពុជា និងក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៃព្រះរាជាណាចក្រកម្ពុជា» ។
លោក Mikel Herrington ប្រធាននៃទីភ្នាក់ងារ ភីសខ័រ (Peace Corps) ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ៖ «យើងមានក្តីរំភើបក្នុងការមានចំណែកជាប្រវត្តិសាស្រ្តមួយ នៃការវិលត្រឡប់មកកម្ពុជាវិញ នៃអ្នកស្ម័គ្រចិត្តរបស់យើង។ ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ បុគ្គលិកនៃទីភ្នាក់ងារ Peace Corps នៅទូទាំងពិភពលោក បានធ្វើការដើម្បីពង្រឹងគ្រឹះនៃទីភ្នាក់ងារនេះ។ យើងមានការត្រៀមជាស្រេចក្នុងការដំណើរការឡើងវិញ នូវសកម្ម ភាពការងាររបស់អ្នកស្ម័គ្រចិត្តរបស់យើង ហើយធ្វើការងារក្នុងពេលជាប្រវត្តិសាស្រ្តនេះ ជាមួយដៃគូរបស់យើង តាមសហគមន៍នៅកម្ពុជា និងជាមួយបុគ្គលិកនៃស្ថានទូតរបស់យើង»។
គម្រោងបណ្តុះបណ្តាលគ្រូ និងបង្រៀនភាសាអង់គ្លេសរបស់យើង ធ្វើការជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញអាទិភាពផ្នែកអប់រំរបស់កម្ពុជា។ គម្រោងពង្រឹងជំនាញក្នុងការគិត និងផ្នែកភាសាអង់គ្លេសរបស់សិស្ស និស្សិត គ្រូ និងសមាជិកសហគមន៍នៅកម្ពុជា ដើម្បីឲ្យពួកគេមានឱកាសទទួលបានឱកាសសម្រាប់ខ្លួនគេផ្ទាល់ ក្នុងអាជីពនិងក្នុងការសិក្សា។ នៅឆ្នាំ ២០១៩ នៅក្នុងពេលបន្តឡើងវិញចុងក្រោយនៃគម្រោង ៤៨% នៃសហគ្រូបង្រៀនខាងកម្ពុជា បានលើកកម្ពស់វិធីសាស្រ្តក្នុងការបង្រៀនភាសាអង់គ្លេសរបស់គេ ហើយមានសិស្សចំនួន ៣ ៣១៧ នាក់រៀនចេះបានច្រើន តាមការវាយតម្លៃផ្លូវការ និងមិនផ្លូវការ។
ទីភ្នាក់ងារ Peace Corps បានស្វាគមន៍ក្រុមអ្នកស្ម័គ្រចិត្តទីមួយរបស់ខ្លួន នៅកម្ពុជាក្នុងឆ្នាំ ២០០៧ ។ តាំងពីពេលនោះមក អ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ចំនួន ៧១៤ នាក់បានមកបំពេញការងារនៅកម្ពុជា ដោយធ្វើការនៅតាមគម្រោងសិក្សាអប់រំផ្នែកភាសាអង់គ្លេស។ កម្មវិធីអប់រំសុខភាព បានដំណើរការពីឆ្នាំ ២០១១ ដល់ឆ្នាំ ២០១៨។
ព័ត៌មានស្តីពីទីភ្នាក់ងារ Peace Corps ៖ ទីភ្នាក់ងារ Peace Corps គឺជាបណ្តាញអន្តរជាតិនៃអ្នកបំពេញការងារ សមាជិកសហគមន៍ ដៃគូនៅតាមប្រទេសម្ចាស់ផ្ទះ និងបុគ្គលិក ដែលឆើ្លយតបនឹងបេសកកម្មដើម្បីសន្តិភាពពិភពលោក និងមិត្តភាព របស់ទីភ្នាក់ងារនេះ។ តាមការអញ្ជើញរបស់រដ្ឋាភិបាលនៅទូទាំងសាកលលោក អ្នកស្ម័គ្រចិត្តនៃទីភ្នាក់ងារ Peace Corps ធ្វើការជាមួយសមាជិកសហគមន៍ នៅតាមគម្រោងដែលសហគមន៍មូលដ្ឋានកំណត់ជាអាទិភាព ក្នុងវិស័យអប់រំ សុខាភិបាល បរិស្ថាន កសិកម្ម ការអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ និងការអភិវឌ្ឍន៍យុវជន។ តាមរយៈការបំពេញការងាររបស់គេ សមាជិកនៃបណ្តាញរបស់ទីភ្នាក់ងារ Peace Corps ពង្រឹងជំនាញដែលគេអាចផ្ទេរទៅអ្នកដទៃបាន ហើយពង្រឹងបន្ថែមនូវជំនាញក្នុងវប្បធម៌ចម្រុះ ដែលនាំពួកគេឲ្យក្លាយជាអ្នកដឹកនាំសាកលជំនាន់ក្រោយ។ ចាប់តាំងពីលោកប្រធានាធិបតី John F. Kennedy បានបង្កើតទីភ្នាក់ងារ Peace Corps នៅក្នុងឆ្នាំ ១៩៦១ មក មានជនជាតិអាមេរិកចំនួន ២៤០ ០០០ នាក់បានបំពេញការងារនៅតាមប្រទេសចំនួន ១៤២ នាក់ នៅទូទាំងសាកលលោក។ ចំពោះព័ត៌មានបន្ថែម សូមចូលអានក្នុង peacecorps.gov ហើយតាមដានជាបន្តតាម Facebook, Instagram និង Twitter ។
ទាក់ទង ៖ Mikel Herrington ទូរសព្ទ ៖ ០២៣ ២២២ ៩០១