អត្ថបទរបស់ Keith Krach និង Nathan A. Sales
ជំងឺរាតត្បាតនៅឆ្នាំ ២០២០ នឹងស្ថិតនៅក្នុងសៀវភៅប្រវត្តិសាស្រ្តអស់រយៈពេលយ៉ាងយូរ។ តែឆ្នាំនេះនឹងត្រូវបានគេចងចាំថា ជាឆ្នាំដែលពលរដ្ឋនៅក្នុងពិភពលោកភ្ញាក់ចំពោះការពិតមួយស្តីពីការលាក់បាំងមនោគមន៍វិជ្ជា ការគៃបន្លំយក ការបង្ខិតបង្ខំ និងអំពើពុករលួយរបស់គណបក្សកុម្មុយនិស្តចិន (CCP) ។ ពលរដ្ឋមើលឃើញថា CCP លាក់បាំងការផ្ទុះពីដំបូងនៃមេរោគកូរ៉ូណា លុបបំបាត់សេរីភាពនៅហុងកុង ប្រព្រឹត្តអំពើយង់ឃ្នងលើសិទ្ធិមនុស្សនៅខេត្ត Xinjiang ហើយប្រើអំពើពុករលួយដើម្បីពង្រីកបណ្តាញទូរស័ព្ទ 5G របស់ខ្លួន។ ដំណឹងល្អគឺថា ទង្វើទាំងអស់នេះធ្វើឲ្យរដ្ឋាភិបាល និងក្រុមហ៊ុននានាមានចិត្តធ្វើការតបត ហើយពេលនេះ រលកកំពុងបោកបក់ប្រឆាំងទៅលើ CCP។
ថ្វីបើសាធារណរដ្ឋប្រជាមានិតចិន (PRC) គឺជាភាគីរដ្ឋជាយូរមកហើយ នៅក្នុងអនុសញ្ញារបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងអំពើពុករលួយក្តី ដូចការចូលរួមជាច្រើនរបស់ខ្លួនជាមួយនឹងស្ថាប័នអន្តរជាតិ តែ PRC ប្រើសមាជិកភាពរបស់ខ្លួនដើម្បីធ្វើការបិទបាំងការរំលោភយ៉ាងជាក់ស្តែងរបស់ខ្លួន។ អំពើពុករលួយដិតដាមនៅក្នុង DNA នៃគណបក្សកុម្មុយនិស្តចិន និងគោលនយោបាយរបស់ខ្លួន ដូចជាគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលជាកម្មវិធីគោលនយោបាយការបរទេសសំខាន់មួយរបស់ខ្លួន ដែលឈរលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំជាបន្តបន្ទាប់ នៅទូទាំងសាកលលោក។
នៅក្រោមទង់នៃគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ PRC ប្រើប្រាស់ការឧបត្ថម្ភទុនដ៏ច្រើន និងបញ្ចា្រសទីផ្សារ ដើម្បីបានចំណែកទីផ្សារច្រើន ហើយកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមិនធានានិរន្តភាព និងគ្មានការទទួលខុសត្រូវចំពោះបរិស្ថាន នៅទូទាំងសាកលលោក។ គម្រោងទាំងនេះច្រើនតែទទួលបានលុយពីកម្ចីបែបជញ្ជក់ឈាម និងគ្មានការទទួលខុសត្រូវរបស់ទីក្រុងប៉េកាំង ដែលធ្វើឲ្យប្រទេសដែលជាប់បំណុលស្រាប់ ត្រូវបង់លុយថ្លៃផ្លូវថ្នល់ និងផ្លូវដែក ដែលមានឡើងសម្រាប់បម្រើផលប្រយោជន៍ទីក្រុងប៉េកាំង ពោលគឺដឹកជញ្ជូនទំនិញនាំចេញរបស់ប្រទេសចិន ហើយទាញយកធនធានធម្មជាតិរបស់ប្រទេសម្ចាស់ស្រុក។ បន្ថែមពីលើនេះទៀត ទីក្រុងប៉េកាំងច្រើនពឹងផ្អែកលើកម្លាំងពលកម្មរបស់ចិន ហើយផ្តល់កុងត្រាឲ្យសហគ្រាសរដ្ឋចិន ដែលជាការកាត់បន្ថយយ៉ាងច្រើន នូវប្រយោជន៍សេដ្ឋកិច្ចបណ្តោះអាសន្នដែលគម្រោងទាំងនោះអាចផ្តល់ឲ្យប្រទេសម្ចាស់ផ្ទះ។ ជាមួយនឹងពលកម្មនិងការប្រតិបត្តិទាក់ទងនឹងបរិស្ថានមានកម្រិតស្តង់ដាទាប គម្រោងទាំងនោះថែមទាំងអាចបំផ្លាញបរិស្ថាន និងបណ្តាលឲ្យមានការរជើបរំជួលក្នុងសង្គម នៅពេលក្រោយមក។
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់ចិនក៏មានការចូលដៃដែរ។ ក្រុមហ៊ុនធំជាងគេពីរ គឺក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ត្រូវបានរកឃើញថា មានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ នៅក្នុងប្រទេសអាហ្វ្រិកចំនួនយ៉ាងតិច ១៥ ប្រទេស។ ក្រុមហ៊ុន ZTE បានសូកប៉ាន់មន្រ្តីលីបេរីយ៉ា ដើម្បីទទួលបានកុងត្រាដែលផ្តល់ការចំណេញច្រើន ក្នុងការផ្តល់សេវាផ្នែកទូរគមនាគមន៍ ដោយដេញថ្លៃឈ្នះក្រុមហ៊ុនមួយរបស់អាមេរិក ហើយក្រុមហ៊ុន Huawei ត្រូវបានគេស៊ើបអង្កេតពីបទចោទប្រកាន់ថាបានធ្វើការសូកប៉ាន់ទាក់ទងនឹងកុងត្រាដែលមានទឹកលុយរាប់លានដុល្លា ដើម្បីកសាងប៉ម នៅតាមតំបន់ជនបទ នៅប្រទេស Zambia ។ នៅប្រទេស Algeria ក្រុមហ៊ុន Huawei ត្រូវបានហាមមិនឲ្យធ្វើការដេញថ្លៃជាសាធារណៈលើកុងត្រា បន្ទាប់ពីអ្នកគ្រប់គ្រងក្រុមហ៊ុននោះរងការចោទប្រកាន់ថា បានបង់ប្រាក់ចំនួន ១០ លានដុល្លារជាសំណូក ដល់អតីតប្រធានអ្នកគ្រប់គ្រងផ្នែកទូរគមនាគមន៍រដ្ឋ។
អំពើពុករលួយរបស់ PRC ថែមទាំងឆ្លងដល់សេរីភាពផ្នែកសិក្សាស្រាវជ្រាវ នៅទូទាំងពិភពលោកថែមទៀតផង។ នៅខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថានទូតចិននៅទីក្រុង Prague ត្រូវបានរកឃើញថា បានបង់លុយដោយសម្ងាត់ឲ្យសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Charles University ដែលជាស្ថាប័នសិក្សាស្រាវជ្រាវដ៏ល្បីបំផុតរបស់សាធារណរដ្ឋឆេក ដើម្បីឲ្យបង្ហាញរូបភាពវិជ្ជមាននៃឱកាសសេដ្ឋកិច្ច និងការវិនិយោគរបស់ PRC ។ ដូចគ្នានេះដែរ ទីក្រុងប៉េកាំងប្រើវិទ្យាស្ថាន Confucius Institute របស់ខ្លួននៅទូទាំងសហរដ្ឋអាមេរិក និងពិភពលោក ដើម្បីតាមដានការនិយាយស្តី ហើយជំរុញការបន្ថយការនិយាយប៉ះពាល់ខ្លួន នៅតាមសាលា។
អំពើពុករលួយជាបន្តទាំងនេះប៉ះពាល់សន្តិសុខ និងសេដ្ឋកិច្ចនៃសង្គមទាំងមូល។ សហរដ្ឋអាមេរិកបានទទួលស្គាល់ និងផ្តល់អាទិភាពដល់ការខិតខំប្រយុទ្ធប្រឆាំងនឹងផលវិបាកដែលធ្វើឲ្យមានអស្ថិរភាពនៃ អំពើពុករលួយក្នុងសាកលលោក ជាយូរមកហើយ។ សហរដ្ឋអាមេរិកគឺជាប្រទេសដំបូងគេ ដែលបានដាក់ទោសព្រហ្មទណ្ឌចំពោះការសូកប៉ាន់។
ក្នុងពេលថី្មៗនេះ ក្នុងឆ្នាំ ២០១៩ ក្រសួងយុត្តិធម៌អាមេរិកចេញការចោទប្រកាន់ពីបទសូកប៉ាន់នៅបរទេសក្នុងចំនួនច្រើនបំផុតក្នុងមួយឆ្នាំ ក្នុងប្រវត្តិសាស្រ្ត ប្រឆាំងនឹងបុគ្គល ហើយតុលាការក៏ធ្វើការដាក់ទោសច្រើនបំផុតផងដែរ។ សហរដ្ឋអាមេរិកថែមទាំងកំពុងផ្តល់លទ្ធភាពដល់ដៃគូ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ក្នុងរយៈពេល ៣ ឆ្នាំមកនេះ យើងបានផ្តល់ប្រាក់ចំនួនជាង ១០០ លានដុល្លារ ក្នុងមួយឆ្នាំៗ ជាជំនួយបរទេសសម្រាប់កសាងសមត្ថភាពប្រឆាំងនឹងអំពើពុករលួយ ហើយសហរដ្ឋអាមេរិកក៏កំពុងតែធ្វើការជាមួយស្ថាប័នពហុភាគីជាច្រើនទៀតផងដែរ។ កាលពីខែមុន យើងបានបន្តបង្ហាញភាពជាអ្នកដឹកនាំរបស់យើង នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីប្រឆាំងនឹងអំពើពុករលួយជាលើកដំបូង ក្នុងកិច្ចប្រជុំនៃប្រទេសមានសេដ្ឋកិច្ចធំជាងគេចំនួន ២០។
គន្លឹះសំខាន់គឺនៅត្រង់ជួយប្រទេសនានា ក្នុងការតបតនឹងអំពើពុករលួយរបស់ PRC នៅទូទាំងសាកលលោក។ នៅក្នុងផ្នែកសន្តិសុខបច្ចេកវិទ្យាជាសាកល បណ្តាញដែលមានឈ្មោះថា បណ្តាញស្អាតស្អំ (Clean Network) គឺជាគំរូមួយក្នុងការទប់ទល់នឹងក្រុមហ៊ុនដែលពុករលួយ និងតាមដានរដ្ឋរបស់គណបក្សកុម្មុយនិស្តចិន ដូចជាក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ។
សម្ព័ន្ធភាពដែលកំពុងរីកធំយ៉ាងរហ័សនេះ ធ្វើការតាមគោលការណ៍ដែលមានទំនុកចិត្តតាមលទ្ធិប្រជាធិបតេយ្យ ហើយនៅពេលនេះ មានប្រទេសដែលមានគំនិតដូចគ្នាចំនួនជាង ៥០ ក្រុមហ៊ុនទូរគមនាគមន៍ចំនួន ១៨០ និងក្រុមហ៊ុនឧស្សាហកម្មឈានមុខជាច្រើនជាសមាជិក។ ជោគជ័យនៃសម្ព័ន្ធភាពនៃប្រទេសប្រជាធិបតេយ្យទាំងនេះគឺជាគ្រឹះរឹងមាំ សម្រាប់វិស័យសហប្រតិបត្តិការដទៃទៀត ដូចជាហេដ្ឋារចនាសម្ព័ន្ធស្អាត។ សហរដ្ឋអាមេរិកបានធ្វើជាដៃគូជាមួយប្រទេសជប៉ុន និងអូស្ត្រាលី ក្នុងការផ្តើមបង្កើតឡើងនូវបណ្តាញ Blue Dot Network ដែលនៅពេលនេះ រួមមានកោះតៃវ៉ាន់ និងប្រទេសដែលគេហៅថា Three Seas Nations ចំនួន ១២ ដើម្បីបញ្ជាក់ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលគ្មានអំពើពុករលួយ មានគុណភាពខ្ពស់ និងទទួលបាននូវការទុកចិត្ត។
ពិភពលោកទាំងមូលរងការខាតបង់ នៅពេល PRC លួចបន្លំ ហើយសូកប៉ាន់ ដើម្បីទទួលបានឥទ្ធិពល និងទ្រព្យសម្បត្តិ។ បញ្ហាជាសាកលនេះទាមទារដំណោះស្រាយជាសាកល ដែលជំរុញទឹកចិត្តនៃរដ្ឋាភិបាល ក្រុមហ៊ុន អង្គការមិនមែនរដ្ឋាភិបាល និងពលរដ្ឋសាមញ្ញ។ បណ្តាញ Clean Network ផ្តល់ជាក្របខ័ណ្ឌមួយសម្រាប់ធ្វើឲ្យមានការឯកភាពគ្នានៃសម្ព័ន្ធនៃដៃគូដែលទទួលបានការទុកចិត្ត ក្នុងការបំភ្លឺទៅលើអំពើពុករលួយរបស់បក្សកុម្មុយនិស្តចិន ហើយកាត់បន្ថយឱកាសសម្រាប់ការប្រព្រឹត្តអំពើពុករលួយរបស់ PRC ។