ឧបការីរងរដ្ឋមន្ត្រីការបរទេស ទស្សនកិច្ចនៅកម្ពុជា បញ្ជាក់ពីការគាំទ្ររបស់អាមេរិកចំពោះអនុតំបន់មេគង្គ

សេចក្តីប្រកាសព័ត៌មាន
១១ តុលា ២០២២

រាជធានីភ្នំពេញស្របពេលដែលចូលរួមកិច្ច​ប្រជុំ​កំពូលមន្ត្រីជាន់ខ្ពស់អាស៊ី បូព៌ា លោកស្រីបណ្ឌិត Jung H. Pak ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការពហុភាគី បានជួបជា​មួយដៃគូសំខាន់ៗនៅកម្ពុជា នៃគម្រោងភាពជាដៃគូមេគង្គ អាមេរិក (MUSP) ដោយបញ្ជាក់ពីការគាំទ្រយូរអង្វែង​របស់អាមេរិក ចំពោះប្រជាជននៃអនុតំបន់មេគង្គនេះ 

បណ្ឌិត Pak បានថ្លែងថា ៖ «ប្រទេសតាមទន្លេមេគង្គ អាចពឹងផ្អែកលើសហរដ្ឋអាមេរិកជាដៃគូដ៏ខ្លាំងនិងគួរឱ្យទុកចិត្តនាពេលបច្ចុប្បន្ន និង​ទៅអនាគត ។ ទស្សនកិច្ចរបស់ខ្ញុំនៅកម្ពុជា បង្ហាញពី​សារៈសំខាន់នៃការធ្វើការជាមួយប្រទេសនៃតំបន់មេគង្គជាពហុភាគី និង​តាមរយៈភាពជាដៃគូទន្លេមេគង្គ សហរដ្ឋអាមេរិក ក្នុងការជំរុញនូវភាពតភ្ជាប់គ្នា តម្លាភាព​ និង​ការអភិ​វឌ្ឍប្រកបដោយចីរភាពតាមព្រំដែន» ។ 

ជាការគាំទ្រដល់គំនិតផ្តួចផ្តើមទាំងនេះក្នុងប្រទេសកម្ពុជា លោកស្រីបណ្ឌិត Pak បានទៅទស្សនាមជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់និងភាពរាំងស្ងួតក្នុងតំបន់ នៅគណៈកម្មការទន្លេមេគង្គ (MRC)  ដែលនៅទីនោះ លោកស្រី បាន​កោតសរសើរពីវិធីសាស្ត្រទូលំទូលាយថ្នាក់តំបន់របស់ MRC ដើម្បីពង្រឹងនូវសមត្ថភាពរបស់ MRC តាមរយៈការបណ្តុះបណ្តាល និងជំនួយបច្ចេកទេស ។ លោកស្រីបណ្ឌិតក៏បានស្វែងយល់បន្ថែមពីទស្សនៈផ្សេងៗរបស់អ្នកជំនាញពាក់ព័ន្ធបញ្ហាទន្លេមេគង្គ ដោយរួមទាំងបញ្ហាអន្តោប្រវេសន៍ ការជួញដូរ ការគ្រប់គ្រងធនធានធម្មជាតិ វិស័យធុរកិច្ច និងថាមពលកកើតឡើងវិញ ព្រមទាំងអាទិភាពរួមរបស់សហរដ្ឋអាមេរិកក្នុងអនុតំបន់ទន្លេមេគង្គ ។ 

ក្នុងកិច្ចពិភាក្សាជាមួយយុវជនវ័យក្មេងនៅ AmCam Exchange ក្រោមការគ្រប់គ្រងរបស់មជ្ឈមណ្ឌល EducationUSA របស់ស្ថានទូតអាមេរិក នៅភ្នំពេញ លោកស្រីបណ្ឌិត Pak ក៏បាន​លើកទឹកចិត្តដល់អ្នកដឹកនាំវ័យក្មេងទាំងអស់ ឱ្យធ្វើការរួមគ្នាដោះស្រាយបញ្ហាប្រឈម ដែលជះឥទ្ធិពលដល់អនុតំបន់ទាំងមូល ដើម្បីសម្រេចនូវលទ្ធផលជាទីគាប់ប្រសើរ​ ។ 

ភាពជាដៃគូមេគង្គ សហរដ្ឋអាមេរិក លើកកម្ពស់នូវសិ្ថរភាព សន្តិភាព និង​វិបុលភាពនៃអនុតំបន់ទន្លេមេគង្គ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសដៃគូមេគង្គ និងសហរដ្ឋអាមេរិក ។ វាក៏ពង្រឹងនូវទំនាក់ទំនងដ៏រឹងមាំនិងយូរអង្វែងរវាងសហរដ្ឋអាមេរិក ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម ផងដែរ ។ 

ចាប់ពីឆ្នាំ ២០០៩ ដល់ ២០២២ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់នូវជំនួយជាង ៥,៨​​ ពាន់លានដុល្លារ ជាជំនួយទេ្វភាគីនិងក្នុងតំបន់ជូនដល់​ប្រទេសដៃគូទាំង នៃទន្លេមេគង្គ  ។ 

###