របាយការណ៍ ឆ្នាំ ២០១៧ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្តីពីការជួញដូរមនុស្ស

“ការជួញដូរមនុស្សគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដ៏សោកសៅបំផុតទាក់ទងនឹងសិទ្ធិមនុស្ស នៅក្នុងសម័យកាលនៃយើង។ វាធ្វើអោយគ្រួសារព្រាត់ប្រាស់ ធ្វើអោយទីផ្សារពិភពលោកមានភាពខុសធម្មតា បំផ្លាញនិតិរដ្ឋ និងជំរុញដល់សកម្មភាពល្មើសជាអន្តរជាតិដទៃទៀត។ វាគំរាមកំហែងសុវត្ថិភាពសាធារណៈ និងសន្តិសុខជាតិ។ តែអាក្រក់បំផុតនោះ បទល្មើសនេះធ្វើអោយមនុស្សបាត់បង់សេរីភាព និងសេចក្តីថ្លៃថ្នូររបស់គេ។ ដូច្នេះហើយបានជាយើងត្រូវតែខិតខំលុបបំបាត់បញ្ហាដ៏អាក្រក់នេះនៃការជួញដូរមនុស្ស។ ថ្ងៃនេះ យើងបោះជំហានដ៏សំខាន់មួយទៀតដើម្បីសំរេចគោលដៅនេះ។ របាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០១៧ បង្ហាញពីជោគជ័យដែលសំរេចបាន និងបញ្ហាប្រឈមដែលនៅបន្តមាន នៅចំពោះមុខយើង លើបញ្ហាជាសាកលដ៏សំខាន់នេះ”។

Rex W. Tillerson
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក

ប្រទេសកម្ពុជា – (លំដាប់ថ្នាក់ទី ២)

រដ្ឋាភិបាលកម្ពុជាមិនបានគោរពបានពេញលេញតាមបទដ្ឋានអប្បបរិមាសំរាប់ការបំបាត់ការជួញដូរ មនុស្សទេ ។ ទោះជាយ៉ាងណាក្ដី ក៏រដ្ឋាភិបាលកំពុងតែខិតខំច្រើនគួរសមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ។ រដ្ឋាភិបាល​បាន​បង្ហាញ​អោយ​ឃើញ​នូវ​ការ​បង្កើន​ការ​ខិតខំ បើ​ប្រៀបធៀប​នឹង​រយៈកាល​នៃ​របាយការណ៍​មុន​។ ដូច្នេះ កម្ពុជានៅបន្តស្ថិតនៅចំណាត់ថ្នាក់ទី២។ រដ្ឋាភិបាលបានបង្ហាញអោយឃើញថា ខ្លួនបានបង្កើនការខិតខំ ដោយកាត់ទោសជនល្មើសបានចំនួនកាន់តែច្រើន ចំណាយថវិកាកាន់តែច្រើនសំរាប់គណកម្មាធិការជាតិប្រឆាំងការជួញដូរ និងគណកម្មាធិការដែលជាសាខារបស់គណកម្មាធិការនេះនៅតាមខេត្ត ហើយបង្កើតផែនការសកម្មភាពថ្មីមួយ ដើម្បីទប់ស្កាត់ទាសភាពបំណុលលើកុមារ និងទំរង់ដទៃទៀតនៃការកេងប្រវ័ញ្ចពលកម្ម។ យ៉ាង​ណា​ក្តី​ក៏​រដ្ឋាភិបាល​មិន​បាន​បំពេញ​បាន​តាម​បទដ្ឋាន​អប្បបរិមា នៅក្នុងផ្នែកសំខាន់ៗមួយចំនួនដែរ។ ទោះបីមានអំពើពុករលួយជាទូទៅ ដែលរួមចំណែកធ្វើអោយមានការជួញដូរនៅក្នុងវិស័យជាច្រើន និងក្នុងចំណោមក្រុមមនុស្សដែលងាយរងគ្រោះមួយចំនួនក្តី ក៏រដ្ឋាភិបាលមិនបាន​ធ្វើ​ការ​ស៊ើប​អង្កេត កាត់ទោស ឬ​ដាក់ទោស​មន្រ្តី​ដែល​ធ្វើ​ការ​ឃុបឃិត​ណា​មួយឡើយ។ តុលាការបានបន្តបញ្ចប់ក្តីនៃការជួញដូរផ្លូវភេទ តាមរយៈការទូទាត់សំណងជាលុយជំនួសការដាក់ពន្ធនាគារ។ រដ្ឋាភិបាលមិនបានចេញគោលណែនាំផ្លូវការ ដែលអនុញ្ញាតអោយមានការប្រើបច្ចេកទេសស៊ើបអង្កេត​ជា​សំងាត់​ នៅ​ក្នុង​ការស៊ើបអង្កេតករណីជួញដូរឡើយ ដែលជាកត្តាមួយបន្តរាំងស្ទះដល់សមត្ថភាពរបស់មន្រ្តីក្នុងការចាប់អោយជនល្មើសទទួលខុសត្រូវទាំងស្រុង។ រដ្ឋាភិបាលថែមទាំងមិនបានប្រកាន់យកជំហានកែលំអការប្រមូលទិន្នន័យស្តីពីការប្រឆាំងការជួញដូរផ្លូវភេទ ឬការចែករំលែកព័ត៌មានចាំបាច់សំរាប់អោយការសំរបសំរួលគ្នារវាងស្ថាប័ននានាមានប្រសិទ្ធភាពទេ។ រដ្ឋាភិបាលបានខិតខំដោយមានកំរិតក្នុងការរកមើលជនរងគ្រោះ និងការពារពួកគេ ដោយពេលខ្លះបានបញ្ជូនជនរងគ្រោះជាកុមារទៅកន្លែងដែលមានការប្រឈមនឹងការរងគ្រោះច្រើន ហើយបានផ្តល់ជំនួយតិចបំផុតដល់មនុស្សប្រុសជាជនរងគ្រោះដោយការជួញដូរកំលាំងពលកម្ម ទោះបីជាមានករណីបែបនេះច្រើនក្តី។

អនុសាសន៍សំរាប់ប្រទេសកម្ពុជា៖ បង្កើនការខិតខំក្នុងការស៊ើបអង្កេត និងនាំខ្លួនយកមកកាត់ទោស ដាក់ទោស និងដាក់ទណ្ឌកម្មចំពោះជនល្មើសក្នុងការជួញដូរផ្លូវភេទនិងជួញដូរពលកម្ម រួមទាំងមន្រ្តីឃុបឃិត អនុញ្ញាតអោយមានការប្រើបច្ចេកទេសស៊ើបអង្កេតសំងាត់ នៅក្នុងការអនុវត្តច្បាប់ប្រឆាំងការជួញដូរ អនុវត្តពេញលេញនូវពិធីសារថ្មីទូទាំងប្រទេសសំរាប់រកមើលជនរងគ្រោះនៅក្នុងចំណោមក្រុមដែលងាយរងគ្រោះ ហើយបង្រៀនមន្រ្តី អោយយល់ពី​ខដែលចែងនៅក្នុងច្បាប់នេះ បង្កើនសេវាសំរាប់ជនរងគ្រោះជាបុរស ពិសេសបុរសដែលត្រូវបានគេកេងប្រវ័ញ្ចនៅក្នុងឧស្សាហកម្មនេសាទ បង្កើតអោយមាននិតិវិធីជាប្រព័ន្ធ ហើយកំណត់ធនធានសំរាប់ជួយជនរងគ្រោះខ្មែរ តាមរយៈបេសកកម្មការទូតនៅបរទេស ឬនៅក្នុងប្រទេសដែលគ្មានតំណាងទូតកម្ពុជា បង្កើនការយល់ដឹងរបស់សាធារណជនលើបែបបទដាក់ពាក្យសុំឯសារធ្វើដំណើរសមស្រប ដើម្បីសំរួលដល់ការធ្វើចំណាកស្រុកដោយស្របច្បាប់ និង​ប្រកប​ដោយ​សុវត្ថិភាព ពង្រឹង​ការ​ខិតខំ​ក្នុង​ការ​ត្រួត​ពិនិត្យ​ក្រុមហ៊ុនជ្រើសរើសកំលាំងពលកម្មឯកជន និងសាខារបស់គេ ដើម្បីរកមើលការជ្រើសរើសដែលមានលក្ខណៈបន្លំឬការជួញដូរដទៃទៀត កែ​សំរួល​ច្បាប់​ដើម្បី​អោយ​មាន​សំណង​នៅ​ពេល​តុលាការ​ដាក់​ទោស​ទៅ​លើ​ជន​ប្រព្រឹត្ត​ការ​ជួញដូរ អនុវត្ត​ប្រព័ន្ធ​មួយ​សំរាប់​តាម​ដាន ប្រមូល និង​រាយការណ៍​ទិន្នន័យស្តីពីការកាត់ទោសប្រឆាំងការជួញដូរ និងការងារការពារជនរងគ្រោះ ផ្សព្វផ្សាយទិន្នន័យនៅក្នុងចំណោមស្ថាប័នរដ្ឋដែលមានការពាក់ព័ន្ធ ដើម្បីការពារការសំងាត់ឯកជននិងអត្តសញ្ញាណរបស់ជនរងគ្រោះ ពង្រឹង​ការ​ខិតខំ​ដើម្បី​បញ្ចូល​គំនិត​របស់​អង្គការមិនមែនរដ្ឋាភិបាលទៅក្នុងគោលនយោបាយសំរាប់ផ្ទេរការគ្រប់គ្រងជាផ្លូវការលើជនរងគ្រោះជាកុមារ បង្កើនការខិតខំនៅក្នុងការអនុវត្តគោលនយោបាយធ្វើអោយដំណើរការរបស់តុលាការយកចិត្តទុកដាក់លើសេចក្តីត្រូវការ និង​ផល​ប្រយោជន៍​របស់​ជន​រងគ្រោះ ដូច​ជា​តាម​រយៈការ​ផ្តល់​ការការពារសាក្សី និងជំរើសលើសំណងទូទាត់ បង្កើនការចំណាយធនធានលើនគរបាលប្រឆាំងការជួញដូរមនុស្ស ដើម្បីសំរួលដល់ការតាមដានចុងចោទ ដែលត្រូវបានដោះលែងក្រោមការតាមមើលរបស់តុលាការរហូតដល់មាន សវនាការ និងបង្កើនយុទ្ធនាការលើកកំពស់ការយល់ដឹងរបស់សាធារណៈ ដើម្បីកាត់បន្ថយតំរូវការរបស់មនុស្សនៅក្នុងស្រុក ទៅលើការទិញដូរផ្លូវភេទ និងទេសចរណ៍ផ្លូវភេទលើកុមារ។

ការនាំខ្លួនយកមកកាត់ទោស

រដ្ឋាភិបាលបានបង្កើនការងារពង្រឹងការអនុវត្តច្បាប់ ពិសេសនៅក្នុងការដាក់ទោសដោយតុលាការ។

ច្បាប់ដែលត្រូវបានដាក់ចេញនៅឆ្នាំ ២០០៨ ស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មកេងប្រវ័ញ្ចផ្លូវភេទមាននិយាយច្បាស់ពីបទល្មើសជួញដូរ ក្នុងមាត្រាចំនួន ១២ ក្នុងចំណោមមាត្រាចំនួន ៣០ ក្នុងច្បាប់នេះ។ ច្បាប់នេះហាមប្រាមគ្រប់ទំរង់ទាំងអស់នៃការជួញដូរមនុស្ស ហើយចែងពីការដាក់ទោសជាប់ពន្ធនាគារពី ៧ ដល់ ១៥ ឆ្នាំ និង​រហូត​ដល់ ២០ ឆ្នាំ ក្នុង​ករណី​មាន​ស្ថាន​ទំងន់​ទោស ទាំង​ចំពោះ​ការ​ជួញដូរ​ផ្លូវ​ភេទ ទាំង​ចំពោះ​ការ​ជួញដូរ​ពលកម្ម​។ ទណ្ឌកម្មទាំងនេះមានភាពម៉ឺងម៉ាត់គ្រប់គ្រាន់ និងស្របតាមទោសសំរាប់បទឧក្រិដ្ឋធ្ងន់ធ្ងរដទៃទៀត ដូចជាការរំលោភសេពសន្ទវៈ។

រដ្ឋាភិបាលមិនបានប្រមូលទិន្នន័យពេញលេញស្តីពីការងារពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរទេ ពិសេសនៅក្នុងចំណោមតុលាការខេត្ត។ តែ របាយការណ៍របស់រដ្ឋាភិបាល ដោយមានការបន្ថែមពីអង្គការមិនមែន រដ្ឋាភិបាលផង បង្ហាញ​ថា​រដ្ឋាភិបាល​បាន​កាត់ទោស​ជន​សង្ស័យ​ចំនួន ៥៣ នាក់ នៅ​ក្រោម​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​របស់​ខ្លួន ឬ​បទបញ្ញាតិ​ប្រហាក់ប្រហែល​គ្នា​នេះ នៅ​ក្នុង​ក្រមព្រហ្មទណ្ឌ នៅក្នុងឆ្នាំ ២០១៦ ។ នៅក្នុងឆ្នាំ ២០១៥ មានការកាត់ទោសចំនួន ៦៩ ករណី។ គណកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរ (NCCT) បានរាយការណ៍ថា តុលាការបានដាក់ទោសជនល្មើសចំនួនយ៉ាងហោចណាស់ ១០០ នាក់ ដោយ​ក្នុង​នោះ មាន​ខ្លះ​ដែល​សវនាការ​លើ​ពួកគេ​បាន​ចាប់ផ្តើម នៅក្នុងអំឡុងពេលនៃរបាយការណ៍មុន ដោយមាន ៤៣ នាក់ នៅឆ្នាំ ២០១៥ និង ២៩ នាក់ នៅឆ្នាំ ២០១៤។ មិនដូចនៅឆ្នាំមុនៗទេ រដ្ឋាភិបាលមិនបានផ្តល់ទិន្នន័យស្តីពីការដាក់ទោស ហើយក៏មិនរៀបរាប់លំអិតនូវព័ត៌មានស្តីពីការស៊ើបអង្កេត ការកាត់ទោស ឬការដាក់ទោសដោយតុលាការ ដោយផ្អែកលើប្រភេទនៃបទល្មើសនៃការជួញដូរទេ។ អាជ្ញាធរបានកត់សំគាល់ឃើញថា ការខកខានរបស់មន្រ្តីការងារនៅក្នុងការតាមដានអោយបានគ្រប់គ្រាន់លើក្រុមហ៊ុនឯកជនដែលជ្រើសរើសមនុស្សធ្វើការ និងលទ្ធភាពនៃក្រុមហ៊ុនទាំងនេះ ក្នុងការផ្តល់អាជ្ញាប័ណ្ណបន្តដល់អ្នកជ្រើសរើសពលករក្រៅ ច្រើនតែនាំអោយមានការកេងប្រវ័ញ្ចពលកម្ម នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ។

អ្នកជំនាញក្នុងប្រទេសបាននិយាយថា ករណីទាក់ទងនឹងជនសង្ស័យជាបរទេសច្រើននាំដល់ការដាក់ទោសដោយតុលាការច្រើនជាងករណីជនសង្ស័យជាខ្មែរ ដែលច្រើនតែទទួលបានការបន្ថយការចោទប្រកាន់មកត្រឹមបទល្មើសមិនសូវធ្ងន់ធ្ងរទៅវិញ។ អង្គការ NGO បាននិយាយថា តុលាការច្រើនបញ្ចប់ករណីជួញដូរផ្លូវភេទជាមួយនឹងការទូទាត់សំណងជាលុយ ជំនួសអោយការជាប់ពន្ធនាគារ ហើយជនរងគ្រោះដែលគ្រួសាររបស់គេបានទទួលសំណងទូទាត់ក្រៅតុលាការពីជនល្មើស ច្រើនតែប្តូរចំលើយជាកស្សិណរបស់គេ ដែលជាការធ្វើអោយការកាត់ទោសមានភាពកាន់តែស្មុគស្មាញ។ នគរបាលយុត្តិធម៌ខ្វះធនធានសំរាប់ធ្វើការតាមដានចុងចោទដែលត្រូវបានដោះលែងដោយរង់ចាំសវនាការ ដែលជាការធ្វើអោយចុងចោទជាច្រើនរត់គេចខ្លួន នៅមុនថ្ងៃសវនាការមកដល់។ រដ្ឋាភិបាលកម្ពុជាបានបន្តរៀបចំនិងបើកការបណ្តុះបណ្តាលក្រោមជំនួយរបស់ម្ចាស់អំណោយ ស្តីពីការអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរ សំរាប់នគរបាល ព្រះរាជអាជ្ញា ចៅក្រោម និងមន្រ្តីរដ្ឋាភិបាលដទៃទៀត ។ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ NCCT បាននិយាយថា មន្រ្តីថ្នាក់ខេត្តនិងឃុំ នគរបាល បុគ្គលិកតុលាការ និងអ្នកធ្វើការក្នុងអង្គការ NGO សរុបចំនួន ៧ ៦៨០ នាក់ បានទទួលការបណ្តុះបណ្តាល ឬបានចូលរួមនៅក្នុងសិក្ខាសាលាស្តីពីច្បាប់ប្រឆាំងការជួញដូរ បច្ចេកទេសស៊ើបអង្កេត និងការប្រមូលភស្តុតាង។ អង្គការក្នុងស្រុក និងមន្រ្តីខ្លះមើលឃើញសេចក្តីត្រូវការជាបន្ទាន់លើបច្ចេកទេសប្រមូលភស្តុតាងទំនើប ដែលរួមមានការស៊ើបអង្កេតជាសំងាត់ ការបន្ថយការពឹងផ្អែកលើការឆ្លើយរបស់សាក្សី ហើយនិងការសំរបតាមលក្ខណៈដែលកាន់តែមានភាពលាក់បាំងច្រើននៃការជួញដូរផ្លូវភេទ នៅកម្ពុជា។ យ៉ាងណាក្តី រដ្ឋាភិបាលមិនបានផ្តល់អំណាចក្នុងការធ្វើការស៊ើបអង្កេតដោយសំងាត់ ដល់អង្គភាពនគរបាលប្រឆាំងការជួញដូរទេ ហើយ NGO បានបន្តនិយាយថា ការនេះរាំងស្ទះខ្លាំងដល់សមត្ថភាពរបស់មន្រ្តីអនុវត្តច្បាប់ក្នុងការតាមចាប់ជនល្មើស ពិសេសចំពោះករណីទាក់ទងនឹងកន្លែងដល់ផ្តល់សេវាផ្លូវភេទដែលមានការលាក់បាំងដោយប្រយ័ត្ន ដូច​ជា​បៀហ្កាដិន កន្លែងម៉ាសា ហាងកែសម្ផស្ស ហាងខារ៉ាអូខេ និងកន្លែងលក់រាយ។

អំពើពុករលួយដែលមានជាទូទៅនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ក្នុងរដ្ឋាភិបាលកម្ពុជារឹតត្បិតយ៉ាងខ្លាំងលើលទ្ធភាពរបស់មន្រ្តីម្នាក់ៗ ក្នុង​ការ​ចាប់​អោយ​ជន​ប្រព្រឹត្ត​ការ​ជួញដូរ​ទទួល​ខុស​ត្រូវ​។ នគរបាល​ជាតិ​កម្ពុជា​មាន​យន្តការ​មួយ​សំរាប់អោយ​អ្នក​ធ្វើការ​ក្នុងអង្គការ NGO រាយការណ៍ពីករណីពុករលួយរបស់នគរបាលប្រឆាំងការជួញដូរ តែមិនបានប្តឹងទេ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ។ រដ្ឋាភិបាលមិនបានស៊ើបអង្កេត នាំយកមកកាត់ទោស ឬដាក់ទោស​បុគ្គលិក​រដ្ឋ​ណា​មួយ​ដែល​សម​គំនិត​ក្នុង​ការ​ជួញដូរ ឬ​​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ណា​មួយ​ប្រឆាំង​នឹង​អតីត​មេ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​រាជធានី​ភ្នំពេញ ដែល​ការ​ដាក់ទោសនៅឆ្នាំ ២០១១ ទៅលើគាត់ពីបទជួញដូរមនុស្សត្រូវបានលុបចោលទៅវិញ នៅក្នុងសវនាការបិទទ្វារ និងដោយគ្មានការប្រកាស របស់តុលាការកំពូល នៅឆ្នាំ ២០១៣។

នគរបាលបានបន្តស៊ើបអង្កេតករណីនៃការជួញដូរផ្លូវភេទ ដែលកើតមាននៅតាមផ្ទះបន ឬករណីដែលក្នុងនោះ ជនរងគ្រោះមកប្តឹងដោយផ្ទាល់ តែមិនបានចាត់ការលើករណីដែលមានភាពស្មុគស្មាញខ្លាំងនោះទេ។ រដ្ឋាភិបាលមិនបានចេញការណែនាំដែលផ្តល់ការយល់ព្រមច្បាស់លាស់លើការប្រមូលភស្តុតាងដោយសំងាត់ក្នុងករណីជួញដូរមនុស្សទេ។ ដោយសារគ្មានការណែនាំនេះ នគរបាលជាច្រើនដាក់កំរិតព្រំដែនលើខ្លួនឯងលើការស៊ើបអង្កេតបែបហ្នឹង ហើយព្រះរាជអាជ្ញាបដិសេធសំណើរបស់អ្នកស៊ើបអង្កេតលើអំណាចនេះ ដែលជាការបង្ខំអោយគេបិទការស៊ើបអង្កេតខ្លះចោល។ អង្គការមិនមែនរដ្ឋាភិបាលមួយបាននិយាយថា មន្រ្តីប្រឈមនឹងបញ្ហាជាពិសេសក្នុងការ កសាងសំណុំរឿងទាក់ទងនឹងករណីបទល្មើសនៃការជួញដូរឆ្លងដែន ។

របាយការណ៍របស់រដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការមិនមែនរដ្ឋាភិបាលបង្ហាញថា រដ្ឋាភិបាលបានដាក់ទោសលើជនប្រព្រឹត្តការជួញដូរផ្លូវភេទយ៉ាងហោចណាស់ចំនួន ១៩ នាក់ និងជនប្រព្រឹត្តការជួញដូរកំលាំងពលកម្មចំនួន ២៤ នាក់ ដែលជាចំនួនកើនពីចំនួនជនប្រព្រឹត្តការជួញដូរផ្លូវភេទចំនួន ២២ នាក់ និងជនប្រព្រឹត្តការជួញដូរពលកម្មចំនួន ៧ នាក់ ដែលត្រូវបានតុលាការដាក់ទោស កាលពីឆ្នាំមុន។ ជនល្មើសបានទទួលទោសពី ២ ទៅ ១៥ ឆ្នាំក្នុងពន្ធនាគារ។ ចិនតៃវ៉ាន់ចំនួន ៥ នាក់ ដែលត្រូវបានដាក់ទោសដោយកំបាំងមុខនៅក្នុងអំឡុងពេលនៃរបាយការណ៍លើកមុន ពីបទបង្ខំអោយបុរសកម្ពុជារាប់រយនាក់ធ្វើពលកម្ម នៅក្នុងផ្នែកនេសាទ នៅមិនទាន់ចាប់ខ្លួនបាននៅឡើយ។ រដ្ឋាភិបាលកម្ពុជាបានបន្តរៀបចំនិងបើកការបណ្តុះបណ្តាលក្រោមជំនួយរបស់ម្ចាស់អំណោយស្តីពីការអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរ សំរាប់នគរបាល ព្រះរាជអាជ្ញា ចៅក្រោម និងមន្រ្តីរដ្ឋាភិបាលដទៃទៀត ។ អង្គការក្នុងស្រុក និងមន្រ្តីខ្លះមើលឃើញសេចក្តីត្រូវការជាបន្ទាន់លើបច្ចេកទេសប្រមូលភស្តុតាងទំនើប ដែលរួមមានការស៊ើបអង្កេតជាសំងាត់ ការបន្ថយការពឹងផ្អែកលើការឆ្លើយរបស់សាក្សី ហើយនិងការសំរបតាមលក្ខណៈដែលកាន់តែមានភាពលាក់បាំងច្រើននៃការជួញដូរផ្លូវភេទ នៅកម្ពុជា។ នគរបាលបានបន្តស៊ើបអង្កេតករណីនៃការជួញដូរផ្លូវភេទ ដែលកើតមាននៅតាមផ្ទះបន ឬករណីដែលក្នុងនោះ ជនរងគ្រោះមកប្តឹងដោយផ្ទាល់ តែមិនបានចាត់ការលើករណីដែលមានភាពស្មុគស្មាញខ្លាំងនោះទេ។ រដ្ឋាភិបាលមិនបានចេញការណែនាំដែលផ្តល់ការយល់ព្រមច្បាស់លាស់លើការប្រមូលភស្តុតាងដោយសំងាត់ក្នុងករណីជួញដូរមនុស្សទេ។ ដោយសារគ្មានការណែនាំនេះ នគរបាល​ជា​ច្រើន​ដាក់​កំរិត​ព្រំដែន​លើ​ខ្លួនឯង​លើ​ការ​ស៊ើបអង្កេត​បែប​ហ្នឹង ហើយ​​ព្រះរាជអាជ្ញា​​បដិសេធ​​សំណើ​​របស់​​អ្នក​​ស៊ើប​អង្កេត​​លើ​​អំណាច​​នេះ ដែល​​ជា​​ការ​​បង្ខំ​​អោយ​​គេ​​បិទ​​ការ​​ស៊ើប​អង្កេត​​ខ្លះ​​ចោល​​។ អង្គការ​​មិន​មែន​រដ្ឋាភិបាល​មួយ​បាន​និយាយ​ថា មន្រ្តី​ប្រឈម​នឹង​បញ្ហា​ជា​ពិសេស​ក្នុងការកសាងសំណុំរឿងចំពោះករណីបទល្មើសនៃការជួញដូរឆ្លងព្រំដែន ។

អំពើពុករលួយដែលមានជាទូទៅនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ក្នុងរដ្ឋាភិបាលកម្ពុជារឹតត្បិតយ៉ាងខ្លាំងលើលទ្ធភាពរបស់មន្រ្តីម្នាក់ៗ ក្នុង​ការ​ចាប់​អោយ​ជន​ប្រព្រឹត្ត​ការ​ជួញ​​ដូរ​ទទួល​ខុស​ត្រូវ​។ រដ្ឋាភិបាល​មិន​បាន​ស៊ើប​អង្កេត នាំ​យក​មក​កាត់ទោស ឬ​ដាក់​​ទោស​បុគ្គលិក​​រដ្ឋ​ណា​មួយ​ដែល​សម​គំនិត​ក្នុង​ការ​ជួញដូរ ឬ​​​ចាត់​​​វិធានការ​​​ដាក់​ទណ្ឌកម្ម​​ណា​​មួយ​​ប្រឆាំង​​នឹង​​​អតីត​​មេ​​នគរបាល​​​ប្រឆាំង​​ការ​​ជួញដូរ​​មនុស្ស​​រាជធានី​​​ភ្នំពេញ ដែល​ការ​ដាក់​ទោស​នៅ​ឆ្នាំ ២០១១ ទៅ​លើ​គាត់​ពី​បទ​ជួញដូរ​មនុស្ស​ត្រូវ​បាន​​លុប​ចោល​ទៅ​វិញ នៅ​ក្នុង​សវនាការ​បិទ​ទ្វារ និង​ដោយ​គ្មាន​ការ​ប្រកាស របស់​តុលាការ​កំពូល នៅ​ឆ្នាំ​២០១៣។

ការការពារ (Protection)

រដ្ឋាភិបាលបានបន្តការងារដោយមានកំរិតព្រំដែន នៅក្នុងការការពារ និងរកមើលជនរងគ្រោះ។ នៅឆ្នាំ ២០១៦ NCCT បានចេញគោលការណ៍ថ្មីស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដែលតាក់តែងឡើងដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងស្តារយុវនិតិសម្បទារ (MOSAVY) ដោយមានបំណងបង្រួបបង្រួមការងារធ្វើមាតុភូមិនិវត្តន៍ ការបញ្ជូន និងការកំណត់អត្តសញ្ញាណជនរងគ្រោះ ដែលមិនស៊ីចង្វាក់គ្នា នៅក្នុងស្ថាប័នរដ្ឋទាំងមូល និងបណ្តាស្ថាប័នអនុវត្តច្បាប់។ ដោយមានជំនួយពីអង្គការអន្តរជាតិមួយ រដ្ឋាភិបាលបានបន្តដំណើរការមជ្ឈមណ្ឌលទទួលអោយស្នាក់នៅបណ្តោះអាសន្នមួយនៅប៉ោយប៉ែត ជិតព្រំដែនថៃ ដែលនៅទីនោះ រដ្ឋាភិបាលបានរកមើលជនរងគ្រោះដោយការជួញដូរក្នុងចំណោមជនចំណាកស្រុកចំនួនប្រហែល ៥៥ ០០០ នាក់ ដែលត្រូវបានបញ្ជូន ត្រឡប់​ពី​ប្រទេស​ថៃ​វិញ នៅ​ឆ្នាំ​២០១៦​។ តែ​រដ្ឋាភិបាល​មិន​បាន​ប្រាប់​ពី​ចំនួន​ជន​រងគ្រោះ​ដែល​ខ្លួន​បាន​រក​ឃើញ ហើយ​ដោយសារ​ការ​ជួញដូរមានច្រើនក្នុងចំណោមប្រជាជន រដ្ឋាភិបាលប្រហែលជាមិនបាន​រក​ឃើញ​ជន​រងគ្រោះ​ជា​ច្រើន​។ អាជ្ញាធរមិនបានផ្តល់ស្ថិតិពេញលេញស្តីពីចំនួនជនរងគ្រោះដែលខ្លួនបានជួយ ឬបញ្ជូនទេ ហើយចំនួនសរុបនៃជនរងគ្រោះដែលត្រូវបានរកឃើញ ឬជួយដោយអង្គការមិនមែនរដ្ឋាភិបាល ក៏មិនត្រូវបានដឹងដែរ។ នគរបាលបានបញ្ជូនជនរងគ្រោះដោយការជួញដូរផ្លូវភេទ និងការជួញដូរពលកម្មចំនួន ៣២៦ នាក់ទៅស្ថាប័នខេត្ត ឬ NGO។ ចំនួននេះថយចុះពីចំនួន ៥៨៩ នៅក្នុងឆ្នាំ ២០១៥។ អាជ្ញាធរបានរាយការណ៍ថា ភាគច្រើននៃជនរងគ្រោះទាំងនោះគឺជាជនរងគ្រោះដោយការជួញដូរកំលាំងពលកម្ម។ រដ្ឋាភិបាលបានដំណើរការទីជំរកបណ្តោះអាសន្នមួយ នៅភ្នំពេញ សំរាប់ទទួលជនរងគ្រោះដោយការជួញដូរនិងបទល្មើសដទៃទៀតជាស្រ្តី ហើយបានបញ្ជូនជនរងគ្រោះដោយការជួញដូរទៅជំរករបស់អង្គការមិនមែនរដ្ឋាភិបាល ដែលភាគច្រើនទទួលយកជនរងគ្រោះដោយការធ្វើបាបក្នុងទំរង់ជាច្រើន ដើម្បីអោយទទួលការជួយបន្ថែមទៀត។ រដ្ឋាភិបាលនៅបានបន្តពឹងផ្អែកខ្លាំងលើសង្គមស៊ីវិល អោយជួយការពារជនរងគ្រោះដោយការជួញដូរ តែរដ្ឋាភិបាលមិនបានសំរួលអោយអង្គការមិនមែនរដ្ឋាភិបាលមានលទ្ធភាពប្រើប្រាស់និតិវិធីដែលអនុញ្ញាតអោយមានការផ្ទេរជាផ្លូវការនូវការគ្រប់គ្រងលើជនរងគ្រោះជាកុមារ ដែលជាការធ្វើអោយអង្គការដែលទទួលជនរងគ្រោះជាកុមារ អាចរងបណ្តឹងតុលាការ។ បញ្ញាតិដែលអនុញ្ញាតអោយមានការទូទាត់សំណងជាលុយជំនួសអោយការដាក់ពន្ធនាគារដែលមានលក្ខណៈធ្ងន់ធ្ងរជាងនេះ កាន់តែធ្វើអោយគ្រួសារខ្លះមិនសូវចង់បញ្ជូនជនរងគ្រោះទៅទីជំរកបណ្តោះអាសន្ន ហើយដោយគ្មានការយល់ព្រមពីគ្រួសារ ពេលខ្លះ មន្រ្តីរដ្ឋាភិបាលបញ្ជូនកុមារអោយទៅនៅក្នុងបរិយាកាសដែលមានការប្រឈមខ្លាំង ដែលជាការនាំអោយកុមារទាំងនោះងាយរងនឹងការធ្លាក់ខ្លួនជាជនរងគ្រោះម្តងទៀត។ ថ្វីបើជនរងគ្រោះដោយសារការជួញដូរកំលាំងពលកម្មមានច្រើននៅក្នុងចំណោមបុរសក្តី តែជំនួយដែលត្រូវបានផ្តល់សំរាប់ជនរងគ្រោះទាំងនោះនៅមានកំរិតនៅឡើយ។

ថ្វីបើរដ្ឋាភិបាលបានចេញវិធានការក្នុងឆ្នាំមុនៗ ក្នុងការបណ្តុះបណ្តាលអ្នកការទូតស្តីពីការការពារពលករ ចំណាកស្រុកក្តី តែស្ថានបេសកកម្មទូតនៅបរទេសនៅតែខ្វះថវិកាឬសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់ជំនួយចាំបាច់ ឬបញ្ជូនពួកគេមកមាតុភូមិវិញ។ ជនរងគ្រោះដែលត្រូវបានរកឃើញនៅក្នុងប្រទេសដែលគ្មានតំណាងទូតកម្ពុជា រឹតតែមិនសូវទទួលបានការជួយទៅទៀត។ ក្រសួងការបរទេសដែលមាននាទីចំបងក្នុងការជួយជនរងគ្រោះខ្មែរ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសដែលមិនជាប់ព្រំដែនជាមួយប្រទេសកម្ពុជា បាននិយាយថា ខ្លួនបានជួយ និងធ្វើមាតុភូមិនិវត្តន៍នូវជនរងគ្រោះដោយការជួញដូរបានចំនួន ៨១៥ នាក់ ពីប្រទេសចំនួន ១១ (៨៥៧ នាក់ នៅឆ្នាំ ២០១៥)។ ក្នុងចំនួននេះរួមមាន២៧២ នាក់ពីប្រទេសម៉ាឡេស៊ី ២៣១ នាក់ពីប្រទេសវៀតណាម ១៣៩ នាក់ពីប្រទេសថៃ ៧៨ នាក់ពីប្រទេសឥណ្តូនេស៊ី ៦៤ នាក់ពីប្រទេសចិន ១៦ នាក់ពីប្រទេសជប៉ុន ៦ នាក់ពីប្រទេស សឹង្ហបូរី ៤ នាក់ពីប្រទេសសូម៉ាលី ២នាក់ពីប្រទេសឡាវ ២ នាក់ពីប្រទេសរុស្ស៊ី ម្នាក់នាក់ពីប្រទេសអូស្ត្រាលី និងម្នាក់នាក់ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ ភាគច្រើននៃពួកគេត្រូវបានបញ្ជូនមកមាតុភូមិវិញ ក្រោមជំនួយរបស់អង្គការអន្តរជាតិមួយ។ ក្រសួងការបរទេសមិនបានប្រកាសអោយប្រើឬអនុវត្តនិតិវិធីប្រតិបត្តិជាបទដ្ឋានសំរាប់កំណត់ និងបញ្ជូនជនរងគ្រោះខ្មែរនៅបរទេសទេ ហើយក៏មិនបានចាត់វិធានការអោយបានច្រើនថែមទៀត ក្នុងការផ្សព្វផ្សាយព័ត៌មានស្តីពីការដាក់ពាក្យសុំលិខិតឆ្លងដែន ដែលជាការធ្វើអោយជនជាតិខ្មែរជាច្រើនគ្នានឯកសារចាំបាច់សំរាប់ធ្វើចំណាកស្រុកដោយស្របច្បាប់ និងដោយសុវត្ថិភាព។ ក្រសួងសង្គមកិច្ចបានរាយការណ៍ថាបានធ្វើមាតុភូមិនិវត្តន៍ជនរងគ្រោះកម្ពុជាដោយការជួញដូរកំលាំងពលកម្មពីប្រទេសវៀតណាមចំនួន ១៩៥ នាក់ ហើយថា បានទទួលនិងបញ្ជូនជនរងគ្រោះដោយការជួញដូរនៅក្នុងប្រទេសចំនួន ៣៨ នាក់ និងបានបញ្ជូនជនរងគ្រោះដោយការជួញដូរ កំលាំងពលកម្ម និងការជួញដូរផ្លូវភេទចំនួន ២៤ នាក់ពីប្រទេសថៃ អោយទៅអង្គការ NGO ។ អង្គការ NGO មួយបាននិយាយថា បានទទួលមនុស្សចំនួន ២១៨ នាក់​​ដែល​​អាច​​ជា​​ជន​រងគ្រោះ​​ដោយ​​ការ​​ជួញ​ដូរ​​ដែល​​ត្រូវ​​បាន​​គេ​​ចាប់​​បញ្ចូន​​មក​​ពី​​ប្រទេស​​វៀតណាម ដោយ​​ក្នុង​​នោះ​​មាន ១៥២ នាក់​​ជា​​កុមារ​​។ យ៉ាង​ណា​ក្តី គេ​នៅ​មិន​ទាន់​ច្បាស់​ថា តើ​តួលេខ​នេះ​ត្រូវ​បាន​ស្រង់​ចូល​ក្នុង​ស្ថិតិ​ដែល​ត្រូវ​បាន​ផ្តល់​អោយ​ដោយ​ក្រសួង​ការបរទេស​ឬ​ក៏​អត់​ទេ ឬ​ថា​តើ​ទិន្នន័យ​របស់​ក្រសួង​ការបរទេស​មាន​បញ្ចូល​ករណី​ដែល​ទទួល​បាន​ដោយ​ក្រសួង​សង្គមកិច្ច ក្នុង​ចំនួន​ប៉ុន្មាន​ដែរ​។

រដ្ឋាភិបាលតំរូវអោយធ្វើមាតុភូមិនិវត្តន៍នៃជនងគ្រោះបរទេស លើកលែងក្នុងករណីកម្រ ហើយមិនបានផ្តល់ជំរើសផ្សេងផ្នែកច្បាប់ដល់ការបញ្ជូនពួកគេទេ ទោះបីជាគេប្រឈមនឹងភាពពិបាក ឬការសងសឹក នៅពេលគេទៅដល់ប្រទេសកំណើតរបស់គេវិញក៏ដោយ។ ក្រសួងសង្គមកិច្ចបានបញ្ជូនជនរងគ្រោះដោយការជួញដូរចំនួន ១៣ នាក់​អោយ​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ បន្ទាប់​ពី​ពួកគេ​បាន​ទទួល​ការ​ថែទាំ នៅ​កន្លែង​ជំរក​របស់​អង្គការ NGO (​៥ នាក់ នៅ​ក្នុង​ឆ្នាំ​២០១៥​)​។ គ្មាន​សេចក្តីរាយការណ៍​ពី​ការ​ដែល​រដ្ឋាភិបាល​ដាក់​ទណ្ឌកម្ម​លើ​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ​ពី​បទ​រង​ការ​ជួញដូរ​ទេ តែ​ការ​មិន​សូវ​មាន​ការ​ខិតខំ​ក្នុង​ការ​កំណត់​ជន​រងគ្រោះ​បាន​ធ្វើ​អោយ​មនុស្ស​ជាច្រើន​ដែល​អាច​ជា​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ ប្រឈម​មុខ​នឹង​​ទណ្ឌកម្ម​របស់​សមត្ថកិច្ច​ទៅ​វិញ​។

មន្រ្តីច្រើនតែខ្វះកន្លែងការិយាល័យគ្រប់គ្រាន់ សំរាប់ដាក់អោយជនរងគ្រោះ និងជនល្មើសនៅដាច់ពីគ្នាក្នុងពេលសំភាសន៍។ រដ្ឋាភិបាលបានបន្តធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយ លើគំរោងសាកល្បងមួយក្នុងការបណ្តុះបណ្តាលអ្នកធ្វើការផ្នែកសង្គមកិច្ច ស្តីពីការផ្តល់ការគាំពារផ្នែកចិត្តសាស្រ្តសង្គម និងសេវាដទៃទៀតដល់ជនរងគ្រោះដោយការជួញដូរ ដែលកំពុងមានក្តីក្នុងតុលាការ។ ក្រសួងយុត្តិធម៌បានណែនាំអោយតុលាការថ្នាក់ខេត្ត អនុវត្តកម្មវិធីក្តីក្តាំក្នុងតុលាការដែលមានលក្ខណៈល្អសំរាប់កុមារ ដើម្បីសំរួលដល់ការធ្វើកសិណដោយកុមារ ដោយរួមមានការមិនអោយសួរកុមារក្នុងតុលាការនៅចំពោះមុខជនជាប់ចោទ ហើយបែរមកប្រើបច្ចេកទេសសួរពីចំងាយតាមទូរស័ព្ទដោយមានអោយឃើញរូបភាពវិញ។ តែតាមភាពជាក់ស្តែងប្រព័ន្ធច្បាប់ពុករលួយនិងខ្សោយរបស់ប្រទេសកម្ពុជា ហើយនិងកង្វះការការពារគ្រប់គ្រាន់សំរាប់ជនរងគ្រោះ និងសាក្សី ដែលត្រូវបានធ្វើអោយមាន លក្ខណៈកាន់តែអាក្រក់ឡើងដោយដំណើរការកាត់ក្តីយូរ និងការភ័យខ្លាចការសងសឹកដោយជនប្រព្រឹត្តការជួញដូរ បង្ករជាឧបសគ្គមិនអោយជនរងគ្រោះមានចិត្តចង់ធ្វើសហប្រតិបត្តិការនៅក្នុងករណីជាច្រើន។ ជាគោលការណ៍ ជនរងគ្រោះអាចទទួលបានសំណងទូទាត់ តែការនេះត្រូវរងកំហិតព្រំដែនដោយលក្ខខ័ណ្ឌផ្លូវច្បាប់ដែលចែងថា ការទូទាត់សងអាចត្រូវបង់អោយតែនៅពេលជនព្រឹត្តការជួញដូរចេញពីពន្ធនាគារវិញតែប៉ុណ្ណោះ។ អង្គការ NGO បានកត់សំគាល់ឃើញថា ជនរងគ្រោះដោយការជួញដូរកំរទទួលបានសំណងក្នុងចំនួនដែលបានសន្យាណាស់។

ការការពារកុំអោយកើតមាន (Prevention)

រដ្ឋាភិបាលកម្ពុជាបានបង្កើនការខិតខំក្នុងការការពារកុំអោយមានការជួញដូរមនុស្ស។ គណកម្មាធិការអន្តរក្រសួង និងលេខាធិការដ្ឋានរបស់គណកម្មាធិការនេះ បានសំរបសំរួលសកម្មភាពប្រឆាំងការជួញដូរ ហើយបានចាប់ផ្តើមអនុវត្តផែនការសកម្មជាតិជាតិ ឆ្នាំ ២០១៤ – ២០១៨។ រដ្ឋាភិបាលបានបង្កើនចំនួនបុគ្គលិកសំរាប់គណ កម្មាធិការនេះ ហើយបានកំណត់បែងចែកថវិកាសំរាប់ចំណាយចំនួនជាង ៤ ពាន់លានរៀល (៩៧៤ ៨៩៦ ដុល្លា)។ បើប្រៀបធៀបនឹងឆ្នាំ ២០១៥ គឺមាន ៣,៦ ពាន់លានរៀល (៨៧៧ ៤០៧ដុល្លា)។ គណកម្មាធិការនៅមូលដ្ឋានសំរបសំរួលការងារនៅថ្នាក់ខេត្ត។ អង្គការមិនមែនរដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាលបានផ្តល់ថវិកាមិនសូវច្រើនដល់គណកម្មាធិការថ្នាក់ខេត្ត នៅឆ្នាំ ២០១៦។ ឧទាហរណ៍ ការអង្កេតមួយរបស់អង្គការមិនមែនរដ្ឋាភិបាលបានកត់សំគាល់ឃើញថា គណកម្មាធិការខេត្តចំនួន ៥ ក្នុងចំនោម ៩ បានទទួលថវិកាខ្លះ។ មានគណកម្មាធិការចំនួនតែ ៤ ទេ ដែលបានទទួលថវិកាខ្លះ នៅឆ្នាំ ២០១៤។ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានចេញផែនការសកម្មភាពដាច់ដោយឡែកមួយ ដើម្បីកាត់បន្ថយពលកម្មកុមារ និងទាសភាពបំណុលនៅក្នុងវិស័យសេវាកម្ម កសិកម្ម រ៉ែ និងថាមពល នៅត្រឹមឆ្នាំ ២០២៥ តាមរយៈការលើកកំពស់ការយល់ដឹង ការបង្កើនបណ្តឹង និងការសហការជាមួយសង្គមស៊ីវិល ដែលត្រូវបានផ្តល់ថវិកាមួយផ្នែកតាមរយៈថវិកាជាតិ។ អង្គការ NGO មួយបាននិយាយថា បានទទួលពាក្យបណ្តឹងចំនួន ៩៦ ពីជនរងគ្រោះ ដែលចង់ទារសំណងតាមផ្លូវច្បាប់ ពីឈ្មួញ កណ្តាល ឬមេខ្យល់ដែលដើរទាក់ទាញមនុស្ស ចំពោះការរងនឹងការជួញដូរនៅប្រទេសម៉ាឡេស៊ី។ រដ្ឋាភិបាលបានបន្តស៊ើបអង្កេត និងកាត់ទោសលើអ្នកជ្រើសរើសពលករពីបទរកស៊ីខុសច្បាប់ ដែលអាចមានចំណែកនាំដល់ការជួញដូរមនុស្ស តែមិនបានផ្តល់ស្ថិតិទាក់ទងនឹងរឿងនេះទេ។នគរបាលប្រឆាំងការជួញដូរបានរៀបចំយុទ្ធនាការលើកកំពស់ការយល់ដឹង ដោយខ្លួនគេទៅលើគោលនយោបាយ និងនិតិវិធីក្នុងការការពារកុំអោយមានបទល្មើស និងការរាយការណ៍ពីបទល្មើសជួញដូរផ្លូវភេទនៅតាមកន្លែងកំសាន្ត ហើយបានផ្តល់ការបង្រៀនទាក់ទងនឹងរឿងនេះចំនួន ២ ៩២៦ ដង នៅក្នុងរយៈកាលនៃរបាយការណ៍នេះ ។

រដ្ឋាភិបាលបានអនុវត្តវិធានការត្រួតពិនិត្យផ្នែកកុងស៊ុល ដើម្បីកាត់បន្ថយការជួញដូរពលកម្ម និងការជួញដូរផ្លូវភេទលើនារីខ្មែរ ក្រោយពីការបង្ខំអោយរៀបការ ដូចជាធ្វើការវាយតំលៃលើអ្នកដាក់ពាក្យសុំផ្ទៀងផ្ទាត់ជាមួយនឹងប្រវត្តិរបស់ជនរងគ្រោះ ដែលធ្វើឡើងរួមគ្នាជាមួយប្រទេសចិន នៅក្នុងរយៈកាលនៃរបាយការណ៍លើកមុន។ មន្រ្តីក្រសួងការបរទេសបាននិយាយថា ចំនួនទិដ្ឋាការដែលត្រូវបានផ្តល់អោយអ្នកដាក់ពាក្យសុំជាជនជាតិខ្មែរ ដោយ​ផ្ទៀងផ្ទាត់​នឹង​ប្រវត្តិ​ជា​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ មាន​ចំនួន​ថយ​ចុះ​ច្រើន​គួរសម នៅ​ក្នុង​អំឡុង​ពេល​នៃ​របាយការណ៍​នេះ ដោយសារ​ការ​ពិនិត្យ​ផ្នែក​កុងស៊ុល​នេះ​។ គេ​មិន​ដឹង​ច្បាស់​ទេ​ថា តើ​ក្រសួង​ការបរទេស​មាន​ដំណើរការ​សំរាប់​បញ្ជូន​ជន​ដែល​អាច​ជា​ជន​រងគ្រោះ​ទាំង​នេះ ទៅ​អោយ​ផ្នែក​គាំពារ ឬ​សមត្ថកិច្ច​ទេ​។ រដ្ឋាភិបាលបានចុះកិច្ចព្រមព្រាងចំនួនពីរជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត ស្តីពីការជ្រើសរើសពលករ ដោយមានបំណងលើកកំពស់ការការពារចំពោះពលករចំណាកស្រុក តែគេមិនដឹងទេថា តើកិច្ចព្រមព្រៀងទាំងនេះត្រូវបានអនុវត្តដែរឬទេ នៅក្នុងអំឡុងពេលនៃរបាយការណ៍នេះ។ ដោយមានការជួយពីម្ចាស់អំណោយបរទេស និងម្ចាស់អំណោយក្នុងស្រុក ក្រសួងទេសចរណ៍បានធ្វើផ្ទាំងប៉ាណូ និងក្រដាសចែកចាយ ផ្សាយតាមវិទ្យុ និងផ្ទាំងរូបស្តីពីគ្រោះថ្នាក់នៃការការជួញដូរមនុស្ស ដោយផ្តោតសំខាន់លើទេសចរណ៍ផ្លូវភេទលើកុមារ តែការងារទាំងនេះសំដៅលើទេសចរបរទេស ជាជាងមនុស្សនៅក្នុងប្រទេសដែលជាប្រភពធំជាងគេនៃតំរូវការលើការជួញដូរផ្លូវភេទលើកុមារ។ អាជ្ញាធរបានរាយការណ៍មកថាបានចាប់ខ្លួនជនបរទេសចំនួន ១២ នាក់ ដែលត្រូវបានសង្ស័យថា បានធ្វើទេសចរណ៍ផ្លូវភេទលើកុមារ តែមិនបានរាយការណ៍ថា តុលាការបានកាត់ទោសឬដាក់ទោសលើជនណាមួយនៅក្នុងករណីទាំងនេះឬយ៉ាងណានោះទេ។ អ្នកជំនាញនៅក្នុងស្រុកបានបង្ហាញកង្វល់លើការខកខានរបស់រដ្ឋាភិបាលដែលចេះតែមានជាបន្ត នៅក្នុងការដាក់ទណ្ឌកម្មអោយបានសមស្រប លើជនបរទេសដែលទិញកុមារមករួមភេទក្នុងអំពើជួញដូរផ្លូវភេទ។ រដ្ឋាភិ បាលបានធ្វើការបណ្តុះបណ្តាលស្តីពីការប្រឆាំងការជួញដូរមនុស្សដល់បុគ្គលិកទូត និងបុគ្គលិកយោធារបស់ខ្លួន មុនពេលពួកគេចេញទៅបំពេញការងារថែរក្សាសន្តិភាពនៅបរទេស។

លក្ខណៈទូទៅនៃការជួញដូរ

ដូចដែលត្រូវបាននិយាយនៅក្នុងរបាយការណ៍ នៅក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅនេះ កម្ពុជាគឺជាប្រទេសប្រភព ជាប្រទេសឆ្លងកាត់ និងជាប្រទេសគោលដៅសំរាប់បុរស ស្រ្តី និង កុមារ ដែលរង គ្រោះដោយការចាប់បង្ខំ អោយធ្វើពលកម្ម និងការជួញដូរផ្លូវភេទ ។ ប្រជាជនកម្ពុជាពេញវ័យនិង កុមារកម្ពុជាធ្វើ ចំណាកស្រុកទៅប្រទេសដទៃទៀតនៅក្នុងតំបន់ ហើយក្នុងចំនួនកាន់តែច្រើនឡើង ទៅមជ្ឈឹមបូព៌ា ដើម្បីរកការងារធ្វើ។ ពួកគេជាច្រើននាក់បានរងគ្រោះដោយការជួញដូរផ្លូវភេទ ឬការបង្ខំអោយធ្វើពលកម្មធ្ងន់ធ្ងរក្នុងទូកនេសាទ ក្នុងវិស័យកសិកម្ម តាមការដ្ឋានសំណង់ នៅតាមរោងចក្រ បំរើនៅក្នុងផ្ទះដូចជាទាសករ ដោយភាគច្រើនដោយសារការជាប់ទាសភាពបំណុល ឬរងនឹងការជួញដូរផ្លូវភេទ ។ អ្នកធ្វើចំណាកស្រុកដែលប្រើមធ្យោបាយធ្វើចំណាកស្រុកមិនធម្មតា ដោយជាញឹកញាប់ មានការជួយពីមេខ្យល់ដែលគ្មានច្បាប់អនុញ្ញាត ងាយរងគ្រោះដោយការជួញដូរ តែអ្នកដែលប្រើក្រុមហ៊ុនមានច្បាប់អនុញ្ញាត ច្រើនតែក្លាយជាអ្នករងគ្រោះដោយការបង្ខំអោយធ្វើពលកម្ម ឬការជួញដូរផ្លូវភេទ។ កុមារនៅក្នុងគ្រួសារក្រីក្រងាយរងគ្រោះខ្លាំងដោយការបង្ខំអោយធ្វើពលកម្ម ជាញឹកញាប់ ដោយមានការត្រូវរ៉ូវជាមួយគ្រួសាររបស់គេ រួមមានការបង្ខំអោយធ្វើជាឈ្នួលបំរើតាមផ្ទះ និងត្រូវបានបង្ខំអោយដើរសុំទាន ឬដើរលក់របស់នៅតាមផ្លូវនៅប្រទេសថៃ និងប្រទេសវៀតណាម។ បុរសខ្មែរក្នុងចំនួនកាន់តែច្រើនត្រូវបានគេជ្រើសរើសអោយទៅធ្វើការនៅប្រទេសថៃ ហើយត្រូវបានបង្ខំអោយធ្វើការនៅលើទូកនេសាទថៃ នៅក្នុងដែនទឹកអន្តរជាតិ។ ជនរងគ្រោះខ្មែរដែលគេចចេញពីទំរង់បែបនេះនៃការកេងប្រវ័ញ្ច ត្រូវបានគេរកឃើញនៅប្រទេសម៉ាឡេស៊ី ឥណ្តូនេស៊ី Mauritius ហ្វីជី សេណេហ្កាល់ អាហ្វ្រិកខាងត្បូង និងប្រទេស Papua New Guinea។ បុរសខ្មែរបាននិយាយពីការធ្វើបាបយ៉ាងខ្លាំងដោយអ្នកគ្រប់គ្រងទូកថៃ ការជ្រើសរើសអោយធ្វើការដោយការបោកបញ្ឆោត ការអោយថ្លៃឈ្នួលមិនគ្រប់ ហើយនិងការបង្ខំអោយនៅលើទូករាប់ឆ្នាំ។ អង្គការសហប្រជាជាតិបានរាយការណ៍ថា នារីនៅតាមជនបទក្នុងចំនួនច្រើន ត្រូវបានគេទាក់ទងក្រោមលេសកុហក អោយធ្វើដំណើរទៅប្រទេសចិន ដើម្បីរៀបការជាមួយបុរសជនចិន។ ពួកគេច្រើនតែជាប់បំណុលរហូតដល់ ២០ ០០០ ដុល្លាទៅមេខ្យល់ ហើយមានខ្លះដែលត្រូវបានបង្ខំអោយរៀបការ ត្រូវរងការបង្ខំអោយធ្វើការនៅក្នុងរោងចក្រ ឬបង្ខំអោយធ្វើជាស្រីពេស្យា ដោយសារតែការជំពាក់បំណុលគេនេះ។